រ៉ូម 2

2
ការជំនុំជម្រះដ៏យុត្តិធម៌របស់ព្រះ
1ដូច្នេះ ឱ មនុស្ស​អើយ! អ្នក​ទាំងអស់គ្នា​ដែល​វិនិច្ឆ័យ​គេ មិនអាចដោះសាបានឡើយ ដ្បិត​អ្នក​កំពុង​ផ្ដន្ទាទោស​ខ្លួនឯង ដោយ​ការដែល​វិនិច្ឆ័យ​គេ ពីព្រោះ​អ្នក​ដែល​វិនិច្ឆ័យ​គេ​នោះ ក៏​កំពុង​ប្រព្រឹត្ត​ដូចគ្នា​ដែរ​។ 2មួយវិញទៀត យើង​ដឹង​ហើយ​ថា ការជំនុំជម្រះ​របស់​ព្រះ​ចំពោះ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បែបនេះ គឺ​ស្របតាម​សេចក្ដីពិត​។ 3ឱ មនុស្ស​អើយ! អ្នក​វិនិច្ឆ័យ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បែបនេះ ប៉ុន្តែ​ខ្លួនឯង​ក៏​ប្រព្រឹត្ត​ដូចគ្នា​ដែរ តើ​អ្នក​គិត​ថា​អ្នក​នឹង​រួចខ្លួន​ពី​ការជំនុំជម្រះ​របស់​ព្រះ​ឬ​? 4ឬមួយក៏​អ្នក​មើលងាយ​ភាពបរិបូរ​នៃ​សេចក្ដីសប្បុរស សេចក្ដីអនុគ្រោះ និង​សេចក្ដីអត់ធ្មត់​របស់​ព្រះអង្គ ដោយ​មិនយល់​ថា ព្រះហឫទ័យសប្បុរស​របស់​ព្រះ គឺដើម្បី​នាំ​អ្នក​ទៅ​ដល់​ការកែប្រែចិត្ត​ទេ​ឬ​? 5ប៉ុន្តែ​ដោយសារតែ​ភាពរឹងរូស និង​ចិត្ត​មិនព្រមកែប្រែ​របស់អ្នក អ្នក​កំពុង​ប្រមូល​ព្រះពិរោធ​ទុក​ឲ្យ​ខ្លួនឯង សម្រាប់​ថ្ងៃ​នៃ​ព្រះពិរោធ និង​ការសម្ដែង​ការជំនុំជម្រះ​ដ៏សុចរិតយុត្តិធម៌​របស់​ព្រះ​។ 6ព្រះ​នឹង​សង​ដល់​មនុស្ស​ម្នាក់ៗ​វិញ តាម​អំពើ​របស់​គេ​រៀងៗខ្លួន​។#2:6 《ទំនុកតម្កើង》 62:12; 《សុភាសិត》 24:12។ 7ចំពោះ​អ្នក​ដែល​ស្វែងរក​សិរីរុងរឿង កិត្តិយស និង​អមតភាព​តាមរយៈ​ការធ្វើល្អ​ដោយ​ស៊ូទ្រាំ ព្រះអង្គនឹងសង​ជីវិតអស់កល្បជានិច្ច​ដល់អ្នកនោះវិញ 8រីឯ​ចំពោះ​អ្នក​ដែល​មានចិត្តអាត្មានិយម ហើយ​មិនស្ដាប់បង្គាប់​សេចក្ដីពិត គឺ​ស្ដាប់បង្គាប់​សេចក្ដីទុច្ចរិត​វិញ ព្រះអង្គនឹងសង​ព្រះពិរោធ និង​សេចក្ដីក្រេវក្រោធ​ដល់អ្នកនោះវិញ​។ 9ទុក្ខវេទនា និង​ការលំបាក​នឹងមាន​ដល់​អស់ទាំង​ព្រលឹង​របស់​មនុស្ស​ដែល​ប្រព្រឹត្តការអាក្រក់ គឺ​មុនដំបូង​ដល់​ជនជាតិយូដា បន្ទាប់មក​ដល់​សាសន៍ដទៃ#2:9 សាសន៍ដទៃ―ន័យត្រង់គឺ “ជនជាតិក្រិក”។ 10រីឯ​សិរីរុងរឿង កិត្តិយស និង​សេចក្ដីសុខសាន្ត​នឹងមាន​ដល់​អស់អ្នក​ដែល​ប្រព្រឹត្តការល្អ គឺ​មុនដំបូង​ដល់​ជនជាតិយូដា បន្ទាប់មក​ដល់​សាសន៍ដទៃ#2:10 សាសន៍ដទៃ―ន័យត្រង់គឺ “ជនជាតិក្រិក”។​។ 11ដ្បិត​ចំពោះ​ព្រះ គ្មាន​ការលំអៀង​ឡើយ​។
12អស់អ្នកដែល​បាន​ប្រព្រឹត្តបាប​ដោយ​គ្មានក្រឹត្យវិន័យ នោះ​នឹង​វិនាស​ដោយ​គ្មានក្រឹត្យវិន័យ រីឯ​អស់អ្នកដែល​បាន​ប្រព្រឹត្តបាប​នៅក្រោម​ក្រឹត្យវិន័យ ក៏​នឹង​ត្រូវបាន​ជំនុំជម្រះ​តាម​ក្រឹត្យវិន័យ​។ 13ដ្បិត​មិនមែន​អ្នកស្ដាប់​ក្រឹត្យវិន័យ​ទេ ដែល​សុចរិត​នៅចំពោះ​ព្រះ គឺ​អ្នកធ្វើតាម​ក្រឹត្យវិន័យ​វិញ ដែល​នឹង​ត្រូវបាន​រាប់ជាសុចរិត​។ 14តាមពិត កាលណា​សាសន៍ដទៃ​ដែល​គ្មាន​ក្រឹត្យវិន័យ ប្រព្រឹត្តតាម​សេចក្ដី​ក្នុង​ក្រឹត្យវិន័យ​ដោយ​សភាវគតិ នោះ​ពួកគេ​ជា​ក្រឹត្យវិន័យ​ដល់​ខ្លួនឯង​ហើយ ទោះបីជា​ពួកគេ​គ្មាន​ក្រឹត្យវិន័យ​ក៏ដោយ​។ 15ពួកគេ​កំពុង​អនុវត្តឲ្យឃើញ​នូវ​ការទាមទារ​របស់​ក្រឹត្យវិន័យ#2:15 ការ​ទាមទាររបស់​ក្រឹត្យវិន័យ―ន័យត្រង់គឺ “កិច្ចការរបស់ក្រឹត្យវិន័យ” ឬ “កិច្ចការដែលក្រឹត្យវិន័យទាមទារឲ្យធ្វើ”។​ដែល​មាន​ចារឹក​នៅក្នុង​ចិត្ត​របស់​ពួកគេ ហើយ​សតិសម្បជញ្ញៈ​របស់​ពួកគេ​ក៏​ធ្វើបន្ទាល់ជាមួយ​ដែរ​។ គំនិត​ក្នុង​ខ្លួនគេ​ក៏​ចោទ​គ្នាទៅវិញទៅមក ថែមទាំង​ដោះសា​ទៀតផង​។ 16តាម​ដំណឹងល្អ​របស់ខ្ញុំ ការទាំងនេះនឹងត្រូវបានសម្ដែង នៅ​ថ្ងៃ​ដែល​ព្រះ​ជំនុំជម្រះ​ការសម្ងាត់​របស់​មនុស្ស តាមរយៈ​ព្រះ​គ្រីស្ទ​យេស៊ូវ​។
ជនជាតិយូដាល្មើសក្រឹត្យវិន័យ
17ប្រសិនបើ​អ្នក​អះអាងថា#2:17 ប្រសិនបើ​អ្នក​អះអាងថា―ឯកសារបុរាណខ្លះថា “មើល៍! អ្នកអះអាងថា”។​អ្នក​ជា​ជនជាតិយូដា ហើយ​ពឹងផ្អែក​លើ​ក្រឹត្យវិន័យ និង​អួត​អំពី​ព្រះ 18ព្រមទាំង​ស្គាល់​បំណង​ព្រះហឫទ័យ ហើយ​ដឹងខុសដឹងត្រូវ​ដោយ​ទទួលការអប់រំ​ពី​ក្រឹត្យវិន័យ 19ហើយ​ជឿជាក់​ថា​ខ្លួនឯង​ជា​អ្នកនាំផ្លូវ​មនុស្ស​ខ្វាក់ភ្នែក ជា​ពន្លឺ​ដល់​អ្នក​ដែល​នៅក្នុង​សេចក្ដីងងឹត 20ជា​អ្នកអប់រំ​មនុស្ស​ល្ងង់ ជា​គ្រូបង្រៀន​របស់​កូនក្មេង មាន​បែបផែន​នៃ​ចំណេះដឹង និង​បែបផែន​នៃ​សេចក្ដីពិត​ក្នុង​ក្រឹត្យវិន័យ 21ចុះ​ខ្លួនអ្នក​ដែល​បង្រៀន​អ្នក​ដទៃ តើ​មិន​បង្រៀន​ខ្លួនឯង​ទេ​ឬ​? អ្នក​ដែល​ប្រកាស​កុំឲ្យ​លួច តើ​ខ្លួនអ្នក​លួច​ដែរឬ​? 22អ្នក​ដែល​និយាយថា កុំ​ផិតក្បត់ តើ​ខ្លួនអ្នក​ផិតក្បត់​ដែរឬ​? អ្នក​ដែល​ស្អប់ខ្ពើម​រូបបដិមាករ តើ​ខ្លួនអ្នក​ប្លន់វិហារ​ឬ​? 23អ្នកដែល​អួត​អំពី​ក្រឹត្យវិន័យ តើ​ខ្លួនអ្នក​បង្អាប់បង្អោន​ព្រះ ដោយ​ការល្មើស​ក្រឹត្យវិន័យ​ឬ​? 24ជាការពិត“ព្រះនាម​របស់​ព្រះ​ត្រូវបាន​ប្រមាថ​ក្នុងចំណោម​សាសន៍ដទៃ ដោយសារតែ​អ្នករាល់គ្នា”#2:24 《អេសាយ》 52:5។ ដូចដែល​មាន​សរសេរ​ទុកមក​។
ការកាត់ស្បែកនៅក្នុងចិត្ត
25ការកាត់ស្បែក​មានប្រយោជន៍​មែន ប្រសិនបើ​អ្នក​ប្រព្រឹត្តតាម​ក្រឹត្យវិន័យ ប៉ុន្តែ​ប្រសិនបើ​អ្នក​ជា​មនុស្សបំពាន​ក្រឹត្យវិន័យ នោះ​ការកាត់ស្បែក​របស់អ្នក​ក៏​ត្រឡប់ជា​ការមិនបានកាត់ស្បែក​ទៅវិញ​។ 26ដូច្នេះ ប្រសិនបើ​អ្នកដែលមិនបានទទួលពិធីកាត់ស្បែក​បាន​កាន់តាម​បទបញ្ញត្តិ​នៃ​ក្រឹត្យវិន័យ​ទៅហើយ តើ​ការមិនបានកាត់ស្បែក​របស់​អ្នកនោះ​មិន​ត្រូវបាន​រាប់​ជា​ការកាត់ស្បែក​វិញ​ទេ​ឬ​? 27ហើយ​អ្នកដែលមិនបានទទួលពិធីកាត់ស្បែក​ខាង​រូបកាយ ដែល​ប្រព្រឹត្តតាម​ក្រឹត្យវិន័យ នឹង​ជំនុំជម្រះ​ខ្លួនអ្នក​ដែល​ជា​មនុស្សបំពាន​ក្រឹត្យវិន័យ ទោះបីជាអ្នកមាន​ទាំង​គម្ពីរវិន័យ និង​ពិធីកាត់ស្បែក​ក៏ដោយ​។ 28តាមពិត មនុស្ស​ដែល​ជា​ជនជាតិយូដា​តែផ្នែកខាងក្រៅ មិនមែន​ជា​ជនជាតិយូដា​ទេ ហើយ​ការកាត់ស្បែក​លើ​រូបកាយ​ខាងក្រៅ ក៏មិនមែន​ជា​ការកាត់ស្បែក​ដែរ​។ 29ផ្ទុយទៅវិញ មនុស្ស​ដែល​ជា​ជនជាតិយូដា​ផ្នែកខាងក្នុង ទើបជា​ជនជាតិយូដា​ពិតប្រាកដ ហើយ​ការកាត់ស្បែក​នៅក្នុង​ចិត្ត គឺ​ការកាត់ស្បែក​តាម​វិញ្ញាណ មិនមែន​តាម​គម្ពីរវិន័យ ទើបជា​ការកាត់ស្បែក​ពិតប្រាកដ​។ មនុស្សបែបនេះ​ទទួល​ការសរសើរ មិនមែន​ពី​មនុស្ស​ទេ គឺ​ពី​ព្រះ​វិញ​៕

നിലവിൽ തിരഞ്ഞെടുത്തിരിക്കുന്നു:

រ៉ូម 2: GKHB

ഹൈലൈറ്റ് ചെയ്യുക

പകർത്തുക

താരതമ്യം

പങ്ക് വെക്കു

None

നിങ്ങളുടെ എല്ലാ ഉപകരണങ്ങളിലും ഹൈലൈറ്റുകൾ സംരക്ഷിക്കാൻ ആഗ്രഹിക്കുന്നുണ്ടോ? സൈൻ അപ്പ് ചെയ്യുക അല്ലെങ്കിൽ സൈൻ ഇൻ ചെയ്യുക

រ៉ូម 2 - നുള്ള വീഡിയോ