ម៉ាថាយ 17
17
សិរីល្អរបស់ព្រះយេស៊ូវ
(ម៉ាកុស ៩.២-៨ លូកា ៩.២៨-៣៦)
1ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូវយកពេត្រុស យ៉ាកុប និងយ៉ូហាន ជាប្អូនយ៉ាកុប ទៅជាមួយព្រះអង្គ ហើយនាំគេឡើងទៅលើភ្នំមួយខ្ពស់ដាច់ឡែកពីគេ។ 2ពេលនោះ ព្រះអង្គបានផ្លាស់ប្រែនៅមុខអ្នកទាំងនោះ ព្រះភក្ត្ររបស់ព្រះអង្គចាំងភ្លឺដូចថ្ងៃ ហើយព្រះពស្ត្រព្រះអង្គត្រឡប់ជាសដូចពន្លឺ។ 3រំពេចនោះ គេឃើញលោកម៉ូសេ និងលោកអេលីយ៉ា លេចមក កំពុងតែសន្ទនាជាមួយព្រះអង្គ។ 4ពេត្រុសទូលព្រះយេស៊ូវថា៖ «ព្រះអម្ចាស់ ល្អណាស់ដែលយើងខ្ញុំបាននៅទីនេះ បើព្រះអង្គសព្វព្រះហឫទ័យ ទូលបង្គំនឹងធ្វើត្រសាលបីនៅទីនេះ គឺមួយសម្រាប់ព្រះអង្គ មួយសម្រាប់លោកម៉ូសេ ហើយមួយសម្រាប់លោកអេលីយ៉ា»។ 5កាលលោកកំពុងតែមានប្រសាសន៍នៅឡើយ ស្រាប់តែមានពពកមួយផ្ទាំងដ៏ភ្លឺមកគ្របបាំងពួកគេ ហើយមានសំឡេងមួយចេញពីពពកនោះថា៖ «នេះជាកូនស្ងួនភ្ងារបស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់ ចូរស្តាប់ព្រះអង្គចុះ!» 6ពេលពួកសិស្សឮដូច្នោះ គេក៏ក្រាបចុះមុខដល់ដី ទាំងតក់ស្លុតជាខ្លាំង។ 7ប៉ុន្តែ ព្រះយេស៊ូវយាងទៅជិត ហើយពាល់គេ ទាំងមានព្រះបន្ទូលថា៖ «ចូរក្រោកឡើង កុំខ្លាចអី!»។ 8កាលគេងើបមុខឡើង គេមិនឃើញអ្នកណាសោះ ឃើញតែព្រះយេស៊ូវមួយព្រះអង្គឯងប៉ុណ្ណោះ។
9ពេលគេកំពុងតែចុះពីភ្នំ ព្រះយេស៊ូវមានព្រះបន្ទូលហាមគេថា៖ «កុំប្រាប់ពីហេតុការណ៍ដែលអ្នកបានឃើញនេះដល់អ្នកណាឲ្យសោះ រហូតដល់កូនមនុស្សបានរស់ពីស្លាប់ឡើងវិញ»។ 10ពួកសិស្សទូលសួរព្រះអង្គថា៖ «ចុះហេតុអ្វីបានជាពួកអាចារ្យនិយាយថា លោកអេលីយ៉ាត្រូវមកមុនដូច្នេះ?» 11ព្រះអង្គមានព្រះបន្ទូលតបថា៖ «លោកអេលីយ៉ាមកមែន ដើម្បីតាំងការទាំងអស់ឡើងវិញ 12ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា លោកអេលីយ៉ាបានមកហើយ តែគេមិនបានស្គាល់លោកទេ គេប្រព្រឹត្តនឹងលោកតាមតែអំពើចិត្តរបស់គេ។ កូនមនុស្សក៏នឹងត្រូវរងទុក្ខដោយសារដៃរបស់គេដូច្នោះដែរ»។ 13ពេលនោះ ពួកសិស្សយល់ថា ព្រះអង្គមានព្រះបន្ទូលអំពីលោកយ៉ូហាន-បាទីស្ទ។
ព្រះយេស៊ូវដេញអារក្សចេញពីក្មេងម្នាក់
(ម៉ាកុស ៩.១៤-២៧ លូកា ៩.៣៧-៤៣)
14ពេលគេបានមកដល់បណ្ដាជនវិញ មានបុរសម្នាក់ចូលមកលុតជង្គង់នៅចំពោះព្រះអង្គទូលថា៖ 15«ព្រះអម្ចាស់អើយ! សូមទ្រង់ប្រោសមេត្តាដល់កូនប្រុសរបស់ទូលបង្គំផង ដ្បិតវាឆ្កួតជ្រូក ហើយវេទនាខ្លាំងណាស់។ វាដួលទៅក្នុងភ្លើង និងទៅក្នុងទឹកជាញឹកញាប់។ 16ទូលបង្គំបាននាំវាមកជួបពួកសិស្សរបស់ព្រះអង្គដែរ តែគេពុំអាចមើលឲ្យជាបានទេ»។ 17ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «ឱជំនាន់មនុស្សដែលមិនជឿ ហើយមានចិត្តវៀចអើយ! តើត្រូវឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើត្រូវឲ្យខ្ញុំទ្រាំជាមួយអ្នករាល់គ្នាដល់ពេលណា? ចូរនាំក្មេងនោះមកឲ្យខ្ញុំ»។ 18ព្រះយេស៊ូវបានបន្ទោសអារក្ស ហើយវាក៏ចេញពីក្មេងនោះទៅ រួចក្មេងនោះបានជាភ្លាមមួយរំពេច។
19ពេលនោះ ពួកសិស្សមកជិតព្រះយេស៊ូវដោយឡែក ហើយទូលសួរថា៖ «ហេតុអ្វីបានជាយើងខ្ញុំ ពុំអាចដេញអារក្សនោះបាន?» 20ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មកពីអ្នករាល់គ្នាមានជំនឿតិចពេក។ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជម៉្យាងដ៏ល្អិត នោះអ្នករាល់គ្នានឹងនិយាយទៅកាន់ភ្នំនេះថា "ចូររើចេញពីទីនេះ ទៅទីនោះទៅ!" នោះវានឹងរើចេញ ហើយគ្មានអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតនោះឡើយ។ 21[តែអារក្សប្រភេទនេះ អាចដេញវាចេញបាន ដោយការអធិស្ឋាន និងតមអាហារ]»។
ព្រះយេស៊ូវប្រកាសម្តងទៀតអំពីការសុគត និងការរស់ឡើងវិញរបស់ព្រះអង្គ។
(ម៉ាកុស ៩.៣០-៣២ លូកា ៩.៤៣-៤៥)
22កាលពួកសិស្សកំពុងនៅជុំគ្នាក្នុងស្រុកកាលីឡេ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «កូនមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងដៃរបស់មនុស្ស 23គេនឹងសម្លាប់លោក ហើយនៅថ្ងៃទីបី លោកនឹងរស់ឡើងវិញ»។ ពេលនោះ ពួកសិស្សព្រួយចិត្តជាខ្លាំង។
ព្រះយេស៊ូវ និងការបង់ពន្ធ
24កាលពួកគេមកដល់ក្រុងកាពើណិម ពួកអ្នកទារពន្ធសម្រាប់ព្រះវិហារចូលមកសួរពេត្រុសថា៖ «តើគ្រូរបស់អ្នកមិនបង់ពន្ធព្រះវិហារទេឬ?» 25លោកឆ្លើយថា៖ «បាទ លោកបង់!» កាលពេត្រុសបានមកដល់ផ្ទះ ព្រះយេស៊ូវមានព្រះបន្ទូលអំពីរឿងនេះជាមុន ដោយសួរថា៖ «ស៊ីម៉ូន តើអ្នកយល់យ៉ាងណា? តើស្តេចនៅលើផែនដី ហូតពន្ធ ឬសួយសារអាករពីអ្នកណា? ពីកូនចៅរបស់ខ្លួន ឬពីអ្នកដទៃ?» 26ហើយពេលពេត្រុសទូលឆ្លើយថា៖ «ពីអ្នកដទៃ» ព្រះយេស៊ូវក៏មានព្រះបន្ទូលទៅគាត់ថា៖ «ដូច្នេះ កូនចៅបានរួចហើយ។ 27ប៉ុន្តែ ដើម្បីកុំឲ្យគេទាស់ចិត្តដោយសារយើង ចូរទៅសមុទ្រ ហើយបោះសន្ទូច ចាប់យកត្រីដំបូងដែលជាប់សន្ទូច មកបើកមាត់វា នោះអ្នកនឹងឃើញកាក់មួយ ចូរយកកាក់នោះទៅបង់សម្រាប់ខ្ញុំ និងអ្នកទៅ»។
Chwazi Kounye ya:
ម៉ាថាយ 17: គកស១៦
Pati Souliye
Pataje
Kopye

Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte
© 2016 United Bible Societies