YouVersion လိုဂို
ရှာရန် အိုင်ကွန်

លេវីវិន័យ 14

14
ពិធី​ជម្រះ​កាយ​មនុស្ស​ឃ្លង់
1 អុលឡោះ‌តាអាឡា​មាន​‌បន្ទូល​មក​កាន់​ម៉ូសា​ថា៖ 2«នេះ​ជា​ហ៊ូកុំ​សម្រាប់​ពិធី​ជម្រះ​កាយ​មនុស្ស​ឃ្លង់​ឲ្យ​បាន​បរិសុទ្ធ: នៅ​ថ្ងៃ​ធ្វើ​ពិធី​ជម្រះ​កាយ គេ​ត្រូវ​នាំ​មនុស្ស​ឃ្លង់​មក​ជួប​អ៊ីមុាំ។ 3អ៊ីមុាំ​ត្រូវ​ចេញ​ពី​ជំរំ​ទៅ​ពិនិត្យ​មើល​មនុស្ស​ឃ្លង់។ ប្រសិន​បើ​ឃើញ​មនុស្ស​ឃ្លង់​នោះ​បាន​ជា​ហើយ 4អ៊ីមុាំ​ត្រូវ​បញ្ជា​ឲ្យ​គេ​យក​សត្វ​ស្លាប​ពីរ​ក្បាល ដែល​នៅ​រស់​ហើយ​បរិសុទ្ធ ព្រម​ទាំង​យក​ឈើ​តា‌ត្រៅ អំបោះ​រោម​ចៀម​ពណ៌​ក្រហមទុំ និង​មែក​ហ៊ី‌សុប។ 5អ៊ីមុាំ​ត្រូវ​ឲ្យ​គេ​អារ​ក​សត្វ​ស្លាប​មួយ ពី​លើ​ផើង​ធ្វើ​អំពី​ដី​ដែល​ដាក់​ទឹក​ដង​មក​ពី​ជ្រោះ។ 6អ៊ីមុាំ​យក​សត្វ​ស្លាប​មួយ​ទៀត​ដែល​នៅ​រស់ ព្រម​ទាំង​យក​ឈើ​តា‌ត្រៅ អំបោះ​រោម​ចៀម​ពណ៌​ក្រហម​ទុំ និង​មែក​ហ៊ី‌សុប ជ្រលក់​ទៅ​ក្នុង​ឈាម​របស់​សត្វ​ដែល​គេ​បានអារ​ក​នៅ​ពី​លើ​ទឹក​ដង​ពី​ជ្រោះ​នោះ។ 7បន្ទាប់​មក គាត់​ត្រូវ​ប្រោះ​ចំនួន​ប្រាំ‌ពីរ​ដង ទៅ​លើ​មនុស្ស​ទទួល​ពិធី​ជម្រះ​កាយ។ អ៊ីមុាំ​ប្រកាស​ថា​មនុស្ស​ឃ្លង់​នោះ​បាន​បរិសុទ្ធ​ហើយ រួច​លែង​សត្វ​ស្លាប​ដែល​នៅ​រស់​ឲ្យ​ហើរ​ទៅ​វាល។ 8អ្នក​ដែល​ទទួល​ពិធី​ជម្រះ​កាយ​នោះ​ត្រូវ​បោក​សម្លៀក​បំពាក់ ហើយ​កោរ​រោម​ទាំង​អស់ រួច​ងូត​ទឹក​ជម្រះ​កាយ ទើប​គាត់​បាន​បរិសុទ្ធ។ បន្ទាប់​មក គាត់​ចូល​ទៅ​ក្នុង​ជំរំ​វិញ តែ​ត្រូវ​ស្នាក់​នៅ​ក្រៅ​ទី​លំ​នៅ​របស់​ខ្លួន អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ 9នៅ​ថ្ងៃទី​ប្រាំ‌ពីរ​គាត់​ត្រូវ​កោរ​សក់​ពុក​ចង្កា​រោម​ចិញ្ចើម និង​រោម​ទាំង​អស់​របស់​ខ្លួន​សា​ជា​ថ្មី​ម្តង​ទៀត។ គាត់​ត្រូវ​បោក​សម្លៀក​បំពាក់ ហើយ​ងូត​ទឹក​ទើប​គាត់​បាន​បរិសុទ្ធ។ 10នៅ​ថ្ងៃ​ទី​ប្រាំ‌បី គាត់​ត្រូវ​យក​កូន​ចៀម​ពីរ​ល្អ​ឥត​ខ្ចោះ និង​ចៀម​ញី​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ ព្រម​ទាំង​ម្សៅ​ម៉ដ្ត​បី​រង្វាល់​លាយ​ជា​មួយ​ប្រេង និង​យក​ប្រេង​កន្លះ​លីត្រ​ទៀត​មក។ 11អ៊ីមុាំ​ដែល​ធ្វើ​ពិធី​ជម្រះ​កាយ​នាំ​សាម៉ី​ខ្លួន និង​ជំនូន​របស់​គាត់​ចូល​ទៅ​ចំពោះអុលឡោះ‌តាអាឡា ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ 12អ៊ីមុាំ​យក​កូន​ចៀម​មួយ និង​ប្រេង​កន្លះ​លីត្រ​មក​ធ្វើ​ជា​គូរបាន​លោះ​បាប រួច​លើក​ជូនអុលឡោះ‌តាអាឡា13អ៊ីមុាំ​អារ​ក​កូន​ចៀម​នៅ​ត្រង់​កន្លែង​ដែល​គេ​អារ​ក​សត្វ សម្រាប់​ធ្វើ​គូរបាន​រំដោះ​បាប ឬ​គូរបាន​ដុត នៅ​ក្នុង​ទី​សក្ការៈ ដ្បិត​គូរបាន​លោះ​បាប​ក៏​ដូច​ជា​គូរបាន​រំដោះ​បាប​ដែរ សាច់​របស់​វា​ត្រូវ​បាន​ជា​ចំណែក​របស់​អ៊ីមុាំ ព្រោះ​ជា​ជំនូន​ដ៏​វិសុទ្ធ​បំផុត។ 14អ៊ីមុាំ​យក​ឈាម​សត្វ​ដែល​ធ្វើ​ជា​គូរបាន​លោះ​បាប លាប​លើ​ស្លឹក​ត្រចៀក​ស្តាំ លើ​មេ​ដៃ​ស្តាំ និង​មេ​ជើង​ស្តាំ​របស់​អ្នក​ទទួល​ពិធី​ជម្រះ​កាយ​នោះ។ 15អ៊ីមុាំ​យក​ប្រេង​អារ​ក្នុង​បាត​ដៃ​ឆ្វេង​របស់​គាត់ 16រួច​យក​ម្រាម​ដៃ​ស្តាំ​របស់​គាត់​ជ្រលក់​ទៅ​ក្នុង​ប្រេង ដែល​ស្ថិត​នៅ​ក្នុង​បាត​ដៃ​ឆ្វេង​របស់​គាត់ ហើយ​ប្រោះ​ប្រាំ‌ពីរ​ដង​នៅ​ចំពោះ​‌មុខអុលឡោះ‌តាអាឡា17បន្ទាប់​មក អ៊ីមុាំ​យក​ប្រេង​ដែល​នៅ​សល់​ក្នុង​ដៃ លាប​លើ​ស្លឹក​ត្រចៀក​ស្តាំ មេ​ដៃ​ស្តាំ និង​មេ​ជើង​ស្តាំ​របស់​អ្នក​ទទួល​ពិធី​ជម្រះ​កាយ គឺ​លាប​ពី​លើ​ឈាម​របស់​សត្វ​ដែល​ធ្វើ​ជា​គូរបាន​លោះ​បាប។ 18រីឯ​ប្រេង​ដែល​នៅ​សល់​ក្នុង​បាត​ដៃ​របស់​អ៊ីមុាំ គាត់​ត្រូវ​ចាក់​ទៅ​លើ​ក្បាល​អ្នក​ទទួល​ពិធី​ជម្រះ​កាយ ហើយ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​គេ​នៅ​ចំពោះអុលឡោះ‌តាអាឡា19អ៊ីមុាំ​ធ្វើ​គូរបាន​រំដោះ​បាប ហើយ​ធ្វើ​ពិធី​លោះ​គេ​ឲ្យ​រួច​ផុត​ភាព​សៅ‌ហ្មង។ បន្ទាប់​មក គាត់​អារ​ក​សត្វ​ធ្វើ​ជា​គូរបាន​ដុត។ 20អ៊ីមុាំ​ធ្វើ​គូរបាន​ដុត និង​ជំនូន​ម្សៅ​នៅ​លើ​អាសនៈ បន្ទាប់​មក គាត់​ធ្វើ​ពិធី​រំដោះ​បាប​ម្តង​ទៀត ទើប​អ្នក​នោះ​បាន​បរិសុទ្ធ។ 21ប្រសិន​បើ​សាម៉ី​ខ្លួន​ជា​អ្នក​ក្រ គ្មាន​លទ្ធភាព​នឹង​ជូន​ជំនូន​គ្រប់​ចំនួន​ទេ គាត់​ត្រូវ​យក​កូន​ចៀម​មួយ​ធ្វើ​ជា​គូរបាន​លោះ​បាប ដើម្បី​ឲ្យ​អ៊ីមុាំ​លើក​ជូនអុលឡោះ‌តាអាឡា​សម្រាប់​លោះ​បាប​គាត់។ គាត់​ត្រូវ​យក​ម្សៅ​ម៉ដ្ត​តែ​មួយ​រង្វាល់​លាយ​ជា​មួយ​ប្រេង​ទុក​ជា​ជំនូន​ម្សៅ និង​យក​ប្រេង​កន្លះ​លីត្រ​ទៀត។ 22គាត់​ត្រូវ​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ តាម​លទ្ធ​ភាព​របស់​គាត់ គឺ​មួយ​សម្រាប់​ធ្វើ​ជា​គូរបាន​រំដោះ​បាប និង​មួយ​ទៀត​ជា​គូរបាន​ដុត។ 23នៅ​ថ្ងៃ​ទី​ប្រាំ‌បី​គាត់​ត្រូវ​នាំ​យក​ជំនូន​ទាំង​នោះ​មក​ជូន​អ៊ីមុាំ នៅ​ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា គឺ​នៅ​ចំពោះ​អុលឡោះដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ។ 24អ៊ីមុាំ​យក​កូន​ចៀម​ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​លោះ​បាប និង​យក​ប្រេង​លើក​ជូនអុលឡោះ‌តាអាឡា25អ៊ីមុាំ​អារ​ក​កូន​ចៀម​ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​លោះ​បាប​នោះ ហើយ​យក​ឈាម​សាច់​នោះ​លាប​លើ​ស្លឹក​ត្រចៀក​ស្តាំ មេ​ដៃ​ស្តាំ និង​មេ​ជើង​ស្តាំ​របស់​អ្នក​ទទួល​ពិធី​ជម្រះ​កាយ។ 26អ៊ីមុាំ​ចាក់​ប្រេង​ក្នុង​បាត​ដៃ​ឆ្វេង​របស់​គាត់ 27ហើយ​យក​ម្រាម​ដៃ​ស្តាំ​របស់​គាត់​ជ្រលក់​ទៅ​ក្នុង​ប្រេង ដែល​ស្ថិត​នៅ​ក្នុង​បាត​ដៃ​ឆ្វេង​របស់​គាត់ រួច​ប្រោះ​ចំនួន​ប្រាំ‌ពីរ​ដង​នៅ​ចំពោះអុលឡោះ‌តាអាឡា28បន្ទាប់​មក អ៊ីមុាំ​យក​ប្រេង​ដែល​នៅ​ក្នុង​ដៃ លាប​លើ​ស្លឹក​ត្រចៀក​ស្តាំ​មេ​ដៃ​ស្តាំ និង​មេ​ជើង​ស្តាំ​របស់​អ្នក​ទទួល​ពិធី​ជម្រះ​កាយ គឺ​លាប​ពី​លើ​ឈាម​របស់​សត្វ​ដែល​ធ្វើ​ជា​គូរបាន​លោះ​បាប។ 29រីឯ​ប្រេង​ដែល​នៅ​សល់​ក្នុង​បាត​ដៃ អ៊ីមុាំ​ត្រូវ​ចាក់​ទៅ​លើ​ក្បាល​របស់​អ្នក​ទទួល​ពិធី​ជម្រះ​កាយ ហើយ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​គេ នៅ​ចំពោះអុលឡោះ‌តាអាឡា30បន្ទាប់​មក អ៊ីមុាំ​យក​លលក​មួយ ឬ​ព្រាប​ជំទើរ​មួយ​តាម​លទ្ធ​ភាព​ដែល​សាម៉ី​ខ្លួន​អាច​រក​បាន 31ធ្វើ​ជា​គូរបាន​រំដោះ​បាប រួច​គាត់​យក​សត្វ​មួយ​ទៀត​ធ្វើ​ជា​គូរបាន​ដុត រួម​ជា​មួយ​ជំនូន​ម្សៅ។ បន្ទាប់​មក អ៊ីមុាំ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​សាម៉ី​ខ្លួន នៅ​ចំពោះអុលឡោះ‌តាអាឡា
32នេះ​ជា​ហ៊ូកុំ​សម្រាប់ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​អ្នក​ដែល​មាន​រោគ​ឃ្លង់ ហើយ​គ្មាន​លទ្ធ​ភាព​គ្រប់​គ្រាន់»។
ករណី​ស្លែ​នៅ​លើ​ជញ្ជាំង​ផ្ទះ
33 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា និង​ហារូន​ថា៖ 34«ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ដល់​ទឹក​ដី​កាណាន ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ជា​កម្ម​សិទ្ធិ ប្រសិន​បើ​យើង​ធ្វើ​ឲ្យ​មាន​ស្លែ​នៅ​តាម​ផ្ទះ ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់ 35នោះ​ម្ចាស់​ផ្ទះ​ត្រូវ​តែ​ទៅ​ប្រាប់​អ៊ីមុាំ​ថា: “ខ្ញុំ​បាន​ឃើញ​ដូច​ជា​មាន​ស្នាម​ម៉្យាង​នៅ​ផ្ទះ​របស់​ខ្ញុំ”។ 36អ៊ីមុាំ​ត្រូវ​បញ្ជា​ឲ្យ​គេ​រើ​ឥវ៉ាន់​ចេញ​ពី​ក្នុង​ផ្ទះ មុន​ពេល​គាត់​ចូល​ទៅ​ពិនិត្យ​ស្នាម​នៅ​ផ្ទះ​នោះ។ ធ្វើ​បែប​នេះ អ្វីៗ​ដែល​នៅ​ក្នុង​ផ្ទះ នៅ​តែ​បរិសុទ្ធ​ដដែល។ បន្ទាប់​មក អ៊ីមុាំ​ចូល​ទៅ​ក្នុង​ផ្ទះ ដើម្បី​ពិនិត្យ​មើល។ 37ប្រសិន​បើ​គាត់​ឃើញ​ស្នាម​នៅ​តាម​ជញ្ជាំង​ផ្ទះ​នោះ មាន​សភាព​ខូង​ពណ៌​បៃតង ឬ​ក្រហម​ព្រឿងៗ ឬ​ប្រសិន​បើ​ស្នាម​នោះ​រូង​ចូល​ទៅ​ក្នុង​ជញ្ជាំង​ផ្ទះ 38អ៊ីមុាំ​ត្រូវ​ចេញ​ពី​ផ្ទះ។ ពេល​មក​ដល់​មាត់​ទ្វារ គាត់​ត្រូវ​បិទ​ទ្វារ​ផ្ទះ​នោះ​ក្នុង​រយៈពេល​ប្រាំ‌ពីរ​ថ្ងៃ។ 39នៅ​ថ្ងៃទី​ប្រាំ‌ពីរ អ៊ីមុាំ​ត្រឡប់​មក​ពិនិត្យ​សា​ជា​ថ្មី។ បើ​ស្នាម​នោះ​រាល​លើ​ជញ្ជាំង​ផ្ទះ​ថែម​ទៀត 40អ៊ីមុាំ​បញ្ជា​ឲ្យ​គេ​ដក​ដុំ​ថ្ម​ដែល​មាន​ដុះ​ស្លែ​នោះ​យក​ទៅ​បោះ​ចោល​នៅ​កន្លែង​មិន​បរិសុទ្ធ ខាង​ក្រៅ​ទី​ក្រុង។ 41គាត់​ត្រូវ​ឲ្យ​គេ​កោស​ជញ្ជាំង​ខាង​ក្នុង​ផ្ទះ ហើយ​យក​កំទេច​ទៅ​បោះ​ចោល​នៅ​កន្លែង​មិន​បរិសុទ្ធ ខាង​ក្រៅ​ទី​ក្រុង។ 42បន្ទាប់​មក ត្រូវ​យក​ដុំ​ថ្ម​ផ្សេង​ទៀត​មក​ដាក់​ជំនួស​រួច​យក​បាយអ មក​បូក​សា​ជា​ថ្មី។
43ក្រោយ​ពី​បាន​ដក​ថ្ម កោស​ជញ្ជាំង និង​បូក​បាយអ​រួច​ហើយ ប្រសិន​បើ​ស្នាម​ស្លែ​លេច​ឡើង​សា​ជា​ថ្មី​នៅ​ក្នុង​ផ្ទះ​នោះ 44អ៊ីមុាំ​ត្រូវ​ពិនិត្យ​ម្តង​ទៀត។ បើ​គាត់​ឃើញ​ស្នាម​រាល​ដាល​នៅ​ក្នុង​ផ្ទះ បាន​សេចក្តី​ថា​ជា​ស្លែ​ដែល​មិន​អាច​បំបាត់​បាន ហើយ​ផ្ទះ​នោះ​មិន​បរិសុទ្ធ។ 45គេ​ត្រូវ​កំទេច​ផ្ទះ​នោះ ទាំង​ដុំ​ថ្ម ទាំង​ឈើ ទាំង​បាយអ រួច​យក​ទៅ​បោះ​ចោល​នៅ​កន្លែង​មិន​បរិសុទ្ធ​ខាង​ក្រៅ​ទី​ក្រុង។ 46អ្នក​ណា​ចូល​ផ្ទះ​នេះ​ក្នុង​អំឡុង​ពេល​ដែល​គេ​បិទ​ទ្វារ អ្នក​នោះ​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ 47អ្នក​ដែល​ដេក​នៅ​ក្នុង​ផ្ទះ​នោះ ត្រូវ​បោក​សម្លៀក​បំពាក់​របស់​ខ្លួន ហើយ​អ្នក​ដែល​បរិភោគ​អាហារ​នៅ​ក្នុង​ផ្ទះ​នោះក៏​ត្រូវ​បោក​សម្លៀក​បំពាក់​របស់​ខ្លួន​ដែរ។
48ផ្ទុយ​ទៅ​វិញ ក្រោយពី​គេ​បូក​បាយអ​ឡើង​វិញ​ហើយ ប្រសិន​បើ​អ៊ីមុាំ​ចូល​ទៅ​ពិនិត្យ​មើល​ឃើញ​ថា​ស្នាម​មិន​ចេញ​មក​ទៀត​ទេ គាត់​ត្រូវ​ប្រកាស​ថា​ផ្ទះ​នោះ​បរិសុទ្ធ ព្រោះ​លែង​ដុះ​ស្លែ​ទៀត​ហើយ។ 49អ៊ីមុាំ​ត្រូវ​យក​សត្វ​ស្លាប​ពីរ​ក្បាល ឈើ​តា‌ត្រៅ​អំបោះ​រោម​ចៀម​ពណ៌​ក្រហម​ទុំ និង​មែក​ហ៊ីសុប​មក​ធ្វើ​ពិធី​ជម្រះ​បាប​ពី​ក្នុង​ផ្ទះ​នោះ។ 50គាត់​ត្រូវ​អារ ក​សត្វ​ស្លាប​មួយ​ពី​លើ​ផើង​ធ្វើ​អំពី​ដី ដែល​ដាក់​ទឹក​ដង​មក​ពី​ជ្រោះ។ 51អ៊ីមុាំ​យក​ឈើ​តា​ត្រៅ មែក​ហ៊ីសុប អំបោះ​រោម​ចៀម​ពណ៌​ក្រហម​ទុំ និង​សត្វ​ស្លាប​មួយ​ទៀត​ដែល​នៅ​រស់​ជ្រលក់​ក្នុង​ឈាម​សត្វ​ដែល​គេ​បាន​អារ​ក​លាយ​ជា​មួយ​ទឹក​ដង​ពី​ជ្រោះ 52ហើយ​ប្រោះ​ចំនួន​ប្រាំ‌ពីរ​ដង​ទៅ​លើ​ផ្ទះ​នោះ ដើម្បី​ជម្រះ​ឲ្យ​បាន​បរិសុទ្ធ​ជ្រះ​ស្រឡះ​ពី​អំពើ​បាប។ 53អ៊ីមុាំ​ត្រូវ​លែង​សត្វ​ដែល​នៅ​រស់ ឲ្យ​ហើរ​ពី​ទី​ក្រុង​ចេញ​ទៅ​វាល។ គាត់​ធ្វើ​ពិធី​រំដោះ​បាប​ចេញ​ពី​ផ្ទះ ហើយ​ផ្ទះ​នោះ​នឹង​បាន​បរិសុទ្ធ។
54នេះ​ជា​ហ៊ូកុំ​ស្តី​អំពី​រោគ​ឃ្លង់​គ្រប់​យ៉ាង​រោគ​អង្គែ​ស៊ី 55ការ​កើត​ដុំ​ពក កើត​ភ្លឺ និង​កើត​ស្រែង 56ស្តី​អំពី​ការ​ដុះ​ផ្សិត​នៅ​លើ​សម្លៀក​បំពាក់ និង​ដុះ​ស្លែ​នៅ​តាម​ជញ្ជាំង​ផ្ទះ។ 57ហ៊ូ​នេះ​អាច​ជួយ​ឲ្យ​គេ​សន្មត​អំពី​មនុស្ស ឬ​វត្ថុ​ដែល​បរិសុទ្ធ ឬ​មិន​បរិសុទ្ធ។ នេះ​ជា​ហ៊ូកុំ​ស្តី​អំពី​រោគ​ឃ្លង់»។

လက်ရှိရွေးချယ်ထားမှု

លេវីវិន័យ 14: អគត

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ