២ កូរិនថូស 7
7
1បងប្អូនជាទីស្រឡាញ់អើយ បើយើងបានទទួលព្រះបន្ទូលសន្យាដ៏អស្ចារ្យយ៉ាងនេះហើយ យើងត្រូវជម្រះខ្លួនឲ្យបរិសុទ្ធ* ចាកផុតពីសៅហ្មងគ្រប់យ៉ាង ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណ ដើម្បីឲ្យបានវិសុទ្ធ*ទាំងស្រុង ដោយគោរពកោតខ្លាចព្រះជាម្ចាស់។
អំណរសប្បាយរបស់លោកប៉ូល
2សូមបងប្អូនយល់ចិត្តយើងផង! យើងពុំបានបោកប្រាស់នរណា ពុំបានធ្វើឲ្យនរណាហិនហោច ឬក៏កេងប្រវ័ញ្ចនរណាម្នាក់ឡើយ។ 3ខ្ញុំនិយាយដូច្នេះ មិនមែនចង់ចោទប្រកាន់បងប្អូនទេ ដ្បិតខ្ញុំបានជម្រាបបងប្អូនរួចស្រេចហើយថា យើងស្រឡាញ់បងប្អូន និងស៊ូស្លាប់រស់ជាមួយបងប្អូនជានិច្ច។ 4ខ្ញុំទុកចិត្តលើបងប្អូនយ៉ាងខ្លាំង ហើយខ្ញុំបានខ្ពស់មុខ ព្រោះតែបងប្អូនដែរ។ ខ្ញុំក៏បានធូរស្បើយក្នុងចិត្តយ៉ាងច្រើន ព្រមទាំងមានអំណរសប្បាយពន់ប្រមាណ ទោះបីយើងកំពុងតែរងទុក្ខវេទនាខ្លាំងយ៉ាងនេះក៏ដោយ។ 5#២ករ. ២.១៣តាំងពីយើងបានទៅដល់ស្រុកម៉ាសេដូន រូបកាយយើងពុំដែលបានសម្រាកសោះឡើយ។ យើងបានរងទុក្ខវេទនាសព្វបែបយ៉ាង គឺផ្នែកខាងក្រៅ គេធ្វើបាបយើង ហើយនៅខាងក្នុងចិត្ត យើងចេះតែបារម្ភ។ 6ប៉ុន្តែ ព្រះជាម្ចាស់ដែលតែងតែសម្រាលទុក្ខអ្នកទន់ទាប ព្រះអង្គបានសម្រាលទុក្ខយើង ដោយលោកទីតុសទៅដល់។ 7យើងធូរចិត្ត មិនមែនត្រឹមតែបានលោកទីតុសទៅដល់ប៉ុណ្ណោះទេ គឺមកពីបងប្អូនបានសម្រាលទុក្ខគាត់ផងដែរ។ គាត់បាននាំដំណឹងមកថា បងប្អូនមានចិត្តចង់ជួបខ្ញុំយ៉ាងខ្លាំង បងប្អូនបង្ហូរទឹកភ្នែក ព្រមទាំងឈឺឆ្អាលនឹងខ្ញុំ ជាហេតុធ្វើឲ្យខ្ញុំមានអំណររឹតតែខ្លាំងឡើងថែមទៀត។
8ប្រសិនបើសេចក្ដីដែលខ្ញុំសរសេរក្នុងសំបុត្រនេះ ធ្វើឲ្យបងប្អូនព្រួយចិត្ត ក៏ខ្ញុំមិនស្ដាយក្រោយដែរ។ ប្រសិនបើខ្ញុំស្ដាយក្រោយ (ដ្បិតខ្ញុំយល់ថា សំបុត្រនេះនឹងនាំឲ្យបងប្អូនព្រួយចិត្តមួយគ្រាមែន) 9ក៏ខ្ញុំសប្បាយចិត្តនៅពេលនេះ ខ្ញុំសប្បាយ មិនមែនមកពីបងប្អូនព្រួយចិត្តនោះទេ គឺមកពីដឹងថា ទុក្ខព្រួយនឹងនាំឲ្យបងប្អូនកែប្រែចិត្តគំនិត ដ្បិតបងប្អូនព្រួយចិត្តដូច្នេះ ស្របតាមព្រះជាម្ចាស់។ ហេតុនេះ យើងពុំបានធ្វើឲ្យបងប្អូនខូចខាតអ្វីឡើយ។ 10តាមពិត ទុក្ខព្រួយស្របតាមព្រះជាម្ចាស់បែបនេះ តែងតែនាំឲ្យកែប្រែចិត្តគំនិត ដើម្បីទទួលការសង្គ្រោះ ហើយយើងមិនស្ដាយក្រោយឡើយ។ រីឯទុក្ខព្រួយតាមបែបលោកីយ៍ តែងតែនាំឲ្យស្លាប់វិញ។ 11សូមគិតមើល៍ ទុក្ខព្រួយដែលស្របតាមព្រះជាម្ចាស់ដូច្នេះ មានផលប្រយោជន៍ចំពោះបងប្អូនយ៉ាងណា គឺបងប្អូនមានចិត្តខ្នះខ្នែង ហើយលើសពីនេះទៅទៀត បងប្អូនចេះសុំទោស ទាស់ចិត្តនឹងអំពើអាក្រក់ មានចិត្តគោរពកោតខ្លាច មានចិត្តប៉ងប្រាថ្នាយ៉ាងខ្លាំង មានចិត្តឈឺឆ្អាល ហើយបងប្អូនក៏ចេះដាក់ទោសអ្នកប្រព្រឹត្តអំពើអាក្រក់ដែរ។ ការទាំងនេះបង្ហាញឲ្យឃើញថា បងប្អូនគ្មានសៅហ្មងអ្វីទាំងអស់នៅក្នុងរឿងនេះ។
12ដូច្នេះ ហេតុដែលខ្ញុំសរសេរមកបងប្អូន មិនមែនមកពីគិតដល់អ្នកប្រព្រឹត្តអាក្រក់ ឬគិតដល់អ្នកដែលរងនូវអំពើអាក្រក់នោះឡើយ ខ្ញុំសរសេរមក ដើម្បីឲ្យបងប្អូនមានឱកាសបង្ហាញទឹកចិត្តខ្នះខ្នែងរបស់បងប្អូនចំពោះយើង នៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់។ 13ការនេះហើយដែលបានសម្រាលទុក្ខយើង។ ប៉ុន្តែ លើសពីនេះ យើងក៏មានអំណររឹតតែខ្លាំងថែមទៀត ដោយឃើញលោកទីតុសមានអំណរសប្បាយ ព្រោះបងប្អូនទាំងអស់គ្នាបានជួយគាត់ឲ្យស្ងប់ចិត្ត លែងព្រួយបារម្ភ។ 14ប្រសិនបើខ្ញុំបានខ្ពស់មុខបន្តិច ដោយនិយាយសរសើរពីបងប្អូនប្រាប់គាត់ ក៏ខ្ញុំមិនខ្មាសគាត់ដែរ។ សេចក្ដីដែលយើងសរសើរពីបងប្អូនប្រាប់លោកទីតុស គាត់នឹងឃើញថាជាការពិតមែន ដូចយើងធ្លាប់តែនិយាយអ្វីៗគ្រប់យ៉ាងប្រាប់បងប្អូន ស្របតាមសេចក្ដីពិតយ៉ាងនោះដែរ។ 15ពេលគាត់នឹកឃើញថា បងប្អូនទាំងអស់គ្នាតែងតែយកចិត្តទុកដាក់ស្ដាប់បង្គាប់ និងទទួលគាត់ដោយគោរពកោតខ្លាចញាប់ញ័រផងនោះ គាត់មានចិត្តស្រឡាញ់បងប្អូនរឹតតែខ្លាំងឡើងៗ។ 16ខ្ញុំត្រេកអរណាស់ ព្រោះខ្ញុំអាចទុកចិត្តបងប្អូន ក្នុងគ្រប់កិច្ចការទាំងអស់។
Nke Ahọpụtara Ugbu A:
២ កូរិនថូស 7: គខប
Mee ka ọ bụrụ isi
Kesaa
Mapịa
Ịchọrọ ka echekwaara gị ihe ndị gasị ị mere ka ha pụta ìhè ná ngwaọrụ gị niile? Debanye aha gị ma ọ bụ mee mbanye
Khmer Standard Version © 2005 United Bible Societies.