១ កូរិនថូស 9
9
សិទ្ធិរបស់សាវក
1តើខ្ញុំគ្មានសេរីភាពទេឬ? តើខ្ញុំមិនមែនជាសាវកទេឬ? តើខ្ញុំមិនបានឃើញព្រះយេស៊ូវ ជាព្រះអម្ចាស់របស់យើងទេឬ? តើអ្នករាល់គ្នាមិនមែនជាស្នាដៃរបស់ខ្ញុំក្នុងព្រះអម្ចាស់ទេឬ? 2បើខ្ញុំមិនមែនជាសាវកដល់អ្នកដទៃ ក៏ខ្ញុំជាសាវកដល់អ្នករាល់គ្នាដែរ ដ្បិតអ្នករាល់គ្នាជាត្រាសម្គាល់ពីភាពជាសាវករបស់ខ្ញុំក្នុងព្រះអម្ចាស់។
3នេះជាការឆ្លើយបំភ្លឺរបស់ខ្ញុំ ចំពោះអស់អ្នកដែលចោទប្រកាន់ខ្ញុំ។ 4តើយើងគ្មានសិទ្វិនឹងទទួលទានបាយទឹកទេឬ? 5តើយើងគ្មានសិទ្ធិនឹងនាំប្រពន្ធដែលជាអ្នកជឿទៅជាមួយ ដូចសាវកឯទៀតៗ ដូចពួកបងប្អូនរបស់ព្រះអម្ចាស់ និងដូចលោកកេផាសទេឬ? 6ឬមួយមានតែខ្ញុំ និងលោកបាណាបាស ដែលគ្មានសិទ្ធិដកឃ្លាពីការរកស៊ីចិញ្ចឹមជីវិត? 7តើអ្នកដែលធ្វើទាហានចេញសោហ៊ុយខ្លួនឯងឬ? តើអ្នកដែលដាំទំពាំងបាយជូរមិនបរិភោគផលពីចម្ការនោះទេឬ? ឯអ្នកដែលថែរក្សាហ្វូងសត្វ តើមិនផឹកទឹកដោះរបស់វាឬទេ?
8តើខ្ញុំនិយាយដូច្នេះ តាមរបៀបមនុស្សឬ? តើក្រឹត្យវិន័យមិននិយាយដូចគ្នាទេឬ? 9ដ្បិតក្នុងគម្ពីរវិន័យរបស់លោកម៉ូសេ មានសេចក្តីចែងទុកមកថា៖ «កុំឃ្លុំមាត់គោនៅពេលបញ្ជាន់ស្រូវឡើយ» ។ តើព្រះទ្រង់គិតពីគោឬ? 10ឬក៏ព្រះអង្គមានព្រះបន្ទូលដូច្នោះដោយយល់ដល់យើងរាល់គ្នា? ពិតមែន សេចក្តីនោះបានចែងទុកមកដោយយល់ដល់យើងរាល់គ្នា ដ្បិតអ្នកណាដែលភ្ជួររាស់ គួរតែភ្ជួររាស់ដោយសង្ឃឹម ហើយអ្នកណាដែលបញ្ជាន់ស្រូវ ក៏គួរតែបញ្ជាន់ដោយសង្ឃឹមថានឹងបានចំណែកពីផលនោះដែរ។ 11ប្រសិនបើយើងបានសាបព្រោះរបស់ល្អខាងវិញ្ញាណ ក្នុងចំណោមអ្នករាល់គ្នា ហើយច្រូតយកផលជាសម្បត្តិខាងសាច់ឈាមពីអ្នករាល់គ្នា តើហួសហេតុពេកឬ? 12ប្រសិនបើអ្នកដទៃមានសិទ្ធិទទួលចំណែកពីអ្នករាល់គ្នាទៅហើយ នោះតើយើងមិនមានសិទ្ធិលើសអ្នកទាំងនោះទៅទៀតទេឬ? ប៉ុន្តែ យើងខ្ញុំមិនបានប្រើសិទ្ធិនោះទេ គឺយើងបានស៊ូទ្រាំគ្រប់បែបយ៉ាង ដើម្បីកុំឲ្យមានឧបសគ្គរាំងស្ទះដល់ដំណឹងល្អរបស់ព្រះគ្រីស្ទ។ 13តើអ្នករាល់គ្នាមិនដឹងទេឬថា អស់អ្នកដែលបម្រើការងារក្នុងព្រះវិហារ គេទទួលចំណីអាហារពីព្រះវិហារ ហើយអស់អ្នកដែលបម្រើនៅអាសនា ក៏មានចំណែកពីតង្វាយលើអាសនាដែរ? 14រីឯព្រះអម្ចាស់វិញក៏បង្គាប់ដូចគ្នាថា អស់អ្នកដែលប្រកាសដំណឹងល្អ ត្រូវចិញ្ចឹមជីវិតដោយសារដំណឹងល្អ។
15ប៉ុន្ដែ ខ្ញុំមិនបានប្រើសិទ្ធិទាំងនេះទេ ហើយខ្ញុំក៏មិនបានសរសេរដូច្នេះ ដោយចង់ឲ្យគេប្រព្រឹត្តដល់ខ្លួនយ៉ាងនោះដែរ។ ដ្បិតខ្ញុំស៊ូស្លាប់ ជាជាងឲ្យគេបង្ខូចកិត្តិយសរបស់ខ្ញុំ ដោយសារហេតុដែលខ្ញុំមានអំនួត។ 16ដ្បិតទោះបើខ្ញុំប្រកាសដំណឹងល្អមែន តែនោះមិនមែនជាហេតុឲ្យខ្ញុំអួតខ្លួនទេ ព្រោះជាកាតព្វកិច្ចដែលខ្ញុំត្រូវធ្វើខានមិនបាន ហើយបើខ្ញុំមិនប្រកាសដំណឹងល្អទេ នោះវរដល់ខ្ញុំហើយ។ 17ប្រសិនបើខ្ញុំធ្វើដោយស្ម័គ្រពីចិត្ត នោះខ្ញុំមានរង្វាន់ តែបើធ្វើទាំងទើសទ័ល នោះក៏ខ្ញុំនៅតែបំពេញតួនាទីដែលព្រះអង្គបានផ្ទុកផ្ដាក់ដល់ខ្ញុំដែរ។ 18ដូច្នេះ តើរង្វាន់របស់ខ្ញុំជាអ្វី? រង្វាន់របស់ខ្ញុំ គឺឲ្យខ្ញុំបានប្រកាសដំណឹងដោយឥតគិតថ្លៃ ដោយមិនទាមទារសិទ្ធិរបស់ខ្ញុំជាអ្នកប្រកាសដំណឹងល្អឡើយ។
19ដ្បិតទោះបើខ្ញុំមិនជាប់ជំពាក់ដល់មនុស្សទាំងអស់ក៏ដោយ គង់តែខ្ញុំបានត្រឡប់ទៅជាអ្នកបម្រើដល់មនុស្សទាំងអស់ដែរ ដើម្បីនាំមនុស្សជាច្រើនឲ្យមានជំនឿដល់ព្រះគ្រីស្ទ។ 20ខ្ញុំបានត្រឡប់ដូចជាសាសន៍យូដា ដល់ពួកសាសន៍យូដា ដើម្បីនាំពួកសាសន៍យូដាឲ្យមានជំនឿដល់ព្រះគ្រីស្ទ។ ខ្ញុំបានត្រឡប់ដូចជាអ្នកស្ថិតនៅក្រោមក្រឹត្យវិន័យ ដល់អស់អ្នកដែលស្ថិតនៅក្រោមក្រឹត្យវិន័យ (ទោះជាខ្ញុំមិនស្ថិតនៅក្រោមក្រឹត្យវិន័យក៏ដោយ) ដើម្បីនាំអស់អ្នកដែលស្ថិតនៅក្រោមក្រឹត្យវិន័យឲ្យមានជំនឿដល់ព្រះគ្រីស្ទ។ 21ខ្ញុំបានត្រឡប់ដូចជាអ្នកដែលគ្មានក្រឹត្យវិន័យ ដល់អស់អ្នកដែលគ្មានក្រឹត្យវិន័យ (មិនមែនមានន័យថា ខ្ញុំគ្មានក្រឹត្យវិន័យរបស់ព្រះនោះទេ គឺខ្ញុំស្ថិតនៅក្រោមក្រឹត្យវិន័យព្រះគ្រីស្ទ) ដើម្បីនាំអស់អ្នកដែលគ្មានក្រឹត្យវិន័យឲ្យមានជំនឿដល់ព្រះគ្រីស្ទ។ 22ខ្ញុំបានត្រឡប់ដូចជាអ្នកទន់ខ្សោយ ដល់ពួកអ្នកទន់ខ្សោយ ដើម្បីនាំពួកអ្នកទន់ខ្សោយឲ្យមានជំនឿដល់ព្រះគ្រីស្ទ។ ខ្ញុំបានត្រឡប់ជាគ្រប់សណ្ឋានទាំងអស់ ដល់មនុស្សទាំងអស់ ដើម្បីសង្គ្រោះអ្នកខ្លះ តាមគ្រប់មធ្យោបាយទាំងអស់។ 23ខ្ញុំធ្វើគ្រប់ការទាំងអស់ដោយព្រោះដំណឹងល្អ ដើម្បីឲ្យខ្ញុំមានចំណែកទទួលផលក្នុងដំណឹងល្អ។
24តើអ្នករាល់គ្នាមិនដឹងទេឬថា អស់អ្នកដែលរត់នៅទីប្រណាំង គេរត់ទាំងអស់គ្នា ប៉ុន្តែ មានតែម្នាក់ប៉ុណ្ណោះដែលបានរង្វាន់? ដូច្នេះ ចូររត់តាមរបៀបនោះដើម្បីឲ្យបានរង្វាន់ចុះ។ 25កីឡាករទាំងអស់សុទ្ធតែលត់ដំខ្លួនគ្រប់បែបយ៉ាង គេធ្វើដូច្នេះដើម្បីឲ្យបានទទួលភួងជ័យដែលនឹងពុករលួយ តែយើងវិញ យើងបានភួងជ័យដែលមិនចេះពុករលួយ។ 26ដូច្នេះ ខ្ញុំក៏រត់យ៉ាងដូច្នោះដែរ មិនមែនរត់ដោយឥតគោលដៅទេ ហើយខ្ញុំក៏មិនប្រដាល់ ដូចជាដាល់ខ្យល់នោះដែរ 27គឺខ្ញុំវាយដំរូបកាយខ្ញុំ ទាំងបង្ខំឲ្យចុះចូល ក្រែងក្រោយពីខ្ញុំបានប្រកាសប្រាប់អ្នកដទៃហើយ ខ្លួនខ្ញុំផ្ទាល់បែរជាត្រូវផាត់ចោលទៅវិញ។
Voafantina amin'izao fotoana izao:
១ កូរិនថូស 9: គកស១៦
Asongadina
Hizara
Dika mitovy

Tianao hovoatahiry amin'ireo fitaovana ampiasainao rehetra ve ireo nasongadina? Hisoratra na Hiditra
© 2016 United Bible Societies