រ៉ូម 14
14
គ្រិស្តបរិស័ទត្រូវយល់អធ្យាស្រ័យគ្នា
1 #
កូឡ. ២.១៦
ចូរទទួលបងប្អូនណាដែលមានជំនឿទន់ខ្សោយដោយរាក់ទាក់ មិនត្រូវរិះគន់យោបល់របស់គេឡើយ។ 2បើមាននរណាម្នាក់ជឿថាខ្លួនមានសិទ្ធិបរិភោគអ្វីក៏បាន ហើយមានម្នាក់ទៀតដែលមានជំនឿទន់ខ្សោយ បរិភោគតែបន្លែ 3មិនត្រូវឲ្យអ្នកបរិភោគអ្វីក៏បាន មើលងាយអ្នកដែលមិនបរិភោគនោះឡើយ រីឯអ្នកដែលមិនបរិភោគ ក៏មិនត្រូវវិនិច្ឆ័យអ្នកបរិភោគ ដ្បិតព្រះជាម្ចាស់ទទួលអ្នកនោះដែរ។ 4តើអ្នកមានឋានៈអ្វីបានជាហ៊ានវិនិច្ឆ័យអ្នកបម្រើរបស់គេដូច្នេះ? អ្នកបម្រើនោះឈរក្ដី ដួលក្ដី ស្រេចតែនៅលើម្ចាស់របស់គាត់ទេ។ ប៉ុន្តែ អ្នកបម្រើនោះមុខជាឈរមាំមិនខាន ដ្បិតព្រះអម្ចាស់មានអំណាចជួយគាត់ឲ្យឈរបាន។
5មានម្នាក់យល់ថា ថ្ងៃមួយសំខាន់ជាងថ្ងៃមួយ តែម្នាក់ទៀតយល់ថា ថ្ងៃទាំងអស់សុទ្ធតែដូចគ្នា។ ម្នាក់ៗត្រូវយល់ឃើញតាមគំនិតរបស់ខ្លួនឲ្យបានដិតដល់ទៅ!។ 6ចំពោះអ្នកដែលប្រកាន់ថាមានថ្ងៃសំខាន់ ឬមិនសំខាន់នោះ គេប្រកាន់ដូច្នេះ ដើម្បីគោរពព្រះអម្ចាស់។ អ្នកដែលបរិភោគអ្វីទាំងអស់ គេបរិភោគ ដើម្បីគោរពព្រះអម្ចាស់ ដ្បិតគេអរព្រះគុណព្រះអង្គ។ អ្នកដែលមិនបរិភោគ គេមិនបរិភោគ ដើម្បីគោរពព្រះអម្ចាស់ ហើយគេក៏អរព្រះគុណព្រះអង្គដែរ 7ព្រោះក្នុងចំណោមបងប្អូន គ្មាននរណាម្នាក់រស់ ឬស្លាប់សម្រាប់ខ្លួនឯងឡើយ 8ដ្បិតបើយើងរស់ យើងរស់សម្រាប់ព្រះអម្ចាស់ ហើយបើយើងស្លាប់ ក៏ស្លាប់សម្រាប់ព្រះអម្ចាស់ដែរ។ ទោះបីយើងរស់ក្ដី ស្លាប់ក្ដី យើងថ្វាយខ្លួនទៅព្រះអម្ចាស់ជានិច្ច 9ដ្បិតព្រះគ្រិស្តបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ដើម្បីធ្វើជាព្រះអម្ចាស់ទាំងលើមនុស្សស្លាប់ទាំងលើមនុស្សរស់។ 10#២ករ. ៥.១០រីឯអ្នក ហេតុដូចម្ដេចបានជាអ្នកថ្កោលទោសបងប្អូនរបស់អ្នក? ហេតុដូចម្ដេចបានជាអ្នកមើលងាយបងប្អូនរបស់អ្នក? យើងទាំងអស់គ្នានឹងទៅឈរនៅមុខតុលាការរបស់ព្រះជាម្ចាស់ 11#អស. ៤៥.២៣ (LXX)ដ្បិតមានចែងទុកមកថា:
ព្រះអម្ចាស់មានព្រះបន្ទូលថា
ពិតដូចយើងមានជីវិតរស់យ៉ាងណា#១៤.១១ ក្នុងភាសាដើមមានលក្ខណៈជាពាក្យសម្បថ។
មនុស្សទាំងអស់ពិតជាលុតជង្គង់ថ្វាយបង្គំយើង
ហើយប្រកាសទទួលស្គាល់ព្រះជាម្ចាស់
យ៉ាងនោះដែរ#១៤.១១ ឃ្លាដើម «អណ្ដាតទាំងអស់នឹងប្រកាស» អេសាយ ៤៥.២៣, ៤៩.១៨។។
12ដូច្នេះ យើងត្រូវរៀបរាប់ទូលព្រះជាម្ចាស់នូវអំពើដែលខ្លួនយើងម្នាក់ៗបានប្រព្រឹត្ត។
កុំធ្វើឲ្យបងប្អូនបាត់បង់ជំនឿឡើយ
13ហេតុនេះហើយបានជាយើងត្រូវតែឈប់ថ្កោលទោសគ្នាទៅវិញទៅមក តែត្រូវប្ដេជ្ញាចិត្តថា មិនត្រូវធ្វើអ្វីដែលនាំឲ្យបងប្អូនជំពប់ដួល ឬរវាតចិត្តបាត់ជំនឿនោះឡើយ។ 14ដោយខ្ញុំរួមជាមួយព្រះអម្ចាស់យេស៊ូ ខ្ញុំដឹង ហើយជឿជាក់ថា គ្មានអ្វីមួយមិនបរិសុទ្ធ*ឯកឯងនោះទេ គឺទាល់តែមាននរណាម្នាក់ចាត់ទុកថាមិនបរិសុទ្ធ ទើបក្លាយទៅជាមិនបរិសុទ្ធ ចំពោះអ្នកដែលថានោះ។ 15ប្រសិនបើអ្នកនាំឲ្យបងប្អូនអ្នកពិបាកចិត្តព្រោះតែរឿងអាហារ នោះបានសេចក្ដីថា អ្នកមិនប្រព្រឹត្តតាមសេចក្ដីស្រឡាញ់ទៀតទេ។ មិនត្រូវយកអាហារមកធ្វើឲ្យនរណាម្នាក់វិនាសបាត់បង់ឲ្យសោះ ព្រោះព្រះគ្រិស្តបានសោយទិវង្គតសម្រាប់គេហើយ។ 16អ្វីៗដែលអ្នករាល់គ្នាយល់ថាល្អ មិនត្រូវទុកឲ្យគេមានឱកាសនិយាយនិន្ទាឡើយ 17ដ្បិតព្រះរាជ្យ*របស់ព្រះជាម្ចាស់មិនមែនអាស្រ័យនៅលើការស៊ីផឹកនោះទេ គឺអាស្រ័យនៅលើសេចក្ដីសុចរិត សេចក្ដីសុខសាន្ត និងអំណរដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។ 18អ្នកណាបម្រើព្រះគ្រិស្តរបៀបនេះ អ្នកនោះនឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយមនុស្សផងទាំងពួងក៏គោរពរាប់អានគេដែរ។ 19ដូច្នេះ យើងត្រូវស្វែងរកអ្វីដែលនាំឲ្យមានសេចក្ដីសុខ និងឲ្យមានការអប់រំគ្នាទៅវិញទៅមក។ 20មិនត្រូវបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់ ព្រោះតែរឿងអាហារនោះឡើយ។ តាមពិត អ្វីៗទាំងអស់សុទ្ធតែល្អបរិសុទ្ធ ក៏ប៉ុន្តែ បើយើងបរិភោគអ្វីមួយដែលបណ្ដាលឲ្យអ្នកផ្សេងជំពប់ចិត្ត បាត់ជំនឿនោះ គឺយើងបែរជាប្រព្រឹត្តការអាក្រក់ទៅវិញ។ 21ប្រសិនបើយើងមិនបរិភោគសាច់ មិនពិសាស្រា និងមិនប៉ះពាល់របស់ណាដែលធ្វើឲ្យបងប្អូនជំពប់ចិត្ត បាត់ជំនឿនោះ ជាការល្អប្រពៃហើយ។ 22អ្វីៗដែលអ្នកជឿថាត្រឹមត្រូវ ចូររក្សាទុកតែម្នាក់ឯងនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ទៅ។ អ្នកណាមិនដាក់ទោសខ្លួនឯង ចំពោះការយល់ឃើញរបស់ខ្លួន អ្នកនោះមានសុភមង្គលហើយ! 23ផ្ទុយទៅវិញ អ្នកណាមានចិត្តសង្ស័យពីអាហារដែលខ្លួនបរិភោគ អ្នកនោះមានទោសហើយ ព្រោះការយល់ឃើញរបស់គេនោះមិនមែនមកពីជំនឿទេ។ ការអ្វីដែលមិនមែនមកពីជំនឿ សុទ្ធតែជាអំពើបាបទាំងអស់។
දැනට තෝරාගෙන ඇත:
រ៉ូម 14: គខប
සළකුණු කරන්න
බෙදාගන්න
පිටපත් කරන්න

ඔබගේ සියලු උපාංග හරහා ඔබගේ සළකුණු කල පද වෙත ප්රවේශ වීමට අවශ්යද? ලියාපදිංචි වී නව ගිණුමක් සාදන්න හෝ ඔබගේ ගිණුමට ඔබගේ ගිණුමට පිවිසෙන්න
Khmer Standard Version © 2005 United Bible Societies.