កិច្ចការ 4
4
ពេត្រុស និងយ៉ូហាននៅមុខក្រុមប្រឹក្សាជាន់ខ្ពស់
1ពេត្រុស និងយ៉ូហានកំពុងតែមានប្រសាសន៍ទៅកាន់ប្រជាជននៅឡើយ ស្រាប់តែអ៊ីមុាំ មេកងរក្សាម៉ាស្ជិទ និងពួកខាងគណៈសាឌូស៊ីមកដល់។ 2ពួកគេទាស់ចិត្ដនឹងសាវ័កបង្រៀនប្រជាជន ទាំងប្រកាសថាមនុស្សស្លាប់នឹងរស់ឡើងវិញ ដោយសំអាងលើអ៊ីសាមានជីវិតរស់ឡើងវិញ។ 3ពួកគេនាំគ្នាចាប់សាវ័កទាំងពីរនាក់យកទៅឃុំ ទុករហូតដល់ថ្ងៃបន្ទាប់ ដ្បិតពេលនោះល្ងាចណាស់ហើយ។ 4ប៉ុន្ដែ ក្នុងចំណោមអស់អ្នកដែលបានឮបន្ទូលរបស់អុលឡោះ មានមនុស្សជាច្រើនជឿ ហើយចំនួនពួកគេបានកើនឡើង ប្រមាណប្រាំពាន់នាក់។
5លុះស្អែកឡើង ពួកមេដឹកនាំ ពួកអះលីជំអះ និងពួកតួនប្រជុំគ្នានៅក្រុងយេរូសាឡឹម 6ជាមួយមូស្ទីអាណ លោកកៃផាលោក យ៉ូហាន លោកអលេក្សានត្រុស និងក្រុមគ្រួសាររបស់អ៊ីមុាំទាំងអស់។ 7លោកទាំងនោះបានបញ្ជាឲ្យគេនាំពេត្រុស និងយ៉ូហានមកឈរនៅមុខអង្គប្រជុំរួចសួរថា៖ «អ្នកបានធ្វើការនេះសំអាងលើអំណាចអ្វី? ក្នុងនាមនរណា?»។ 8ពេលនោះ ពេត្រុសបានពោរពេញដោយរសអុលឡោះដ៏វិសុទ្ធ គាត់និយាយទៅគេថា៖ 9«សូមជម្រាបអស់លោកជាអ្នកដឹកនាំប្រជាជន និងអស់លោកអះលីជំអះ! ថ្ងៃនេះ អស់លោកសួរចម្លើយយើងខ្ញុំ ពីអំពើល្អដែលយើងខ្ញុំសង្គ្រោះអ្នកពិការឲ្យបានជា តាមរបៀបណានោះ។ 10សូមអស់លោក និងប្រជារាស្ដ្រអ៊ីស្រអែលទាំងមូលជ្រាបថា បុរសដែលឈរនៅមុខអស់លោកទាំងមានសុខភាពល្អនេះ បានជា ដោយសារនាមអ៊ីសាអាល់ម៉ាហ្សៀស ជាអ្នកភូមិណាសារ៉ែត ដែលអស់លោកបានឆ្កាង ហើយអុលឡោះបានប្រោសគាត់ឲ្យមានជីវិតរស់ឡើងវិញ។ 11អ៊ីសាហ្នឹងហើយជា “ថ្មដែលលោកទាំងអស់គ្នាជាជាងសំណង់បោះបង់ចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុតវិញ”។ 12ក្រៅពីអ៊ីសា គ្មាននរណាម្នាក់អាចសង្គ្រោះមនុស្សបានទាល់តែសោះ ដ្បិតនៅក្រោមមេឃនេះ អុលឡោះពុំបានប្រទាននាមណាមួយផ្សេងទៀតមកមនុស្ស ដើម្បីសង្គ្រោះយើងនោះឡើយ»។
13កាលក្រុមប្រឹក្សាជាន់ខ្ពស ឃើញពេត្រុស និងយ៉ូហាន មានចិត្ដអង់អាចដូច្នេះ គេងឿងឆ្ងល់ណាស់ ដ្បិតគេដឹងថា អ្នកទាំងពីរជាមនុស្សសាមញ្ញ ពុំដែលបានរៀនសូត្រ ហើយគេដឹងច្បាស់ថា អ្នកទាំងពីរធ្លាប់នៅជាមួយអ៊ីសា។ 14ប៉ុន្ដែ ពួកគេរកពាក្យឆ្លើយតបវិញមិនបានសោះ ព្រោះឃើញបុរសដែលបានជានោះឈរនៅជាមួយស្រាប់។ 15ពួកគេក៏បញ្ជាឲ្យអ្នកទាំងពីរចេញពីអង្គប្រជុំ ហើយពិគ្រោះគ្នាថា៖ 16«តើយើងគួរធ្វើអ្វីដល់អ្នកទាំងពីរនេះ? ដ្បិតអ្នកក្រុងយេរូសាឡឹមទាំងមូលដឹងច្បាស់ថា គេធ្វើទីសំគាល់អស្ចារ្យមួយដ៏វិសេស ដែលយើងមិនអាចបដិសេធបាន។ 17ដូច្នេះ តោងយើងហាមប្រាម និងគំរាមគេ កុំឲ្យប្រកាសប្រាប់នរណាអំពីឈ្មោះនោះតទៅទៀតឡើយ ដើម្បីកុំឲ្យរឿងនេះលេចឮខ្ចរខ្ចាយដល់ប្រជាជន»។ 18ក្រុមប្រឹក្សាក៏ហៅសាវ័កទាំងពីរមក ហើយហាមប្រាមមិនឲ្យនិយាយ និងបង្រៀនអំពីនាមអ៊ីសាជាដាច់ខាត។ 19ពេត្រុស និងយ៉ូហាន ឆ្លើយតបទៅគេវិញថា៖ «សូមអស់លោកពិចារណាមើល នៅចំពោះអុលឡោះ គួរឲ្យយើងខ្ញុំធ្វើតាមបង្គាប់អស់លោក ឬធ្វើតាមបង្គាប់របស់អុលឡោះ? 20យើងខ្ញុំឈប់និយាយអំពីហេតុការណ៍ដែលយើងខ្ញុំបានឃើញបានឮនោះពុំកើតទេ»។ 21ក្រុមប្រឹក្សាជាន់ខ្ពស់រកហេតុដើម្បីដាក់ទោសអ្នកទាំងពីរមិនបាន ក៏គំរាមសាជាថ្មីទៀត រួចដោះលែងឲ្យទៅវិញ ដ្បិតប្រជាជនលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ចំពោះហេតុការណ៍ដែលកើតមាននោះគ្រប់ៗគ្នា។ 22រីឯបុរសដែលបានជាដោយរបៀបអស្ចារ្យនោះ មានអាយុជាងសែសិបឆ្នាំហើយ។
ពួកសិស្សទូរអាអង្វរ
23ក្រោយពីបានរួចខ្លួនហើយ ពេត្រុស និងយ៉ូហាន នាំគ្នាទៅជួបពួកបងប្អូន រៀបរាប់អំពីសេចក្ដីទាំងប៉ុន្មានដែលពួកអ៊ីមុាំ និងពួកអះលីជំអះបាននិយាយ។ 24កាលពួកគេឮដូច្នោះ គេរួមចិត្ដគំនិតគ្នា ហើយបន្លឺសំឡេងសរសើរអុលឡោះថា៖ «ឱអុលឡោះជាចៅហ្វាយអើយ ទ្រង់បានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗសព្វសារពើនៅទីនោះ 25ទ្រង់មានបន្ទូល ដោយសាររសអុលឡោះដ៏វិសុទ្ធ តាមរយៈអ្នកបម្រើរបស់ទ្រង់ គឺទត ជាបុព្វបុរសយើងខ្ញុំថា៖
“ហេតុអ្វីបានជាជាតិសាសន៍ទាំងឡាយ នាំគ្នាបង្កើតកោលាហល
ហើយប្រជារាស្ត្រនានារអ៊ូរទាំ
ដោយឥតខ្លឹមសារយ៉ាងនេះ?
26 ពួកស្ដេចនៅលើផែនដីបានពួតដៃគ្នាបះបោរ
ហើយពួកអ្នកដឹកនាំឃុបឃិតគ្នា
ប្រឆាំងនឹងអុលឡោះតាអាឡា
ព្រមទាំងប្រឆាំងនឹងអាល់ម៉ាហ្សៀសរបស់ទ្រង់”។
27ប្រាកដមែន! នៅក្នុងក្រុងនេះ ស្ដេចហេរ៉ូដ និងលោកប៉ុនទាស-ពីឡាត់ បានរួមគ្នាប្រឆាំងនឹងអ៊ីសាជាអ្នកបម្រើដ៏វិសុទ្ធរបស់អុលឡោះ ដែលទ្រង់បានតែងតាំងទាំងមានសាសន៍ដទៃទៀត និងប្រជារាស្ដ្រអ៊ីស្រអែលសមគំនិតផង។ 28គេនាំគ្នាប្រព្រឹត្ដដូចអុលឡោះបានកំណត់ទុកជាមុន តាមអំណាច និងតាមតម្រិះរបស់ទ្រង់។ 29ឥឡូវនេះ ឱអុលឡោះជាអម្ចាស់អើយ សូមជ្រាបសេចក្ដីគំរាមរបស់ពួកគេ ហើយសូមប្រោសប្រទានឲ្យពួកអ្នកបម្រើទ្រង់ថ្លែងបន្ទូលរបស់ទ្រង់ដោយចិត្ដអង់អាចមោះមុតផង 30សូមសំដែងបារមីឲ្យអ្នកជំងឺបានជា ឲ្យមានទីសំគាល់ និងអំណាចកើតឡើង ក្នុងនាមអ៊ីសាជាអ្នកបម្រើដ៏វិសុទ្ធរបស់ទ្រង់»។
31កាលពួកគេសូមអង្វរអុលឡោះដូច្នោះរួចហើយ កន្លែងដែលគេជួបជុំគ្នានោះក៏រញ្ជួយ គេបានពោរពេញដោយរសអុលឡោះដ៏វិសុទ្ធទាំងអស់គ្នា ហើយនាំគ្នាថ្លែងបន្ទូលរបស់អុលឡោះ ដោយចិត្ដអង់អាច។
ក្រុមជំអះអ៊ីសារួមរស់ជាមួយគ្នា
32អ្នកជឿទាំងអំបាលម៉ានមានចិត្ដថ្លើមតែមួយ គ្មានអ្នកណាម្នាក់នឹកគិតថា ទ្រព្យសម្បត្តិដែលខ្លួនមានជារបស់ខ្លួនផ្ទាល់នោះឡើយ គឺគេយកមកដាក់ជាសម្បត្តិរួមទាំងអស់។ 33ក្រុមសាវ័កបានប្រកបដោយអំណាចដ៏ខ្លាំងក្លា ហើយនាំគ្នាផ្ដល់សក្ខីភាពអំពីអ៊ីសាជាអម្ចាស់រស់ឡើងវិញ។ អុលឡោះបានសំដែងចិត្តប្រណីសន្ដោសដ៏លើសលប់ ដល់ពួកគេទាំងអស់គ្នា។ 34ក្នុងចំណោមពួកគេគ្មាននរណាខ្វះខាតអ្វីឡើយ។ អស់អ្នកដែលមានដីធ្លី ឬផ្ទះសម្បែងនាំគ្នាលក់ដីធ្លី និងផ្ទះនោះ យកប្រាក់ 35មកជូនក្រុមសាវ័ក។ បន្ទាប់មកអ្នកជឿទាំងអស់គ្នាទទួលចំណែក តាមសេចក្ដីត្រូវការរៀងៗខ្លួន។
36មានបុរសម្នាក់ ឈ្មោះយ៉ូស្វេ ជាពួកលេវី ស្រុកកំណើតនៅកោះគីប្រុស ក្រុមសាវ័កបានដាក់ឈ្មោះគាត់ថា បារណាបាស ប្រែថា «អ្នកលើកទឹកចិត្ដគេ»។ 37គាត់បានលក់ចម្ការរបស់គាត់ ហើយយកប្រាក់មកជូនក្រុមសាវ័កដែរ។
Zvasarudzwa nguva ino
កិច្ចការ 4: អគត
Sarudza vhesi
Pakurirana nevamwe
Sarudza zvinyorwa izvi

Unoda kuti zviratidziro zvako zvichengetedzwe pamidziyo yako yose? Nyoresa kana kuti pinda
© 2014 United Bible Societies, UK.