លោកុប្បត្តិ 21
21
កំណើតរបស់អ៊ីសាក
1ព្រះយេហូវ៉ាបានប្រោសប្រណីលោកស្រីសារ៉ា ដូចព្រះអង្គបានមានព្រះបន្ទូល គឺព្រះយេហូវ៉ាបានប្រព្រឹត្តចំពោះលោកស្រីសារ៉ា ដូចព្រះអង្គបានសន្យា។ 2លោកស្រីសារ៉ាមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយឲ្យលោកអ័ប្រាហាំ ក្នុងកាលដែលលោកមានវ័យចាស់ ត្រូវតាមពេលកំណត់ដែលព្រះអង្គបានប្រាប់លោក។ 3លោកអ័ប្រាហាំដាក់ឈ្មោះឲ្យកូនដែលលោកស្រីសារ៉ាបានបង្កើតឲ្យលោកនោះថា "អ៊ីសាក"។ 4ពេលអ៊ីសាកកើតមកបានប្រាំបីថ្ងៃ លោកអ័ប្រាហាំបានធ្វើពិធីកាត់ស្បែកឲ្យ ដូចព្រះទ្រង់បានបង្គាប់លោក។ 5ពេលអ៊ីសាកជាកូនកើតមកនោះ លោកអ័ប្រាហាំមានអាយុមួយរយឆ្នាំហើយ។ 6លោកស្រីសារ៉ាពោលថា៖ «ព្រះទ្រង់បានធ្វើឲ្យខ្ញុំអស់សំណើច ហើយអស់អ្នកណាដែលឮ ក៏នឹងសើចជាមួយខ្ញុំដែរ»។ 7លោកស្រីពោលទៀតថា៖ «តើអ្នកណាបាននឹកភ្នកនិយាយទៅលោកអ័ប្រាហាំថា "លោកស្រីសារ៉ានឹងបំបៅកូន?" តែខ្ញុំបានបង្កើតកូនប្រុសមួយឲ្យលោក ក្នុងកាលដែលលោកមានវ័យចាស់ហើយ»។
នាងហាការ និងអ៊ីសម៉ាអែលត្រូវបានបណ្ដេញចេញ
8លុះអ៊ីសាកធំឡើង ហើយត្រូវផ្តាច់ដោះ លោកអ័ប្រាហាំក៏រៀបចំពិធីជប់លៀងមួយយ៉ាងធំនៅថ្ងៃដែលផ្តាច់ដោះនោះ។ 9ប៉ុន្តែ លោកស្រីសារ៉ាបានឃើញកូនរបស់នាងហាការជាសាសន៍អេស៊ីព្ទ ដែលនាងបានបង្កើតឲ្យលោកអ័ប្រាហាំ សើចចំអកឲ្យអ៊ីសាកកូនរបស់លោកស្រី ។ 10ដូច្នេះ លោកស្រីក៏ជម្រាបលោកអ័ប្រាហាំថា៖ «ចូរបណ្តេញស្រីបម្រើនេះ និងកូនវាចេញទៅ ដ្បិតកូនរបស់ស្រីបម្រើនេះមិនត្រូវទទួលមត៌កជាមួយអ៊ីសាកកូនរបស់ខ្ញុំឡើយ»។ 11ពាក្យនោះធ្វើឲ្យលោកអ័ប្រាហាំពិបាកចិត្តណាស់ ព្រោះអ៊ីសម៉ាអែលក៏ជាកូនរបស់លោកដែរ។ 12ប៉ុន្តែ ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកអ័ប្រាហាំថា៖ «កុំពិបាកចិត្តព្រោះតែក្មេងនេះ និងស្រីបម្រើរបស់អ្នកឡើយ ចូរធ្វើតាមពាក្យទាំងប៉ុន្មានដែលសារ៉ាបានប្រាប់អ្នកចុះ ដ្បិតពូជអ្នកនឹងត្រូវរាប់តាមអ៊ីសាកទេ។ 13រីឯកូនរបស់ស្រីបម្រើនោះ យើងនឹងធ្វើឲ្យវាបានទៅជាជាតិសាសន៍មួយ ព្រោះវាជាពូជរបស់អ្នកដែរ»។ 14ដូច្នេះ លោកអ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម យកនំបុ័ង និងថង់ស្បែកមានទឹកពេញ ប្រគល់ឲ្យនាងហាការ ដោយដាក់លើស្មានាង ព្រមទាំងកូនរបស់នាងដែរ រួចប្រាប់ឲ្យនាងចេញទៅ។ នាងក៏ចាកចេញ ហើយវិលវល់ចុះឡើងក្នុងទីរហោស្ថានក្បែរក្រុងបៀរសេបា។
15ពេលអស់ទឹកដែលនៅក្នុងថង់ស្បែកហើយ នាងទុកកូនចោលនៅក្រោមដើមឈើតូចមួយ 16ហើយទៅអង្គុយទល់មុខកូន ចម្ងាយមួយសន្ទុះបាញ់ធ្នូ ដោយគិតថា៖ «ខ្ញុំមិនចង់ឃើញកូនស្លាប់នៅនឹងមុខឡើយ»។ ដូច្នេះ កាលនាងអង្គុយទល់មុខកូន នាងក៏ឡើងសំឡេងស្រែកយំ។ 17ព្រះទ្រង់ឮសំឡេងក្មេងនោះ ហើយទេវតារបស់ព្រះក៏ហៅនាងហាការពីលើមេឃ សួរថា៖ «ហាការអើយ តើនាងមានរឿងអ្វី? កុំខ្លាចអ្វីឡើយ ដ្បិតព្រះទ្រង់ឮសំឡេងកូនរបស់នាង នៅកន្លែងដែលវាអង្គុយនោះហើយ។ 18ចូរក្រោកឡើង ទៅលើកកូនមក ដ្បិតយើងនឹងធ្វើឲ្យវាបានទៅជាជាតិសាសន៍មួយដ៏ធំ»។ 19ពេលនោះ ព្រះទ្រង់បំភ្លឺភ្នែកនាងឲ្យឃើញអណ្តូងទឹកមួយ នាងក៏ទៅដងទឹកដាក់ពេញថង់ស្បែក រួចយកមកឲ្យកូនផឹក។
20ព្រះទ្រង់គង់ជាមួយក្មេងនោះ វាមានវ័យចម្រើនឡើង ហើយរស់នៅក្នុងទីរហោស្ថាន រួចក្លាយជាអ្នកពូកែបាញ់ធ្នូ។ 21ក្មេងនេះរស់នៅក្នុងទីរហោស្ថានប៉ារ៉ាន ហើយម្តាយបានយកស្ត្រីម្នាក់ពីស្រុកអេស៊ីព្ទ មកឲ្យធ្វើជាប្រពន្ធ។
លោកអ័ប្រាហាំតាំងសញ្ញាជាមួយព្រះបាទអ័ប៊ីម៉្មាឡិច
22នៅគ្រានោះ ព្រះបាទអ័ប៊ីម៉្មាឡិច និងភីកុល ជាមេទ័ពរបស់ស្ដេច ពោលទៅលោកអ័ប្រាហាំថា៖ «ព្រះទ្រង់គង់ជាមួយអ្នកក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ 23ដូច្នេះ សូមអ្នកស្បថនឹងព្រះឲ្យខ្ញុំនៅទីនេះឥឡូវថា អ្នកនឹងមិនប្រព្រឹត្តចំពោះខ្ញុំ ឬកូនចៅរបស់ខ្ញុំតរៀងទៅ ដោយភូតភរឡើយ សូមប្រព្រឹត្តនឹងខ្ញុំ និងស្រុកដែលអ្នកបានស្នាក់នៅនេះដោយសប្បុរស ដូចជាខ្ញុំបានប្រព្រឹត្តនឹងអ្នកដែរ»។ 24លោកអ័ប្រាហាំទូលថា៖ «ទូលបង្គំសូមស្បថ»។
25កាលលោកអ័ប្រាហាំបន្ទោសព្រះបាទអ័ប៊ីម៉្មាឡិច ពីរឿងអណ្តូងទឹកដែលពួកអ្នកបម្រើរបស់ស្ដេចបានដណ្តើមយក 26ព្រះបាទអ័ប៊ីម៉្មាឡិចតបវិញថា៖ «ខ្ញុំមិនដឹងថាអ្នកណាបានធ្វើដូច្នេះទេ អ្នកក៏មិនបានប្រាប់ខ្ញុំ ហើយខ្ញុំមិនបានឮពីការនេះដែរ រហូតដល់ថ្ងៃនេះ»។ 27លោកអ័ប្រាហាំយកចៀម និងគោមកថ្វាយព្រះបាទអ័ប៊ីម៉្មាឡិច រួចលោកទាំងពីរក៏តាំងសញ្ញាជាមួយគ្នា។ 28លោកអ័ប្រាហាំញែកកូនចៀមញីប្រាំពីរទុកដោយឡែក។ 29ព្រះបាទអ័ប៊ីម៉្មាឡិចសួរលោកអ័ប្រាហាំថា៖ «កូនចៀមញីប្រាំពីរដែលអ្នកញែកទុកដោយឡែកនេះ តើមានន័យដូចម្តេច?» 30លោកទូលឆ្លើយថា៖ «កូនចៀមញីប្រាំពីរដែលព្រះករុណានឹងទទួលពីដៃទូលបង្គំនេះ គឺដើម្បីឲ្យបានជាបន្ទាល់ដល់ទូលបង្គំថា ទូលបង្គំពិតជាបានជីកអណ្តូងនេះមែន»។ 31ហេតុនេះហើយបានជាគេហៅកន្លែងនោះថា "បៀរ-សេបា" ព្រោះលោកទាំងពីរបានស្បថនឹងគ្នានៅទីនោះ។ 32ដូច្នេះ លោកទាំងពីរបានតាំងសញ្ញាជាមួយគ្នានៅបៀរ-សេបា។ បន្ទាប់មក ព្រះបាទអ័ប៊ីម៉្មាឡិច និងភីកុល ជាមេទ័ពរបស់ស្ដេចក៏ក្រោកឡើង ហើយវិលត្រឡប់ទៅស្រុកភីលីស្ទីនវិញ។ 33លោកអ័ប្រាហាំ បានដាំដើមឈើមួយដើមនៅបៀរ-សេបា ហើយនៅទីនោះ លោកអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា ជាព្រះដ៏មានព្រះជន្មអស់កល្បជានិច្ច ។ 34លោកអ័ប្រាហាំស្នាក់នៅស្រុកភីលីស្ទីនជាច្រើនថ្ងៃ។
Zvasarudzwa nguva ino
លោកុប្បត្តិ 21: គកស១៦
Sarudza vhesi
Pakurirana nevamwe
Sarudza zvinyorwa izvi

Unoda kuti zviratidziro zvako zvichengetedzwe pamidziyo yako yose? Nyoresa kana kuti pinda
© 2016 United Bible Societies