ជនគណនា 13
13
1នោះព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា 2ចូរចាត់មនុស្សឲ្យទៅសង្កេតមើលក្នុងស្រុកកាណាន ដែលអញឲ្យដល់ពួកកូនចៅអ៊ីស្រាអែលចុះ ត្រូវចាត់ម្នាក់ពីគ្រប់ទាំងពូជអំបូរនៃពួកឰយុកោ ដែលគ្រប់គ្នាជាកំពូលលើពួកខ្លួន 3រួចម៉ូសេក៏ចាត់ពួកនោះពីទីរហោស្ថានប៉ារ៉ានទៅតាមបង្គាប់ព្រះយេហូវ៉ា អ្នកទាំងនោះសុទ្ធតែជាមេលើពួកកូនចៅអ៊ីស្រាអែល 4ឯឈ្មោះរបស់គេ នោះគឺសាំមួរជាកូនសាគើរ ក្នុងពូជអំបូររូបេន១ 5សាផាតជាកូនហូរី ក្នុងពូជអំបូរស៊ីម្មាន១ 6កាលែបជាកូនយេភូនេ ក្នុងពូជអំបូរយូដា១ 7យីកាលជាកូនយ៉ូសែប ក្នុងពូជអំបូរអ៊ីសាខារ១ 8ហូសេជាកូននុន ក្នុងពូជអំបូរអេប្រាអិម១ 9ប៉ាលធីជាកូនរ៉ាភូរ ក្នុងពូជអំបូរបេនយ៉ាមីន១ 10កាឌាលជាកូនសូឌី ក្នុងពូជអំបូរសាប់យូល៉ូន១ 11កាឌីជាកូនស៊ូស៊ី ក្នុងពូជអំបូរយ៉ូសែប គឺក្នុងពូជអំបូរម៉ាន៉ាសេ១ 12អាំមាលជាកូនកេម៉ាលី ក្នុងពូជអំបូរដាន់១ 13សេធើរជាកូនមីកែល ក្នុងពូជអំបូរអេស៊ើរ១ 14ណាស់ប៊ីជាកូនវ៉ុបស៊ី ក្នុងពូជអំបូរណែបថាលី១ 15កេអួលជាកូនម៉ាគី ក្នុងពូជអំបូរកាឌ់១ 16នេះហើយជាឈ្មោះនៃពួកអ្នកដែលម៉ូសេបានចាត់ឲ្យទៅសង្កេតមើលក្នុងស្រុក ហើយម៉ូសេក៏ហៅហូសេ ជាកូននុនថា យ៉ូស្វេវិញ។
17ម៉ូសេចាត់អ្នកទាំងនោះឲ្យទៅសង្កេតមើលក្នុងស្រុកកាណាន ដោយពាក្យថា ត្រូវចូលទៅតាមផ្លូវពីខាងត្បូងនេះ ឡើងទៅឯស្រុកភ្នំ 18ហើយសង្កេតមើលស្រុកនោះ តើជាយ៉ាងណា ព្រមទាំងមនុស្សដែលនៅស្រុកនោះផង តើជាខ្លាំងឬខ្សោយ ច្រើនឬតិច 19ហើយស្រុកដែលគេនៅនោះ តើល្អ ឬអាក្រក់ នឹងទីលំនៅទាំងប៉ុន្មានរបស់គេ តើជាយ៉ាងណា សុទ្ធតែជារោងត្រសាល ឬជាទីក្រុងដ៏មាំមួន 20ហើយនឹងដីនៅស្រុកនោះ តើកើតផលជាបរិបូរឬគ្មាន មានព្រៃដែរឬទេ ចូរឲ្យឯងរាល់គ្នាមានចិត្តក្លាហាន ហើយនាំយកផលរបស់ស្រុកនោះមកវិញផង រីឯរដូវនោះ ជារដូវផ្លែទំពាំងបាយជូរជាដំបូង។
21ដូច្នេះគេក៏ឡើងទៅសង្កេតមើលក្នុងស្រុកនោះ ចាប់តាំងពីទីរហោស្ថានស៊ីន រហូតដល់ស្រុករេហុប ដែលនៅតាមផ្លូវទៅឯស្រុកហាម៉ាត 22គេឡើងពីខាងត្បូងទៅដល់ហេប្រុន នៅស្រុកនោះមានអ័ហ៊ីម៉ាន សេសាយ នឹងតាលម៉ាយ ជាកូនអ័ណាក់ (ឯក្រុងហេប្រុននេះ បានសង់៧ឆ្នាំមុនក្រុងសូអាន ដែលនៅស្រុកអេស៊ីព្ទ) 23រួចគេមកដល់ជ្រោះអែសកុល ហើយកាត់ផ្លែទំពាំងបាយជូរ១ចង្កោមសែងគ្នា២នាក់ ព្រមទាំងផ្លែទទឹម នឹងផ្លែល្វាផង 24គេហៅទីនោះថា ជ្រោះអែសកុល ដោយព្រោះចង្កោមទំពាំងបាយជូរ ដែលពួកកូនចៅអ៊ីស្រាអែលបានកាត់នៅទីនោះ 25រួចក្រោយមក៤០ថ្ងៃ គេក៏ត្រឡប់មកពីសង្កេតមើលស្រុកនោះវិញ។
26គេត្រឡប់មកដល់ម៉ូសេ នឹងអើរ៉ុន ព្រមទាំងពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា ត្រង់កាដេសក្នុងទីរហោស្ថានប៉ារ៉ាន ក៏ជូនដំណឹងដល់លោក នឹងពួកជំនុំទាំងអស់គ្នា ហើយបង្ហាញផលនៃស្រុកនោះផង 27គេជំរាបថា យើងខ្ញុំបានទៅដល់ស្រុកដែលលោកចាត់យើងខ្ញុំឲ្យទៅនោះ ស្រុកនោះមានទឹកដោះ នឹងទឹកឃ្មុំហូរហៀរជាប្រាកដមែន នេះនែ ផលរបស់ស្រុកនោះ 28ប៉ុន្តែ មនុស្សនៅស្រុកនោះ គេខ្លាំងពូកែណាស់ ទីក្រុងរបស់គេមានកំផែង ហើយក៏ធំណាស់ផង ១ទៀតយើងខ្ញុំបានឃើញកូនចៅអ័ណាក់ នៅស្រុកនោះដែរ 29សាសន៍អាម៉ាលេកគេនៅស្រុកខាងត្បូង ហើយសាសន៍ហេត សាសន៍យេប៊ូស នឹងសាសន៍អាម៉ូរីគេនៅស្រុកភ្នំ ឯខាងសមុទ្រ ហើយនៅមាត់ទន្លេយ័រដាន់ នោះមានសាសន៍កាណានវិញ។
30ឯកាលែប លោកឲ្យបណ្តាជននៅស្ងៀមចំពោះមុខម៉ូសេ រួចនិយាយថា ចូរយើងឡើងទៅចាប់យកស្រុកនោះជាប្រញាប់កុំខាន ដ្បិតយើងអាចនឹងយកបានដោយស្រួល 31ប៉ុន្តែមនុស្សដែលបានឡើងទៅជាមួយគ្នា គេប្រកែកថា យើងពុំអាចនឹងឡើងទៅទាស់នឹងគេបានទេ ដ្បិតគេខ្លាំងពូកែជាងយើងណាស់ 32អ្នកទាំងនោះក៏បង្កបង្កើតរឿងអាក្រក់ពីស្រុក ដែលគេបានសង្កេតមើលនោះ ដោយប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ស្រុកដែលយើងបានដើរកាត់ ហើយសង្កេតមើលនោះ ជាស្រុកដែលបង្ហិនបង្ហោចដល់ពួកអ្នកដែលអាស្រ័យនៅ ឯមនុស្សដែលយើងឃើញទាំងប៉ុន្មាន ក៏សុទ្ធតែមានមាឌធំៗ 33នៅស្រុកនោះយើងបានឃើញពួកមនុស្សធំសំបើម គឺជាកូនចៅអ័ណាក់ ដែលជាពូជមនុស្សមានមាឌធំសំបើម យើងមើលទៅខ្លួនយើងដូចជាកណ្តូប ទោះបើនៅភ្នែកគេក៏ដូច្នោះដែរ។
Chwazi Kounye ya:
ជនគណនា 13: ពគប
Pati Souliye
Pataje
Kopye
Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte
© BFBS/UBS 1954, 1962. All Rights Reserved.