និក្ខមនំ 27
27
1ត្រូវឲ្យធ្វើអាសនាពីឈើនាងនួន បណ្តោយ៥ហត្ថ ទទឹង៥ហត្ថ ៤ជ្រុងស្មើ ហើយកំពស់៣ហត្ថ 2ត្រូវធ្វើស្នែងជាប់នឹងអាសនាគ្រប់ទាំង៤ជ្រុង ហើយត្រូវស្រោបដោយលង្ហិន 3ត្រូវធ្វើប្រដាប់ដាក់ផេះ ចបចូក ផើង សម ហើយនឹងជើងក្រានសំរាប់អាសនា ឯប្រដាប់ទាំងនោះ ត្រូវធ្វើពីលង្ហិនទាំងអស់ 4ត្រូវធ្វើប្រទាសលង្ហិនខ្ទាស់ក្រឡាគ្នាសំរាប់អាសនាដែរ ហើយត្រូវធ្វើកងលង្ហិន៤ដាក់នៅគ្រប់ជ្រុងប្រទាស 5ត្រូវដាក់ប្រទាសពីខាងក្រោមគែមឲ្យជាប់ត្រង់ពាក់កណ្តាលកំពស់នៃអាសនា 6ត្រូវយកឈើនាងនួន ធ្វើជាឈើស្នែងសំរាប់សែងអាសនា ហើយស្រោបដោយលង្ហិនដែរ 7ត្រូវប្រហកឈើស្នែងនោះទៅក្នុងកង ឲ្យឈើស្នែងបានជាប់ទាំងសងខាងអាសនាសំរាប់សែងទៅ 8អាសនានោះត្រូវធ្វើពីក្តារឲ្យខូង ដូចជាបានបង្ហាញឲ្យឯងឃើញនៅលើភ្នំ។
9ត្រូវឲ្យធ្វើទីលាននៃរោងឧបោសថដែរ គឺខាងត្បូងត្រូវមានរនាំងធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ប្រវែង១រយហត្ថ សំរាប់បាំងទីលានខាងម្ខាងនោះ 10ហើយត្រូវមានសសរ២០ នឹងជើងលង្ហិន២០ ឯទំពក់សសរ នឹងគន្លឹះ នោះត្រូវធ្វើពីប្រាក់ 11នៅខាងជើង ត្រូវមានរនាំងប្រវែង១រយហត្ថ ហើយសសរ២០ នឹងជើងសសរលង្ហិន២០ដែរ ឯទំពក់សសរ នឹងគន្លឹះ ក៏ត្រូវធ្វើពីប្រាក់ដូចគ្នា 12នៅខាងលិច ទទឹងទីលាន នោះត្រូវមានរនាំងប្រវែង៥០ហត្ថ ហើយសសរ១០ នឹងជើង១០ 13ឯនៅខាងកើតទីលាន មានទទឹង៥០ហត្ថដែរ 14តែខាងម្ខាងត្រូវមានរនាំងប្រវែង១៥ហត្ថ នឹងសសរ៣ ហើយនឹងជើង៣ 15ឯម្ខាងទៀត នោះត្រូវមានរនាំងប្រវែង១៥ហត្ថ នឹងសសរ៣ ហើយនឹងជើង៣ដូចគ្នា 16ឯនៅមាត់ទ្វារទីលាន ត្រូវមានរនាំងប្រវែង២០ហត្ថ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយប៉ាក់ផង ព្រមទាំងសសរ៤ នឹងជើង៤ដែរ 17អស់ទាំងសសរនៅជុំវិញទីលាន នោះត្រូវមានគន្លឹះ នឹងទំពក់ធ្វើពីប្រាក់ ហើយនឹងជើងធ្វើពីលង្ហិន 18ទីលាននោះ ត្រូវឲ្យមានបណ្តោយ១រយហត្ថ នឹងទទឹង៥០ហត្ថស្មើគ្នារហូត ហើយកំពស់រនាំង៥ហត្ថ ឯរនាំងនោះ ត្រូវធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយជើងសសរទាំងប៉ុន្មានត្រូវធ្វើពីលង្ហិន 19អស់ទាំងប្រដាប់សំរាប់នឹងប្រើការក្នុងរោងឧបោសថ នឹងចំរ៉ឹងនៃរោងនោះ ហើយចំរ៉ឹងទីលាន នោះត្រូវធ្វើពីលង្ហិនទាំងអស់។
20ត្រូវឲ្យបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេយកប្រេងអូលីវសុទ្ធ ដែលធ្វើយ៉ាងសំរាំង សំរាប់នឹងដុតនៅចង្កៀងជាអចិន្ត្រៃយ៍ 21ឯចង្កៀងនោះ ត្រូវឲ្យអើរ៉ុន នឹងកូនលោកថែឲ្យឆេះនៅចំពោះព្រះយេហូវ៉ា ចាប់តាំងពីល្ងាចដល់ព្រឹក នៅខាងក្រៅវាំងននក្នុងត្រសាលជំនុំត្រង់មុខទីបន្ទាល់ នេះជាច្បាប់សំរាប់អស់កល្បជានិច្ច ដល់ពូជដំណនៃពួកកូនចៅអ៊ីស្រាអែលតរៀងទៅ។
Chwazi Kounye ya:
និក្ខមនំ 27: ពគប
Pati Souliye
Pataje
Kopye
Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte
© BFBS/UBS 1954, 1962. All Rights Reserved.