កំណើតពិភពលោក 33
33
ណាពីយ៉ាកកូប និងអេសាវជានាគ្នាវិញ
1យ៉ាកកូបងើបមុខឡើង ឃើញអេសាវមកដល់ ដោយមានគ្នាបួនរយនាក់មកជាមួយផង គាត់ក៏ចែកកូនឲ្យលេអា រ៉ាជែល និងស្ត្រីបម្រើទាំងពីរ។ 2គាត់ដាក់ស្ត្រីបម្រើទាំងពីរ និងកូនរបស់នាងឲ្យដើរមុខគេ បន្ទាប់មក លេអា និងកូនរបស់គាត់ ហើយរ៉ាជែល និងយូសុះ ដើរក្រោយគេ។ 3រីឯខ្លួនគាត់ផ្ទាល់ គាត់ដើរមុខគេបង្អស់ ហើយគាត់ក្រាបសំពះដល់ដីប្រាំពីរដង រហូតទៅជិតដល់អេសាវ។ 4អេសាវរត់មកជួបគាត់ រួចឱបគាត់ទៀតផង។ គាត់អោបកគាត់ ថើបគាត់ ហើយទាំងពីរនាក់ក៏នាំគ្នាយំ។ 5អេសាវងើបមុខឡើង ឃើញស្រីៗ និងក្មេងៗ គាត់សួរថា៖ «តើអស់អ្នកដែលនៅជាមួយប្អូននេះ ជានរណាដែរ?»។ យ៉ាកកូបឆ្លើយថា៖ «នេះជាកូនដែលអុលឡោះប្រោសប្រទានមកខ្ញុំ»។ 6ស្ត្រីបម្រើក៏នាំគ្នាចូលមកជាមួយកូនៗរបស់នាង រួចក្រាបសំពះអេសាវ។ 7លេអា និងកូនៗរបស់គាត់ក៏ចូលមកក្រាបសំពះ ហើយយូសុះ និងរ៉ាជែល នាំគ្នាចូលមកក្រាបសំពះដែរ។
8អេសាវពោលថា៖ «តើប្អូនមានបំណងយកហ្វូងសត្វទាំងប៉ុន្មាន ដែលបងបានជួបនោះ ទៅធ្វើអ្វី?»។ យ៉ាកកូបឆ្លើយថា៖ «ខ្ញុំយកមកជូនលោកបង ដើម្បីសុំលោកបងមេត្តាអធ្យាស្រ័យដល់ខ្ញុំ»។ 9អេសាវតបថា៖ «ប្អូនអើយ បងមានច្រើនបរិបូណ៌ហើយ ចូររក្សាទុកអ្វីៗដែលជារបស់ប្អូនទៅ»។ 10យ៉ាកកូបឆ្លើយវិញថា៖ «ទេ ប្រសិនបើលោកបងយល់អធ្យាស្រ័យដល់ខ្ញុំមែន សូមទទួលយកជំនូននេះ ពីដៃខ្ញុំផ្ទាល់ទៅ។ ពេលខ្ញុំឃើញមុខលោកបង ក៏ដូចជាបានឃើញមុខអុលឡោះដូច្នោះដែរ ព្រោះលោកបងបានទទួលខ្ញុំយ៉ាងរាក់ទាក់។ 11ដូច្នេះ សូមលោកបងទទួលយកជំនូន ដែលខ្ញុំជូននេះទៅ ដ្បិតអុលឡោះបានប្រទានពរដល់ខ្ញុំ ហើយឲ្យខ្ញុំមានសព្វគ្រប់ទាំងអស់»។ ដោយយ៉ាកកូបចេះតែបង្ខំខ្លាំងពេក អេសាវក៏យល់ព្រមទទួល។
12អេសាវពោលថា៖ «តោះ យើងចេញដំណើរទៅ បងនឹងទៅជាមួយប្អូន»។ 13យ៉ាកកូបតបវិញថា៖ «លោកបងដឹងស្រាប់ហើយ ថាធ្វើដំណើរជាមួយកូនក្មេងមិនស្រួលទេ ហើយខ្ញុំក៏មានចៀម និងគោដែលបំបៅកូនមកជាមួយដែរ។ បើយើងបង្ខំឲ្យដើរលឿនតែមួយថ្ងៃ ហ្វូងចៀមមុខជាត្រូវវិនាសអស់មិនខាន 14ដូច្នេះ សូមលោកបងអញ្ជើញទៅមុនខ្ញុំចុះ ខ្ញុំនឹងដើរសន្សឹមតាមក្រោយ ជាមួយហ្វូងសត្វ និងក្មេងៗរហូតទៅដល់ទីលំនៅរបស់លោកបង នៅស្រុកសៀរ»។ 15អេសាវពោលថា៖ «យ៉ាងហោចណាស់ក៏បងចង់ទុកគ្នាបងខ្លះ ឲ្យរួមដំណើរជាមួយប្អូនដែរ»។ យ៉ាកកូបតបថា៖ «មិនចាំបាច់ទេ លោកបងបានអធ្យាស្រ័យដល់រូបខ្ញុំតែប៉ុណ្ណេះ ក៏ល្មមហើយ»។ 16នៅថ្ងៃដដែលនោះ អេសាវវិលត្រឡប់ទៅស្រុកសៀរវិញ។ 17រីឯយ៉ាកកូប គាត់ចេញដំណើរឆ្ពោះទៅក្រុងស៊ូកូត។ គាត់បានសង់ផ្ទះមួយសម្រាប់គាត់ និងសង់រោងសម្រាប់ហ្វូងសត្វរបស់គាត់ដែរ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា ស៊ូកូត។
ណាពីយ៉ាកកូបតាំងទីលំនៅនៅជិតស៊ីគែម
18យ៉ាកកូបបានវិលពីស្រុកប៉ាដាន់-អើរ៉ាមវិញ មកដល់ក្រុងស៊ីគែម ក្នុងស្រុកកាណាន ដោយសុខសាន្ត ហើយគាត់ក៏បោះជំរំទល់មុខនឹងទីក្រុងនោះ។ 19គាត់បានទិញដីមួយកន្លែង ពីកូនចៅរបស់ហាម៉ោរ ដែលត្រូវជាឪពុករបស់ស៊ីគែម តម្លៃប្រាក់សុទ្ធមួយរយស្លឹង សម្រាប់បោះជំរំនោះ។ 20គាត់បានសង់អាសនៈមួយនៅទីនោះ ដែលគាត់ដាក់ឈ្មោះថា «អុលឡោះជាម្ចាស់របស់អ៊ីស្រអែល»។
Okuqokiwe okwamanje:
កំណើតពិភពលោក 33: អគត
Qhakambisa
Dlulisela
Kopisha

Ufuna ukuthi okuvelele kwakho kugcinwe kuwo wonke amadivayisi akho? Bhalisa noma ngena ngemvume
© 2014 United Bible Societies, UK.