និក្ខមនំ 21
21
1នេះជាមាត្រាច្បាប់ទាំងប៉ុន្មាន ដែលឯងត្រូវយកទៅដាក់នៅមុខគេ។
2បើឯងទិញបាវជាសាសន៍ហេព្រើរ នោះវាត្រូវនៅបំរើតែ៦ឆ្នាំទេ លុះដល់ឆ្នាំទី៧ នោះនឹងរួចចេញទៅទទេឥតសងអ្វីឡើយ 3បើវាបានមកតែម្នាក់ឯង នោះនឹងចេញទៅតែម្នាក់ដែរ តែបើមានប្រពន្ធផង នោះប្រពន្ធនឹងចេញទៅជាមួយគ្នា 4បើប្រពន្ធនោះជាស្ត្រីដែលចៅហ្វាយបានឲ្យ ហើយនាងបានបង្កើតកូនប្រុសឬស្រីឲ្យវា នោះប្រពន្ធ នឹងកូនទាំងប៉ុន្មានជារបស់ផងចៅហ្វាយវាវិញ ឯវាត្រូវចេញទៅតែខ្លួនប៉ុណ្ណោះ 5តែបើបាវនោះនិយាយថា ខ្ញុំស្រឡាញ់ចៅហ្វាយខ្ញុំ នឹងប្រពន្ធកូនខ្ញុំណាស់ ខ្ញុំមិនចេញទៅទេ 6នោះចៅហ្វាយត្រូវនាំវាទៅឯចំពោះព្រះ រួចត្រូវនាំទៅឯទ្វារ ឬបង្គោលទ្វារណាក្តី ហើយយកដែកចោះមកចោះត្រចៀកវា ដូច្នេះ បាវនោះនឹងត្រូវនៅបំរើចៅហ្វាយជាដរាបទៅ។
7បើមនុស្សណាលក់កូនស្រី ឲ្យទៅធ្វើជាបាវបំរើគេ រូបកូននោះឯងនឹងចេញទៅដូចជាបាវប្រុសពុំបានទេ 8បើនាងមិនជាទីពេញចិត្ត ដល់ចៅហ្វាយដែលបានយកនាងហើយ នោះគាត់នឹងបើកឲ្យគេលោះនាងចេញបាន តែគ្មានច្បាប់នឹងលក់នាងឲ្យទៅអ្នកប្រទេសក្រៅណា ក្រោយដែលបានបញ្ឆោតនាងហើយនោះទេ 9តែបើគាត់បានយកមកបំរុងទុកឲ្យកូនប្រុសវិញ នោះត្រូវប្រព្រឹត្តនឹងនាងតាមធម្មតាច្បាប់ជាកូនស្រី 10បើបានយកសំរាប់ខ្លួនឯង រួចទៅយកប្រពន្ធ១ទៀត នោះមិនត្រូវបន្ថយអាហារ ឬសំលៀកបំពាក់ ឬច្បាប់ជាប្ដីចេញពីប្រពន្ធដើមសោះឡើយ 11តែបើសិនជាគាត់មិនធ្វើតាមសេចក្ដីទាំង៣ប្រការនេះដល់នាងទេ នោះនាងនឹងត្រូវចេញបានទទេ ឥតសងប្រាក់អ្វីឡើយ។
12អ្នកណាដែលវាយមនុស្សដល់ស្លាប់ នោះនឹងត្រូវសំឡាប់ចេញជាមិនខាន 13តែបើមិនបានលបវាយទេ គឺដោយព្រះបានឲ្យគេស្លាប់ ដោយសារដៃអ្នកនោះវិញ នោះអញនឹងតាំងឲ្យមានកន្លែង១ ដែលអ្នកនោះនឹងរត់ទៅទីពឹងបាន 14ប៉ុន្តែបើសិនជាអ្នកណាបានប្រព្រឹត្តដោយចិត្តព្រហើនចំពោះអ្នកជិតខាង ទាំងសំឡាប់ដោយឧបាយកល នោះទោះបើបានចូលទៅទីពឹងដល់អាសនាអញក៏ដោយ គង់តែត្រូវចាប់នាំចេញទៅសំឡាប់ដែរ។
15ឯអ្នកណាដែលវាយឪពុកឬម្តាយខ្លួន នោះត្រូវសំឡាប់ចោលជាមិនខាន 16ហើយអ្នកណាដែលចាប់មនុស្សយកទៅលក់ ឬទាន់ឃើញកំពុងនៅក្នុងដៃនៅឡើយ នោះត្រូវសំឡាប់ចោលជាមិនខាន 17ឯអ្នកណាដែលប្រទេចផ្តាសាដល់ឪពុកឬម្តាយខ្លួន នោះត្រូវសំឡាប់ចោលចេញជាមិនខានដែរ។
18បើអ្នកណាឈ្លោះគ្នា ហើយអ្នក១បានយកថ្មទៅគប់អ្នក១ ឬដាល់តប់គេ តែមិនបានស្លាប់ទេ គ្រាន់តែឈឺដល់ដេកនៅគ្រែប៉ុណ្ណោះ 19បើសិនជាអ្នករងគ្រោះនោះក្រោកកាន់ឈើច្រត់ដើរទៅក្រៅបាន នោះអ្នកដែលបានវាយនឹងបានរួច តែត្រូវសងបំពេញការគេ ហើយត្រូវមើលគេ ទាល់តែបានជាស្រឡះដែរ។
20បើអ្នកណាវាយបាវប្រុស ឬបាវស្រីខ្លួន ដោយដំបង ហើយបាវនោះស្លាប់នៅក្រោមដៃខ្លួនភ្លាម នោះត្រូវធ្វើទោសដល់ចៅហ្វាយជាមិនខាន 21ប៉ុន្តែបើបាវនោះរស់នៅបាន២ ឬ៣ថ្ងៃ នោះមិនត្រូវធ្វើទោសដល់ចៅហ្វាយទេ ដ្បិតបាវនោះជារបស់ទ្រព្យផងគេហើយ។
22បើអ្នកណាឈ្លោះគ្នា ហើយប៉ះទង្គិចលើស្ត្រីមានផ្ទៃពោះឲ្យរលូតកូន តែគ្មានគ្រោះថ្នាក់ទេ នោះត្រូវធ្វើទោសជាមិនខាន តាមបន្ទុកដែលប្ដីរបស់នាងផ្ទុកលើអ្នកនោះ ហើយត្រូវសងគេតាមដែលចៅក្រមកាត់សំរេចឲ្យ 23ប៉ុន្តែបើមានគ្រោះថ្នាក់ នោះត្រូវសងជីវិតឲ្យធួននឹងជីវិតវិញ 24ត្រូវសងភ្នែកឲ្យធួននឹងភ្នែក ធ្មេញឲ្យធួននឹងធ្មេញ ដៃឲ្យធួននឹងដៃ ជើងឲ្យធួននឹងជើង 25រលាកឲ្យធួននឹងរលាក របួសឲ្យធួននឹងរបួស ជាំឲ្យធួននឹងជាំដែរ។
26បើអ្នកណាវាយត្រូវភ្នែករបស់បាវប្រុសបាវស្រីខ្លួនឲ្យខ្វាក់ នោះត្រូវឲ្យវារួចចេញទៅទទេ ដោយព្រោះភ្នែក 27ហើយបើវាយបំបាក់ធ្មេញបាវប្រុសបាវស្រី នោះក៏ត្រូវឲ្យវារួចចេញទៅទទេដែរ ដោយព្រោះធ្មេញ។
28បើគោណាជល់មនុស្សប្រុសឬស្រី ដល់ស្លាប់ នោះត្រូវចោលគោនោះសំឡាប់នឹងថ្មជាមិនខាន ហើយមិនត្រូវទាំងស៊ីសាច់វាផង ឯម្ចាស់វាត្រូវរួចខ្លួនវិញ 29ប៉ុន្តែ បើពីដើមគោនោះធ្លាប់តែជល់គេ ក៏មានគេបានប្រាប់ដល់ម្ចាស់ហើយ តែម្ចាស់មិនបានឃុំឃាំងវា ហើយវាជល់មនុស្សប្រុស ឬស្រីឲ្យស្លាប់ទៅ នោះឯរូបគោ ត្រូវគេចោលសំឡាប់នឹងថ្ម ឯម្ចាស់ក៏ត្រូវស្លាប់ដែរ 30តែបើគេចាប់ឲ្យសងថ្លៃជំនួសជីវិតវិញ នោះក៏ត្រូវឲ្យម្ចាស់សងគេតាមដែលគេបង្គាប់ទាំងអស់ចុះ 31ទោះបើបានជល់ដល់កូនប្រុសឬកូនស្រីក្តី ក៏ត្រូវឲ្យជំនុំជំរះតាមច្បាប់នេះដែរ 32តែបើគោនោះបានជល់ដល់បាវប្រុសឬបាវស្រីគេវិញ នោះត្រូវសងតែប្រាក់៣០រៀលទៅចៅហ្វាយវាបានហើយ ឯរូបគោត្រូវចោលសំឡាប់នឹងថ្មទៅ។
33បើអ្នកណាបើកអណ្តូង ឬជីកអណ្តូង ហើយមិនបានគ្រប រួចមានគោ ឬលាធ្លាក់ចុះទៅក្នុងនោះ 34នោះម្ចាស់អណ្តូងត្រូវសងប្រាក់ដល់ម្ចាស់វាតាមដំឡៃសត្វ រួចសត្វស្លាប់នោះនឹងបានមកម្ចាស់អណ្តូងវិញ។
35បើគោរបស់អ្នកណាជល់គោគេឲ្យស្លាប់ នោះគេត្រូវលក់គោដែលនៅរស់ចែកប្រាក់គ្នា ហើយសាច់គោស្លាប់ក៏ត្រូវចែកគ្នាដែរ 36តែបើម្ចាស់ដឹងថា គោនោះធ្លាប់ជល់ពីដើមមក ហើយមិនបានបង្ខាំងទុក នោះត្រូវសងជាគោឲ្យធួននឹងគោជាមិនខាន រួចគោស្លាប់នឹងបានមកខ្លួនវិញ។
Chwazi Kounye ya:
និក្ខមនំ 21: ពគប
Pati Souliye
Pataje
Kopye
Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte
© BFBS/UBS 1954, 1962. All Rights Reserved.