អេសាយ 46
46
គ្មានអ្នកណាដូចព្រះ
1ព្រះបេលលុតចុះ ព្រះនេបូរឱនចុះ;
រូបបដិមាកររបស់ព្រះទាំងនោះនៅលើសត្វពាហនៈ និងសត្វស្រុក។
វត្ថុផ្ទុករបស់អ្នករាល់គ្នាដែលត្រូវបានផ្ទុកនោះ ជាបន្ទុកលើសត្វដែលនឿយហត់។
2ព្រះទាំងនោះឱនចុះ ក៏ក្រាបចុះជាមួយគ្នា;
ពួកវារំដោះបន្ទុកទាំងនោះឲ្យរួចមិនបានឡើយ
គឺខ្លួនវាក៏ត្រូវនាំទៅជាឈ្លើយសឹកដែរ។
3“វង្សត្រកូលយ៉ាកុប និងអស់អ្នកដែលនៅសល់នៃវង្សត្រកូលអ៊ីស្រាអែល
ដែលយើងបានផ្ទុកតាំងពីក្នុងផ្ទៃម្ដាយ
ហើយបានបីតាំងពីកំណើតអើយ
ចូរស្ដាប់យើង!
4គឺយើងហ្នឹងហើយ ជាព្រះអង្គនោះ សូម្បីតែដល់វ័យចំណាស់របស់អ្នក;
យើងនឹងផ្ទុកអ្នក រហូតដល់អ្នកមានសក់ស្កូវ;
យើងបានបង្កើតអ្នក ហើយយើងនឹងបី;
យើងនឹងផ្ទុក ហើយយើងនឹងរំដោះផង។
5តើអ្នករាល់គ្នានឹងប្រដូចយើងនឹងអ្នកណា
ហើយផ្ទឹមយើងឲ្យស្មើនឹងអ្នកណា
ក៏ប្រៀបធៀបយើងនឹងអ្នកណា
បានជាពួកយើងបានដូចគ្នា?
6អ្នកដែលចាយមាសយ៉ាងខ្ជះខ្ជាយពីកាបូបលុយ
ហើយថ្លឹងប្រាក់លើជញ្ជីង គេជួលជាងទង
ជាងនោះក៏ធ្វើវាជាព្រះមួយ
នោះគេក្រាបចុះថ្វាយបង្គំ។
7គេលើករូបនោះសែងលើស្មា ហើយតម្កល់វានៅកន្លែងរបស់វា
នោះវានៅឈរ ឥតចាកចេញពីកន្លែងរបស់វាឡើយ។
ទោះបីជាគេស្រែកទៅរូបនោះក៏ដោយ ក៏វាមិនឆ្លើយដែរ
វានឹងមិនសង្គ្រោះគេពីទុក្ខវេទនារបស់គេឡើយ។
8ពួកអ្នកបះបោរអើយ
ចូរនឹកចាំការនេះ ហើយបង្ហាញខ្លួនជាមនុស្សប្រុស
ចូរគិតឡើងវិញចុះ!
9ចូរនឹកចាំការពីមុនតាំងពីបុរាណមក
ដ្បិតយើងហ្នឹងហើយជាព្រះ គ្មានអ្នកណាទៀតឡើយ។
គឺយើងហ្នឹងហើយជាព្រះ ហើយគ្មានអ្នកណាដូចយើងឡើយ។
10តាំងពីដើមដំបូង យើងបានប្រកាសអំពីចុងបញ្ចប់
តាំងពីបុរាណ យើងបានប្រកាសអំពីអ្វីដែលមិនទាន់ត្រូវបានបំពេញឲ្យសម្រេច
ដោយនិយាយថា: ‘ផែនការរបស់យើងនឹងនៅជាប់
យើងនឹងបំពេញឲ្យសម្រេចនូវអស់ទាំងសេចក្ដីប្រាថ្នារបស់យើង’។
11យើងបានហៅសត្វហើរចាប់រំពាមួយឲ្យមកពីទិសខាងកើត
គឺហៅមនុស្សម្នាក់សម្រាប់ផែនការរបស់យើងឲ្យមកពីស្រុកឆ្ងាយ។
មែនហើយ យើងបាននិយាយ
មែនហើយ យើងនឹងធ្វើឲ្យការនេះកើតឡើង;
យើងបានគ្រោងទុក
មែនហើយ យើងនឹងបំពេញការនេះឲ្យសម្រេច។
12ពួកអ្នកមានចិត្តរឹង ដែលនៅឆ្ងាយពីសេចក្ដីសុចរិតអើយ
ចូរស្ដាប់យើង!
13យើងនាំសេចក្ដីសុចរិតរបស់យើងមកជិតហើយ
សេចក្ដីនោះមិននៅឆ្ងាយឡើយ
ហើយសេចក្ដីសង្គ្រោះរបស់យើង ក៏មិនបង្អង់ដែរ។
យើងនឹងផ្ដល់សេចក្ដីសង្គ្រោះនៅស៊ីយ៉ូន
ក៏នឹងផ្ដល់សិរីរុងរឿងរបស់យើងដល់អ៊ីស្រាអែលផង#46:13 យើងនឹងផ្ដល់សេចក្ដីសង្គ្រោះនៅស៊ីយ៉ូន ក៏នឹងផ្ដល់សិរីរុងរឿងរបស់យើងដល់អ៊ីស្រាអែលផង―ឬ “យើងនឹងតាំងសេចក្ដីសង្គ្រោះនៅស៊ីយ៉ូន សម្រាប់អ៊ីស្រាអែលជាសិរីរុងរឿងរបស់យើង”។”៕
Trenutno izabrano:
អេសាយ 46: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative