កំណើតពិភពលោក 13
13
ឡូតបែកចេញពីអ៊ីប្រាំ
1អ៊ីប្រាំបានវិលត្រឡប់មកពីស្រុកអេស៊ីបវិញ ឆ្ពោះទៅកាន់តំបន់ណេកិបជាមួយភរិយា និងអ្វីៗដែលជាកម្មសិទ្ធិរបស់គាត់។ ឡូតក៏មកជាមួយដែរ។ 2អ៊ីប្រាំមានហ្វូងសត្វ និងមានមាសប្រាក់ជាច្រើន។ 3គាត់បានធ្វើដំណើរជាច្រើនដំណាក់ ពីតំបន់ណេកិបរហូតទៅដល់បេតអែល ជាកន្លែងដែលគាត់ធ្លាប់បោះជំរំកាលពីដំបូង នៅចន្លោះបេតអែល និងក្រុងអៃ 4គឺនៅកន្លែងដែលគាត់បានសង់អាសនៈមួយកាលពីមុន។ គាត់ក៏គោរពបម្រើអុលឡោះតាអាឡានៅទីនោះ។
5ឡូតដែលមកជាមួយអ៊ីប្រាំ ក៏មានហ្វូងចៀម ហ្វូងគោ និងមានជំរំជាច្រើនដែរ។ 6ស្រុកនោះពុំមានលទ្ធភាពឲ្យគាត់ទាំងពីរនៅជាមួយគ្នាបានឡើយ ដ្បិតគាត់ទាំងពីរមានសម្បត្តិច្រើនពេក ជាហេតុធ្វើឲ្យរស់នៅជាមួយគ្នាមិនកើត។ 7ពេលនោះ ពួកគង្វាលហ្វូងសត្វរបស់អ៊ីប្រាំ និងពួកគង្វាលហ្វូងសត្វរបស់ឡូត កើតវិវាទនឹងគ្នា។ រីឯជនជាតិកាណាន និងជនជាតិពេរិស៊ីត ក៏រស់នៅក្នុងស្រុកនោះដែរ។ 8អ៊ីប្រាំមានប្រសាសន៍ទៅកាន់ឡូតថា៖ «អ៊ំសូមអង្វរក្មួយថា សុំកុំឲ្យមានជម្លោះរវាងអ៊ំ និងក្មួយ ឬរវាងពួកគង្វាលរបស់អ៊ំ និងពួកគង្វាលរបស់ក្មួយឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា។ 9មើលនៅចំពោះមុខក្មួយ មានស្រុកទាំងមូលនៅទំនេរ ដូច្នេះ ចូរក្មួយបែកចេញពីអ៊ំទៅចុះ បើក្មួយទៅខាងឆ្វេង អ៊ំនឹងទៅខាងស្តាំ ហើយបើក្មួយទៅខាងស្តាំ នោះអ៊ំនឹងទៅខាងឆ្វេងវិញ»។
10ឡូតងើបមុខឡើង សម្លឹងមើលទៅឃើញតំបន់ទន្លេយ័រដាន់ទាំងមូល មានទឹកនៅគ្រប់ទីកន្លែង។ នៅមុនពេលដែលអុលឡោះតាអាឡារំលាយក្រុងសូដុម និងក្រុងកូម៉ូរ៉ា ទឹកដីនៅកន្លែងនោះ រហូតដល់ស្រុកសូអារ ប្រៀបបានទៅនឹងសួនឧទ្យានរបស់អុលឡោះតាអាឡា គឺដូចទឹកដីនៅស្រុកអេស៊ីបដែរ។ 11ឡូតជ្រើសរើសយកតំបន់ទន្លេយ័រដាន់ទាំងមូលសម្រាប់គាត់ ហើយក៏ចេញឆ្ពោះទៅទិសខាងកើត។ គាត់ទាំងពីរបានបែកពីគ្នា តាមរបៀបនេះឯង។ 12អ៊ីប្រាំរស់នៅក្នុងស្រុកកាណាន រីឯឡូតរស់នៅតាមទីក្រុងនានាក្នុងតំបន់នោះ ហើយបោះជំរំនៅក្បែរក្រុងសូដុម។ 13អ្នកក្រុងសូដុមសុទ្ធតែជាជនពាល ដែលបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ប្រឆាំងនឹងអុលឡោះតាអាឡា។
សេចក្តីសន្យារបស់អុលឡោះ
14ក្រោយពេលឡូតបែកចេញពីអ៊ីប្រាំទៅ អុលឡោះតាអាឡាមានបន្ទូលមកកាន់អ៊ីប្រាំថា៖ «ចូរងើបមុខមើលពីកន្លែងដែលអ្នកនៅនោះ ហើយសម្លឹងឆ្ពោះទៅទិសខាងជើង និងទិសខាងត្បូង ទិសខាងកើត និងទិសខាងលិចទៅ! 15ដ្បិតយើងនឹងប្រគល់ស្រុកទាំងមូល ដែលអ្នកមើលឃើញនេះឲ្យអ្នក និងឲ្យពូជពង្សរបស់អ្នករហូតតទៅ។ 16យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើន ដូចធូលីដី គ្មាននរណាអាចរាប់ពូជពង្សរបស់អ្នកបានឡើយ គឺដូចជាគេពុំអាចរាប់ធូលីបានយ៉ាងនោះដែរ។ 17ចូរក្រោកឡើង ដើរឲ្យសព្វទីកន្លែងក្នុងស្រុកនេះទៅ ដ្បិតយើងប្រគល់ឲ្យអ្នកហើយ»។ 18អ៊ីប្រាំរើជំរំមកបោះនៅតំបន់ដើមជ្រៃរបស់តាម៉ាមរ៉េ ជិតក្រុងហេប្រុន។ នៅទីនោះគាត់បានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា។
Voafantina amin'izao fotoana izao:
កំណើតពិភពលោក 13: អគត
Asongadina
Hizara
Dika mitovy

Tianao hovoatahiry amin'ireo fitaovana ampiasainao rehetra ve ireo nasongadina? Hisoratra na Hiditra
© 2014 United Bible Societies, UK.