យ៉ូហាន 20
20
1នៅថ្ងៃទី១ក្នុងអាទិត្យនោះ ម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នាងទៅឯផ្នូរពីព្រលឹម កាលកំពុងនៅងងឹតនៅឡើយ ក៏ឃើញថ្មបានយកចេញពីមាត់ផ្នូរហើយ 2នោះនាងរត់ទៅប្រាប់ដល់ស៊ីម៉ូន-ពេត្រុស នឹងសិស្ស១នោះដែលទ្រង់ស្រឡាញ់ថា គេបានយកព្រះអម្ចាស់ចេញពីផ្នូរហើយ យើងខ្ញុំមិនដឹងជាគេយកទៅទុកឯណាទេ 3នោះពេត្រុស នឹងសិស្ស១នោះ ក៏ចេញទៅឯផ្នូរ 4អ្នកទាំង២រត់ទៅជាមួយគ្នា តែសិស្ស១នោះរត់លឿនជាងពេត្រុស បានដល់ផ្នូរមុន 5រួចគាត់ឱនខ្លួនទៅមើល ឃើញមានតែសំពត់ស្នបនៅក្នុងនោះ តែគាត់មិនបានចូលទេ 6ឯស៊ីម៉ូន-ពេត្រុស ដែលមកតាមក្រោយ គាត់ក៏ចូលទៅក្នុងផ្នូរ ឃើញសំពត់ស្នបនៅក្នុងនោះដែរ 7ហើយឃើញកន្សែងដែលគ្របព្រះសិរទ្រង់ មិននៅជាមួយនឹងសំពត់ស្នបនោះទេ គឺបានបត់ដាក់នៅទីកន្លែងដោយខ្លួនវិញ 8សិស្សមួយនោះដែលមកដល់ផ្នូរមុន គាត់ក៏ចូលទៅឃើញដូច្នោះដែរ រួចគាត់ជឿ 9ដ្បិតគេមិនទាន់យល់បទគម្ពីរនៅឡើយ ដែលថា ទ្រង់ត្រូវរស់ពីស្លាប់ឡើងវិញ 10សិស្សទាំង២ក៏ត្រឡប់ទៅឯផ្ទះគេវិញ។
11ឯម៉ារា នាងឈរយំពីខាងក្រៅផ្នូរ ហើយកំពុងដែលនាងយំ នោះក៏ឱនខ្លួនមើលទៅក្នុងផ្នូរ 12ឃើញទេវតា២រូប ស្លៀកពាក់ស អង្គុយ១ខាងក្បាល ១ចុងជើង ត្រង់កន្លែងដែលបានផ្តេកព្រះសពព្រះយេស៊ូវ 13ទេវតានោះសួរថា នាងអើយ ហេតុអ្វីបានជាយំ នាងឆ្លើយថា ពីព្រោះគេបានយកព្រះអម្ចាស់ខ្ញុំទៅបាត់ ហើយខ្ញុំមិនដឹងជាគេទុកទ្រង់នៅឯណាទេ 14នាងនិយាយដូច្នោះ រួចបែរខ្លួនទៅក្រោយ ឃើញព្រះយេស៊ូវទ្រង់ឈរ តែមិនដឹងជាព្រះយេស៊ូវទេ 15ព្រះយេស៊ូវមានបន្ទូលថា នាងអើយ ហេតុអ្វីបានជាយំ នាងរកអ្នកណា ឯនាង ក៏ស្មានថាជាអ្នកថែច្បារ ទើបនិយាយទៅថា លោកនាយអើយ បើលោកបានយកព្រះសពចេញទៅឯណា នោះសូមប្រាប់ខ្ញុំ ឲ្យដឹងកន្លែងដែលបានទុកផង ខ្ញុំនឹងទៅនាំយកទៅ 16ព្រះយេស៊ូវមានបន្ទូលទៅនាងថា ម៉ារាអើយ នោះនាងបែរខ្លួនទៅទូលទ្រង់ ជាភាសាហេព្រើរថា រ៉ាបូនី ដែលស្រាយថា លោកគ្រូអើយ 17ព្រះយេស៊ូវមានបន្ទូលទៅនាងថា កុំពាល់ខ្ញុំ ព្រោះខ្ញុំមិនទាន់ឡើងទៅឯព្រះវរបិតាខ្ញុំនៅឡើយ ចូរនាងទៅឯពួកបងប្អូនខ្ញុំប្រាប់គេថា ខ្ញុំឡើងទៅឯព្រះវរបិតាខ្ញុំ ជាព្រះវរបិតានៃអ្នករាល់គ្នា គឺជាព្រះនៃខ្ញុំ ហើយជាព្រះនៃអ្នករាល់គ្នាដែរ 18នោះម៉ារា-ម៉ាក់ដាឡា ក៏នាំដំណឹងទៅប្រាប់ដល់ពួកសិស្សថា នាងបានឃើញព្រះអម្ចាស់ ហើយទ្រង់បានមានបន្ទូលសេចក្ដីទាំងនេះមកនាង។
19នៅថ្ងៃដំបូងក្នុងអាទិត្យនោះឯង លុះព្រលប់ហើយ កាលទ្វារទាំងអស់ នៅកន្លែងដែលពួកសិស្សប្រជុំគ្នា បានបិទ ដោយព្រោះខ្លាចសាសន៍យូដា នោះព្រះយេស៊ូវទ្រង់យាងមកឈរនៅកណ្តាលពួកសិស្ស មានបន្ទូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខចុះ 20កាលទ្រង់មានបន្ទូលដូច្នោះហើយ នោះក៏បង្ហាញព្រះហស្ត នឹងចំហៀងទ្រង់ឲ្យគេមើល ដូច្នេះពួកសិស្សមានចិត្តត្រេកអរ ដោយបានឃើញព្រះអម្ចាស់ 21រួចព្រះយេស៊ូវមានបន្ទូលទៅគេម្តងទៀតថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ត ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាព្រះវរបិតាបានចាត់ឲ្យខ្ញុំមកដែរ 22ទ្រង់មានបន្ទូលដូច្នោះ រួចក៏ផ្លុំលើគេទាំងមានបន្ទូលថា ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ 23បើអ្នករាល់គ្នានឹងអត់ទោសបាបដល់អ្នកណា នោះបាបគេនឹងបានអត់ទោសឲ្យ តែបើអ្នករាល់គ្នានឹងប្រកាន់ទោសបាបចំពោះអ្នកណា នោះបាបគេនឹងត្រូវប្រកាន់ជាប់វិញ។
24រីឯថូម៉ាស ជាម្នាក់ក្នុងពួក១២ ដែលគេហៅថា ឌីឌីម គាត់មិននៅជាមួយ ក្នុងកាលដែលព្រះយេស៊ូវយាងមកនោះទេ 25ដូច្នេះ ពួកសិស្សឯទៀតប្រាប់គាត់ថា យើងបានឃើញព្រះអម្ចាស់ តែគាត់ឆ្លើយថា បើខ្ញុំមិនឃើញស្នាមដែកគោលនៅព្រះហស្តទ្រង់ ទាំងលូកម្រាមទៅក្នុងស្នាមដែកគោលនោះ ហើយលូកដៃខ្ញុំទៅក្នុងចំហៀងទ្រង់ នោះខ្ញុំមិនព្រមជឿទេ 26ដល់៨ថ្ងៃក្រោយមក ពួកសិស្សទ្រង់នៅក្នុងផ្ទះម្តងទៀត ហើយថូម៉ាសក៏នៅជាមួយដែរ នោះព្រះយេស៊ូវទ្រង់យាងមក ឈរកណ្តាលពួកគេ ទាំងទ្វារនៅបិទ ហើយមានបន្ទូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ត 27រួចទ្រង់មានបន្ទូលទៅថូម៉ាសថា ចូរលូកម្រាមដៃអ្នកមក ស្ទាបមើលដៃខ្ញុំឯណេះ ហើយលូកដៃមកក្នុងចំហៀងខ្ញុំផង កុំឲ្យមានចិត្តមិនជឿឡើយ ត្រូវឲ្យជឿចុះ 28នោះថូម៉ាសទូលឆ្លើយថា ឱព្រះអម្ចាស់ទូលបង្គំ ឱព្រះនៃទូលបង្គំអើយ 29ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ថូម៉ាសអើយ អ្នកជឿដោយព្រោះបានឃើញខ្ញុំទេតើ មានពរហើយ អ្នកណាដែលជឿឥតឃើញសោះ។
30ព្រះយេស៊ូវក៏ធ្វើទីសំគាល់ជាច្រើនទៀត នៅមុខពួកសិស្សទ្រង់ ដែលមិនបានចែងទុកក្នុងសៀវភៅនេះទេ 31បានចែងទុកតែប៉ុណ្ណេះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះពិត ហើយឲ្យអ្នករាល់គ្នាបានជីវិត ដោយសារព្រះនាមទ្រង់ ដោយមានសេចក្ដីជំនឿ។
Chwazi Kounye ya:
យ៉ូហាន 20: ពគប
Pati Souliye
Pataje
Kopye
Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte
© BFBS/UBS 1954, 1962. All Rights Reserved.