២ កូរិនថូស 6
6
1ដោយយើងធ្វើការជាមួយព្រះ យើងសូមទូន្មានអ្នករាល់គ្នាថា កុំទទួលព្រះគុណរបស់ព្រះ ជាអសាឥតការឡើយ។ 2ដ្បិតព្រះអង្គមានព្រះបន្ទូលថា៖ «យើងបានស្តាប់អ្នក នៅវេលាដែលយើងគាប់ចិត្ត ហើយយើងបានជួយអ្នក នៅថ្ងៃដែលយើងសង្គ្រោះ »។ មើល៍ វេលាដែលព្រះគាប់ព្រះហឫទ័យ គឺឥឡូវនេះហើយ! មើល៍ ថ្ងៃដែលព្រះសង្គ្រោះ គឺឥឡូវនេះហើយ! 3យើងមិនបង្អាក់បង្អន់ចិត្តអ្នកណាម្នាក់ក្នុងកិច្ចការអ្វីឡើយ ក្រែងមានអ្នកណាចាប់កំហុសមុខងារបម្រើរបស់យើង 4ផ្ទុយទៅវិញ ក្នុងគ្រប់ការទាំងអស់ យើងបង្ហាញខ្លួនជាអ្នកបម្រើរបស់ព្រះ ដោយការទ្រាំទ្រជាច្រើន ក្នុងសេចក្ដីទុក្ខលំបាក ការខ្វះខាត ការចង្អៀតចង្អល់ 5ការវាយដំ ដាក់គុក កើតវឹកវរ ធ្វើការធ្ងន់ អត់ងងុយ អត់អាហារ 6ដោយចិត្តស្អាត ដោយចេះដឹង ដោយអត់ធ្មត់ ដោយសប្បុរស ដោយព្រះវិញ្ញាណបរិសុទ្ធ ដោយសេចក្តីស្រឡាញ់ឥតពុតមាយា 7ដោយព្រះបន្ទូលនៃសេចក្ដីពិត និងព្រះចេស្តារបស់ព្រះ ព្រមទាំងកាន់អាវុធនៃសេចក្ដីសុចរិតជាប់នឹងដៃ ទាំងស្តាំទាំងឆ្វេង 8ទាំងមានគេគោរព មានគេបន្ទាបបន្ថោក ទាំងមានគេនិយាយអាក្រក់ មានគេនិយាយល្អ។ គេចាត់ទុកយើងដូចជាមនុស្សបោកប្រាស់ តែយើងទៀងត្រង់។ 9ដូចជាគ្មានអ្នកណាស្គាល់ តែមនុស្សទាំងអស់បានស្គាល់យ៉ាងច្បាស់ ដូចជាហៀបនឹងស្លាប់ តែមើល៍ យើងមានជីវិត ដូចជាត្រូវគេធ្វើទោស តែមិនដល់ស្លាប់ទេ។ 10ដូចជាមានទុក្ខព្រួយ តែសប្បាយជានិច្ច ដូចជាទ័លក្រ តែកំពុងធ្វើឲ្យមនុស្សជាច្រើនទៅជាមាន ដូចជាគ្មានអ្វីសោះ តែមានគ្រប់ទាំងអស់វិញ។
11បងប្អូនអ្នកក្រុងកូរិនថូសអើយ យើងបាននិយាយមកកាន់អ្នករាល់គ្នា ដោយស្មោះអស់ពីចិត្ត ឥតលាក់លៀមអ្វីឡើយ។ 12យើងមិនចង្អៀតចង្អល់នឹងអ្នករាល់គ្នាទេ គឺអ្នករាល់គ្នាវិញទេតើដែលចង្អៀតចង្អល់។ 13ឥឡូវនេះ ខ្ញុំនិយាយមកអ្នករាល់គ្នា ដូចជានិយាយទៅកាន់កូន ដូច្នេះ ជាការតបស្នង ចូរអ្នករាល់គ្នាមានចិត្តទូលាយឡើង។
ព្រះវិហាររបស់ព្រះដ៏មានព្រះជន្មរស់
14មិនត្រូវទឹមនឹមស្រៀកជាមួយអ្នកមិនជឿឡើយ ដ្បិតតើសេចក្តីសុចរិត និងសេចក្ដីទទឹងច្បាប់ មានអ្វីប្រកបនឹងគ្នា? ឬពន្លឺ និងសេចក្ដីងងឹត លាយឡំគ្នាដូចម្តេចបាន? 15តើព្រះគ្រីស្ទ និងអារក្សបេលាលត្រូវគ្នាដូចម្ដេចបាន? ឬមួយអ្នកជឿមានចំណែកអ្វីជាមួយអ្នកមិនជឿ? 16តើព្រះវិហាររបស់ព្រះ និងរូបព្រះ ត្រូវគ្នាបានឬ? ដ្បិតយើងជាវិហាររបស់ព្រះដ៏មានព្រះជន្មរស់ ដូចព្រះទ្រង់មានព្រះបន្ទូលថា «យើងនឹងនៅក្នុងគេ ហើយដើរជាមួយគេ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង» ។ 17ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរចេញពីកណ្តាលពួកគេទៅ ហើយញែកខ្លួនដោយឡែកចេញពីពួកគេ កុំប៉ះពាល់របស់ស្មោកគ្រោកឡើយ នោះយើងនឹងទទួលអ្នករាល់គ្នា 18យើងនឹងធ្វើជាឪពុករបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាកូនប្រុសកូនស្រីរបស់យើង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដ៏មានព្រះចេស្តាបំផុត» ។
Voafantina amin'izao fotoana izao:
២ កូរិនថូស 6: គកស១៦
Asongadina
Hizara
Dika mitovy

Tianao hovoatahiry amin'ireo fitaovana ampiasainao rehetra ve ireo nasongadina? Hisoratra na Hiditra
© 2016 United Bible Societies