សាស្ដា 8
8
ប្រាជ្ញា អំណាច និងភាពមិនស្មើគ្នា
1តើនរណាដូចមនុស្សមានប្រាជ្ញា? តើនរណាដឹងការបកស្រាយនូវសេចក្ដីអ្វីមួយ? ប្រាជ្ញារបស់មនុស្សធ្វើឲ្យទឹកមុខរបស់គេភ្លឺថ្លា ហើយភាពរឹងរូសនៃទឹកមុខរបស់គេក៏ផ្លាស់ប្ដូរដែរ។
2ខ្ញុំសូមទូន្មានអ្នកឲ្យរក្សាសេចក្ដីបង្គាប់របស់ស្ដេច ដោយព្រោះសម្បថរបស់ព្រះ។ 3កុំប្រញាប់ចេញពីព្រះភក្ត្រស្ដេចឡើយ ក៏កុំប្រកាន់គោលជំហរក្នុងការអាក្រក់ដែរ ដ្បិតស្ដេចនឹងធ្វើអ្វីក៏ដោយដែលទ្រង់សព្វព្រះទ័យ។ 4ជាការពិត រាជឱង្ការរបស់ស្ដេចមានអំណាច; តើនរណាហ៊ានទូលទ្រង់ថា៖ “តើព្រះករុណាកំពុងធ្វើអ្វី?”។ 5អ្នកដែលកាន់តាមសេចក្ដីបង្គាប់ នឹងមិនជួបការអាក្រក់ឡើយ ហើយចិត្តរបស់មនុស្សមានប្រាជ្ញា ស្គាល់ពេល និងនីតិវិធី; 6ដ្បិតមានពេល និងនីតិវិធីសម្រាប់អ្វីៗទាំងអស់ ទោះបីជាមហន្តរាយរបស់មនុស្សសង្កត់លើគេយ៉ាងធ្ងន់ក៏ដោយ។ 7ដ្បិតមនុស្សមិនដឹងអ្វីដែលនឹងកើតឡើងទេ ដូច្នេះតើនរណាអាចប្រាប់គេអំពីអ្វីដែលនឹងកើតឡើងបាន? 8គ្មានមនុស្សណាអាចគ្រប់គ្រងលើខ្យល់ ដើម្បីឃាត់ខ្យល់បានឡើយ#8:8 អាចគ្រប់គ្រងលើខ្យល់ ដើម្បីឃាត់ខ្យល់បានឡើយ―ឬ “អាចគ្រប់គ្រងលើដង្ហើមជីវិត ដើម្បីឃាត់ដង្ហើមជីវិតបានឡើយ” ឬ “អាចគ្រប់គ្រងលើវិញ្ញាណ ដើម្បីឃាត់វិញ្ញាណបានឡើយ”។ ក៏គ្មានអ្នកណាអាចគ្រប់គ្រងលើថ្ងៃស្លាប់បានដែរ; គ្មានការឲ្យចេញពីកងទ័ពក្នុងពេលមានសង្គ្រាមឡើយ ហើយសេចក្ដីអាក្រក់ក៏មិនរំដោះមនុស្សធ្វើអាក្រក់ដែរ។ 9ខ្ញុំបានឃើញការទាំងអស់នេះ ហើយដាក់ចិត្តចំពោះកិច្ចការទាំងអស់ដែលត្រូវបានធ្វើនៅក្រោមថ្ងៃ គឺថាជួនកាលមានមនុស្សត្រួតត្រាលើមនុស្សដទៃ ជាអន្តរាយដល់ខ្លួនវិញ។
10បន្ទាប់មក ខ្ញុំបានឃើញមនុស្សអាក្រក់ត្រូវបានបញ្ចុះ។ ពីមុនពួកគេបានចេញចូលទីវិសុទ្ធ ប៉ុន្តែពួកគេត្រូវបានភ្លេច#8:10 ប៉ុន្តែពួកគេត្រូវបានភ្លេច―ឬ “ព្រមទាំងត្រូវបានសរសើរ”។នៅក្នុងទីក្រុងដែលពួកគេបានធ្វើដូច្នោះ។ នេះក៏ជាការឥតន័យដែរ។ 11ដោយសារការកាត់ទោសចំពោះកិច្ចការអាក្រក់មិនត្រូវបានអនុវត្តយ៉ាងឆាប់ ដូច្នេះចិត្តមនុស្សលោកក៏ពេញដោយការធ្វើអាក្រក់។ 12ថ្វីត្បិតតែមនុស្សបាបធ្វើអាក្រក់មួយរយដង ហើយនៅតែមានអាយុវែងក៏ដោយ ប៉ុន្តែខ្ញុំដឹងថា នឹងទៅជាល្អដល់អ្នកកោតខ្លាចព្រះ ពីព្រោះពួកគេកោតខ្លាចនៅចំពោះព្រះអង្គ។ 13ប៉ុន្តែវានឹងមិនទៅជាល្អដល់មនុស្សអាក្រក់ឡើយ ហើយគេនឹងមិនអាចធ្វើឲ្យអាយុវែងដូចស្រមោលបានដែរ ពីព្រោះគេមិនកោតខ្លាចនៅចំពោះព្រះ។
14មានការឥតន័យមួយដែលត្រូវបានធ្វើនៅលើផែនដី គឺថាមានមនុស្សសុចរិតខ្លះដែលមានកើតឡើងដល់ខ្លួនតាមអំពើរបស់មនុស្សអាក្រក់ ហើយក៏មានមនុស្សអាក្រក់ខ្លះដែលមានកើតឡើងដល់ខ្លួនតាមអំពើរបស់មនុស្សសុចរិតវិញ។ ខ្ញុំសូមនិយាយថា នេះក៏ជាការឥតន័យដែរ។ 15ដូច្នេះ ខ្ញុំសូមលើកសរសើរការសប្បាយ ពីព្រោះសម្រាប់មនុស្ស គ្មានអ្វីប្រសើរនៅក្រោមថ្ងៃ ជាងហូប និងផឹក ហើយសប្បាយឡើយ ដ្បិតមានការនេះជាប់តាមគេក្នុងការនឿយហត់របស់ខ្លួន នៅថ្ងៃនៃជីវិតរបស់គេដែលព្រះបានប្រទានដល់គេនៅក្រោមថ្ងៃ។
16នៅពេលខ្ញុំដាក់ចិត្តឲ្យយល់ប្រាជ្ញា និងឲ្យឃើញបន្ទុកដែលត្រូវបានធ្វើនៅលើផែនដី——ដ្បិតមានអ្នកខ្លះមិនឃើញដំណេកក្នុងភ្នែករបស់ខ្លួន ទាំងយប់ទាំងថ្ងៃ—— 17នោះខ្ញុំបានយល់ឃើញពីកិច្ចការទាំងអស់របស់ព្រះថា មនុស្សរកយល់មិនបាននូវកិច្ចការដែលត្រូវបានធ្វើនៅក្រោមថ្ងៃឡើយ ទោះបីជាមនុស្សប្រឹងប្រែងស្វែងរកក៏ដោយ ក៏គេរកយល់មិនបានដែរ។ ទោះបីជាមនុស្សមានប្រាជ្ញាអះអាងថាដឹងក៏ដោយ ក៏គេរកយល់មិនបានដែរ៕
Trenutno izabrano:
សាស្ដា 8: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative