សេរីភាព 26
26
ជំរំសក្ការៈ
1ចូរធ្វើជំរំសក្ការៈ ពីក្រណាត់ក្រាស់ដប់ផ្ទាំង ដែលត្បាញដោយអំបោះធ្មៃ លាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ។ ក្រណាត់ទាំងនោះ ត្រូវប៉ាក់លំអដោយរូបម៉ាឡាអ៊ីកាត់មានស្លាប។ 2ផ្ទាំងក្រណាត់ទាំងអស់ត្រូវមានទំហំប៉ុនៗគ្នា គឺបណ្តោយប្រវែងម្ភៃប្រាំបីហត្ថ ទទឹងបួនហត្ថ។ 3ត្រូវដេរក្រណាត់ប្រាំផ្ទាំងជាប់គ្នា ហើយក្រណាត់ប្រាំផ្ទាំងទៀតក៏ត្រូវដេរជាប់គ្នាដែរ។ 4ត្រូវយកអំបោះពណ៌ស្វាយវេញធ្វើខ្សែដែលមានរាងដូចកង ដេរភ្ជាប់តាមជាយម្ខាងរបស់ផ្ទាំងក្រណាត់ធំៗទាំងពីរ។ 5ត្រូវមានខ្សែកងចំនួនហាសិបនៅតាមជាយនៃផ្ទាំងធំនីមួយៗ ហើយខ្សែកងដែលស្ថិតនៅលើផ្ទាំងធំៗទាំងពីរនេះ ត្រូវនៅទន្ទឹមគ្នា។ 6ចូរធ្វើទំពក់មាសចំនួនហាសិប សម្រាប់ថ្ពក់ផ្ទាំងក្រណាត់ធំទាំងពីរជាប់គ្នា។ ដូច្នេះ មានក្រណាត់តែមួយផ្ទាំងធ្វើជាជំរំសក្ការៈ។
7បន្ទាប់មក ត្រូវត្បាញក្រណាត់ក្រាស់ដប់មួយផ្ទាំងអំពីរោមពពែ សម្រាប់គ្របពីលើជំរំសក្ការៈ។ 8ផ្ទាំងក្រណាត់ទាំងដប់មួយត្រូវមានទំហំប៉ុនៗគ្នា គឺបណ្តោយសាមសិបហត្ថ ទទឹងបួនហត្ថ។ 9មុនដំបូង ត្រូវយកក្រណាត់ប្រាំផ្ទាំងមកដេរភ្ជាប់គ្នា រួចទើបយកក្រណាត់ប្រាំមួយផ្ទាំងទៀត មកដេរភ្ជាប់គ្នាដែរ។ ផ្ទាំងទីប្រាំមួយត្រូវបត់ទម្លាក់ទៅខាងមុខជំរំ។ 10ចូរធ្វើខ្សែកងចំនួនហាសិប ដេរភ្ជាប់នៅជាយម្ខាងនៃផ្ទាំងក្រណាត់ធំៗទីពីរ។ 11ត្រូវធ្វើទំពក់លង្ហិនចំនួនហាសិប សម្រាប់ថ្ពក់ទៅក្នុងខ្សែកង ដើម្បីឲ្យបានទៅជាក្រណាត់តែមួយផ្ទាំង។ 12ក្រណាត់ដែលគ្របពីលើជំរំសក្ការៈនេះ ត្រូវមានទំហំវែងជាងជំរំសក្ការៈពាក់កណ្តាលផ្ទាំង ហើយសាច់ក្រណាត់ដែលលើសនេះ ត្រូវបត់ទម្លាក់ទៅខាងក្រោយជំរំសក្ការៈ។ 13រីឯក្រណាត់ដែលលើសមួយហត្ថទាំងសងខាងនៅតាមបណ្តោយផ្ទាំងធំ ត្រូវទម្លាក់ទៅសងខាងជំរំសក្ការៈ ដើម្បីបាំងជំរំសក្ការៈនេះ។ 14ត្រូវយកស្បែកពពែឈ្មោល ជ្រលក់ពណ៌ក្រហម គ្របពីលើផ្ទាំងក្រណាត់នោះ ហើយយកស្បែកផ្សោតមកគ្របពីលើថែមទៀត។
15ចូរយកឈើនាងនួនមកធ្វើជាស៊ុម សម្រាប់បញ្ឈរទ្រជំរំសក្ការៈនោះ 16ស៊ុមនីមួយៗត្រូវមានកំពស់ដប់ហត្ថ និងទទឹងមួយហត្ថកន្លះ។ 17នៅលើស៊ុមនីមួយៗ ត្រូវមានពន្លួញពីរស្របគ្នា។ 18ត្រូវធ្វើស៊ុមម្ភៃសម្រាប់ប៉ែកខាងត្បូងជំរំសក្ការៈ។ 19ត្រូវធ្វើជើងទ្រស៊ុមពីប្រាក់ ចំនួនសែសិប ដើម្បីទ្រស៊ុមទាំងម្ភៃនោះ គឺជើងទ្រពីរ នៅក្រោមស៊ុមមួយ ត្រង់កន្លែងដែលមានពន្លួញទាំងពីរ។ 20នៅប៉ែកខាងជើងជំរំសក្ការៈត្រូវធ្វើស៊ុមចំនួនម្ភៃ 21និងជើងទ្រស៊ុមពីប្រាក់ ចំនួនសែសិប គឺជើងទ្រពីរ សម្រាប់ស៊ុមមួយ។ 22នៅខាងក្រោយជំរំសក្ការៈ គឺប៉ែកខាងលិចត្រូវធ្វើស៊ុមចំនួនប្រាំមួយ។ 23ត្រូវធ្វើស៊ុមពីរទៀត សម្រាប់ជ្រុងខាងក្រោយជំរំ។ 24ស៊ុមនៅជ្រុងទាំងពីរនេះមានទ្រង់ទ្រាយដូចគ្នា គឺផ្នែកខាងក្រោម មានទទឹងធម្មតា តែនៅផ្នែកខាងលើភ្ជាប់គ្នាដោយសារកងមួយ។ 25ដូច្នេះ នៅប៉ែកខាងក្រោយមានស៊ុមចំនួនប្រាំបី និងជើងទ្រធ្វើពីប្រាក់ចំនួនដប់ប្រាំមួយ គឺជើងទ្រពីរ សម្រាប់ស៊ុមនីមួយៗ។ 26ត្រូវយកឈើនាងនួនមកធ្វើជាឈើទទឹងចំនួនប្រាំ សម្រាប់បញ្ឈរស៊ុមនៅប៉ែកទីមួយរបស់ជំរំសក្ការៈ 27ឈើទទឹងប្រាំ សម្រាប់ប៉ែកទីពីរនៃជំរំ ហើយឈើទទឹងប្រាំទៀត សម្រាប់ប៉ែកខាងលិចនៃជំរំសក្ការៈ។ 28ឈើទទឹងដែលនៅកណ្តាល ត្រូវតែដាក់ចំពាក់កណ្តាលស៊ុមទាំងអស់ ចាប់ពីចុងម្ខាងទៅចុងម្ខាងទៀតនៃជំរំសក្ការៈ។ 29ត្រូវយកមាសស្រោបស៊ុមទាំងអស់ ព្រមទាំងធ្វើកងមាសសម្រាប់ស៊កឈើទទឹង ហើយឈើទទឹងនោះក៏ត្រូវស្រោបមាសដែរ។ 30ចូរដំឡើងជំរំសក្ការៈតាមគំរូ ដែលយើងបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ។
31ចូរធ្វើវាំងននមួយ ត្បាញដោយអំបោះធ្មៃដែលលាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ។ វាំងនននេះត្រូវតែប៉ាក់លំអដោយរូបម៉ាឡាអ៊ីកាត់មានស្លាប។ 32ត្រូវថ្ពក់វាំងនននេះទៅនឹងបង្គោលបួន ដែលធ្វើពីឈើនាងនួនស្រោបមាស ដែលបញ្ឈរនៅលើជើងទ្របួនធ្វើអំពីប្រាក់ រីឯទំពក់ក៏ត្រូវធ្វើពីមាសដែរ។ 33ត្រូវយកទំពក់ទាំងនោះមកថ្ពក់វាំងនន រួចយកហិបដែលដាក់បន្ទះថ្មនៃសន្ធិសញ្ញាទៅដាក់នៅខាងក្រោយវាំងនន។ វាំងនននេះខណ្ឌទីសក្ការៈ និងទីសក្ការៈបំផុត ឲ្យនៅដាច់ពីគ្នា។ 34បន្ទាប់មក ត្រូវយកគំរបមកគ្រប លើហិបដែលដាក់បន្ទះថ្មនៃសន្ធិសញ្ញា នៅក្នុងទីសក្ការៈបំផុត។ 35ត្រូវដាក់តុនៅខាងមុខវាំងនន ប៉ែកខាងជើង ហើយដាក់ជើងចង្កៀងនៅចំពីមុខតុ គឺនៅប៉ែកខាងត្បូង។
36រីឯទ្វារចូលជំរំសក្ការៈត្រូវត្បាញវាំងននមួយទៀតពីអំបោះធ្មៃ លាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ។ វាំងនននេះត្រូវប៉ាក់ក្បាច់លំអដែរ។ 37ត្រូវយកឈើនាងនួនមកធ្វើសសរប្រាំដើម រួចស្រោបមាសទៀតផង។ ត្រូវថ្ពក់វាំងននភ្ជាប់ទៅនឹងសសរទាំងនោះ ដោយទំពក់មាស។ ត្រូវយកលង្ហិនធ្វើជើងទ្រ ចំនួនប្រាំ សម្រាប់ទ្រសសរទាំងនោះ។
Àwon tá yàn lọ́wọ́lọ́wọ́ báyìí:
សេរីភាព 26: អគត
Ìsàmì-sí
Pín
Daako

Ṣé o fẹ́ fi àwọn ohun pàtàkì pamọ́ sórí gbogbo àwọn ẹ̀rọ rẹ? Wọlé pẹ̀lú àkántì tuntun tàbí wọlé pẹ̀lú àkántì tí tẹ́lẹ̀
© 2014 United Bible Societies, UK.