យ៉ូហាន 18
18
យូដាសក្បត់ព្រះយេស៊ូវ ហើយនាំគេមកចាប់ព្រះអង្គ
(មថ. ២៦.៤៧-៥៦ មក. ១៤.៤៣-៥០ លក. ២២.៤៧-៥៣)
1កាលព្រះយេស៊ូវមានព្រះបន្ទូលដូច្នោះរួចហើយ ព្រះអង្គក៏ឆ្លងជ្រោះកេដ្រុនជាមួយពួកសិស្ស ហើយព្រះអង្គ និងពួកសិស្សក៏ចូលទៅក្នុងសួនច្បារមួយ។ 2រីឯយូដាស ដែលជាអ្នកក្បត់ព្រះអង្គ ក៏ស្គាល់កន្លែងនោះដែរ ព្រោះព្រះយេស៊ូវ និងពួកសិស្សតែងជួបគ្នានៅទីនោះ។ 3ដូច្នេះ យូដាសបាននាំពួកទាហាន ពួកកងរក្សាព្រះវិហារខ្លះពីពួកសង្គ្រាជ និងពួកផារិស៊ីទៅទីនោះ មានទាំងកាន់គោម ចន្លុះ និងមានអាវុធផង។ 4ព្រះយេស៊ូវជ្រាបពីការទាំងប៉ុន្មានដែលត្រូវកើតឡើងដល់ព្រះអង្គ ព្រះអង្គក៏យាងទៅមុខ សួរគេថា៖ «តើអ្នករាល់គ្នាមករកអ្នកណា?»។ 5គេទូលឆ្លើយថា៖ «រកយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «គឺខ្ញុំហ្នឹងហើយ»។ រីឯយូដាស ក៏ឈរនៅជាមួយពួកគេដែរ។ 6ពេលព្រះអង្គមានព្រះបន្ទូលទៅគេថា «គឺខ្ញុំហ្នឹងហើយ» គេក៏ថយក្រោយ ដួលដាច់ផ្ងារទាំងអស់គ្នា។ 7ព្រះអង្គមានព្រះបន្ទូលសួរគេម្តងទៀតថា៖ «តើអ្នករាល់គ្នាមករកអ្នកណា?» គេទូលឆ្លើយថា៖ «រកយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត»។ 8ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាថា ខ្ញុំហ្នឹងហើយ។ ដូច្នេះ បើអ្នករាល់គ្នារកខ្ញុំ ចូរឲ្យអ្នកទាំងនេះចេញទៅចុះ»។ 9នេះគឺដើម្បីឲ្យបានសម្រេចពាក្យដែលព្រះអង្គមានព្រះបន្ទូលថា «អស់អ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំ ឥតមានណាម្នាក់បាត់បង់ឡើយ» ។ 10ស៊ីម៉ូន-ពេត្រុស មានដាវមួយ ហើយគាត់ក៏ហូតមក កាប់ដាច់ត្រចៀកស្តាំរបស់បាវបម្រើសម្តេចសង្ឃម្នាក់ ឈ្មោះម៉ាលកុស។ 11ព្រះយេស៊ូវមានព្រះបន្ទូលទៅពេត្រុសថា៖ «ចូរស៊កដាវរបស់អ្នកទៅក្នុងស្រោមវិញទៅ តើមិនត្រូវឲ្យខ្ញុំទទួលពែង ដែលព្រះវរបិតាបានប្រទានមកខ្ញុំទេឬ?»
ព្រះយេស៊ូវនៅចំពោះមុខសម្តេចសង្ឃ
(ម៉ាថាយ ២៦.៦៩-៧០ ម៉ាកុស ១៤.៦៦-៦៨ លូកា ២២.៥៥-៥៧)
12ពួកទាហាន មេទ័ព និងពួកកងរក្សាព្រះវិហាររបស់សាសន៍យូដា បានចាប់ព្រះយេស៊ូវចង។ 13គេនាំព្រះអង្គទៅជួបលោកអាណមុនគេ ព្រោះលោកជាឪពុកក្មេករបស់កៃផា ដែលធ្វើជាសម្តេចសង្ឃក្នុងឆ្នាំនោះ។ 14គឺលោកកៃផានេះហើយ ដែលទូន្មានពួកសាសន៍យូដាថា ដែលមនុស្សម្នាក់ស្លាប់ជំនួសប្រជាជន នោះមានប្រយោជន៍ជាជាង ។
លោកពេត្រុសបដិសេធមិនស្គាល់ព្រះយេស៊ូវ
15ស៊ីម៉ូន-ពេត្រុស និងសិស្សម្នាក់ទៀតបានដើរតាមព្រះយេស៊ូវ។ ដោយសារសម្តេចសង្ឃស្គាល់សិស្សម្នាក់នោះ បានជាគាត់អាចចូលជាមួយព្រះយេស៊ូវ ទៅក្នុងទីលានសម្តេចសង្ឃបាន 16តែពេត្រុសឈរនៅមាត់ទ្វារខាងក្រៅ ដូច្នេះ សិស្សម្នាក់ដែលសម្តេចសង្ឃស្គាល់នោះ ក៏ចេញទៅនិយាយនឹងអ្នកឆ្មាំទ្វារ រួចនាំពេត្រុសចូលទៅខាងក្នុងដែរ។ 17ស្រីបម្រើដែលចាំយាមទ្វារ និយាយទៅកាន់ពេត្រុសថា៖ «អ្នកឯងជាសិស្សរបស់អ្នកនោះដែរឬ?» គាត់ឆ្លើយថា៖ «មិនមែនទេ»។ 18ពេលនោះ ពួកបាវបម្រើ និងពួកកងរក្សាព្រះវិហារក៏ឈរនៅទីនោះដែរ គេបានដុតភ្លើងអាំង ព្រោះរងា ហើយពេត្រុសក៏ឈរអាំងភ្លើងជាមួយពួកគេ។
សម្តេចសង្ឃចោទសួរព្រះយេស៊ូវ
(មថ. ២៦.៥៩-៦៦ មក. ១៤.៥៥-៦៤ លក. ២២.៦៦-៧១)
19បន្ទាប់មក សម្តេចសង្ឃសួរព្រះយេស៊ូវអំពីពួកសិស្ស និងអំពីសេចក្តីបង្រៀនរបស់ព្រះអង្គ។ 20ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ខ្ញុំបាននិយាយប្រាប់មនុស្សលោក នៅកណ្តាលជំនុំ ខ្ញុំតែងតែបង្រៀនក្នុងសាលាប្រជុំ និងក្នុងព្រះវិហារ ជាកន្លែងដែលពួកសាសន៍យូដាប្រជុំគ្នា ខ្ញុំមិនដែលនិយាយដោយសម្ងាត់ទេ។ 21ហេតុអ្វីបានជាលោកសួរខ្ញុំ? ចូរសួរអស់អ្នកដែលបានស្តាប់ខ្ញុំ ពីអ្វីដែលខ្ញុំនិយាយនោះទៅ គេសុទ្ធតែដឹងពីអ្វីដែលខ្ញុំបាននិយាយ»។ 22កាលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ កងរក្សាព្រះវិហារម្នាក់ដែលឈរនៅទីនោះ ក៏ទះកំផ្លៀងព្រះយេស៊ូវ ហើយនិយាយថា៖ «តើអ្នកឯងឆ្លើយទៅសម្តេចសង្ឃបែបនេះឬ?» 23ព្រះយេស៊ូវមានព្រះបន្ទូលទៅអ្នកនោះថា៖ «បើខ្ញុំនិយាយខុស ចូរប្រាប់មកមើល តើខុសត្រង់ណា តែបើខ្ញុំបាននិយាយល្អវិញ ហេតុអ្វីបានជាវាយខ្ញុំ?» 24លោកអាណឲ្យគេនាំព្រះអង្គទាំងជាប់ចំណង ទៅលោកកៃផា ជាសម្តេចសង្ឃវិញ។
លោកពេត្រុសបដិសេធម្តងទៀតថាមិនស្គាល់ព្រះយេស៊ូវ
(មថ. ២៦.៧១-៧៥ មក. ១៤.៦៩-៧២ លក. ២២.៥៨-៦២)
25ពេលនោះ ស៊ីម៉ូន-ពេត្រុសកំពុងឈរអាំងភ្លើង ហើយមានគេសួរគាត់ថា៖ «អ្នកឯងជាសិស្សរបស់អ្នកនោះដែរឬ?» គាត់ប្រកែកថា៖ «មិនមែនទេ»។ 26មានបាវបម្រើរបស់សម្តេចសង្ឃម្នាក់ ជាសាច់ញាតិនឹងអ្នកដែលពេត្រុសបានកាប់ដាច់ត្រចៀក សួរថា៖ «តើខ្ញុំមិនបានឃើញអ្នកឯងនៅក្នុងសួនច្បារ ជាមួយអ្នកនោះដែរទេឬ?» 27ពេត្រុសក៏ប្រកែកម្តងទៀត រំពេចនោះស្រាប់តែមាន់ក៏រងាវឡើង។
ព្រះយេស៊ូវនៅចំពោះមុខលោកពីឡាត់
(មថ. ២៧.១-២, ១១-១៤ មក. ១៥.១-៥ លក. ២៣.១-៥)
28បន្ទាប់មក គេនាំព្រះយេស៊ូវពីដំណាក់លោកកៃផា ទៅឯបន្ទាយរបស់លោកទេសាភិបាល។ ពេលនោះព្រលឹមស្រាងហើយ គេមិនបានចូលទៅក្នុងបន្ទាយនោះទេ ក្រែងគេត្រូវសៅហ្មង ហើយមិនអាចបរិភោគបុណ្យរំលងបាន ។ 29ដូច្នេះ លោកពីឡាត់ចេញទៅរកគេ សួរថា៖ «តើអ្នករាល់គ្នាចោទប្រកាន់អ្នកនេះពីរឿងអ្វី?» 30គេឆ្លើយទៅលោកថា៖ «ប្រសិនបើជននេះមិនមែនជាមនុស្សអាក្រក់ នោះយើងខ្ញុំមិននាំគាត់មកជូនលោកទេ»។ 31លោកពីឡាត់មានប្រសាសន៍ថា៖ «ចូរយកទៅកាត់ទោសតាមច្បាប់របស់អ្នករាល់គ្នាចុះ»។ តែពួកសាសន៍យូដាជម្រាបលោកថា៖ «យើងខ្ញុំគ្មានច្បាប់នឹងប្រហារជីវិតអ្នកណាទេ»។ 32(គេនិយាយដូច្នេះ ដើម្បីឲ្យបានសម្រេចតាមសេចក្ដីដែលព្រះយេស៊ូវមានព្រះបន្ទូល ពីរបៀបដែលព្រះអង្គត្រូវសុគត) ។
33ដូច្នេះ លោកពីឡាត់ក៏ចូលទៅក្នុងបន្ទាយវិញ រួចហៅព្រះយេស៊ូវមកសួរថា៖ «តើអ្នកជាសេ្តចសាសន៍យូដាមែនឬ?» 34ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «តើលោកមានប្រសាសន៍ដូច្នេះ ដោយខ្លួនលោក ឬមានអ្នកណាជម្រាបលោកអំពីខ្ញុំ?»។ 35លោកពីឡាត់ឆ្លើយថា៖ «តើខ្ញុំជាសាសន៍យូដាឬ? គឺសាសន៍របស់អ្នកឯង និងពួកសង្គ្រាជទេតើ ដែលបញ្ជូនអ្នកមកខ្ញុំ។ តើអ្នកបានធ្វើអ្វីខ្លះ?» 36ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «រាជ្យរបស់ខ្ញុំមិនមែននៅផែនដីនេះទេ។ ប្រសិនបើរាជ្យរបស់ខ្ញុំនៅផែនដីនេះមែន ពួកអ្នកបម្រើរបស់ខ្ញុំមុខជាតយុទ្ធ មិនឲ្យគេបញ្ជូនខ្ញុំទៅក្នុងកណ្ដាប់ដៃសាសន៍យូដាឡើយ។ ប៉ុន្តែ រាជ្យរបស់ខ្ញុំមិនមែននៅផែនដីនេះទេ»។ 37លោកពីឡាត់សួរព្រះអង្គថា៖ «ដូច្នេះ អ្នកជាស្តេចមែនឬ?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «លោកមានប្រសាសន៍ថា ខ្ញុំជាស្តេច នោះត្រូវហើយ ខ្ញុំកើតមក ហើយចូលមកក្នុងលោកនេះសម្រាប់ការនេះឯង ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ពីសេចក្តីពិត។ អស់អ្នកណាដែលកើតពីសេចក្តីពិត អ្នកនោះស្តាប់សំឡេងខ្ញុំ»។ 38លោកពីឡាត់ទូលសួរព្រះអង្គទៀតថា៖ «អ្វីទៅជាសេចក្តីពិតនោះ?»។
គេកាត់ទោសប្រហារជីវិតព្រះយេស៊ូវ
(មថ. ២៧.១៥-៣១ មក. ១៥.៦-២០ លក. ២៣.១៣-២៥)
ក្រោយពីលោកមានប្រសាសន៍ដូច្នេះហើយ លោកក៏ចេញទៅជួបពួកសាសន៍យូដាម្តងទៀត ប្រាប់គេថា៖ «ខ្ញុំមិនឃើញថាអ្នកនេះមានទោសអ្វីឡើយ។ 39តាមទម្លាប់របស់អ្នករាល់គ្នា ខ្ញុំត្រូវដោះលែងមនុស្សម្នាក់ក្នុងឱកាសបុណ្យរំលង។ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំលែងស្តេចសាសន៍យូដាឬទេ?» 40គេក៏ស្រែកឡើងទាំងអស់គ្នាម្តងទៀតថា៖ «កុំដោះលែងអ្នកនេះឡើយ សូមដោះលែងបារ៉ាបាសវិញ!»។ (រីឯបារ៉ាបាសជាចោរប្លន់)។
Zvasarudzwa nguva ino
យ៉ូហាន 18: គកស១៦
Sarudza vhesi
Pakurirana nevamwe
Sarudza zvinyorwa izvi

Unoda kuti zviratidziro zvako zvichengetedzwe pamidziyo yako yose? Nyoresa kana kuti pinda
© 2016 United Bible Societies