រ៉ូម 4
4
គំរូរបស់លោកអ័ប្រាហាំ
1ដូច្នេះ តើយើងត្រូវនិយាយដូចម្តេចអំពីលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើងខាងសាច់ឈាម? តើលោកបានអ្វីខ្លះ? 2ដ្បិតបើលោកអ័ប្រាហាំបានរាប់ជាសុចរិត ដោយសារការប្រព្រឹត្តិ នោះលោកមានហេតុនឹងអួតអាងបាន តែមិនមែនចំពោះព្រះទេ។ 3តើគម្ពីរចែងដូចម្តេច? គម្ពីរចែងថា «លោកអ័ប្រាហាំបានជឿព្រះ ហើយជំនឿនោះបានរាប់ជាសុចរិតដល់លោក» ។ 4ចំពោះអ្នកដែលធ្វើការ ប្រាក់ឈ្នួលមិនរាប់ជាអំណោយទេ គឺជាប្រាក់ដែលខ្លួនត្រូវបាន។ 5ចំពោះអ្នកដែលមិនធ្វើការ តែជឿដល់ព្រះ ដែលរាប់មនុស្សទមិឡល្មើសជាសុចរិត នោះព្រះអង្គរាប់អ្នកនោះជាសុចរិត ដោយសារជំនឿរបស់គេ។ 6សូម្បីព្រះបាទដាវីឌក៏ថ្លែងអំពីព្រះពររបស់ពួកអ្នកដែលព្រះរាប់ជាសុចរិត ដោយមិនគិតពីការប្រព្រឹត្តិថា៖ 7«មានពរហើយ អ្នកណាដែលព្រះបានអត់ទោស ហើយគ្របបាំងសេចក្ដីទទឹងច្បាប់របស់ខ្លួន 8មានពរហើយ អ្នកណាដែលព្រះអម្ចាស់មិនរាប់ជាមានបាប» ។
9ដូច្នេះ តើព្រះពរនេះ ចំពោះតែពួកអ្នកកាត់ស្បែក ឬពួកអ្នកមិនកាត់ស្បែកដែរ? ដ្បិតយើងនិយាយថា ព្រះបានរាប់លោកអ័ប្រាហាំជាសុចរិត ដោយសារជំនឿរបស់លោក។ 10ដូច្នេះ តើសេចក្ដីសុចរិតនេះកើតឡើងនៅពេលណា? តើមុន ឬក្រោយពេលលោកទទួលការកាត់ស្បែក? មិនមែនក្រោយពេលលោកទទួលការកាត់ស្បែកហើយនោះទេ គឺមុនពេលលោកទទួលការកាត់ស្បែកទេតើ! 11ហើយលោកបានទទួលទីសម្គាល់នៃការកាត់ស្បែកនេះ ទុកជាត្រានៃសេចក្តីសុចរិត ដែលលោកមានដោយសារជំនឿ កាលពីលោកមិនទាន់កាត់ស្បែកនៅឡើយ ដើម្បីឲ្យលោកបានធ្វើជាឪពុកដល់មនុស្សទាំងអស់ដែលជឿ ដោយមិនបានកាត់ស្បែក ដើម្បីឲ្យព្រះរាប់អ្នកទាំងនោះជាសុចរិត 12ហើយបានតាំងលោកឲ្យធ្វើជាឪពុករបស់ពួកអ្នកកាត់ស្បែក ដែលមិនត្រឹមតែបានកាត់ស្បែកប៉ុណ្ណោះ គឺថែមទាំងដើរតាមគំរូនៃជំនឿរបស់លោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើងមាន កាលលោកមិនទាន់កាត់ស្បែកនៅឡើយ។
សេចក្ដីសន្យារបស់ព្រះត្រឡប់ជាការពិតតាមរយៈជំនឿ
13ដ្បិតសេចក្តីសន្យាដល់លោកអ័ប្រាហាំ និងពូជពង្សរបស់លោកថា នឹងបានទទួលពិភពលោកជាមត៌ក នោះមិនមែនតាមរយៈក្រឹត្យវិន័យទេ គឺតាមរយៈសេចក្តីសុចរិតដែលបានមកដោយជំនឿវិញ។ 14ប្រសិនបើពួកអ្នកដែលអាងក្រឹត្យវិន័យបានគ្រងមត៌ក នោះជំនឿគ្មានប្រយោជន៍អ្វីទេ ហើយសេចក្តីសន្យាក៏គ្មានតម្លៃអ្វីដែរ 15ដ្បិតក្រឹត្យវិន័យបង្កើតឲ្យមានសេចក្តីក្រោធ តែទីណាដែលគ្មានក្រឹត្យវិន័យ ទីនោះក៏គ្មានសេចក្តីល្មើសដែរ។
16ដូច្នេះ សេចក្តីសន្យាអាងលើជំនឿ ហើយស្របតាមព្រះគុណ គឺសម្រាប់ពូជពង្សរបស់លោកទាំងអស់ មិនត្រឹមតែពួកអ្នកដែលអាងក្រឹត្យវិន័យប៉ុណ្ណោះ តែសម្រាប់ពួកដែលមានជំនឿដូចលោកអ័ប្រាហាំ ដែលជាឪពុករបស់យើងទាំងអស់គ្នាដែរ។ 17ដូចមានសេចក្តីចែងទុកមកថា «យើងបានតាំងអ្នកឲ្យធ្វើជាឪពុក ដល់សាសន៍ជាច្រើន» ។ គឺនៅចំពោះព្រះដែលលោកបានជឿ ជាព្រះដែលប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយមានព្រះបន្ទូលហៅអ្វីៗដែលគ្មានរូបរាង ឲ្យកើតមាន។ 18នៅពេលអស់សង្ឃឹម លោកជឿទាំងសង្ឃឹមថា លោកនឹងបានទៅជាឪពុកដល់សាសន៍ជាច្រើន ស្របតាមព្រះបន្ទូលដែលថ្លែងទុកមកថា «ពូជពង្សរបស់អ្នកនឹងបានដូច្នោះ» ។ 19ជំនឿរបស់លោកមិនបានចុះខ្សោយឡើយ ទោះបើលោកមើលទៅរូបកាយរបស់លោក ដែលរាប់ដូចជាស្លាប់ ដោយមានអាយុប្រហែលមួយរយឆ្នាំទៅហើយ ហើយទោះបើផ្ទៃរបស់លោកយាយសារ៉ា ដែលរាប់ដូចជាស្លាប់ទៅហើយនោះក៏ដោយ។ 20លោកមិនបានសង្ស័យចំពោះសេចក្តីសន្យារបស់ព្រះ ដោយចិត្តមិនជឿឡើយ គឺលោកកាន់តែមានជំនឿខ្លាំងឡើង ហើយថ្វាយសិរីល្អដល់ព្រះ 21ដោយជឿជាក់អស់ពីចិត្តថា បើព្រះបានសន្យាធ្វើអ្វី នោះព្រះអង្គអាចនឹងសម្រេចបានមិនខាន។ 22ហេតុនេះហើយបានជាជំនឿរបស់លោក «ព្រះរាប់លោកជាសុចរិត»។ 23ប៉ុន្តែ សេចក្ដីដែលបានចែងទុកមកថា «ព្រះរាប់លោកជាសុចរិត» នោះមិនមែនសម្រាប់តែលោកអ័ប្រាហាំប៉ុណ្ណោះទេ 24គឺសម្រាប់យើងដែរ។ សេចក្តីនោះនឹងបានរាប់ជាសុចរិតដល់យើងជាអ្នកជឿដល់ព្រះអង្គ ដែលបានប្រោសព្រះយេស៊ូវ ជាព្រះអម្ចាស់របស់យើង ឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។ 25ព្រះអង្គត្រូវគេបញ្ជូនទៅសម្លាប់ ដោយព្រោះអំពើរំលងរបស់យើង ហើយព្រះបានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ ដើម្បីឲ្យយើងបានសុចរិត។
Voafantina amin'izao fotoana izao:
រ៉ូម 4: គកស១៦
Asongadina
Hizara
Dika mitovy

Tianao hovoatahiry amin'ireo fitaovana ampiasainao rehetra ve ireo nasongadina? Hisoratra na Hiditra
© 2016 United Bible Societies