និក្ខមនំ 18
18
លោកយេត្រូមកសួរសុខទុក្ខលោកម៉ូសេ
1លោកយេត្រូជាបូជាចារ្យនៅស្រុកម៉ាឌាន ហើយត្រូវជាឪពុកក្មេករបស់លោកម៉ូសេ ឮគេនិយាយពីកិច្ចការទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានធ្វើចំពោះលោកម៉ូសេ និងអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់ព្រះអង្គ គឺព្រះអម្ចាស់បាននាំពួកគេចេញពីស្រុកអេស៊ីប។
2 #
នក. ២.២១-២២
លោកយេត្រូ ជាឪពុកក្មេក ក៏នាំលោកស្រីសេផូរ៉ា ជាភរិយារបស់លោកម៉ូសេ ដែលលោកម៉ូសេបានឲ្យត្រឡប់ទៅស្រុកវិញ 3#កក. ៧.២៩ព្រមទាំងកូនប្រុសរបស់លោកទាំងពីរនាក់មកជាមួយដែរ។ កូនប្រុសច្បងឈ្មោះ គើសម ដ្បិតលោកម៉ូសេគិតថា ខ្ញុំជាជនបរទេសដែលរស់នៅក្នុងស្រុកដទៃ។ 4ចំណែកកូនប្អូន មានឈ្មោះថាអេលាស៊ើរ ដ្បិតលោកម៉ូសេគិតថា ព្រះរបស់ឪពុកខ្ញុំបានជួយខ្ញុំ ព្រះអង្គបានការពារខ្ញុំឲ្យរួចពីមុខដាវរបស់ស្ដេចផារ៉ោន។ 5លោកយេត្រូជាឪពុកក្មេករបស់លោកម៉ូសេ បានធ្វើដំណើរជាមួយកូនប្រុសទាំងពីរ និងភរិយារបស់លោកម៉ូសេ ដើម្បីមកជួបលោកម៉ូសេនៅវាលរហោស្ថាន ត្រង់កន្លែងដែលលោកបោះជំរំ នៅភ្នំរបស់ព្រះជាម្ចាស់។ 6លោកយេត្រូឲ្យគេមកប្រាប់លោកម៉ូសេថា៖ «ខ្ញុំជាឪពុកក្មេក បាននាំប្រពន្ធ និងកូនប្រុសទាំងពីរ មកជួបលោក»។ 7លោកម៉ូសេចេញទៅទទួលឪពុកក្មេក ទាំងក្រាបសំពះលោក ហើយថើបលោកទៀតផង។ ពួកគេសួរសុខទុក្ខគ្នា រួចចូលទៅក្នុងជំរំ។ 8លោកម៉ូសេរៀបរាប់ប្រាប់ឪពុកក្មេកអំពីហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានធ្វើចំពោះព្រះចៅផារ៉ោន និងជនជាតិអេស៊ីប ដើម្បីជួយអ៊ីស្រាអែល។ លោកក៏រៀបរាប់អំពីការដែលព្រះអម្ចាស់បានជួយប្រជាជនអ៊ីស្រាអែល ឲ្យរួចពីទុក្ខលំបាកទាំងប៉ុន្មាន ដែលពួកគេជួបប្រទះនៅតាមផ្លូវ។ 9លោកយេត្រូមានចិត្តរីករាយចំពោះការល្អទាំងប៉ុន្មានដែលព្រះអម្ចាស់បានធ្វើ ដើម្បីរំដោះអ៊ីស្រាអែលឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប។ 10លោកពោលថា៖ «សូមសរសើរតម្កើងព្រះអម្ចាស់ ដែលបានរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប និងស្ដេចផារ៉ោន។ 11ឥឡូវនេះ ខ្ញុំទទួលស្គាល់ថា ព្រះអម្ចាស់ ជាព្រះដ៏ធំឧត្ដមលើសព្រះទាំងអស់ គឺព្រះអង្គរំដោះជនជាតិអ៊ីស្រាអែល នៅពេលដែលជនជាតិអេស៊ីបជិះជាន់សង្កត់សង្កិន»។
12លោកយេត្រូ ជាឪពុកក្មេករបស់លោកម៉ូសេ យកតង្វាយដុតទាំងមូល* និងយញ្ញបូជាឯទៀតៗថ្វាយព្រះជាម្ចាស់។ លោកអើរ៉ុន និងព្រឹទ្ធាចារ្យអ៊ីស្រាអែលទាំងអស់ ក៏នាំគ្នាបរិភោគអាហារជាមួយឪពុកក្មេករបស់លោកម៉ូសេ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ដែរ។
លោកម៉ូសេតែងតាំងចៅក្រមសម្រាប់កាត់ក្ដី
13លុះស្អែកឡើង លោកម៉ូសេអង្គុយកាត់ក្ដីឲ្យប្រជាជន។ ប្រជាជននាំគ្នាឈរនៅមុខលោកតាំងពីព្រឹករហូតដល់ល្ងាច។ 14ឪពុកក្មេករបស់លោកម៉ូសេឃើញការទាំងអស់ ដែលលោកធ្វើចំពោះប្រជាជន គាត់ក៏ពោលថា៖ «ម្ដេចក៏កូនធ្វើដូច្នេះ? ហេតុអ្វីបានជាកូនអង្គុយកាត់ក្ដីតែម្នាក់ឯង ទុកឲ្យប្រជាជនឈរចាំនៅមុខកូន តាំងពីព្រឹកដល់ល្ងាចបែបនេះ?»។ 15លោកម៉ូសេតបទៅគាត់វិញថា៖ «ប្រជាជនទាំងនេះមករកខ្ញុំ ដើម្បីទូលសួរព្រះជាម្ចាស់។ 16នៅពេលមានវិវាទនឹងគ្នា ពួកគេមករកខ្ញុំ។ ខ្ញុំដោះស្រាយរឿងពួកគេ ហើយណែនាំពួកគេឲ្យស្គាល់ច្បាប់ និងក្រឹត្យវិន័យ*របស់ព្រះជាម្ចាស់»។ 17ឪពុកក្មេកមានប្រសាសន៍មកលោកម៉ូសេទៀតថា៖ «របៀបដែលកូនធ្វើនេះ មិនល្អទេ! 18ធ្វើដូច្នេះនាំឲ្យកូន និងប្រជាជនដែលនៅជាមួយនឿយហត់ទាំងអស់គ្នា។ ការងារនេះធ្ងន់ធ្ងរពេក កូនមិនអាចធ្វើតែម្នាក់ឯងទេ។ 19ឥឡូវនេះ ចូរស្ដាប់ដំបូន្មានរបស់ពុក ហើយសូមព្រះជាម្ចាស់គង់ជាមួយកូន! ចូរកូនធ្វើជាតំណាងរបស់ប្រជាជន នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ចូរយករឿងរ៉ាវរបស់ពួកគេទៅទូលថ្វាយព្រះអង្គ។ 20ចូរបង្រៀនពួកគេ អំពីច្បាប់ និងវិន័យទាំងឡាយ ហើយបង្ហាញមាគ៌ាដែលពួកគេត្រូវដើរតាម និងកិច្ចការដែលពួកគេត្រូវធ្វើ។ 21ត្រូវជ្រើសរើសមនុស្សដែលមានសមត្ថភាព ពីក្នុងចំណោមប្រជាជន ជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ ជាអ្នកគួរឲ្យទុកចិត្ត មិនចេះស៊ីសំណូក។ ចូរតែងតាំងពួកគេឲ្យធ្វើជាមេក្រុមលើមនុស្សមួយពាន់នាក់ មេក្រុមលើមនុស្សមួយរយនាក់ មេក្រុមលើមនុស្សហាសិបនាក់ និងមេក្រុមលើមនុស្សដប់នាក់។ 22អ្នកទាំងនោះត្រូវកាត់ក្ដីឲ្យប្រជាជនគ្រប់ពេលវេលា។ កិច្ចការណាសំខាន់ៗឲ្យពួកគេបញ្ជូនមកកូនចុះ រីឯកិច្ចការតូចតាច ទុកឲ្យពួកគេកាត់ក្ដីខ្លួនឯងទៅ។ ធ្វើដូច្នេះ កូនអាចសម្រាលការងារ ដោយឲ្យពួកគេជួយរំលែកបន្ទុករបស់កូន។ 23ប្រសិនបើកូនធ្វើបែបនេះ ហើយបើកូនធ្វើតាមបញ្ជារបស់ព្រះជាម្ចាស់ នោះកូននឹងមានកម្លាំងរឹងប៉ឹង រីឯប្រជាជនទាំងមូលក៏វិលត្រឡប់ទៅវិញ ដោយសុខសាន្តដែរ»។
24លោកម៉ូសេធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលឪពុកក្មេកទូន្មាន។ 25ក្នុងចំណោមជនជាតិអ៊ីស្រាអែលទាំងមូល លោកបានជ្រើសរើសមនុស្សមានសមត្ថភាព ហើយតែងតាំងពួកគេឲ្យទទួលខុសត្រូវលើប្រជាជន គឺឲ្យធ្វើជាមេក្រុមលើមនុស្សមួយពាន់នាក់ មេក្រុមលើមនុស្សមួយរយនាក់ មេក្រុមលើមនុស្សហាសិបនាក់ និងមេក្រុមលើមនុស្សដប់នាក់។ 26អ្នកទាំងនោះកាត់ក្ដីឲ្យប្រជាជនគ្រប់ពេលវេលា។ កិច្ចការណាសំខាន់ៗ ពួកគេបញ្ជូនមកលោកម៉ូសេ រីឯកិច្ចការតូចតាច ពួកគេកាត់ក្ដីខ្លួនឯង។ 27បន្ទាប់មក លោកម៉ូសេ និងឪពុកក្មេកលាគ្នា ហើយលោកយេត្រូវិលត្រឡប់ទៅស្រុករបស់គាត់វិញ។
Zvasarudzwa nguva ino
និក្ខមនំ 18: គខប
Sarudza vhesi
Pakurirana nevamwe
Sarudza zvinyorwa izvi
Unoda kuti zviratidziro zvako zvichengetedzwe pamidziyo yako yose? Nyoresa kana kuti pinda
Khmer Standard Version © 2005 United Bible Societies.