និក្ខមនំ 27
27
អាសនាតង្វាយដុត
1ត្រូវធ្វើអាសនាពីឈើនាងនួន បណ្តោយប្រាំហត្ថ ទទឹងប្រាំហត្ថ បួនជ្រុងស្មើ ហើយកម្ពស់បីហត្ថ។ 2ត្រូវធ្វើស្នែងជាប់នឹងអាសនាគ្រប់ទាំងបួនជ្រុង ហើយត្រូវស្រោបដោយលង្ហិន។ 3ត្រូវធ្វើប្រដាប់ដាក់ផេះ ចបចូក ផើង សម និងជើងក្រានសម្រាប់អាសនា ឯគ្រឿងប្រដាប់ទាំងនោះ ត្រូវធ្វើពីលង្ហិនទាំងអស់។ 4ត្រូវធ្វើប្រទាសលង្ហិនខ្ទាស់ក្រឡាគ្នាសម្រាប់អាសនាដែរ ហើយត្រូវធ្វើកងលង្ហិនបួន ដាក់នៅតាមជ្រុងប្រទាសទាំងបួន។ 5ត្រូវដាក់ប្រទាសពីខាងក្រោមគែមឲ្យជាប់ត្រង់ពាក់កណ្ដាលកម្ពស់នៃអាសនា។ 6ត្រូវយកឈើនាងនួន ធ្វើជាឈើស្នែងសម្រាប់សែងអាសនា ហើយស្រោបដោយលង្ហិនដែរ។ 7ត្រូវស៊កឈើស្នែងនោះទៅក្នុងកង ដើម្បីឲ្យឈើស្នែងបានជាប់ទាំងសងខាងអាសនាសម្រាប់សែង។ 8អាសនានេះត្រូវធ្វើពីក្ដារ ឲ្យមានប្រហោងកណ្ដាល គឺត្រូវធ្វើដូច្នោះ ដូចបានបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ។
ទីលាន
9ត្រូវធ្វើទីលាននៃរោងឧបោសថដែរ គឺខាងត្បូងត្រូវមានរនាំងធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ប្រវែងមួយរយហត្ថ សម្រាប់បាំងទីលានម្ខាងនោះ 10រនាំងនោះមានសសរម្ភៃ និងជើងសសរម្ភៃ ត្រូវធ្វើពីលង្ហិន ឯតម្ពក់សសរ និងគន្លឹះ ត្រូវធ្វើពីប្រាក់។ 11នៅខាងជើង ត្រូវមានរនាំងប្រវែងមួយរយហត្ថ ហើយសសរម្ភៃ និងជើងសសរលង្ហិនម្ភៃដែរ ឯតម្ពក់សសរ និងគន្លឹះ ក៏ត្រូវធ្វើពីប្រាក់ដូចគ្នា។ 12ទទឹងទីលាននៅខាងលិច ត្រូវមានរនាំងប្រវែងហាសិបហត្ថ ហើយសសរដប់ និងជើងទ្រដប់។ 13ទទឹងទីលាននៅខាងមុខ ប៉ែកខាងកើត ត្រូវមានប្រវែងហាសិបហត្ថដូចគ្នា។ 14រនាំងម្ខាងត្រូវមានប្រវែងដប់ប្រាំហត្ថ សសរបី និងជើងទ្របី។ 15រីឯរនាំងម្ខាងទៀត ត្រូវមានប្រវែងដប់ប្រាំហត្ថ សសរបី និងជើងទ្របីដូចគ្នា។ 16នៅមាត់ទ្វារទីលាន ត្រូវមានរនាំងប្រវែងម្ភៃហត្ថ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយប៉ាក់ផង ព្រមទាំងសសរបួន និងជើងទ្របួនដែរ។ 17សសរទាំងអស់ដែលនៅជុំវិញទីលាន ត្រូវមានគន្លឹះ និងតម្ពក់ធ្វើពីប្រាក់ និងជើងទ្រធ្វើពីលង្ហិន។ 18ទីលាននោះ ត្រូវមានបណ្តោយមួយរយហត្ថ និងទទឹងហាសិបហត្ថស្មើគ្នា ហើយកម្ពស់រនាំងប្រាំហត្ថ រីឯរនាំងនោះ ត្រូវធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយជើងសសរទាំងប៉ុន្មានត្រូវធ្វើពីលង្ហិន។ 19គ្រឿងប្រដាប់ទាំងប៉ុន្មានសម្រាប់ប្រើប្រាស់ក្នុងរោងឧបោសថ ហើយចម្រឹងរោង និងចម្រឹងទីលាន ត្រូវធ្វើពីលង្ហិនទាំងអស់។
ប្រេងសម្រាប់ចង្កៀង
20ត្រូវបង្គាប់កូនចៅអ៊ីស្រាអែលឲ្យយកប្រេងអូលីវសុទ្ធដែលល្អបំផុត សម្រាប់ដុតឲ្យចង្កៀងភ្លឺជាអចិន្ត្រៃយ៍។ 21ចង្កៀងនោះ ត្រូវឲ្យអើរ៉ុន និងកូនរបស់គាត់មើលថែឲ្យឆេះជានិច្ចនៅចំពោះព្រះយេហូវ៉ា តាំងពីល្ងាចរហូតដល់ព្រឹក នៅខាងក្រៅវាំងននក្នុងត្រសាលជំនុំ ត្រង់មុខហិបនៃសេចក្ដីសញ្ញា ។ នេះជាច្បាប់អស់កល្បជានិច្ច ដែលកូនចៅអ៊ីស្រាអែលត្រូវកាន់តាម គ្រប់ជំនាន់តរៀងទៅ។
Επιλέχθηκαν προς το παρόν:
និក្ខមនំ 27: គកស១៦
Επισημάνσεις
Κοινοποίηση
Αντιγραφή
Θέλετε να αποθηκεύονται οι επισημάνσεις σας σε όλες τις συσκευές σας; Εγγραφείτε ή συνδεθείτε
© 2016 United Bible Societies