YouVersion Logo
Search Icon

Search results for: ម៉ាថាយ 25:14-15

ម៉ាថាយ 25:14 (ពគប)

ដ្បិត​ដំណើរ​នេះ​បែប​ដូច​ជា​មនុស្ស​ម្នាក់ ដែល​រៀប​នឹង​ចេញ​ពី​ស្រុក​ទៅ គាត់​ហៅ​ពួក​បាវ​មក​ប្រគល់​របស់​ទ្រព្យ​ខ្លួន​ទុក​នឹង​គេ

ម៉ាថាយ 25:15 (ពគប)

បាន​ឲ្យ​ប្រាក់​ទៅ​ម្នាក់​៥​ពាន់ ម្នាក់​ទៀត​២​ពាន់ ហើយ​អ្នក​ទី​បី​១​ពាន់ គឺ​ឲ្យ​គ្រប់​គ្នា​តាម​ដំរិះ​គេ​រៀង​ខ្លួន រួច​ក៏​ចេញ​ទៅ

ម៉ាថាយ 25:1 (ពគប)

គ្រា​នោះ នគរ​ស្ថាន‌សួគ៌​នឹង​បាន​ដូច​ជា​ស្រី​ព្រហ្មចារី​១០​នាក់ ដែល​យក​ចង្កៀង​រៀង​ខ្លួន ចេញ​ទៅ​ទទួល​ប្ដី​ថ្មោង‌ថ្មី

ម៉ាថាយ 25:2 (ពគប)

ក្នុង​ពួក​នាង​ទាំង​នោះ មាន​៥​នាក់​មាន​គំនិត ហើយ​៥​នាក់​ល្ងង់

ម៉ាថាយ 25:3 (ពគប)

នាង​ល្ងង់​ទាំង​នោះ គេ​យក​តែ​ចង្កៀង​ទៅ តែ​មិន​បាន​យក​ប្រេង​ជាប់​នឹង​ខ្លួន​ផង​ទេ

ម៉ាថាយ 25:4 (ពគប)

ឯ​ពួក​នាង​មាន​គំនិត​វិញ គេ​បាន​យក​ទាំង​ចង្កៀង ហើយ​នឹង​ប្រេង​ដាក់​ក្នុង​ដប​ទៅ​ជា​មួយ​ផង

ម៉ាថាយ 25:5 (ពគប)

តែ​ដោយ​ព្រោះ​ប្ដី​ក្រ​មក​ពេក បាន​ជា​នាង​ទាំង​នោះ​ងោក‌ងុយ ហើយ​ដេក​លក់​ទៅ

ម៉ាថាយ 25:6 (ពគប)

លុះ​ដល់​កណ្តាល​អធ្រាត្រ ស្រាប់​តែ​ឮ​សូរ​សំរែក​ថា នែ ប្ដី​មក​ហើយ ចូរ​ចេញ​ទៅ​ទទួល​ចុះ

ម៉ាថាយ 25:7 (ពគប)

ស្រី​ព្រហ្មចារី​ទាំង‌ឡាយ​ក៏​ភ្ញាក់​ឡើង រៀបចំ​ចង្កៀង​រៀង​រាល់​ខ្លួន

ម៉ាថាយ 25:8 (ពគប)

ឯ​ពួក​នាង​ដែល​ល្ងង់ គេ​និយាយ​ទៅ​ពួក​នាង​មាន​គំនិត​ថា សូម​ចែក​ប្រេង​មក​ឲ្យ​យើង​ផង ព្រោះ​ចង្កៀង​យើង​ចង់​រលត់​ហើយ

ម៉ាថាយ 25:9 (ពគប)

តែ​ពួក​នាង​មាន​គំនិត​ឆ្លើយ​ឡើង​ថា ទេ ក្រែង​គ្មាន​ល្មម​ដល់​យើង ហើយ​នឹង​នាង​រាល់​គ្នា​ផង ស៊ូ​ទៅ​ឯ​ផ្ទះ​លក់​ប្រេង ទិញ​សំរាប់​ខ្លួន​វិញ​ទៅ

ម៉ាថាយ 25:10 (ពគប)

តែ​កំពុង​ដែល​នាង​ទាំង​នោះ​ទៅ​ទិញ ប្ដី​ក៏​មក​ដល់ ហើយ​ពួក​នាង​ដែល​បាន​បំរុង​ជា​ស្រេច ក៏​ចូល​ទៅ​ក្នុង​រោង​ការ​ជា​មួយ​គ្នា រួច​គេ​បិទ​ទ្វារ

ម៉ាថាយ 25:11 (ពគប)

ឯ​នាង​ព្រហ្មចារី​ឯ​ទៀត ក៏​មក​អង្វរ​ថា លោក​ម្ចាស់ៗ​អើយ សូម​បើក​ឲ្យ​យើង​ខ្ញុំ​ផង

ម៉ាថាយ 25:12 (ពគប)

តែ​គាត់​ឆ្លើយ​ថា ខ្ញុំ​ប្រាប់​នាង​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ស្គាល់​នាង​ទេ

ម៉ាថាយ 25:13 (ពគប)

ដូច្នេះ ចូរ​ចាំ​យាម​ចុះ ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ថ្ងៃ​ណា ឬ​ពេល​ណា​ដែល​កូន​មនុស្ស​ត្រូវ​មក​នោះ​ទេ។

ម៉ាថាយ 25:16 (ពគប)

នោះ​អ្នក​ដែល​ទទួល​៥​ពាន់ ក៏​យក​ប្រាក់​ទៅ​ជួញ​បាន​ចំណេញ​បាន​៥​ពាន់​ទៀត

ម៉ាថាយ 25:17 (ពគប)

ហើយ​អ្នក​ដែល​ទទួល​២​ពាន់ គាត់​ធ្វើ​ដូច្នោះ​ដែរ ក៏​បាន​ចំណេញ​២​ពាន់​ទៀត

ម៉ាថាយ 25:18 (ពគប)

តែ​ឯ​អ្នក​ដែល​ទទួល​តែ​១​ពាន់ វា​ទៅ​ជីក​ដី​កប់​ប្រាក់​របស់​ចៅហ្វាយ​វិញ

ម៉ាថាយ 25:19 (ពគប)

យូរ​ក្រោយ​មក ចៅហ្វាយ​របស់​បាវ​ទាំង​នោះ​ត្រឡប់​មក​វិញ គិត​បញ្ជី​នឹង​គេ

ម៉ាថាយ 25:20 (ពគប)

ចំណែក​អ្នក​ដែល​បាន​ទទួល​៥​ពាន់ ក៏​យក​៥​ពាន់​ទៀត​មក​ជំរាប​ចៅហ្វាយ​ថា លោក​ចៅហ្វាយ លោក​បាន​ប្រគល់​ប្រាក់​៥​ពាន់​មក​ខ្ញុំ មើល ខ្ញុំ​បាន​ចំណេញ​៥​ពាន់​ទៀត

ម៉ាថាយ 25:21 (ពគប)

ចៅហ្វាយ​និយាយ​ថា ប្រពៃ​ហើយ បាវ​ល្អ​ស្មោះ‌ត្រង់​អើយ ឯង​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ ដូច្នេះ អញ​នឹង​តាំង​ឲ្យ​ឯង​ត្រួត​លើ​របស់​ជា​ច្រើន​ទៅ​ទៀត ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្ដី​អំណរ​របស់​ចៅហ្វាយ​ឯង​ចុះ

ម៉ាថាយ 25:22 (ពគប)

កាល​អ្នក​ដែល​ទទួល​២​ពាន់​បាន​មក​ដល់ នោះ​ក៏​ជំរាប​ថា លោក​ចៅហ្វាយ លោក​បាន​ប្រគល់​២​ពាន់​មក​ខ្ញុំ មើល ខ្ញុំ​បាន​ចំណេញ​២​ពាន់​ទៀត

ម៉ាថាយ 25:23 (ពគប)

ចៅហ្វាយ​និយាយ​ថា ប្រពៃ​ហើយ បាវ​ល្អ​ស្មោះ‌ត្រង់​អើយ ឯង​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ ដូច្នេះ អញ​នឹង​តាំង​ឲ្យ​ឯង​ត្រួត​លើ​របស់​ជា​ច្រើន​ទៅ​ទៀត ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្ដី​អំណរ​របស់​ចៅហ្វាយ​ឯង​ចុះ

ម៉ាថាយ 25:24 (ពគប)

ឯ​អ្នក​ដែល​បាន​ទទួល​១​ពាន់ វា​ក៏​ចូល​មក​ជំរាប​ចៅហ្វាយ​ថា លោក​ចៅហ្វាយ ខ្ញុំ​ដឹង​ថា​លោក​ជា​មនុស្ស​តឹង‌រ៉ឹង​ណាស់ លោក​ច្រូត​នៅ​កន្លែង​ដែល​មិន​បាន​សាប‌ព្រោះ ហើយ​ប្រមូល​នៅ​កន្លែង​ដែល​មិន​បាន​អុំ

ម៉ាថាយ 25:25 (ពគប)

ដូច្នេះ ខ្ញុំ​នឹក​ខ្លាច ក៏​ទៅ​កប់​ប្រាក់​១​ពាន់​នេះ​ទុក​ក្នុង​ដី ហ៏ ខ្ញុំ​សូម​ប្រគល់​របស់​លោក​ជូន​លោក​វិញ