រ៉ូម 2
2
ការវិនិច្ឆ័យត្រឹមត្រូវរបស់ព្រះជាម្ចាស់
1 #
មថ. ៧.១; លក. ៦.៣៧ ចំពោះអ្នក អ្នកថ្កោលទោសគេ ទោះបីអ្នកជានរណាក៏ដោយ ក៏អ្នកពុំអាចដោះសាខ្លួនបានដែរ។ ពេលណាអ្នកថ្កោលទោសគេ អ្នកក៏ដាក់ទោសខ្លួនឯង ព្រោះអ្នកថ្កោលទោសគេ តែអ្នកបានប្រព្រឹត្តដូចគេដែរ។ 2យើងដឹងថាព្រះជាម្ចាស់ទ្រង់វិនិច្ឆ័យទោសអ្នកដែលប្រព្រឹត្តដូច្នេះ គឺវិនិច្ឆ័យស្របតាមសេចក្ដីពិត។ 3រីឯអ្នក អ្នកថ្កោលទោសគេដែលប្រព្រឹត្តដូច្នេះ តែអ្នកប្រព្រឹត្តដូចគេដែរនោះ តើអ្នកនឹកស្មានថានឹងបានរួចខ្លួន ដោយព្រះជាម្ចាស់មិនវិនិច្ឆ័យទោសអ្នកឬ? 4ឬមួយអ្នកមើលងាយព្រះហឫទ័យសប្បុរស ព្រះហឫទ័យយោគយល់ និងព្រះហឫទ័យអត់ធ្មត់ដ៏ទូលំទូលាយរបស់ព្រះអង្គ! តើអ្នកមិនទទួលស្គាល់ថា ព្រះជាម្ចាស់មានព្រះហឫទ័យសប្បុរសដូច្នេះ ដើម្បីជំរុញអ្នកឲ្យកែប្រែចិត្តគំនិតទេឬ? 5ក៏ប៉ុន្តែ ដោយអ្នកមានចិត្តរឹងរូស មិនព្រមកែប្រែចិត្តគំនិតទេនោះ អ្នកកំពុងតែសន្សំទោស ទុកសម្រាប់ថ្ងៃព្រះជាម្ចាស់ទ្រង់ព្រះពិរោធ#២.៥ ពាក្យ«ព្រះពិរោធ» សូមអានសេចក្ដីពន្យល់នៅ រ៉ូម១.១៨។ ជាថ្ងៃដែលព្រះអង្គនឹងសម្តែងការវិនិច្ឆ័យទោសដោយយុត្តិធម៌ 6#ទំន. ៦២.១២, សុភ ២៤.១២គឺព្រះជាម្ចាស់នឹងប្រទានផលឲ្យម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។ 7ព្រះអង្គប្រទានជីវិតអស់កល្បជានិច្ចដល់អស់អ្នក ដែលព្យាយាមប្រព្រឹត្តអំពើល្អ ហើយស្វែងរកសិរីរុងរឿង កិត្តិយស និងអ្វីៗដែលមិនចេះសាបសូន្យ 8តែព្រះអង្គព្រះពិរោធ និងដាក់ទោសយ៉ាងធ្ងន់ចំពោះអស់អ្នក ដែលគិតតែឈ្លោះប្រកែក មិនព្រមស្ដាប់តាមសេចក្ដីពិត គឺបែរទៅស្ដាប់តាមសេចក្ដីទុច្ចរិតវិញ។ 9ទុក្ខលំបាក ការតប់ប្រមល់ អន្ទះអន្ទែង នឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ជាមិនខាន គឺមុនដំបូងដល់សាសន៍យូដា បន្ទាប់មក សាសន៍ក្រិក! 10រីឯសិរីរុងរឿង កិត្តិយស និងសេចក្ដីសុខសាន្ត នឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្តអំពើល្អវិញ មុនដំបូងដល់សាសន៍យូដា បន្ទាប់មក សាសន៍ក្រិក! 11#ទក. ១០.១៧ដ្បិតព្រះជាម្ចាស់មិនរើសមុខនរណាឡើយ។
12អស់អ្នកដែលប្រព្រឹត្តអំពើបាប ដោយមិនស្គាល់ក្រឹត្យវិន័យ*របស់លោកម៉ូសេ នឹងត្រូវវិនាសទាំងគ្មានក្រឹត្យវិន័យ។ រីឯអស់អ្នកដែលប្រព្រឹត្តអំពើបាប ដោយស្គាល់ក្រឹត្យវិន័យ គេនឹងត្រូវទទួលទោសស្របតាមក្រឹត្យវិន័យដែរ 13ដ្បិតមិនមែនអ្នកឮក្រឹត្យវិន័យប៉ុណ្ណោះទេ ដែលបានសុចរិត*នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ គឺអ្នកប្រតិបត្តិតាមគម្ពីរវិន័យវិញឯណោះ ដែលព្រះអង្គប្រោសឲ្យសុចរិត។ 14ពេលសាសន៍ដទៃដែលពុំស្គាល់ក្រឹត្យវិន័យ នាំគ្នាប្រតិបត្តិតាមសេចក្ដីដែលក្រឹត្យវិន័យចែងទុកដោយមិនដឹងខ្លួន គឺខ្លួនគេនោះហើយជាក្រឹត្យវិន័យ ទោះបីគេមិនស្គាល់ក្រឹត្យវិន័យក៏ដោយ។ 15ត្រង់នេះ គេបង្ហាញឲ្យឃើញថា កិច្ចការដែលគម្ពីរវិន័យចែងទុកឲ្យធ្វើនោះ មានចារឹកនៅក្នុងដួងចិត្តរបស់គេស្រាប់ហើយ។ មនសិការរបស់គេ ព្រមទាំងការរិះគិតរបស់គេ ដែលនាំឲ្យមានការចោទប្រកាន់ខ្លួន ឬដោះសាខ្លួន ក៏ផ្ដល់សក្ខីភាពអំពីការនេះដែរ។ 16ការនេះនឹងលេចមកឲ្យឃើញច្បាស់ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក គឺព្រះអង្គនឹងវិនិច្ឆ័យ តាមរយៈព្រះគ្រិស្តយេស៊ូ នូវអំពើដែលគេប្រព្រឹត្តដោយលាក់កំបាំង ស្របតាមដំណឹងល្អ*ដែលខ្ញុំផ្សព្វផ្សាយ។
សាសន៍យូដា និងក្រឹត្យវិន័យ
17ចំពោះអ្នកវិញ អ្នកមានឈ្មោះជាសាសន៍យូដា អ្នកពឹងផ្អែកលើក្រឹត្យវិន័យរបស់លោកម៉ូសេ ហើយអួតអាងខ្លួនថា ខ្លួនជិតស្និទ្ធនឹងព្រះជាម្ចាស់#២.១៧ ឃ្លាដើម «អួតបំប៉ោងខ្លួនក្នុងព្រះជាម្ចាស់»។ 18អ្នកស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ និងបានទទួលការអប់រំពីក្រឹត្យវិន័យ* ឲ្យចេះរិះគិតពិចារណាមើលថា ការណាសំខាន់ជាងគេ 19អ្នកជឿជាក់ថាខ្លួនជាអ្នកណែនាំមនុស្សខ្វាក់ ជាពន្លឺបំភ្លឺអ្នកដែលស្ថិតនៅក្នុងសេចក្ដីងងឹត 20ជាគ្រូអប់រំមនុស្សល្ងង់ ជាគ្រូបង្រៀនមនុស្សតូចតាច#២.២០ យើងអាចបកប្រែពាក្យនេះថា: ជាគ្រូបង្រៀនកូនក្មេង ឬជាគ្រូបង្រៀនមនុស្សអវិជ្ជាក៏បាន។ ព្រោះអ្នកជឿជាក់ថា ការស្គាល់ព្រះជាម្ចាស់ និងសេចក្ដីពិត សុទ្ធតែមានចែងនៅក្នុងក្រឹត្យវិន័យទាំងអស់។ 21អ្នកប្រៀនប្រដៅគេ ម្ដេចក៏អ្នកមិនប្រដៅខ្លួនឯងផង! អ្នកហាមគេមិនឲ្យលួច តែខ្លួនឯងក៏លួចគេដែរ! 22អ្នកប្រាប់គេមិនឲ្យប្រព្រឹត្តអំពើផិតក្បត់ តែខ្លួនឯងក៏ផិតក្បត់ដែរ! អ្នកថាខ្លួនស្អប់ខ្ពើមព្រះក្លែងក្លាយ តែអ្នកបែរជាប្លន់វិហាររបស់ព្រះទាំងនោះទៅវិញ!#២.២២ លោកប៉ូលប្រហែលជាចង់មានប្រសាសន៍អំពីការលួចរូបបដិមា ឬវត្ថុសក្ការៈផ្សេងៗយកទៅធ្វើជំនួញ គឺវត្ថុដែលសាសន៍ដទៃតម្កល់នៅក្នុងព្រះវិហារនៃព្រះរបស់គេ។ 23អ្នកអួតអាងលើក្រឹត្យវិន័យ តែអ្នកបែរជាបង្អាប់កិត្តិយសព្រះជាម្ចាស់ ដោយប្រព្រឹត្តល្មើសក្រឹត្យវិន័យ 24#អស. ៥២.៥ (LXX)ដូចមានចែងទុកមកថា «ព្រោះតែអ្នករាល់គ្នាបានជាសាសន៍ដទៃប្រមាថព្រះនាមរបស់ព្រះជាម្ចាស់»។
25ការកាត់ស្បែក*មានប្រយោជន៍ លុះត្រាតែអ្នកប្រតិបត្តិតាមក្រឹត្យវិន័យ ប៉ុន្តែ បើអ្នកប្រព្រឹត្តល្មើសក្រឹត្យវិន័យ ការកាត់ស្បែករបស់អ្នកទុកដូចជាមិនកាត់ទៅវិញ។ 26ប្រសិនបើមនុស្សមិនកាត់ស្បែកកាន់តាមបទបញ្ជារបស់ក្រឹត្យវិន័យ ព្រះជាម្ចាស់ក៏ចាត់ទុកគេដូចជាបានកាត់ស្បែកដែរ!។ 27ជនដែលមិនកាត់ស្បែកផ្នែកខាងរូបកាយ តែប្រតិបត្តិតាមក្រឹត្យវិន័យ គេមុខជាដាក់ទោសអ្នកមិនខាន ព្រោះអ្នកមានវិន័យសរសេរជាលាយលក្ខណ៍អក្សរ ហើយបានទទួលពិធីកាត់ស្បែក តែអ្នកបែរជាប្រព្រឹត្តល្មើសក្រឹត្យវិន័យ។ 28សាសន៍យូដាដ៏ពិតប្រាកដមិនស្ថិតនៅត្រង់សំបកក្រៅទេ រីឯការកាត់ស្បែកដ៏ពិតប្រាកដ ក៏មិនស្ថិតនៅត្រង់សញ្ញាលើរូបកាយនោះដែរ 29#ទក. ៣០.៦សាសន៍យូដាដ៏ពិតប្រាកដសំដៅទៅផ្នែកខាងក្នុងចិត្តឯណោះវិញ រីឯការកាត់ស្បែកដ៏ពិតប្រាកដក៏ស្ថិតនៅលើចិត្តដែរ គឺជាការកាត់ស្បែកស្របតាមព្រះវិញ្ញាណ មិនមែនតាមគម្ពីរវិន័យជាលាយលក្ខណ៍អក្សរនោះឡើយ។ សាសន៍យូដាប្រភេទនេះទទួលការកោតសរសើរពីព្រះជាម្ចាស់ មិនមែនពីសំណាក់មនុស្សទេ។
දැනට තෝරාගෙන ඇත:
រ៉ូម 2: គខប
සළකුණු කරන්න
බෙදාගන්න
පිටපත් කරන්න

ඔබගේ සියලු උපාංග හරහා ඔබගේ සළකුණු කල පද වෙත ප්රවේශ වීමට අවශ්යද? ලියාපදිංචි වී නව ගිණුමක් සාදන්න හෝ ඔබගේ ගිණුමට ඔබගේ ගිණුමට පිවිසෙන්න
Khmer Standard Version © 2005 United Bible Societies.