កំណើតពិភពលោក 50
50
ពិធីបញ្ចុះសពរបស់ណាពីយ៉ាកកូប
1យូសុះឱបឪពុក ហើយយំសម្រក់ទឹកភ្នែកលើមុខឪពុក ព្រមទាំងថើបគាត់ទៀតផង។ 2បន្ទាប់មក យូសុះបញ្ជាឲ្យគ្រូពេទ្យ ដែលនៅបម្រើគាត់ អប់សពឪពុក។ គ្រូពេទ្យក៏នាំគ្នាអប់សពអ៊ីស្រអែល។ 3គេត្រូវចំណាយពេលទាំងអស់សែសិបថ្ងៃ ដើម្បីធ្វើពិធីអប់សព។ ជនជាតិអេស៊ីបនាំគ្នាកាន់ទុក្ខយ៉ាកកូប អស់រយៈពេលចិតសិបថ្ងៃ។
4លុះផុតកំណត់ពេលកាន់ទុក្ខហើយ យូសុះនិយាយទៅកាន់ក្រុមមន្ត្រីរបស់ស្តេចហ្វៀរ៉អ៊ូនថា៖ «ប្រសិនបើអស់លោកយល់អធ្យាស្រ័យដល់ខ្ញុំមែន សូមយកពាក្យខ្ញុំទៅជម្រាបស្តេចដូចតទៅនេះ: 5ឪពុកខ្ញុំបានសុំឲ្យខ្ញុំស្បថថា “ពុកជិតស្លាប់ហើយ! កាលណាពុកស្លាប់កូនត្រូវបញ្ចុះសពពុកក្នុងផ្នូរ ដែលពុកបានរៀបចំទុកនៅស្រុកកាណាន”។ ដូច្នេះ ខ្ញុំសូមអនុញ្ញាតធ្វើដំណើរទៅបញ្ចុះសពឪពុក រួចហើយខ្ញុំវិលត្រឡប់មកវិញ»។
6ស្តេចហ្វៀរ៉អ៊ូនឆ្លើយតបមកវិញថា៖ «សុំអ្នកអញ្ជើញទៅបញ្ចុះសពឪពុករបស់អ្នក ដូចអ្នកបានស្បថជាមួយគាត់ចុះ»។ 7យូសុះក៏ធ្វើដំណើរទៅបញ្ចុះសពឪពុក ដោយមានក្រុមមន្ត្រីរបស់ស្តេចហ្វៀរ៉អ៊ូន ក្រុមអះលីជំអះនៃវាំង និងចាស់ទុំទាំងប៉ុន្មាននៅស្រុកអេស៊ីប ហែហមទៅជាមួយផង។ 8ក្រុមគ្រួសាររបស់យូសុះទាំងមូល បងប្អូន និងញាតិសន្តានឪពុករបស់គាត់ទាំងអស់ បានរួមដំណើរទៅជាមួយដែរ គឺទុកតែកូនចៅ និងហ្វូងចៀម ហ្វូងគោ ឲ្យនៅតំបន់កូសែន។ 9មានរទេះ មានទ័ពសេះធ្វើដំណើរទៅជាមួយយូសុះដែរ ធ្វើឲ្យក្បួនដង្ហែសពនោះ អធិកអធមក្រៃលែង។
10លុះមកដល់កន្លែងមួយឈ្មោះ អថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ គេក៏បានធ្វើពិធីបុណ្យបញ្ចុះសពយ៉ាងមហោឡារិកបំផុត។ យូសុះរំលឹកគុណឪពុក ដោយកាន់ទុក្ខអស់រយៈពេលប្រាំពីរថ្ងៃ។ 11ជនជាតិកាណានដែលរស់នៅស្រុកនោះ ឃើញមរណទុក្ខនៅអថាត់ដូច្នេះ ក៏នាំគ្នាពោលថា៖ «ជនជាតិអេស៊ីបកើតទុក្ខខ្លាំងណាស់ហ្ន៎!»។ ហេតុនេះហើយបានជាគេហៅកន្លែងដែលនៅខាងនាយទន្លេយ័រដាន់នោះថា “អេបិល-មីសរ៉ែម”។ 12កូនៗរបស់យ៉ាកកូបនាំគ្នាធ្វើតាមបណ្តាំរបស់ឪពុក 13គឺគេបានយកសពគាត់ទៅស្រុកកាណាន រួចបញ្ចុះក្នុងរូងភ្នំនៅចម្ការម៉ាកពេឡា ជាចម្ការដែលអ៊ីព្រហ៊ីមបានទិញពីអេប្រូន ជាជនជាតិហេត សម្រាប់ធ្វើជាកន្លែងបញ្ចុះសពនៅជិតម៉ាមរ៉េ។ 14ក្រោយពីបានបញ្ចុះសពឪពុករួចហើយ យូសុះវិលត្រឡប់ទៅស្រុកអេស៊ីបវិញជាមួយបងប្អូន និងអស់អ្នកដែលបានធ្វើដំណើរទៅបញ្ចុះសពឪពុកគាត់។
ណាពីយូសុះលើកទឹកចិត្តបងៗកុំឲ្យបារម្ភ
15កាលបងៗរបស់យូសុះឃើញឪពុករបស់គេស្លាប់ហើយ គេនិយាយគ្នាថា៖ «ប្រហែលជាយូសុះស្អប់យើង ព្រមទាំងសងសឹកនឹងអំពើអាក្រក់ ដែលយើងបានប្រព្រឹត្តចំពោះគេហើយ មើលទៅ!»។ 16ដូច្នេះ បងប្អូនបានឲ្យគេជម្រាបយូសុះដូចតទៅ៖ «មុននឹងស្លាប់ ឪពុកយើងបានផ្តាំថា: 17ចូរកូនៗប្រាប់យូសុះថា “កូនអើយចូរអត់ទោសឲ្យបងៗរបស់កូន ចំពោះអំពើអាក្រក់ និងអំពើបាបដែលគេបានប្រព្រឹត្តចំពោះកូនផង។ បងៗបានធ្វើបាបកូនយ៉ាងខ្លាំងមែន តែឥឡូវនេះ សូមកូនមេត្តាអត់ទោសឲ្យគេជាអ្នកបម្រើរបស់អុលឡោះដែលពុកគោរពនោះផងទៅ!»។ យូសុះឮដូច្នេះ គាត់ក៏យំ។ 18បងៗរបស់គាត់នាំគ្នាមកជួបគាត់ផ្ទាល់ ពួកគេក្រាបដល់ជើងគាត់ ហើយពោលថា៖ «យើងខ្ញុំសុខចិត្តធ្វើជាទាសកររបស់ប្អូន»។ 19យូសុះប្រាប់ទៅពួកគេថា៖ «សូមកុំព្រួយបារម្ភអ្វីឡើយ ប្អូនមិនវិនិច្ឆ័យជំនួសអុលឡោះទេ! 20បងៗបានឃុបឃិតគ្នាធ្វើបាបខ្ញុំ តែអុលឡោះបានធ្វើឲ្យការនោះ ប្រែទៅជាល្អ ដូចយើងឃើញសព្វថ្ងៃនេះស្រាប់ គឺទ្រង់បានសង្គ្រោះជីវិតប្រជាជនមួយដ៏ធំ។ 21ឥឡូវនេះ សូមបងៗកុំព្រួយបារម្ភអ្វី ខ្ញុំនឹងជួយទំនុកបំរុងបងៗ និងកូនចៅរបស់បងៗ»។ យូសុះបានលើកទឹកចិត្តបងៗ ដោយនិយាយជាមួយគេយ៉ាងស្និទ្ធស្នាល។
ណាពីយូសុះស្លាប់
22យូសុះ និងក្រុមគ្រួសារឪពុករបស់គាត់បានរស់នៅក្នុងស្រុកអេស៊ីប គាត់រស់បានមួយរយដប់ឆ្នាំ។ 23យូសុះបានឃើញកូនចៅរបស់អេប្រាអ៊ីមរហូតដល់ទៅបីតំណ ហើយគាត់ក៏បានឃើញកូនរបស់ម៉ាកៀរ ជាកូនរបស់ម៉ាណាសេ ដែលគាត់បានបីដាក់លើភ្លៅផងដែរ។ 24យូសុះប្រាប់ទៅបងៗរបស់គាត់ថា៖ «ខ្ញុំជិតស្លាប់ហើយ ក៏ប៉ុន្តែ អុលឡោះនឹងមកជួយអ្នករាល់គ្នាពុំខាន ហើយទ្រង់នឹងនាំអ្នករាល់គ្នាចាកចេញពីស្រុកនេះ ត្រឡប់ទៅកាន់ទឹកដីដែលទ្រង់សន្យា ថានឹងប្រទានឲ្យអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប»។ 25បន្ទាប់មក យូសុះឲ្យកូនចៅអ៊ីស្រអែលស្បថថា៖ «នៅពេលអុលឡោះមកជួយអ្នករាល់គ្នា អ្នករាល់គ្នា ត្រូវយកឆ្អឹងរបស់ខ្ញុំពីទីនេះ ទៅជាមួយផង»។
26យូសុះក៏ស្លាប់ក្នុងអាយុមួយរយដប់ឆ្នាំ។ គេបានអប់សពគាត់ ហើយដាក់ក្នុងក្តារមឈូសមួយនៅស្រុកអេស៊ីប។
Zvasarudzwa nguva ino
កំណើតពិភពលោក 50: អគត
Sarudza vhesi
Pakurirana nevamwe
Sarudza zvinyorwa izvi

Unoda kuti zviratidziro zvako zvichengetedzwe pamidziyo yako yose? Nyoresa kana kuti pinda
© 2014 United Bible Societies, UK.