លោកុប្បត្តិ 22
22
ព្រះបង្គាប់ឲ្យថ្វាយអ៊ីសាកជាយញ្ញបូជា
1ក្រោយហេតុការណ៍ទាំងនោះមក ព្រះទ្រង់ល្បងលលោកអ័ប្រាហាំ គឺព្រះអង្គមានព្រះបន្ទូលហៅលោកថា៖ «អ័ប្រាហាំ!»។ លោកឆ្លើយថា៖ «ព្រះករុណាវិសេសព្រះអម្ចាស់»។ 2ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរយកអ៊ីសាក ជាកូនសម្លាញ់តែមួយរបស់អ្នក ហើយទៅស្រុកម៉ូរីយ៉ាទៅ រួចថ្វាយវាជាតង្វាយដុតនៅទីនោះ នៅលើភ្នំមួយដែលយើងនឹងបង្ហាញអ្នក»។ 3លោកអ័ប្រាហាំក្រោកឡើងពីព្រលឹម ចងកែបលា ហើយពុះឧសសម្រាប់តង្វាយដុត រួចយកក្មេងបម្រើពីរនាក់ និងអ៊ីសាកជាកូនទៅជាមួយ ចេញដំណើរទៅកន្លែងដែលព្រះទ្រង់មានព្រះបន្ទូលប្រាប់លោក។ 4លុះដល់ថ្ងៃទីបី លោកអ័ប្រាហាំងើបមុខឡើង ឃើញកន្លែងនោះពីចម្ងាយ។ 5ពេលនោះ លោកមានប្រសាសន៍ទៅក្មេងបម្រើរបស់លោកថា៖ «ចូរនៅទីនេះជាមួយលាសិន ខ្ញុំនឹងទៅថ្វាយបង្គំជាមួយកូនខ្ញុំនៅទីនោះ រួចយើងនឹងត្រឡប់មករកឯងវិញ»។ 6លោកអ័ប្រាហាំចាប់យកឧសសម្រាប់តង្វាយដុត ដាក់ឲ្យអ៊ីសាកជាកូនលី ហើយលោកយកភ្លើង និងកាំបិតកាន់នៅដៃ រួចអ្នកទាំងពីរបណ្តើរគ្នាទៅ។ 7អ៊ីសាកហៅលោកអ័ប្រាហាំជាឪពុកថា៖ «ពុក!» លោកឆ្លើយថា៖ «មានការអីកូន»។ អ៊ីសាកពោលថា៖ «មើល៍ យើងមានភ្លើង មានឧសហើយ ចុះតើកូនចៀមសម្រាប់តង្វាយដុតនៅឯណា?» 8លោកអ័ប្រាហាំឆ្លើយថា៖ «កូនអើយ កូនចៀមសម្រាប់ជាតង្វាយដុតនោះ ព្រះនឹងផ្គត់ផ្គង់ឲ្យ»។ ដូច្នេះ អ្នកទាំងពីរក៏បណ្ដើរគ្នាដើរទៅមុខទៀត។
9កាលបានមកដល់កន្លែងដែលព្រះបានបង្ហាញប្រាប់លោកហើយ លោកអ័ប្រាហាំក៏សង់អាសនាមួយនៅទីនោះ រួចតម្រៀបឧស ហើយចងអ៊ីសាកជាកូន ដាក់លើគំនរឧសនៅលើអាសនានោះ។ 10បន្ទាប់មក លោកអ័ប្រាហាំលូកដៃទៅចាប់យកកាំបិត បម្រុងនឹងសម្លាប់កូន។ 11ប៉ុន្តែ ទេវតារបស់ព្រះយេហូវ៉ាហៅលោកពីលើមេឃមកថា៖ «អ័ប្រាហាំ អ័ប្រាហាំអើយ!»។ លោកតបថា៖ «ព្រះករុណាវិសេសព្រះអម្ចាស់»។ 12ទេវតាពោលថា៖ «កុំលូកដៃទៅលើកូនក្មេងនោះឡើយ កុំធ្វើអ្វីដល់វាឲ្យសោះ ដ្បិតឥឡូវនេះ យើងដឹងហើយថា អ្នកកោតខ្លាចព្រះមែន ដោយមិនបានសំចៃទុកកូនតែមួយរបស់អ្នកចំពោះយើងសោះ»។ 13លោកអ័ប្រាហាំងើបមុខឡើង ឃើញចៀមឈ្មោលមួយជាប់ស្នែងនៅគុម្ពោតព្រៃខាងក្រោយលោក។ លោកអ័ប្រាហាំក៏ទៅយកចៀមឈ្មោលនោះ មកថ្វាយជាតង្វាយដុត ជំនួសកូនរបស់លោក។ 14លោកអ័ប្រាហាំដាក់ឈ្មោះកន្លែងនោះថា «ព្រះយេហូវ៉ានឹងផ្គត់ផ្គង់ » ដូចមានគេនិយាយរហូតមកដល់ថ្ងៃនេះថា «នៅលើភ្នំរបស់ព្រះយេហូវ៉ា ព្រះអង្គនឹងផ្គត់ផ្គង់ឲ្យ »។
15ទេវតារបស់ព្រះយេហូវ៉ាក៏ហៅលោកអ័ប្រាហាំពីលើមេឃម្តងទៀតថា៖ 16«ព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងស្បថដោយនាមរបស់យើង ដោយអ្នកបានធ្វើដូច្នេះ គឺមិនបានសំចៃទុកកូនតែមួយរបស់អ្នកចំពោះយើង 17នោះយើងនឹងឲ្យពរអ្នក ហើយយើងនឹងចម្រើនពូជពង្សរបស់អ្នកឲ្យមានគ្នាសន្ធឹកដូចផ្កាយនៅលើមេឃ និងដូចខ្សាច់នៅមាត់សមុទ្រ ពូជពង្សរបស់អ្នកនឹងបានគ្រប់គ្រងលើទ្វារក្រុងរបស់ពួកខ្មាំងសត្រូវ 18គ្រប់ទាំងសាសន៍នៅលើផែនដី នឹងបានពរដោយសារពូជពង្សរបស់អ្នក ព្រោះអ្នកបានស្តាប់បង្គាប់តាមពាក្យរបស់យើង»។ 19បន្ទាប់មក លោកអ័ប្រាហាំក៏វិលទៅរកក្មេងបម្រើរបស់លោកវិញ ហើយគេក្រោកឡើង ដើរជាមួយគ្នាទៅក្រុងបៀរ-សេបា រួចលោកអ័ប្រាហាំស្នាក់អាស្រ័យនៅក្រុងបៀរ-សេបានោះទៅ។
កូនចៅរបស់លោកណាឃរ
20ក្រោយហេតុការណ៍ទាំងនោះមក មានគេមកប្រាប់លោកអ័ប្រាហាំថា៖ «នាងមីលកាក៏បានបង្កើតកូនឲ្យលោកណាឃរ ជាប្អូនរបស់លោកដែរ គឺ 21អ៊ូសជាកូនច្បងរបស់លោក ប៊ូសជាប្អូន កេមូអែលជាឪពុករបស់អើរ៉ាម 22កេសែឌ ហាសួរ ពីលដាស យីដឡាប និងបេធូអែល»។ 23ឯបេធូអែលបានបង្កើតនាងរេបិកា។ អ្នកទាំងប្រាំបីនាក់នេះ ជាកូនដែលនាងមីលកាបានបង្កើតឲ្យលោកណាឃរ ជាប្អូនរបស់លោកអ័ប្រាហាំ។ 24រីឯប្រពន្ធចុងរបស់លោកណាឃរ ឈ្មោះនាងរេយូម៉ា ក៏មានកូនដែរ គឺធេបា កាហាំ ថាហាស និងម្អាកា។
Zvasarudzwa nguva ino
លោកុប្បត្តិ 22: គកស១៦
Sarudza vhesi
Pakurirana nevamwe
Sarudza zvinyorwa izvi

Unoda kuti zviratidziro zvako zvichengetedzwe pamidziyo yako yose? Nyoresa kana kuti pinda
© 2016 United Bible Societies