កិច្ចការ 6
6
ការជ្រើសរើសក្រុមប្រាំពីរនាក់
1នៅគ្រានោះ ចំនួនសិស្សចេះតែកើនឡើងជាលំដាប់។ ជនជាតិយូដាដែលនិយាយភាសាក្រិក នាំគ្នារអ៊ូរទាំទាស់នឹងជនជាតិយូដាដែលនិយាយភាសាហេប្រឺថា នៅពេលចែកម្ហូបអាហារប្រចាំថ្ងៃ ពួកហេប្រឺមិនសូវយកចិត្ដទុកដាក់នឹងស្ដ្រីមេម៉ាយខាងពួកខ្លួនទេ។ 2សាវ័កទាំងដប់ពីរនាក់ក៏កោះហៅពួកសិស្សទាំងអស់មក ហើយនិយាយថា៖ «មិនគួរឲ្យយើងខ្ញុំ ចោលការប្រកាសបន្ទូលរបស់អុលឡោះទៅបម្រើតុឡើយ។ 3ហេតុនេះ បងប្អូនអើយ សូមនាំគ្នាជ្រើសរើសយកបុរសប្រាំពីរនាក់ក្នុងចំណោមបងប្អូនដែលជាអ្នកមានកេរ្ដិ៍ឈ្មោះល្អ ហើយពោរពេញដោយរសអុលឡោះ និងប្រាជ្ញាឈ្លាសវៃ។ យើងខ្ញុំនឹងតែងតាំងគេឲ្យបំពេញមុខងារនេះ។ 4រីឯយើងខ្ញុំវិញ យើងខ្ញុំនឹងគិតតែពីទូរអា និងបម្រើបន្ទូលរបស់អុលឡោះ»។ 5ពួកសិស្សទាំងប៉ុន្មានពេញចិត្ដនឹងសេចក្ដីស្នើនេះណាស់ គេក៏ជ្រើសយកលោកស្ទេផាន ដែលពោរពេញដោយជំនឿ និងដោយរសអុលឡោះដ៏វិសុទ្ធ លោកភីលីព លោកប្រូខូរ៉ុស លោកនីកាន័រ លោកទីម៉ូន លោកប៉ាមេណា និងលោកនីកូឡាស ជាអ្នកស្រុកអន់ទីយ៉ូក ដែលចូលសាសនាយូដា។ 6គេនាំអ្នកទាំងនោះមកជួបក្រុមសាវ័ក ក្រុមសាវ័កក៏នាំគ្នាទូរអា ហើយដាក់ដៃពីលើអ្នកទាំងនោះ។
7បន្ទូលរបស់អុលឡោះក៏ឮសុសសាយកាន់តែខ្លាំងឡើងៗ ចំនួនសិស្សនៅក្រុងយេរូសាឡឹមបានកើនឡើងជាច្រើនឥតគណនា ហើយមានអ៊ីមុាំដ៏ច្រើនលើសលប់ សុខចិត្ដ ប្រតិបត្ដិតាមជំនឿដែរ។
លោកស្ទេផានត្រូវគេចាប់ខ្លួន
8លោកស្ទេផានបានពោរពេញដោយសេចក្តីប្រណីសន្តោស និងអំណាច ដែលធ្វើឲ្យលោកសំដែងអំណាច និងទីសំគាល់ធំៗក្នុងចំណោមប្រជាជន។ 9មានអ្នកខ្លះជាសមាជិកសាលាប្រជុំដែលគេហៅថា «សាលាប្រជុំពួកអ្នកងារពីដើម» និងអ្នកខ្លះពីចំណោមអ្នកស្រុកគីរេន អ្នកស្រុកអលេក្សានទ្រា និងអ្នកខ្លះទៀតពីចំណោមអ្នកស្រុកគីលីគា និងអ្នកស្រុកអាស៊ី នាំគ្នាជជែកជាមួយលោកស្ទេផាន 10ប៉ុន្ដែ គេពុំអាចជជែកឈ្នះលោកស្ទេផានឡើយ ព្រោះលោកនិយាយប្រកបដោយប្រាជ្ញាមកពីរសអុលឡោះ។ 11ដូច្នេះអ្នកទាំងនេះនាំគ្នាសូកមនុស្សខ្លះឲ្យនិយាយថា៖ «យើងខ្ញុំបានឮអ្នកនេះ ពោលពាក្យប្រមាថណាពីម៉ូសា និងប្រមាថអុលឡោះ»។ 12គេបានបំបះបំបោរប្រជាជន បំបះបំបោរពួកអះលីជំអះ និងពួកតួន រួចមកចាប់លោកស្ទេផានបញ្ជូនទៅក្រុមប្រឹក្សាជាន់ខ្ពស។ 13គេនាំសាក្សីក្លែងក្លាយមកចោទប្រកាន់លោកថា៖ «ជននេះចេះតែនិយាយប្រឆាំងនឹងម៉ាស្ជិទ ប្រឆាំងនឹងហ៊ូកុំ ឥតឈប់ឈរ។ 14យើងខ្ញុំបានឮគាត់និយាយថា ឈ្មោះអ៊ីសា ជាអ្នកភូមិណាសារ៉ែត នោះនឹងរុះម៉ាស្ជិទចោល ព្រមទាំងប្ដូរប្រពៃណីដែលម៉ូសាបានទុកឲ្យយើងខ្ញុំថែមទៀតផង»។ 15អស់អ្នកដែលអង្គុយនៅក្នុងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងប៉ុន្មាន សម្លឹងមើលមកលោកស្ទេផានគ្រប់ៗគ្នា ហើយឃើញមុខរបស់លោកមានទ្រង់ទ្រាយដូចមុខរបស់ម៉ាឡាអ៊ីកាត់។
Zvasarudzwa nguva ino
កិច្ចការ 6: អគត
Sarudza vhesi
Pakurirana nevamwe
Sarudza zvinyorwa izvi

Unoda kuti zviratidziro zvako zvichengetedzwe pamidziyo yako yose? Nyoresa kana kuti pinda
© 2014 United Bible Societies, UK.