យ៉ូហាន 21
21
ព្រះយេស៊ូវលេចមកឲ្យពួកសិស្សប្រាំពីរនាក់ឃើញ
1ក្រោយមក ព្រះយេស៊ូវបង្ហាញអង្គទ្រង់ឲ្យពួកសិស្សឃើញម្តងទៀត នៅមាត់សមុទ្រទីបេរាស ហើយព្រះអង្គបង្ហាញអង្គទ្រង់ឲ្យគេឃើញបែបយ៉ាងនេះ 2គឺស៊ីម៉ូន-ពេត្រុស ថូម៉ាស ដែលហៅថា ឌីឌីម ណាថាណែល ដែលនៅភូមិកាណា ស្រុកកាលីឡេ កូនទាំងពីររបស់សេបេដេ និងសិស្សរបស់ព្រះអង្គពីរនាក់ទៀតដែលនៅជាមួយគ្នា។ 3ស៊ីម៉ូន-ពេត្រុសនិយាយទៅគេថា៖ «ខ្ញុំទៅនេសាទត្រីហើយ» គេឆ្លើយទៅគាត់ថា៖ «យើងទៅជាមួយដែរ»។ គេក៏នាំគ្នាចុះទូកចេញទៅ តែយប់នោះគេចាប់ត្រីមិនបានសោះ។
4លុះព្រលឹមឡើង ព្រះយេស៊ូវឈរនៅឆ្នេរសមុទ្រ តែពួកសិស្សមិនដឹងថាជាព្រះយេស៊ូវទេ។ 5ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «កូនរាល់គ្នាអើយ អ្នករាល់គ្នាចាប់ត្រីមិនបានទេឬ?» គេទូលព្រះអង្គថា៖ «គ្មានទេ»។ 6ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរទម្លាក់អួនទៅខាងស្តាំទូកចុះ អ្នកនឹងចាប់បានត្រីខ្លះមិនខាន»។ ដូច្នេះ គេក៏ទម្លាក់អួន តែគេមិនអាចទាញអួនមកវិញបានឡើយ ព្រោះមានត្រីច្រើនពេក។ 7សិស្សម្នាក់ដែលព្រះយេស៊ូវស្រឡាញ់ និយាយទៅកាន់ពេត្រុសថា៖ «ព្រះអម្ចាស់ទេតើ!»។ កាលស៊ីម៉ូន-ពេត្រុសឮថាព្រះអម្ចាស់ដូច្នេះ គាត់ក៏ពាក់អាវ ព្រោះគាត់នៅខ្លួនទទេ រួចលោតចុះទៅក្នុងទឹក។ 8ប៉ុន្តែ ពួកសិស្សឯទៀតនាំគ្នាចូលទូកមកមាត់ច្រាំង ទាំងទាញអួនជាប់ត្រីពេញ ដ្បិតគេមិនសូវនៅឆ្ងាយពីគោកទេ គឺប្រហែលជាពីររយហត្ថប៉ុណ្ណោះ។
9ពេលគេបានឡើងទៅលើគោកហើយ គេឃើញរងើកភ្លើង មានទាំងត្រីអាំងនៅពីលើ និងមាននំបុ័ងដែរ។ 10ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ចូរយកត្រីខ្លះ ដែលអ្នករាល់គ្នាទើបនឹងចាប់នោះមក!»។ 11ដូច្នេះ ស៊ីម៉ូន-ពេត្រុសចុះទៅក្នុងទូក ទាញអួនដាក់លើគោក បានត្រីធំៗមួយរយហាសិបបី ហើយទោះបើមានត្រីច្រើនយ៉ាងនេះក៏ដោយ ក៏អួនមិនធ្លាយដែរ។ 12ព្រះយេស៊ូវមានព្រះបន្ទូលហៅគេថា៖ «ចូរមកពិសាសិន» ប៉ុន្តែ គ្មានសិស្សណាមួយហ៊ានទូលសួរព្រះអង្គថា «តើអ្នកជានរណា?» ទេ ព្រោះគេដឹងថាជាព្រះអម្ចាស់ហើយ។ 13ព្រះយេស៊ូវក៏យាងមក យកនំបុ័ង និងត្រី ប្រទានដល់គេ។ 14នេះជាលើកទីបីហើយ ដែលព្រះយេស៊ូវលេចមកឲ្យពួកសិស្សឃើញ បន្ទាប់ពីមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។
ព្រះយេស៊ូវមានព្រះបន្ទូលផ្តាំលោកពេត្រុស
15ពេលគេបរិភោគរួចហើយ ព្រះយេស៊ូវមានព្រះបន្ទូលទៅស៊ីម៉ូន-ពេត្រុសថា៖ «ស៊ីម៉ូនកូនយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំជាងអ្នកទាំងនេះឬទេ?» គាត់ទូលឆ្លើយថា៖ «ក្រាបទូលព្រះអម្ចាស់ ព្រះអង្គជ្រាបហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ចូរឲ្យចំណីកូនចៀមរបស់ខ្ញុំផង!»។ 16ព្រះអង្គមានព្រះបន្ទូលទៅគាត់ជាលើកទីពីរថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំឬទេ?» គាត់ទូលឆ្លើយថា៖ «ក្រាបទូលព្រះអម្ចាស់ ព្រះអង្គជ្រាបហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរឃ្វាលហ្វូងចៀមរបស់ខ្ញុំផង!»។ 17ព្រះអង្គមានព្រះបន្ទូលជាលើកទីបីថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ តើស្រឡាញ់ខ្ញុំមែនឬទេ?» ពេត្រុសមានចិត្តព្រួយ ព្រោះព្រះអង្គមានព្រះបន្ទូលជាលើកទីបីថា «តើអ្នកស្រឡាញ់ខ្ញុំឬទេ?» ដូច្នេះ។ លោកទូលតបទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ព្រះអង្គជ្រាបគ្រប់ការទាំងអស់ គឺព្រះអង្គជ្រាបថា ទូលបង្គំស្រឡាញ់ព្រះអង្គហើយ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរឲ្យចំណីហ្វូងចៀមរបស់ខ្ញុំផង!។ 18ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា កាលអ្នកនៅក្មេងនៅឡើយ អ្នកក្រវាត់ចង្កេះខ្លួនឯង ហើយដើរទៅណាតាមតែចិត្តអ្នកចង់។ លុះពេលអ្នកចាស់ អ្នកនឹងលើកដៃឡើង ហើយមានម្នាក់ទៀតនឹងក្រវាត់ចង្កេះឲ្យអ្នកវិញ ទាំងនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅទៀត»។ 19(ព្រះយេស៊ូវមានព្រះបន្ទូលដូច្នេះ បង្ហាញពីបែបយ៉ាងណាដែលគាត់ត្រូវស្លាប់ ដើម្បីលើកតម្កើងព្រះ)។ កាលព្រះអង្គមានព្រះបន្ទូលដូច្នោះរួចហើយ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំចុះ!»។
ព្រះយេស៊ូវ និងសិស្សម្នាក់ដែលព្រះអង្គស្រឡាញ់
20ពេត្រុសងាកទៅក្រោយ ឃើញសិស្សម្នាក់ ដែលព្រះយេស៊ូវស្រឡាញ់ កំពុងដើរតាម ជាអ្នកដែលផ្អែកលើព្រះឱរាព្រះអង្គ ក្នុងកាលដែលបរិភោគ នៅពេលយប់នោះ ហើយបានទូលសួរថា៖ «ព្រះអម្ចាស់អើយ តើអ្នកណាទៅដែលនឹងបញ្ជូនព្រះអង្គ?» 21កាលពេត្រុសបានឃើញគាត់ លោកទូលសួរព្រះយេស៊ូវថា៖ «ព្រះអម្ចាស់អើយ តើអ្នកនោះនឹងទៅជាយ៉ាងណា?» 22ព្រះយេស៊ូវមានបន្ទូលឆ្លើយទៅគាត់ថា៖ «ប្រសិនបើខ្ញុំចង់ឲ្យអ្នកនោះរស់នៅ រហូតដល់ខ្ញុំត្រឡប់មកវិញ តើអំពល់អ្វីដល់អ្នក? ចូរមកតាមខ្ញុំ!»។ 23ដូច្នេះ ពាក្យនោះក៏ឮខ្ចរខ្ចាយទូទៅ ក្នុងពួកបងប្អូនថា សិស្សនោះមិនត្រូវស្លាប់ទេ ប៉ុន្តែ ព្រះយេស៊ូវមិនបានមានព្រះបន្ទូលថា គាត់មិនស្លាប់នោះឡើយ គឺគ្រាន់តែថា «ប្រសិនបើខ្ញុំចង់ឲ្យអ្នកនោះរស់នៅ ទាល់តែខ្ញុំមក តើអំពល់អ្វីដល់អ្នកប៉ុណ្ណោះ?»។
24សិស្សនេះហើយ ដែលធ្វើបន្ទាល់ពីហេតុការណ៍ទាំងនេះ ព្រមទាំងបានកត់ត្រាទុកមកផង យើងដឹងថាបន្ទាល់របស់គាត់ ពិតជាត្រឹមត្រូវមែន។ 25ប៉ុន្តែ មានការជាច្រើនទៀត ដែលព្រះយេស៊ូវបានធ្វើ។ ប្រសិនបើមានគេកត់ត្រាហេតុការណ៍ទាំងអស់នោះ ខ្ញុំយល់ថា ទោះពិភពលោកទាំងមូលក៏មិនអាចនឹងទុកសៀវភៅ ដែលគេកត់ត្រានោះបានផង។ អាម៉ែន។:៚
Zvasarudzwa nguva ino
យ៉ូហាន 21: គកស១៦
Sarudza vhesi
Pakurirana nevamwe
Sarudza zvinyorwa izvi

Unoda kuti zviratidziro zvako zvichengetedzwe pamidziyo yako yose? Nyoresa kana kuti pinda
© 2016 United Bible Societies