រ៉ូម 7
7
ពន្យល់ដោយលើកពីចំណងអាពាហ៍ពិពាហ៍
1បងប្អូនអើយ ឥឡូវនេះ ខ្ញុំកំពុងនិយាយនឹងអ្នកដែលស្គាល់ក្រឹត្យវិន័យថា: តើអ្នករាល់គ្នាមិនដឹងទេឬ ថាក្រឹត្យវិន័យគ្រប់គ្រងលើមនុស្សក្នុងពេលដែលគេនៅរស់ប៉ុណ្ណោះ? 2ជាឧទាហរណ៍ ស្ត្រីដែលមានប្ដី ជាប់ចំណងនឹងប្ដីតាមក្រឹត្យវិន័យ កាលប្ដីនៅរស់ ប៉ុន្តែប្រសិនបើប្ដីស្លាប់ហើយ នាងក៏រួចពីក្រឹត្យវិន័យនោះដែលទាក់ទងនឹងប្ដី។ 3ដូច្នេះ ប្រសិនបើនាងទៅយកបុរសម្នាក់ទៀតនៅពេលដែលប្ដីនៅរស់ គេនឹងហៅនាងថា ស្ត្រីផិតក្បត់; ប៉ុន្តែប្រសិនបើប្ដីស្លាប់ហើយ នាងក៏រួចពីក្រឹត្យវិន័យនោះ ហើយទោះបីជានាងទៅយកបុរសម្នាក់ទៀត ក៏នាងមិនមែនជាស្ត្រីផិតក្បត់ដែរ។
4បងប្អូនរបស់ខ្ញុំអើយ ដោយហេតុនេះ អ្នករាល់គ្នាត្រូវបានប្រហារជីវិតចំពោះក្រឹត្យវិន័យហើយ តាមរយៈព្រះកាយរបស់ព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាទៅយកម្នាក់ផ្សេងទៀតដែលត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ហើយឲ្យយើងបានបង្កើតផលសម្រាប់ព្រះ។ 5ដ្បិតកាលយើងរស់នៅខាងសាច់ឈាម តណ្ហានៃបាបដែលកើតមានតាមរយៈក្រឹត្យវិន័យ តែងតែចេញឥទ្ធិពលនៅក្នុងអវយវៈរបស់យើង ធ្វើឲ្យបង្កើតផលដល់សេចក្ដីស្លាប់។ 6ប៉ុន្តែឥឡូវនេះ យើងរួចពីក្រឹត្យវិន័យហើយ ដោយបានស្លាប់ចំពោះអ្វីដែលឃុំឃាំងយើង ធ្វើឲ្យយើងបានបម្រើតាមភាពថ្មីនៃព្រះវិញ្ញាណ គឺមិនមែនភាពចាស់នៃគម្ពីរវិន័យទេ។
បាបឆ្លៀតឱកាសប្រើក្រឹត្យវិន័យ
7បើដូច្នេះ តើយើងត្រូវនិយាយដូចម្ដេច? តើក្រឹត្យវិន័យជាបាបឬ? មិនមែនដូច្នោះជាដាច់ខាត! យ៉ាងណាមិញ ប្រសិនបើមិនមែនតាមរយៈក្រឹត្យវិន័យ ខ្ញុំក៏មិនបានស្គាល់បាបដែរ។ ដ្បិតប្រសិនបើក្រឹត្យវិន័យមិនបានចែងថា “កុំលោភលន់”#7:7 《និក្ខមនំ》 20:17; 《ទុតិយកថា》 5:21។ នោះខ្ញុំក៏មិនស្គាល់សេចក្ដីលោភលន់ដែរ។ 8ប៉ុន្តែបាបបានឆ្លៀតឱកាសតាមរយៈបទបញ្ជា ហើយបង្កើតសេចក្ដីលោភលន់គ្រប់បែបយ៉ាងនៅក្នុងខ្ញុំ។ ជាការពិត បើគ្មានក្រឹត្យវិន័យ បាបក៏ស្លាប់ដែរ។ 9ពីមុន ខ្ញុំបានរស់នៅដោយគ្មានក្រឹត្យវិន័យ ប៉ុន្តែនៅពេលបទបញ្ជាចូលមក បាបក៏មានជីវិតឡើង 10រីឯខ្ញុំក៏ស្លាប់។ ដូច្នេះ ខ្ញុំឃើញថា បទបញ្ជាដែលត្រូវនាំមកនូវជីវិត បែរជានាំមកនូវសេចក្ដីស្លាប់ទៅវិញ។ 11តាមពិត បាបបានឆ្លៀតឱកាសបោកបញ្ឆោតខ្ញុំតាមរយៈបទបញ្ជា ព្រមទាំងសម្លាប់ខ្ញុំតាមរយៈបទបញ្ជានោះ។ 12ដោយហេតុនេះ ក្រឹត្យវិន័យគឺវិសុទ្ធ ហើយបទបញ្ជាក៏វិសុទ្ធដែរ ទាំងសុចរិតយុត្តិធម៌ និងល្អផង។
បញ្ហាបាបដែលនៅក្នុងយើង
13បើដូច្នេះ តើអ្វីដែលល្អបាននាំសេចក្ដីស្លាប់មកខ្ញុំ#7:13 បាននាំសេចក្ដីស្លាប់មកខ្ញុំ―ន័យត្រង់គឺ “បានក្លាយជាសេចក្ដីស្លាប់ដល់ខ្ញុំ”។ឬ? មិនមែនដូច្នោះជាដាច់ខាត! គឺបាបវិញទេតើ ដែលនាំសេចក្ដីស្លាប់មកខ្ញុំតាមរយៈអ្វីដែលល្អនោះ ដើម្បីឲ្យឃើញថាបាបជាបាប ហើយតាមរយៈបទបញ្ជាធ្វើឲ្យបាបទៅជាអាក្រក់ហួសប្រមាណទៅទៀត។ 14ដ្បិតយើងដឹងហើយថា ក្រឹត្យវិន័យគឺខាងវិញ្ញាណ រីឯខ្ញុំគឺខាងសាច់ឈាម ដែលត្រូវបានលក់ឲ្យនៅក្រោមបាប។ 15ជាការពិត ខ្ញុំមិនយល់អ្វីដែលខ្ញុំកំពុងធ្វើទេ។ ដ្បិតខ្ញុំមិនធ្វើអ្វីដែលខ្ញុំចង់ធ្វើឡើយ បែរជាធ្វើអ្វីដែលខ្ញុំស្អប់ទៅវិញ។ 16ដូច្នេះ ប្រសិនបើខ្ញុំធ្វើអ្វីដែលខ្ញុំមិនចង់ធ្វើ នោះខ្ញុំយល់ស្របថា ក្រឹត្យវិន័យល្អមែន។ 17ប៉ុន្តែឥឡូវនេះ មិនមែនខ្ញុំទៀតទេ ដែលធ្វើការនោះ គឺបាបដែលស្ថិតនៅក្នុងខ្ញុំវិញទេតើ។ 18ដ្បិតខ្ញុំដឹងហើយថា នៅក្នុងខ្ញុំ គឺនៅក្នុងសាច់ឈាមរបស់ខ្ញុំ គ្មានអ្វីល្អឡើយ ពីព្រោះខ្ញុំមានបំណងចង់ធ្វើល្អ ប៉ុន្តែធ្វើមិនបានសោះ។ 19ដោយហេតុនេះ ខ្ញុំមិនធ្វើការល្អដែលខ្ញុំចង់ធ្វើទេ បែរជាធ្វើការអាក្រក់ដែលខ្ញុំមិនចង់ធ្វើទៅវិញ។ 20ដូច្នេះ ប្រសិនបើខ្ញុំធ្វើអ្វីដែលខ្ញុំមិនចង់ធ្វើ នោះមិនមែនខ្ញុំទៀតទេ ដែលធ្វើការនោះ គឺបាបដែលស្ថិតនៅក្នុងខ្ញុំវិញទេតើ។ 21ហេតុនេះ ខ្ញុំរកឃើញគោលការណ៍មួយ គឺកាលណាខ្ញុំចង់ធ្វើល្អ ការអាក្រក់ក៏នៅជាមួយខ្ញុំដែរ។ 22ពោលគឺ ខ្ញុំត្រេកអរនឹងក្រឹត្យវិន័យរបស់ព្រះ ស្របតាមបុគ្គលខាងក្នុងរបស់ខ្ញុំ 23ប៉ុន្តែខ្ញុំឃើញគោលការណ៍មួយផ្សេងទៀតនៅក្នុងអវយវៈរបស់ខ្ញុំ ដែលតែងតែតយុទ្ធនឹងគោលការណ៍នៃគំនិតរបស់ខ្ញុំ ហើយចាប់ខ្ញុំជាឈ្លើយសឹកទៅក្រោមគោលការណ៍នៃបាបដែលស្ថិតនៅក្នុងអវយវៈរបស់ខ្ញុំ។ 24ខ្ញុំជាមនុស្សវេទនាណាស់! តើនរណានឹងស្រោចស្រង់ខ្ញុំពីរូបកាយនៃសេចក្ដីស្លាប់នេះបាន? 25ខ្ញុំសូមអរព្រះគុណដល់ព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង!#7:25 ខ្ញុំសូមអរព្រះគុណដល់ព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង!―ឬ “ខ្ញុំសូមអរព្រះគុណដល់ព្រះ! គឺតាមរយៈព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង”។ ដោយហេតុនេះ ខ្លួនខ្ញុំបម្រើគោលការណ៍របស់ព្រះក្នុងគំនិត ប៉ុន្តែក្នុងសាច់ឈាម ខ្ញុំបម្រើគោលការណ៍របស់បាបវិញ៕
നിലവിൽ തിരഞ്ഞെടുത്തിരിക്കുന്നു:
រ៉ូម 7: GKHB
ഹൈലൈറ്റ് ചെയ്യുക
പകർത്തുക
താരതമ്യം
പങ്ക് വെക്കു
നിങ്ങളുടെ എല്ലാ ഉപകരണങ്ങളിലും ഹൈലൈറ്റുകൾ സംരക്ഷിക്കാൻ ആഗ്രഹിക്കുന്നുണ്ടോ? സൈൻ അപ്പ് ചെയ്യുക അല്ലെങ്കിൽ സൈൻ ഇൻ ചെയ്യുക
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative