យ៉ូហាន 19
19
1ពេលនោះ លោកពីឡាត់នាំព្រះយេស៊ូវទៅឲ្យគេវាយនឹងរំពាត់។ 2ពួកទាហានក្រងភួងបន្លាយកមកបំពាក់លើព្រះសិរព្រះអង្គ ហើយយកអាវពណ៌ស្វាយមកបំពាក់ឲ្យព្រះអង្គដែរ។ 3គេចូលមកជិតព្រះអង្គ ទាំងពោលថា៖ «សូមថ្វាយបង្គំស្តេចសាសន៍យូដា» រួចគេក៏ទះកំផ្លៀងព្រះអង្គ។ 4លោកពីឡាត់ចេញទៅក្រៅ មានប្រសាសន៍នឹងគេម្តងទៀតថា៖ «មើល៍! ខ្ញុំនាំអ្នកនេះចេញមកឲ្យអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នកដឹងថា ខ្ញុំមិនឃើញថាគាត់មានទោសអ្វីសោះ»។ 5ដូច្នេះ ព្រះយេស៊ូវក៏យាងចេញទៅក្រៅ ទាំងពាក់ភួងបន្លា និងអាវពណ៌ស្វាយនោះ រួចលោកពីឡាត់មានប្រសាសន៍ទៅគេថា៖ «មើល៍ មនុស្សហ្នឹងហើយ!»។ 6កាលពួកសង្គ្រាជ និងពួកកងរក្សាព្រះវិហារឃើញព្រះអង្គ គេក៏ស្រែកឡើងថា៖ «ឆ្កាងវាទៅ ឆ្កាងវាទៅ!» លោកពីឡាត់មានប្រសាសន៍ទៅគេថា៖ «អ្នករាល់គ្នាយកគាត់ទៅឆ្កាងខ្លួនឯងទៅ ដ្បិតខ្ញុំមិនឃើញថាគាត់មានទោសអ្វីសោះ»។ 7ពួកសាសន៍យូដាឆ្លើយថា៖ «យើងខ្ញុំមានក្រឹត្យវិន័យ ហើយតាមក្រឹត្យវិន័យនោះ គាត់ត្រូវតែស្លាប់ ព្រោះគាត់បានតាំងខ្លួនជាព្រះរាជបុត្រារបស់ព្រះ»។
8ពេលលោកពីឡាត់បានឮពាក្យនោះ ក៏ភ័យរឹតតែខ្លាំងឡើង។ 9លោកត្រឡប់ទៅក្នុងបន្ទាយវិញ ទូលសួរព្រះយេស៊ូវថា៖ «តើអ្នកមកពីណា?» ប៉ុន្តែ ព្រះយេស៊ូវមិនឆ្លើយសោះ។ 10ហេតុនេះ លោកពីឡាត់សួរព្រះអង្គថា៖ «ម្តេចក៏អ្នកមិនឆ្លើយនឹងខ្ញុំ? តើអ្នកមិនដឹងថាខ្ញុំមានអំណាចនឹងលែងអ្នកក៏បាន ឬឆ្កាងអ្នកក៏បានទេឬ?» 11ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «ប្រសិនបើមិនបានទទួលអំណាចមកពីស្ថានលើទេ លោកគ្មានអំណាចលើខ្ញុំឡើយ ហេតុនោះបានជាអ្នកដែលបញ្ជូនខ្ញុំមកលោក មានបាបធ្ងន់ជាងលោកទៅទៀត»។ 12តាំងពីពេលនោះ មក លោកពីឡាត់រកវិធីនឹងដោះលែងព្រះអង្គ តែពួកសាសន៍យូដាស្រែកឡើងថា៖ «បើលោកដោះលែងអ្នកនេះ លោកមិនមែនជាសម្លាញ់របស់សេសារទេ ព្រោះអ្នកណាដែលតាំងខ្លួនធ្វើជាស្តេច ក្បត់នឹងសេសារហើយ»។
13កាលលោកពីឡាត់បានឮពាក្យនោះ ក៏នាំព្រះយេស៊ូវចេញទៅខាងក្រៅ ហើយឲ្យព្រះអង្គគង់នៅទីកាត់ក្តី ត្រង់កន្លែងមួយឈ្មោះថា «ទីលានក្រាលថ្ម» (ដែលភាសាហេព្រើរហៅថា កាបាថា) ។ 14ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យរំលង ហើយប្រហែលជាថ្ងៃត្រង់ លោកមានប្រសាសន៍ទៅពួកសាសន៍យូដាថា៖ «មើល៍! នេះហើយស្តេចរបស់អ្នករាល់គ្នា!»។ 15ប៉ុន្តែ គេស្រែកឡើងថា៖ «យកវាចេញមក ហើយឆ្កាងវាទៅ» លោកពីឡាត់សួរគេថា៖ «តើឲ្យខ្ញុំឆ្កាងស្តេចរបស់អ្នករាល់គ្នាឬ?» ពួកសង្គ្រាជឆ្លើយថា៖ «យើងខ្ញុំគ្មានស្តេចណាទៀត ក្រៅពីសេសារទេ!»។
16ពេលនោះ លោកក៏ប្រគល់ព្រះយេស៊ូវទៅឲ្យគេឆ្កាង។ ដូច្នេះ គេក៏នាំព្រះយេស៊ូវយកទៅ។
គេឆ្កាងព្រះយេស៊ូវ
(មថ ២៧.៣២-៤៤ មក ១៥.២១-៣២ លក ២៣.២៦-៤៣)
17ព្រះយេស៊ូវយាងចេញទៅទាំងលីឈើឆ្កាង ទៅដល់កន្លែងមួយហៅថា «ភ្នំលលាដ៍ក្បាល» ដែលភាសាហេព្រើរឈ្មោះថា «គាល់កូថា»។ 18គេក៏ឆ្កាងព្រះអង្គនៅទីនោះ ជាមួយមនុស្សពីរនាក់ទៀតនៅសងខាងព្រះអង្គ ហើយព្រះយេស៊ូវនៅកណ្តាល។ 19លោកពីឡាត់បិទប្រកាសមួយនៅលើឈើឆ្កាងថា «យេស៊ូវអ្នកស្រុកណាសារ៉ែត ស្តេចនៃសាសន៍យូដា»។ 20មានសាសន៍យូដាជាច្រើនបានមើលប្រកាសនោះ ដ្បិតកន្លែងដែលគេឆ្កាងព្រះយេស៊ូវនោះនៅជិតទីក្រុង ហើយប្រកាសនោះ គេសរសេរជាភាសាហេព្រើរ ឡាតាំង និងក្រិក។ 21ពេលនោះ ពួកសង្គ្រាជរបស់សាសន៍យូដា ជម្រាបលោកពីឡាត់ថា៖ «សូមលោកកុំសរសេរថា "ស្តេចនៃសាសន៍យូដា" ដូច្នេះ សូមសរសេរថា "អ្នកនេះនិយាយថា ខ្ញុំជាស្តេចនៃសាសន៍យូដា"»។ 22លោកពីឡាត់ឆ្លើយថា៖ «អ្វីដែលខ្ញុំបានសរសេរ ខ្ញុំសរសេររួចហើយ»។ 23កាលដែលពួកទាហានបានឆ្កាងព្រះយេស៊ូវរួចហើយ គេយកព្រះពស្ត្រព្រះអង្គចែកជាបួនចំណែក ឲ្យម្នាក់ៗបានមួយចំណែក គេក៏យកអាវវែងព្រះអង្គដែរ តែអាវនោះបានត្បាញពីក្រណាត់តែមួយផ្ទាំង ពីលើដល់ក្រោមគ្មានថ្នេរសោះ។ 24ដូច្នេះ គេនិយាយគ្នាថា៖ «កុំហែកអាវនេះអី សូមយើងចាប់ឆ្នោតវិញ ដើម្បីឲ្យដឹងថាបានទៅលើអ្នកណា»។ នេះដើម្បីឲ្យបានសម្រេចតាមបទគម្ពីរដែលចែងទុកមកថា «គេបានយកសម្លៀកបំពាក់ទូលបង្គំចែកគ្នា ឯអាវវែងរបស់ទូលបង្គំ គេយកដោយចាប់ឆ្នោត» ពួកទាហានក៏ធ្វើដូច្នោះ។ 25ពេលនោះ មាតាព្រះយេស៊ូវ ប្អូនស្រីមាតាព្រះអង្គ នាងម៉ារា ជាប្រពន្ធក្លូប៉ាស និងនាងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា ឈរនៅជិតឈើឆ្កាងរបស់ព្រះអង្គ។ 26កាលព្រះយេស៊ូវឃើញមាតាព្រះអង្គ និងសិស្សម្នាក់ដែលព្រះអង្គស្រឡាញ់ កំពុងឈរនៅទីនោះ ព្រះអង្គមានព្រះបន្ទូលទៅមាតាថា៖ «មាតាអើយ ន៎ុះន៏ កូនរបស់មាតា»។ 27បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅសិស្សនោះថា៖ «នេះហើយ ម្តាយរបស់អ្នក»។ តាំងពីនោះមក សិស្សនោះក៏យកគាត់ទៅនៅជាមួយ។
28បន្ទាប់មក ព្រះយេស៊ូវជ្រាបថា ការទាំងអស់បានសម្រេចហើយ តែដើម្បីឲ្យបានសម្រេចតាមបទគម្ពីរ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំស្រេកទឹកណាស់» ។ 29នៅទីនោះ មានក្រឡដាក់ទឹកខ្មេះពេញ គេក៏យកសារាយស្ងួតជ្រលក់ទឹកខ្មេះជោក រួចចងភ្ជាប់នឹងមែកត្រែង ហុចទៅដល់ព្រះឱស្ឋព្រះអង្គ។ 30កាលព្រះយេស៊ូវបានទទួលទឹកខ្មេះហើយ ទ្រង់មានព្រះបន្ទូលថា៖ «កិច្ចការចប់សព្វគ្រប់ហើយ» រួចព្រះអង្គក៏ឱនព្រះសិរប្រគល់វិញ្ញាណព្រះអង្គទៅ។
គេចាក់ទម្លុះឆ្អឹងជំនីរព្រះយេស៊ូវ
31ដោយព្រោះថ្ងៃនោះជាថ្ងៃរៀបចំបុណ្យ ពួកសាសន៍យូដាក៏សូមលោកពីឡាត់ ឲ្យគេវាយបំបាក់ជើងពួកជាប់ឆ្កាង ហើយយកចេញទៅ ដើម្បីកុំឲ្យសាកសពនៅជាប់លើឈើឆ្កាងនៅថ្ងៃសប្ប័ទ (ព្រោះថ្ងៃសប្ប័ទនោះជាថ្ងៃបុណ្យធំ)។ 32ដូច្នេះ ពួកទាហានក៏មកវាយបំបាក់ជើងអ្នកទោសទាំងពីរនាក់ ដែលជាប់ឆ្កាងជាមួយព្រះអង្គ។ 33លុះពេលគេមកដល់ព្រះយេស៊ូវ គេឃើញថា ព្រះអង្គសុគតផុតហើយ គេមិនបំបាក់ព្រះបាទព្រះអង្គទេ។ 34ប៉ុន្តែ ទាហានម្នាក់យកលំពែងចាក់ត្រង់ឆ្អឹងជំនីរព្រះអង្គ នោះស្រាប់តែឈាម និងទឹកហូរចេញមក។ 35អ្នកដែលឃើញ បានធ្វើបន្ទាល់ ហើយបន្ទាល់របស់អ្នកនោះពិតប្រាកដមែន អ្នកនោះដឹងថា ខ្លួននិយាយសេចក្ដីពិត ដើម្បីឲ្យអ្នករាល់គ្នាបានជឿដែរ។ 36ហេតុការណ៍ទាំងនោះបានកើតមក ដើម្បីឲ្យបទគម្ពីរបានសម្រេច ដែលថា «គ្មានឆ្អឹងណាមួយរបស់ព្រះអង្គត្រូវបាក់ឡើយ» ។ 37មានអត្ថបទគម្ពីរមួយទៀតចែងថា «គេនឹងមើលអ្នកដែលគេបានចាក់ទម្លុះ»។
ការបញ្ចុះសពព្រះយេស៊ូវ
(មថ. ២៧.៥៧-៦១ មក. ១៥.៤២-៤៧ លក. ២៣.៥០-៥៦)
38បន្ទាប់មក យ៉ូសែប អ្នកស្រុកអើរីម៉ាថេ ដែលជាសិស្សរបស់ព្រះយេស៊ូវដែរ តែមិនបង្ហាញមុខ ព្រោះខ្លាចពួកយូដា លោកបានសុំច្បាប់លោកពីឡាត់ យកព្រះសពព្រះយេស៊ូវចុះមក។ លោកពីឡាត់ក៏អនុញ្ញាតឲ្យ ដូច្នេះ លោកក៏មកយកព្រះសពព្រះយេស៊ូវទៅ។ 39លោកនីកូដេម ដែលពីមុនបានទៅរកព្រះយេស៊ូវទាំងយប់ ក៏មកដែរ លោកយកជ័រល្វីងទេសលាយនឹងក្រឹស្នា ប្រហែលជាហាសិបគីឡូក្រាម។ 40អ្នកទាំងពីរក៏យកព្រះសពព្រះយេស៊ូវមករុំនឹងសំពត់ទេសឯក ជាមួយនឹងគ្រឿងក្រអូបទាំងនោះ តាមទំនៀមទម្លាប់បញ្ចុះសពរបស់សាសន៍យូដា។ 41មានសួនច្បារមួយនៅកន្លែងដែលគេឆ្កាងព្រះអង្គ ហើយក្នុងសួនច្បារនោះ មានផ្នូរមួយថ្មី ដែលមិនទាន់ដាក់សពណានៅឡើយ។ 42ដូច្នេះ គេក៏បញ្ចុះព្រះសពព្រះយេស៊ូវនៅទីនោះ ដោយផ្នូរក៏នៅជិតស្រាប់ ហើយជាថ្ងៃរៀបចំបុណ្យរបស់សាសន៍យូដាផង។
Zvasarudzwa nguva ino
យ៉ូហាន 19: គកស១៦
Sarudza vhesi
Pakurirana nevamwe
Sarudza zvinyorwa izvi

Unoda kuti zviratidziro zvako zvichengetedzwe pamidziyo yako yose? Nyoresa kana kuti pinda
© 2016 United Bible Societies