រ៉ូម 6
6
ការស្លាប់ និងការរស់ឡើងវិញជាមួយព្រះគ្រីស្ទ
1ដូច្នេះ តើយើងត្រូវនិយាយដូចម្តេច? តើយើងត្រូវបន្តរស់ក្នុងអំពើបាបតទៅទៀត ដើម្បីឲ្យព្រះគុណបានចម្រើនឡើងឬ? 2ទេ មិនមែនដូច្នោះទេ! យើងដែលស្លាប់ខាងឯអំពើបាបហើយ តើឲ្យយើងនៅតែរស់ក្នុងអំពើបាបតទៅទៀតដូចម្ដេចកើត? 3តើអ្នករាល់គ្នាមិនដឹងថា យើងទាំងអស់គ្នាដែលបានជ្រមុជទៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះយើងបានជ្រមុជទៅក្នុងការសុគតរបស់ព្រះអង្គដែរទេឬ? 4ដូច្នេះ យើងត្រូវបានបញ្ចុះជាមួយព្រះអង្គហើយ ដោយការជ្រមុជទៅក្នុងសេចក្តីស្លាប់ ដើម្បីឲ្យយើងបានដើរក្នុងជីវិតបែបថ្មី ដូចព្រះគ្រីស្ទមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ដោយសារសិរីល្អរបស់ព្រះវរបិតាដែរ។
5ដ្បិតបើយើងបានរួមជាមួយព្រះអង្គ ក្នុងការសុគតរបស់ព្រះអង្គ នោះយើងប្រាកដជានឹងបានរួមជាមួយព្រះអង្គ ក្នុងការរស់ឡើងវិញដូចព្រះអង្គមិនខាន។ 6យើងដឹងថា មនុស្សចាស់របស់យើងបានជាប់ឆ្កាងជាមួយព្រះអង្គហើយ ដើម្បីឲ្យរូបកាយដែលជាប់មានបាបនេះ ត្រូវវិនាសសាបសូន្យ ហើយកុំឲ្យយើងជាប់ជាអ្នកបម្រើរបស់បាបទៀត។ 7ដ្បិតអ្នកណាដែលបានស្លាប់ហើយ អ្នកនោះរួចពីបាបហើយ 8ប៉ុន្តែ បើយើងស្លាប់ជាមួយព្រះគ្រីស្ទ យើងជឿថា យើងក៏នឹងរស់ជាមួយព្រះអង្គដែរ។ 9យើងដឹងថា ព្រះគ្រីស្ទមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ទ្រង់មិនសុគតទៀតឡើយ សេចក្តីស្លាប់គ្មានអំណាចលើព្រះអង្គទៀតទេ។ 10ដ្បិតដែលព្រះអង្គសុគត នោះព្រះអង្គសុគតខាងឯបាប ម្ដងជាសូរេច ហើយដែលព្រះអង្គមានព្រះជន្មរស់ គឺរស់ខាងឯព្រះវិញ។ 11ដូច្នេះ អ្នករាល់គ្នាក៏ត្រូវចាត់ទុកខ្លួនដូចជាបានស្លាប់ខាងឯបាប ហើយរស់ខាងឯព្រះវិញ នៅក្នុងព្រះគ្រីស្ទយេស៊ូវដែរ។
12ដូច្នេះ កុំឲ្យបាបសោយរាជ្យក្នុងរូបកាយរបស់អ្នករាល់គ្នា ដែលតែងតែស្លាប់ ដើម្បីឲ្យអ្នករាល់គ្នាស្តាប់តាមសេចក្តីប៉ងប្រាថ្នារបស់បាបនោះឡើយ។ 13មិនត្រូវប្រគល់អវយវៈរបស់អ្នករាល់គ្នា ទៅក្នុងអំពើបាប ទុកដូចជាឧបករណ៍បម្រើឲ្យសេចក្ដីទុច្ចរិតនោះឡើយ តែត្រូវប្រគល់ខ្លួនទៅព្រះ ដូចពួកអ្នកដែលបានរស់ពីស្លាប់ ហើយថ្វាយអវយវៈរបស់អ្នករាល់គ្នាទៅព្រះ ទុកដូចជាឧបករណ៍បម្រើឲ្យសុចរិតវិញ។ 14ដ្បិតបាបនឹងគ្មានអំណាចលើអ្នករាល់គ្នាទៀតឡើយ ព្រោះអ្នករាល់គ្នាមិនស្ថិតនៅក្រោមក្រឹត្យវិន័យទេ គឺស្ថិតនៅក្រោមព្រះគុណវិញ។
អ្នកបម្រើឲ្យសេចក្ដីសុចរិត
15ដូច្នេះ ដោយព្រោះយើងស្ថិតនៅក្រោមព្រះគុណ មិនស្ថិតនៅក្រោមក្រឹត្យវិន័យ តើយើងគួរប្រព្រឹត្តអំពើបាបឬ? ទេ មិនមែនដូច្នោះទេ! 16អ្នករាល់គ្នាមិនដឹងទេឬ បើអ្នករាល់គ្នាប្រគល់ខ្លួនទៅធ្វើជាបាវបម្រើ ហើយស្តាប់បង្គាប់ចៅហ្វាយណា នោះអ្នកជាបាវបម្រើរបស់ចៅហ្វាយដែលអ្នកស្តាប់តាមនោះឯង ទោះជាបាវបម្រើរបស់បាប ដែលនាំទៅរកសេចក្តីស្លាប់ ឬជាបាវបម្រើរបស់ការស្តាប់បង្គាប់ ដែលនាំឲ្យបានសុចរិតក្តី។ 17ប៉ុន្តែ អរព្រះគុណដល់ព្រះ ដែលអ្នករាល់គ្នាពីដើមជាបាវបម្រើរបស់បាប ទាំងបានស្តាប់បង្គាប់យ៉ាងអស់ពីចិត្ត តាមគំរូនៃសេចក្ដីបង្រៀនដែលគេបានប្រគល់មកអ្នករាល់គ្នា 18ហើយដោយអ្នករាល់គ្នាបានរួចពីបាប នោះក៏ត្រឡប់ជាបាវបម្រើរបស់សេចក្តីសុចរិតវិញ។ 19ខ្ញុំនិយាយតាមរបៀបមនុស្សលោកដូច្នេះ ព្រោះតែភាពទន់ខ្សោយខាងសាច់ឈាមរបស់អ្នករាល់គ្នា ដ្បិតដូចដែលពីដើម អ្នករាល់គ្នាបានប្រគល់អវយវៈរបស់ខ្លួន ឲ្យធ្វើជាបាវបម្រើឲ្យសេចក្តីស្មោកគ្រោក និងសេចក្តីទទឹងច្បាប់ កាន់តែច្រើនឡើងយ៉ាងណា ឥឡូវនេះ ចូរប្រគល់អវយវៈរបស់អ្នករាល់គ្នា ធ្វើជាបាវបម្រើឲ្យសេចក្តីសុចរិតវិញ ដើម្បីឲ្យបានបរិសុទ្ធយ៉ាងនោះដែរ។ 20កាលអ្នករាល់គ្នានៅជាបាវបម្រើរបស់បាបនៅឡើយ នោះអ្នករាល់គ្នាមិនជាប់ក្នុងសេចក្តីសុចរិតទេ។ 21កាលណោះ តើអ្នករាល់គ្នាបានផលអ្វីខ្លះពីសេចក្ដីដែលឥឡូវនេះ អ្នករាល់គ្នាអៀនខ្មាស? ដ្បិតចុងបំផុតនៃសេចក្ដីទាំងនោះជាសេចក្តីស្លាប់!
22តែឥឡូវនេះ ដែលព្រះបានប្រោសឲ្យរួចពីបាប ហើយអ្នករាល់គ្នាបានត្រឡប់ជាបាវបម្រើដល់ព្រះអង្គ អ្នករាល់គ្នាបានផលជាសេចក្ដីបរិសុទ្ធ ហើយចុងបំផុតគឺជីវិតអស់កល្បជានិច្ច។ 23ដ្បិតឈ្នួលរបស់បាប ជាសេចក្តីស្លាប់ តែអំណោយទានរបស់ព្រះវិញ គឺជីវិតអស់កល្បជានិច្ច នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង។
Voafantina amin'izao fotoana izao:
រ៉ូម 6: គកស១៦
Asongadina
Hizara
Dika mitovy

Tianao hovoatahiry amin'ireo fitaovana ampiasainao rehetra ve ireo nasongadina? Hisoratra na Hiditra
© 2016 United Bible Societies