លេវីវិន័យ 2
2
ជំនូនធញ្ញជាតិ
1«ប្រសិនបើនរណាម្នាក់ចង់យកម្សៅមកជូនជាជំនូនជូនអុលឡោះតាអាឡា គេត្រូវយកម្សៅម៉ដ្តលាយជាមួយប្រេង ព្រមទាំងដាក់គ្រឿងក្រអូបផង 2ហើយយកជំនូននោះមកជូនពួកអ៊ីមុាំជាកូនហារូន។ គេត្រូវយកម្សៅពេញមួយក្តាប់ ដែលលាយជាមួយប្រេង និងគ្រឿងក្រអូបទាំងអស់មក រួចអ៊ីមុាំម្នាក់យកជំនូននេះ ទៅដុតនៅលើអាសនៈ ដើម្បីទុកជាទីរំលឹក។ នេះជាគូរបានដុតដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។ 3រីឯជំនូនដែលនៅសល់ ត្រូវបានទៅហារូន និងកូនរបស់គាត់ គឺជាចំណែកបរិសុទ្ធបំផុតនៃគូរបានដែលគេជូនអុលឡោះតាអាឡា។
4ប្រសិនបើជំនូនដែលអ្នកយកមកជូននោះ ជានំដុតចំអិនក្នុងឡ ត្រូវធ្វើនំពីម្សៅម៉ដ្ត លាយជាមួយប្រេងឥតដាក់មេ ឬធ្វើនំក្រៀបពីម្សៅឥតដាក់មេ ហើយច្រួចប្រេងពីលើ។
5ប្រសិនបើជំនូនដែលអ្នកយកមកជូននោះ ជានំចំអិនដោយប្រើពុម្ព ត្រូវធ្វើនំពីម្សៅម៉ដ្តលាយជាមួយប្រេងឥតដាក់មេ។ 6ត្រូវកាត់នំនោះជាដុំៗ ហើយច្រួចប្រេងពីលើ។ នេះជាជំនូនធញ្ញជាតិ។
7ប្រសិនបើជំនូនដែលអ្នកយកមកជូននោះ ជានំចៀន ត្រូវធ្វើនំពីម្សៅម៉ដ្ត លាយជាមួយប្រេង។
8អ្នកត្រូវនាំយកជំនូនជាធញ្ញជាតិដែលចំអិនហើយនោះ មកជូនអុលឡោះតាអាឡា គឺលើកជូនអ៊ីមុាំ ហើយអ៊ីមុាំយកជំនូននោះឆ្ពោះទៅអាសនៈ។ 9អ៊ីមុាំយកជំនូនមួយចំណែកដុតនៅលើអាសនៈ ទុកជាទីរំលឹក។ នេះជាគូរបានដុតដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។ 10រីឯជំនូនដែលនៅសល់ត្រូវបានទៅហារូន និងកូនរបស់លោក គឺជាចំណែកបរិសុទ្ធបំផុតនៃគូរបានដែលគេជូនអុលឡោះតាអាឡា។
11មិនត្រូវយកជំនូនម្សៅដែលមានមេមកជូនអុលឡោះតាអាឡាទេ គឺជំនូនទាំងប៉ុន្មានដែលអ្នករាល់គ្នាដុតជូនអុលឡោះតាអាឡា មិនត្រូវដាក់មេ ឬទឹកឃ្មុំឡើយ។ 12អ្នកអាចជូនជំនូនទាំងនេះជូនអុលឡោះតាអាឡា ជាជំនូនផលដំបូង។ ប៉ុន្តែ មិនត្រូវយកទៅជូននៅលើអាសនៈ ទុកជាគូរបានដុតដែលមានក្លិនឈ្ងុយឡើយ។ 13ត្រូវលាយអំបិល ជាមួយជំនូនធញ្ញជាតិទាំងប៉ុន្មាន ដែលអ្នកយកមកជូនអុលឡោះ។ កុំភ្លេចលាយអំបិលជាមួយជំនូនរបស់អ្នកឡើយ ដ្បិតអំបិលជានិមិត្តរូបពីសម្ពន្ធមេត្រីដែលអុលឡោះបានចងជាមួយអ្នក។ ហេតុនេះ ត្រូវយកអំបិលមកជូនជាមួយជំនូនទាំងប៉ុន្មានរបស់អ្នក។
14ប្រសិនបើអ្នកយកផលដំបូងនៃចម្រូតរបស់អ្នកមកជូនអុលឡោះតាអាឡា ត្រូវយកគ្រាប់ស្រូវទៅលីង រួចបុកគ្រាប់ស្រូវនោះ ទុកជាជំនូនផលដំបូង។ 15ត្រូវចាក់ប្រេងពីលើ ហើយដាក់គ្រឿងក្រអូបផង។ នេះជាជំនូនធញ្ញជាតិ។ 16អ៊ីមុាំយកអំបុកមួយចំណែក ដែលលាយជាមួយប្រេង និងគ្រឿងក្រអូបទាំងអស់ទៅដុតនៅលើអាសនៈទុកជាទីរំលឹក។ នេះជាជំនូនដែលគេដុតជូនអុលឡោះតាអាឡា»។
© 2014 United Bible Societies, UK.