និក្ខមនំ 10
10
គ្រោះកាចទីប្រាំបី៖ កណ្តូប
1ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបផារ៉ោន ដ្បិតយើងបានធ្វើឲ្យស្តេច និងពួកនាម៉ឺនមន្ត្រីរបស់ស្ដេចមានចិត្តរឹងទទឹង ដើម្បីឲ្យយើងបានសម្តែងអស់ទាំងទីសម្គាល់របស់យើង នៅក្នុងចំណោមពួកគេ 2ហើយអ្នកអាចនិទានប្រាប់កូន និងចៅរបស់អ្នករាល់គ្នាពីការដែលយើងបានធ្វើនៅស្រុកអេស៊ីព្ទ និងពីទីសម្គាល់ទាំងប៉ុន្មានដែលយើងបានសម្តែងនៅក្នុងចំណោមពួកគេ យ៉ាងនោះ អ្នកនឹងបានដឹងថា យើងជាព្រះយេហូវ៉ា»។
3លោកម៉ូសេ និងលោកអើរ៉ុនចូលទៅគាល់ផារ៉ោន ហើយទូលថា៖ «ព្រះយេហូវ៉ាជាព្រះរបស់សាសន៍ហេព្រើរមានព្រះបន្ទូលដូច្នេះ "តើអ្នកនៅតែមិនព្រមបន្ទាបខ្លួននៅមុខយើងដល់កាលណាទៀត? ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅ ដើម្បីឲ្យគេបានថ្វាយបង្គំយើង។ 4ប្រសិនបើអ្នកមិនព្រមឲ្យប្រជារាស្ត្ររបស់យើងចេញទៅទេ នៅថ្ងៃស្អែក យើងនឹងនាំហ្វូងកណ្តូបមកក្នុងស្រុករបស់អ្នក 5វានឹងមកពេញដី ទាល់តែមើល៍ដីមិនឃើញ ហើយនឹងស៊ីរបស់ទាំងអស់ដែលនៅសល់ពីព្រឹល វានឹងស៊ីអស់ទាំងដើមឈើដែលដុះនៅចម្ការរបស់អ្នករាល់គ្នា។ 6វានឹងចូលពេញក្នុងផ្ទះរបស់អ្នក ផ្ទះរបស់ពួកនាម៉ឺនមន្ត្រីរបស់អ្នក និងផ្ទះរបស់សាសន៍អេស៊ីព្ទទាំងអស់ដែរ ជាហេតុការណ៍ដែលឪពុក និងដូនតារបស់អ្នករាល់គ្នាមិនដែលឃើញបែបនេះឡើយ រហូតដល់សព្វថ្ងៃ"»។ បន្ទាប់មក លោកក៏ចេញពីផារ៉ោនទៅ។
7ពួកនាម៉ឺនមន្ត្រីរបស់ផារ៉ោនទូលថា៖ «តើទុកអ្នកនេះឲ្យធ្វើជាអន្ទាក់ដល់យើងដល់កាលណាទៀត? សូមឲ្យគេចេញទៅថ្វាយបង្គំព្រះយេហូវ៉ាជាព្រះរបស់គេទៅ តើព្រះករុណាមិនទាន់ជ្រាបថា ស្រុកអេស៊ីព្ទខូចអស់ហើយទេឬ?»។ 8ដូច្នេះ គេនាំលោកម៉ូសេ និងលោកអើរ៉ុនមកគាល់ផារ៉ោន ហើយស្ដេចមានរាជឱង្ការថា៖ «ទៅចុះ ចូរទៅថ្វាយបង្គំព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាចុះ! ប៉ុន្តែ តើមានអ្នកណាខ្លះដែលត្រូវទៅ?» 9លោកម៉ូសេទូលឆ្លើយថា៖ «យើងខ្ញុំនឹងទៅទាំងចាស់ទាំងក្មេង ទាំងកូនប្រុសកូនស្រី ហ្វូងចៀម ហ្វូងគោរបស់យើងខ្ញុំទាំងអស់គ្នា ដ្បិតយើងខ្ញុំត្រូវប្រារព្ធពិធីបុណ្យថ្វាយព្រះយេហូវ៉ា»។ 10ស្តេចមានរាជឱង្ការថា៖ «សូមឲ្យព្រះយេហូវ៉ាគង់ជាមួយអ្នករាល់គ្នាចុះ ប្រសិនបើយើងបើកឲ្យអ្នករាល់គ្នា និងកូនតូចៗរបស់អ្នករាល់គ្នាទៅមែន! តែច្បាស់ហើយ អ្នករាល់គ្នាមានគំនិតអាក្រក់។ 11ទេ មិនកើតទេ ចូរអ្នករាល់គ្នាចេញទៅថ្វាយបង្គំព្រះយេហូវ៉ាតែប្រុសៗបានហើយ ដ្បិតអ្នករាល់គ្នាបានសុំដូច្នេះ»។ បន្ទាប់មក គេក៏បណ្តេញលោកទាំងពីរចេញពីមុខផារ៉ោនទៅ។
12ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលើកដៃឡើងលើស្រុកអេស៊ីព្ទ ដើម្បីឲ្យកើតមានកណ្តូបមកលើស្រុក ឲ្យវាស៊ីដំណាំទាំងប៉ុន្មានដែលនៅសល់ពីព្រឹលនោះទៅ»។ 13លោកម៉ូសេក៏លើកដំបងទៅលើស្រុកអេស៊ីព្ទ ហើយព្រះយេហូវ៉ាក៏ធ្វើឲ្យមានខ្យល់ពីទិសខាងកើត បក់មកលើស្រុកនោះ ពេញមួយថ្ងៃមួយយប់។ លុះព្រឹកឡើង ខ្យល់ពីទិសខាងកើតក៏បក់នាំហ្វូងកណ្តូបមក។ 14កណ្តូបឡើងមកពេញលើស្រុកអេស៊ីព្ទទាំងមូល ហើយទំពាសពេញទឹកដីស្រុកអេស៊ីព្ទទាំងមូល វាមានចំនួនច្រើនណាស់ តាំងពីដើមមកមិនដែលមានកណ្តូបដូច្នេះឡើយ ហើយតទៅមុខក៏នឹងគ្មានទៀតដែរ។ 15ដ្បិតវាមកគ្របពាសពេញពីលើដី ដល់ម៉្លេះបានជាស្រុកទៅជាងងឹត វាស៊ីដំណាំទាំងអស់នៅក្នុងស្រុក និងអស់ទាំងផ្លែឈើដែលសេសសល់ពីព្រឹល គ្មានសល់ស្លឹកខ្ចីណាមួយនៅដើមឈើ ឬស្មៅនៅតាមវាលក្នុងស្រុកអេស៊ីព្ទឡើយ។ 16ពេលនោះ ផារ៉ោនក៏ប្រញាប់ប្រញាល់ហៅលោកម៉ូសេ និងលោកអើរ៉ុនមកជាប្រញាប់ ហើយមានរាជឱង្ការថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ហើយទាស់នឹងអ្នករាល់គ្នាមែន។ 17សូមអត់ទោសបាបឲ្យយើងផង តែម្តងនេះទៀតទេ សូមអង្វរព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដើម្បីឲ្យព្រះអង្គបន្ថយសេចក្ដីស្លាប់នេះ ចេញពីយើងទៅ»។ 18លោកក៏ចេញពីផារ៉ោន ទៅសូមអង្វរដល់ព្រះយេហូវ៉ា។ 19ព្រះយេហូវ៉ាក៏ធ្វើឲ្យមានខ្យល់ បក់មកពីទិសខាងលិចយ៉ាងខ្លាំង កៀរកណ្តូបទម្លាក់ទៅក្នុងសមុទ្រក្រហម អស់ទៅ គ្មានសល់កណ្តូបណាមួយនៅក្នុងស្រុកអេស៊ីព្ទទៀតឡើយ។ 20ប៉ុន្ដែ ព្រះយេហូវ៉ាធ្វើឲ្យផារ៉ោនមានព្រះហឫទ័យរឹងទទឹងដដែល ហើយផារ៉ោនមិនព្រមបើកឲ្យកូនចៅអ៊ីស្រាអែលចេញទៅទេ។
គ្រោះកាចទីប្រាំបួន៖ ភាពងងឹត
21ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលើកដៃទៅលើមេឃ ដើម្បីឲ្យមានងងឹតគ្របដណ្ដប់លើស្រុកអេស៊ីព្ទ គឺជាងងឹតដែលមើលអ្វីមិនឃើញឡើយ»។ 22លោកក៏លើកដៃទៅលើមេឃ នោះក៏មានងងឹតយ៉ាងក្រាស់ពេញក្នុងស្រុកអេស៊ីព្ទទាំងមូល អស់រយៈពេលបីថ្ងៃ។ 23គេមើលគ្នាទៅវិញទៅមកមិនឃើញសោះ ក្នុងរយៈពេលបីថ្ងៃនោះ គ្មានអ្នកណាអាចក្រោកចេញពីកន្លែងរបស់ខ្លួនបានឡើយ តែកន្លែងដែលកូនចៅអ៊ីស្រាអែលរស់នៅមានពន្លឺវិញ។ 24ពេលនោះ ផារ៉ោនហៅលោកម៉ូសេមក ហើយមានរាជឱង្ការថា៖ «ទៅចុះ ចូរទៅថ្វាយបង្គំព្រះយេហូវ៉ាចុះ ទុកតែហ្វូងចៀម និងហ្វូងគោរបស់អ្នករាល់គ្នាប៉ុណ្ណោះ កូនៗរបស់អ្នករាល់គ្នាអាចទៅជាមួយបាន»។ 25ប៉ុន្ដែ លោកម៉ូសេប្រកែកថា៖ «ព្រះករុណាត្រូវអនុញ្ញាតឲ្យយើងខ្ញុំមានសត្វសម្រាប់ថ្វាយយញ្ញបូជា និងតង្វាយដុត ដើម្បីឲ្យយើងខ្ញុំបានថ្វាយដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ។ 26យើងខ្ញុំត្រូវតែនាំហ្វូងសត្វទៅជាមួយ មិនឲ្យមានសល់ក្រចកណាមួយឡើយ ព្រោះយើងខ្ញុំត្រូវយកហ្វូងសត្វនោះទៅថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ហើយយើងខ្ញុំក៏មិនទាន់ដឹងថា ត្រូវយកអ្វីទៅថ្វាយបង្គំព្រះយេហូវ៉ាដែរ ទាល់តែបានទៅដល់ទីនោះ»។ 27ប៉ុន្ដែ ព្រះយេហូវ៉ាធ្វើឲ្យផារ៉ោនមានព្រះហឫទ័យរឹងទទឹងទៀត ហើយស្តេចមិនព្រមបើកឲ្យគេទៅទេ។ 28ផារ៉ោនមានរាជឱង្ការទៅលោកថា៖ «ចូរចេញពីយើងទៅ ត្រូវប្រយ័ត្ន កុំមកជួបមុខយើងទៀតឲ្យសោះ ដ្បិតនៅថ្ងៃណាដែលអ្នកមកជួបមុខយើង នោះអ្នកត្រូវស្លាប់ជាមិនខាន»។ 29លោកម៉ូសេតបថា៖ «ព្រះករុណាមានរាជឱង្ការត្រូវហើយ! ទូលបង្គំនឹងលែងមកជួបព្រះភក្ត្រព្រះករុណាទៀតហើយ»។
Voafantina amin'izao fotoana izao:
និក្ខមនំ 10: គកស១៦
Asongadina
Hizara
Dika mitovy
Tianao hovoatahiry amin'ireo fitaovana ampiasainao rehetra ve ireo nasongadina? Hisoratra na Hiditra
© 2016 United Bible Societies