កំណើតពិភពលោក 21
21
កំណើតរបស់ណាពីអ៊ីសាហាក់
1 អុលឡោះតាអាឡាបានប្រោសប្រណីសារ៉ា ស្របតាមសេចក្តីដែលទ្រង់មានបន្ទូលទុក គឺប្រព្រឹត្តចំពោះគាត់ ស្របតាមបន្ទូលរបស់ទ្រង់។ 2សារ៉ាមានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយ ជូនអ៊ីព្រហ៊ីម ក្នុងពេលគាត់មានវ័យចាស់ជរា ត្រូវតាមពេលកំណត់ដែលអុលឡោះមានបន្ទូលប្រាប់គាត់។ 3គាត់ដាក់ឈ្មោះកូនដែលកើតមកនោះ គឺកូនដែលសារ៉ាបានបង្កើតជូនគាត់ថា “អ៊ីសាហាក់”។ 4ពេលអ៊ីសាហាក់ ជាកូន កើតបានប្រាំបីថ្ងៃ អ៊ីព្រហ៊ីមខតាន់ឲ្យ ស្របតាមហ៊ូកុំរបស់អុលឡោះ។ 5ពេលអ៊ីសាហាក់ ជាកូន កើតមកនោះ អ៊ីព្រហ៊ីមមានអាយុមួយរយឆ្នាំហើយ។ 6ពេលនោះ សារ៉ាពោលថា៖ «អុលឡោះបានធ្វើឲ្យមនុស្សម្នាអស់សំណើចពីខ្ញុំ គឺអ្នកណាដឹងរឿងខ្ញុំ គេមុខជាសើចមិនខាន»។ 7គាត់ពោលទៀតថា៖ «តើនរណាអាចនឹកភ្នកនិយាយទៅអ៊ីព្រហ៊ីមថា “ថ្ងៃមួយ សារ៉ាត្រូវបំបៅកូន”? ក៏ប៉ុន្តែ ឥឡូវនេះ ខ្ញុំបានបង្កើតកូនប្រុសមួយជូនគាត់ ក្នុងគ្រាដែលគាត់មានវ័យចាស់ណាស់ទៅហើយ»។
សាទីហាជើរ និងណាពីអ៊ីស្មាអែល នៅវាលរហោស្ថាន
8លុះអ៊ីសាហាក់បានធំបន្តិច ហើយត្រូវផ្តាច់ដោះ អ៊ីព្រហ៊ីមរៀបពិធីជប់លាងមួយយ៉ាងធំ នៅថ្ងៃផ្តាច់ដោះនោះ។ 9សារ៉ាឃើញអ៊ីស្មាអែល ជាកូនដែលហាជើរ ស្ត្រីសាសន៍អេស៊ីបបង្កើតជូនអ៊ីព្រហ៊ីមកំពុងតែសើចលេង 10គាត់ជម្រាបអ៊ីព្រហ៊ីមថា៖ «សូមបណ្តេញស្រីបម្រើនេះ និងកូនវាចេញទៅ ដ្បិតមិនត្រូវឲ្យកូនរបស់ស្រីបម្រើនេះ ទទួលមត៌ករួមជាមួយអ៊ីសាហាក់ កូនរបស់ខ្ញុំឡើយ»។ 11ពាក្យនេះធ្វើឲ្យអ៊ីព្រហ៊ីមពិបាកចិត្តយ៉ាងខ្លាំង ព្រោះអ៊ីស្មាអែលក៏ជាកូនរបស់គាត់ដែរ។ 12ប៉ុន្តែ អុលឡោះមានបន្ទូលមកកាន់អ៊ីព្រហ៊ីមថា៖ «កុំពិបាកចិត្ត ព្រោះតែក្មេងនេះ ព្រមទាំងស្រីបម្រើរបស់អ្នកឡើយ។ ចូរប្រព្រឹត្តតាម ពាក្យទាំងអស់ដែលសារ៉ាសុំនោះទៅ ដ្បិតមានតែកូនចៅរបស់អ៊ីសាហាក់ប៉ុណ្ណោះទេ ដែលនឹងស្នងត្រកូលឲ្យអ្នក។ 13រីឯកូនប្រុសរបស់ស្រីបម្រើនោះវិញ យើងនឹងធ្វើឲ្យវាបានទៅជាប្រជាជាតិមួយ ដ្បិតវាក៏ជាពូជពង្សរបស់អ្នកដែរ»។
14ស្អែកឡើង អ៊ីព្រហ៊ីមក្រោកពីព្រលឹម យកស្បៀងអាហារ និងបំពង់ទឹកមកប្រគល់ឲ្យហាជើរ ហើយលើកកូនដាក់លើ-កនាង រួចប្រាប់នាងឲ្យចេញទៅ។ ហាជើរចាកចេញពីទីនោះ ហើយវិលវល់នៅក្នុងវាលរហោស្ថានជិតក្រុងបៀរសេបា។ 15ពេលអស់ទឹកពីបំពង់ហើយ នាងទុកកូនចោលនៅក្រោមដើមឈើតូចមួយ 16រួចនាងទៅអង្គុយដាច់ឡែកពីកូន ចម្ងាយប្រមាណមួយសន្ទុះព្រួញ ដ្បិតនាងពោលថា៖ «ខ្ញុំមិនចង់ឃើញកូនស្លាប់នៅមុខខ្ញុំឡើយ!»។ ដូច្នេះ នាងក៏អង្គុយដាច់ឡែកពីកូន ហើយចាប់ផ្តើមទ្រហោយំ។ 17អុលឡោះឮសំរែករបស់ក្មេងនោះ ហើយម៉ាឡាអ៊ីកាត់របស់អុលឡោះហៅហាជើរ ពីលើមេឃមកថា៖ «ហាជើរអើយ តើនាងមានរឿងអ្វី? កុំព្រួយបារម្ភអ្វីឡើយ ដ្បិតអុលឡោះឮសំរែកកូនរបស់នាង នៅកន្លែងដែលវាអង្គុយនោះហើយ។ 18ចូរក្រោកឡើង ទៅយកកូនប្រុសនាង ហើយចាប់ដៃវាលើកឡើង ដ្បិតយើងនឹងធ្វើឲ្យវាបានទៅជាប្រជាជាតិមួយដ៏ធំ»។ 19អុលឡោះបានប្រោសឲ្យនាងឃើញអណ្តូងមួយដែលមានទឹក នាងក៏ដាក់ទឹកពេញបំពង់ រួចយកទៅឲ្យកូនផឹក។
20អុលឡោះនៅជាមួយក្មេងនោះ វាមានវ័យចំរើនឡើង ហើយរស់នៅតាមវាលរហោស្ថាន និងពូកែបាញ់ធ្នូ។ 21អ៊ីស្មាអែលរស់នៅក្នុងវាលរហោស្ថានស្រុកប៉ារ៉ាន ហើយម្តាយក៏ដណ្តឹងកូនស្រីជាតិអេស៊ីបម្នាក់ មកឲ្យធ្វើជាភរិយា។
អ៊ីព្រហ៊ីមចងសម្ពន្ធមេត្រីជាមួយស្តេចអប៊ីម៉ាឡិច
22នៅគ្រានោះ ស្តេចអប៊ីម៉ាឡិចមកជួបអ៊ីព្រហ៊ីម ដោយមានភីកុល ជាមេទ័ពរបស់គាត់មកជាមួយដែរ។ ស្តេចមានប្រសាសន៍ទៅគាត់ដូចតទៅ៖ «អុលឡោះនៅជាមួយអ្នកក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។ 23ដូច្នេះ សូមអ្នកស្បថជាមួយខ្ញុំនៅពេលនេះ ដោយមានអុលឡោះជាសាក្សីនៅទីនេះ ថាអ្នកនឹងមិនក្បត់ខ្ញុំ កូនចៅខ្ញុំ ឬពូជពង្សរបស់ខ្ញុំឡើយ។ ខ្ញុំធ្លាប់មានចិត្តសប្បុរសចំពោះអ្នកយ៉ាងណា សូមអ្នកមានចិត្តសប្បុរសចំពោះខ្ញុំ និងទឹកដីដែលអ្នកស្នាក់នៅនេះ យ៉ាងនោះដែរ»។ 24អ៊ីព្រហ៊ីមមានប្រសាសន៍ទៅកាន់ស្តេចថា៖ «ខ្ញុំសូមស្បថដូច្នេះ!»។ 25ប៉ុន្តែ អ៊ីព្រហ៊ីមប្តឹងស្តេចអប៊ីម៉ាឡិច ស្តីអំពីអណ្តូងទឹកដែលប្រជារាស្ត្ររបស់ស្តេចអប៊ីម៉ាឡិចបានដណ្តើមយកពីគាត់។ 26ស្តេចអប៊ីម៉ាឡិចតបវិញថា៖ «ខ្ញុំមិនដឹងថានរណាបានធ្វើដូច្នេះទេ ព្រោះអ្នកពុំបានប្រាប់ឲ្យខ្ញុំដឹង គឺខ្ញុំទើបតែដឹងនៅពេលនេះប៉ុណ្ណោះ»។
27អ៊ីព្រហ៊ីមបានយកចៀម និងគោ មកជូនស្តេចអប៊ីម៉ាឡិច រួចគាត់ទាំងពីរចងសម្ពន្ធមេត្រីជាមួយគ្នា។ 28អ៊ីព្រហ៊ីមញែកចៀមញីស្ទាវៗប្រាំពីរក្បាល ទុកដោយឡែក។ 29ស្តេចអប៊ីម៉ាឡិចសួរគាត់ថា៖ «អ្នកញែកចៀមប្រាំពីរក្បាលនេះទុកសម្រាប់ធ្វើអ្វី?»។ 30គាត់តបថា៖ «សូមមេត្តាទទួលយកចៀមទាំងប្រាំពីរនេះ ពីដៃខ្ញុំផ្ទាល់ ដើម្បីបញ្ជាក់ថា ខ្ញុំពិតជាបានជីកអណ្តូងទឹកនោះមែន»។ 31ហេតុនេះហើយបានជាគេហៅកន្លែងនោះថា “បៀរសេបា” ដ្បិតនៅកន្លែងនោះហើយ ដែលគាត់ទាំងពីរបានស្បថនឹងគ្នា ទៅវិញទៅមក។ 32ដូច្នេះ អ្នកទាំងពីរបានចងសម្ពន្ធមេត្រីជាមួយគ្នានៅបៀរសេបា។ រួចហើយស្តេចអប៊ីម៉ាឡិចក៏ចេញដំណើរជាមួយភីកុល មេទ័ពរបស់ស្តេច វិលត្រឡប់ទៅស្រុកភីលីស្ទីនវិញ។ 33អ៊ីព្រហ៊ីមបានដាំដើមអំពិលមួយដើមនៅបៀរសេបា ហើយគាត់គោរពបម្រើអុលឡោះដ៏នៅអស់កល្បជានិច្ច ដោយហៅថា អុលឡោះតាអាឡា។ 34អ៊ីព្រហ៊ីមស្នាក់នៅស្រុកភីលីស្ទីន អស់រយៈពេលយ៉ាងយូរ។
Nke Ahọpụtara Ugbu A:
កំណើតពិភពលោក 21: អគត
Mee ka ọ bụrụ isi
Kesaa
Mapịa

Ịchọrọ ka echekwaara gị ihe ndị gasị ị mere ka ha pụta ìhè ná ngwaọrụ gị niile? Debanye aha gị ma ọ bụ mee mbanye
© 2014 United Bible Societies, UK.