ម៉ាកុស ពាក្យលំនាំ
ពាក្យលំនាំ
លោកម៉ាកុសពុំមែនជាសាវ័កទេ តែលោកធ្លាប់បានប្រកាសផ្សាយដំណឹងល្អអំពីព្រះយេស៊ូ រួមជាមួយសាវ័កប៉ូល និងសាវ័កពេត្រុស។
លោកបានឮសាវ័កពេត្រុសរៀបរាប់អំពីកិច្ចការដែលព្រះយេស៊ូបានធ្វើ និងព្រះបន្ទូលដែលព្រះអង្គបានថ្លែង ហើយលោកក៏បានតែងកណ្ឌគម្ពីរនេះក្រោមការណែនាំរបស់ព្រះវិញ្ញាណនៃព្រះអម្ចាស់។
លោកម៉ាកុសបានរៀបរៀងគម្ពីរដំណឹងល្អនេះមុនគេ គឺប្រហែលជានៅចន្លោះឆ្នាំ ៦៥-៧០ នៃគ្រិស្តសករាជ ប្រមាណជាសាមសិបឆ្នាំក្រោយព្រះយេស៊ូសោយទិវង្គត។
គោលបំណងលោកម៉ាកុស
លោកម៉ាកុសបានតែងកណ្ឌគម្ពីរនេះសម្រាប់ឲ្យគ្រិស្តបរិស័ទ ដែលរស់នៅក្រៅប្រទេសអ៊ីស្រាអែលអាន។ លោកមានបំណងពន្យល់ថា ព្រះយេស៊ូពិតជាព្រះមេស្ស៊ី គឺពិតជាព្រះគ្រិស្ត ដែលជនជាតិអ៊ីស្រាអែលទន្ទឹងរង់ចាំមករំដោះពួកគេ។
លោកមានបំណងពន្យល់ទៀតថា ព្រះយេស៊ូពិតជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះជាម្ចាស់។ ក្នុងកណ្ឌគម្ពីរនេះ ព្រះយេស៊ូប្រកាសថា “ព្រះរាជ្យរបស់ព្រះជាម្ចាស់ស្ថិតនៅជិតអ្នករាល់គ្នាហើយ”។ ព្រះអង្គក៏ធ្វើការអស្ចារ្យផ្សេងៗ ដើម្បីបង្ហាញឲ្យគេដឹងថា ព្រះរាជ្យនោះមកដល់ហើយ គឺព្រះអង្គប្រោសអ្នកជំងឺឲ្យជាសះស្បើយ ដេញអារក្សចេញពីមនុស្ស និងប្រៀនប្រដៅអ្នកស្រុកក្នុងឋានៈជាអ្នកមានអំណាច។ ប៉ុន្តែ ព្រះយេស៊ូមិនសព្វព្រះហឫទ័យឲ្យប្រជាជនស្គាល់ឋានៈរបស់ព្រះអង្គភ្លាមៗទេ ក្រែងពួកគេយល់ច្រឡំ ព្រះអង្គតែងមានព្រះបន្ទូលហាមប្រាមអស់អ្នកដែលស្គាល់ឋានៈរបស់ព្រះអង្គ មិនឲ្យប្រាប់នរណាដឹងឡើយ។ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ក្នុងបំណងចង់ឲ្យប្រជាជនយល់ថា ទោះបីព្រះអង្គពិតជាព្រះគ្រិស្ត និងពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ក៏ដោយ ក៏ព្រះអង្គត្រូវរងទុក្ខលំបាក ហើយសោយទិវង្គតទៀតផង។ ចំពោះគ្រិស្តបរិស័ទវិញ ត្រូវយល់ថា ទោះបីព្រះអង្គបានសង្គ្រោះគេរួចហើយក៏ដោយ ក៏គេត្រូវតែរងទុក្ខលំបាករួមជាមួយព្រះអង្គដែរ។
លោកម៉ាកុសធ្វើឲ្យអ្នកអានកណ្ឌគម្ពីរនេះនឹកឆ្ងល់ក្នុងចិត្តថា៖ «តើព្រះយេស៊ូមានឋានៈអ្វី បានជាព្រះអង្គធ្វើការអស្ចារ្យទាំងនោះកើត?»។ ពេលយើងអានកណ្ឌគម្ពីរនេះចប់សព្វគ្រប់ហើយ យើងមុខជាយល់ឃើញថា៖ «ព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។
គម្រោងរបស់គម្ពីរម៉ាកុស
• សេចក្ដីប្រកាសរបស់លោកយ៉ូហានបាទីស្ដ (១.១-៨)
• ព្រះយេស៊ូទទួលពិធីជ្រមុជទឹក និងឈ្នះការល្បួង (១.៩-១៣)
• ព្រះយេស៊ូនៅស្រុកកាលីឡេ (១.១៤-៩.៥០)
• ព្រះយេស៊ូយាងពីស្រុកកាលីឡេឆ្ពោះទៅក្រុងយេរូសាឡឹម (១០.១-៥២)
• សប្តាហ៍ដែលព្រះយេស៊ូត្រូវគេចាប់យកទៅធ្វើទោស និងសោយទិវង្គត (១១.១-១៥.៤៧)
• ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ (១៦.១-៨)
• ព្រះយេស៊ូបង្ហាញខ្លួនឲ្យពួកសិស្សឃើញ (១៦.៩-២០)
දැනට තෝරාගෙන ඇත:
ម៉ាកុស ពាក្យលំនាំ: គខប
සළකුණු කරන්න
බෙදාගන්න
පිටපත් කරන්න

ඔබගේ සියලු උපාංග හරහා ඔබගේ සළකුණු කල පද වෙත ප්රවේශ වීමට අවශ්යද? ලියාපදිංචි වී නව ගිණුමක් සාදන්න හෝ ඔබගේ ගිණුමට ඔබගේ ගිණුමට පිවිසෙන්න
Khmer Standard Version © 2005 United Bible Societies.