ណាហ៊ូម 3:6-19
ណាហ៊ូម 3:6-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហើយយើងនឹងបោះអសោចគួរខ្ពើមទៅលើឯង ឲ្យឯងទៅជាស្មោកគ្រោក រួចនឹងតាំងឯងឲ្យមនុស្សមើលលេង នោះអស់អ្នកណាដែលឃើញឯង និងគេចរត់ពីឯងទៅ ដោយពាក្យថា ក្រុងនីនីវេបានត្រូវខូចបង់ហើយ តើអ្នកណានឹងយំសោក តើនឹងរកអ្នកណាអាចជួយដោះទុក្ខឯងបាន? តើឯងវិសេសជាងក្រុងថេប ដែលនៅជាប់ទាំងទន្លេនីលឬ? ហើយមានទឹកនៅព័ទ្ធជុំវិញនោះ ក៏មានសមុទ្រការពារ គឺសមុទ្រទុកជាកំផែងឬអី? ស្រុកអេធីយ៉ូពី និងស្រុកអេស៊ីព្ទ ជាកម្លាំងរបស់គេ ហើយកម្លាំងនោះក៏ប្រមាណមិនបានផង ស្រុកពូត និងស្រុកលីប៊ី ជាជំនួយរបស់គេដែរ ទោះបើយ៉ាងនោះ គង់តែគេត្រូវចាប់ទៅជាឈ្លើយ កូនតូចៗរបស់គេត្រូវបោកកម្ទេចនៅតាមផ្លូវ ក៏បានបោះឆ្នោតចាប់មនុស្សមានត្រកូលខ្ពស់របស់គេ ហើយអស់អ្នកធំរបស់គេត្រូវជាប់ច្រវាក់ ឯងនឹងត្រូវស្រវឹង ឯងនឹងត្រូវលាក់ខ្លួន ហើយនឹងស្វែងរកទីពឹងជ្រកឲ្យរួចពីខ្មាំងសត្រូវដែរ។ អស់ទាំងបន្ទាយរបស់ឯងនឹងដូចជាដើមល្វា ដែលមានផ្លែទុំជាដំបូង បើអ្នកណាអង្រួន នោះផ្លែក៏ជ្រុះចូលក្នុងមាត់របស់អ្នកដែលស៊ី មើល៍! ពួកឯងនៅសល់តែស្រីៗ ទ្វារស្រុកឯងបើកចំហសម្រាប់ខ្មាំងសត្រូវ ភ្លើងបានឆេះរនុកឯងអស់ទៅ។ ចូរដងទឹកទុកសម្រាប់ពេលដែលសត្រូវឡោមព័ទ្ធឯងចុះ ត្រូវរៀបចំបន្ទាយឯងឲ្យមាំមួនឡើង ចូរចុះទៅជាន់លាយដីឥដ្ឋ ហើយជួសជុលឡឥដ្ឋឲ្យមាំមួន នៅទីនោះភ្លើងនឹងឆេះបន្សុសឯង ហើយនឹងមានដាវកាត់ឯង គឺនឹងស៊ីបង្ហិនឯងដូចជាដង្កូវ ចូរចម្រើនគ្នាឲ្យច្រើនឡើងដូចជាដង្កូវទៅ ត្រូវឲ្យមានគ្នាច្រើនដូចជាកណ្តូបផង ឯងបានចម្រើនពួកជំនួញរបស់ឯង ឲ្យមានច្រើនជាងផ្កាយនៅលើមេឃ តែដង្កូវបានស៊ីបង្ហិន រួចទៅបាត់ហើយ។ ពួកចៅហ្វាយរបស់ឯងប្រៀបដូចជាចង្រិត ហើយពួកមេទ័ពរបស់ឯងក៏ដូចជាហ្វូងកណ្តូប ដែលទំនៅរបងក្នុងពេលថ្ងៃរងា តែកាលណាថ្ងៃរះឡើង នោះវាហើរបាត់ទៅ ហើយកន្លែងដែលទៅទំនៅនោះ គ្មានអ្នកណាដឹងទេ។ ឱស្តេចសាសន៍អាសស៊ើរអើយ ពួកគង្វាលរបស់ឯង គេដេកលក់អស់ហើយ ពួកអ្នកមានត្រកូលខ្ពស់ក៏សម្រាក រាស្ត្ររបស់ឯងត្រូវខ្ចាត់ខ្ចាយទៅលើភ្នំ ឥតមានអ្នកណានឹងប្រមូលគេឡើយ។ គ្មានអ្វីព្យាបាលឯងឲ្យបាត់ឈឺឡើយ ព្រោះរបួសឯងធ្ងន់ណាស់ អស់អ្នកដែលឮដំណឹងពីឯង គេទះដៃអរ ដ្បិតតើមានអ្នកណាដែលមិនត្រូវអំពើកំណាច របស់ឯងជានិច្ចនោះ»។:៚
ណាហ៊ូម 3:6-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងនឹងបោះសំរាមលើនាង យើងនឹងឲ្យនាងធ្លាក់ក្នុងភក់ជ្រាំ ទុកជាការព្រមានដល់អ្នកឯទៀតៗ។ ពេលគេឃើញនាង គេនឹងរត់ចេញឆ្ងាយ ទាំងពោលថា: “នីនីវេវិនាសហើយ គ្មាននរណាអាណិតនាង គ្មាននរណាសម្រាលទុក្ខនាងទេ!”។ នីនីវេអើយ នាងមិនប្រសើរជាងនរ-អាម៉ូន ជាក្រុងស្ថិតនៅតាមដៃទន្លេ មានទឹកព័ទ្ធជុំវិញ ព្រមទាំងមានសមុទ្រធ្វើជាកំពែងនោះឡើយ។ ស្រុកអេត្យូពី និងស្រុកអេស៊ីប ជាកម្លាំងដែលមិនចេះសាបសូន្យរបស់គេ រីឯអ្នកស្រុកពូថ និងអ្នកស្រុកលីប៊ី ក៏ជាបរិវាររបស់គេដែរ។ ទោះបីយ៉ាងនេះក្ដី ក៏នរ-អាម៉ូន ត្រូវខ្មាំងកៀរទៅជាឈ្លើយដែរ។ ទារករបស់គេត្រូវខ្មាំងជាន់សម្លាប់នៅតាមផ្លូវ ពួកអ្នកធំរបស់គេត្រូវខ្មាំងចាប់ឆ្នោតចែកគ្នា មេដឹកនាំរបស់គេជាប់ច្រវាក់ទាំងអស់គ្នា។ ចំណែកឯនាងវិញក៏ដូច្នោះដែរ នាងនឹងឈឺចាប់យ៉ាងខ្លាំង នាងនឹងលិចលង់ នាងនឹងស្វែងរកកន្លែងពួន ឲ្យរួចផុតពីខ្មាំងសត្រូវ។ បន្ទាយទាំងប៉ុន្មានរបស់នាង ប្រៀបបីដូចជាផ្លែឧទុម្ពរទុំ ពេលគេអង្រួនដើមវា ផ្លែនឹងជ្រុះទៅក្នុងមាត់របស់អស់អ្នកដែល ចង់បរិភោគ។ កងទ័ពរបស់នាងនៅសល់តែស្រីៗប៉ុណ្ណោះ ទ្វារកំពែងរបស់នាងនឹងបើកចំហ ឲ្យខ្មាំងចូល ព្រោះភ្លើងឆេះរនុកវាអស់។ ក្រុងនីនីវេអើយ ចូរដងទឹកបង្ការទុកទៅ ដ្បិតសត្រូវឡោមព័ទ្ធអ្នកហើយ! ចូរជួសជុលកំពែងក្រុង ចូរចុះទៅក្នុងភក់ ចូររៀបចំដីឥដ្ឋ និងរៀបចំឡដុតឥដ្ឋឡើងវិញ។ ប៉ុន្តែ អ្នកនឹងបាត់បង់ជីវិតនៅក្នុងភ្លើង អ្នកនឹងស្លាប់ដោយមុខដាវ ដូចស្លឹកឈើត្រូវដង្កូវស៊ីបង្ហិន។ ចូរប្រមូលផ្ដុំគ្នាដូចដង្កូវ ចូរប្រមូលផ្ដុំគ្នាដូចចង្រិត! ពួកជំនួញរបស់អ្នកមានចំនួនច្រើន ជាងផ្កាយនៅលើមេឃទៅទៀត ពួកគេប្រៀបដូចជាចង្រិតត្រដាងស្លាប ហើរចេញទៅ។ នាម៉ឺនរបស់អ្នកមានចំនួនច្រើនដូចហ្វូងកណ្ដូប ពួករាជការរបស់អ្នកមានចំនួនច្រើន ដូចឃ្មុំដែលធ្វើសំបុកតាមរបងផ្ទះ នៅពេលរងា។ ពេលថ្ងៃរះវាហើរទៅបាត់អស់ គ្មាននរណាដឹងថា វាធ្លាប់ទំនៅកន្លែងណាទេ។ ស្ដេចស្រុកអាស្ស៊ីរីអើយ មេទ័ពរបស់អ្នកស្លាប់បាត់អស់ហើយ នាយទាហានរបស់អ្នកក៏លែងកម្រើករហូត កងពលរបស់អ្នកខ្ចាត់ព្រាត់ទៅនៅតាមភ្នំ គ្មាននរណាប្រមូលផ្ដុំពួកគេឡើយ។ គ្មានអ្វីព្យាបាលអ្នកឲ្យជាសះស្បើយបានទេ ព្រោះអ្នកត្រូវរបួសធ្ងន់ធ្ងរពេក។ អស់អ្នកដែលឮដំណឹងអំពីមហន្តរាយរបស់អ្នក នឹងនាំគ្នាទះដៃអរ ដ្បិតមនុស្សគ្រប់ៗគ្នាសុទ្ធតែបានរងនូវ អំពើឃោរឃៅរបស់អ្នក។
ណាហ៊ូម 3:6-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយអញនឹងបោះអសោចិ៍គួរខ្ពើមទៅលើឯង ឲ្យឯងបានទៅជាស្មោកគ្រោក រួចនឹងតាំងឯងឲ្យមនុស្សមើលលេង នោះអស់អ្នកណាដែលឃើញឯង នឹងគេចរត់ពីឯងទៅ ដោយពាក្យថា ក្រុងនីនីវេបានត្រូវខូចបង់ហើយ តើអ្នកណានឹងយំសោក តើនឹងរកឯណាឲ្យបានអ្នកជួយដោះទុក្ខឯង តើឯងវិសេសជាងនរ-អាម៉ូន ជាទីក្រុងដែលនៅកណ្តាលអស់ទាំងទន្លេ ហើយមានទឹកនៅព័ទ្ធជុំវិញនោះ ក៏មានសមុទ្រការពារ គឺសមុទ្រទុកជាកំផែងឬអី ឯស្រុកអេធីយ៉ូពី នឹងស្រុកអេស៊ីព្ទ ជាកំឡាំងរបស់គេ ហើយកំឡាំងនោះក៏ប្រមាណមិនបានផង ស្រុកពូត នឹងស្រុកលីប៊ី ជាជំនួយរបស់គេដែរ ទោះបើយ៉ាងនោះ គង់តែគេត្រូវដឹកនាំទៅជាឈ្លើយ កូនតូចៗរបស់គេត្រូវបោកកំទេចនៅគ្រប់ទាំងក្បាលផ្លូវ ក៏បានបោះឆ្នោត ចាប់មនុស្សមានត្រកូលខ្ពស់របស់គេ ហើយអស់អ្នកធំរបស់គេត្រូវជាប់ច្រវាក់ ឯឯងនឹងត្រូវស្រវឹង ឯងនឹងត្រូវពួនខ្លួន ហើយនឹងស្វែងរកទីពឹងជ្រក ឲ្យរួចពីខ្មាំងសត្រូវដែរ អស់ទាំងបន្ទាយរបស់ឯងនឹងបានដូចជាដើមល្វា ដែលមានផ្លែទុំជាដំបូង បើអ្នកណាអង្រួន នោះផ្លែក៏ជ្រុះចូលក្នុងមាត់របស់អ្នកដែលស៊ី មើល ពួកជននៅក្នុងឯង សុទ្ធតែជាស្ត្រីទទេ ទ្វារស្រុកឯងបើកពេញចំហ សំរាប់ខ្មាំងសត្រូវ ភ្លើងបានឆេះរនុកឯងអស់ទៅ ចូរដងទឹកទុកសំរាប់ពេលដែលសត្រូវឡោមព័ទ្ធឯងចុះ ត្រូវឲ្យរៀបបន្ទាយឯងឲ្យមាំមួនឡើង ចូរចុះទៅជាន់លាយដីឥដ្ឋ ហើយជួសជុលឡឥដ្ឋឲ្យមាំមួន នៅទីនោះភ្លើងនឹងឆេះបន្សុសឯង ហើយដាវនឹងកាត់ឯងចេញ គឺនឹងស៊ីបង្ហិនឯងដូចជាដង្កូវ ចូរចំរើនគ្នាឲ្យច្រើនឡើងដូចជាដង្កូវទៅ ត្រូវឲ្យមានគ្នាច្រើនដូចជាកណ្តូបផង ឯងបានចំរើនពួកជំនួញរបស់ឯង ឲ្យមានច្រើនជាងផ្កាយនៅលើមេឃ តែដង្កូវបានស៊ីបង្ហិន រួចទៅបាត់ហើយ ពួកចៅហ្វាយរបស់ឯងប្រៀបដូចជាចង្រិត ហើយពួកមេទ័ពរបស់ឯងក៏ដូចជាហ្វូងកណ្តូប ដែលទំនៅរបងក្នុងពេលថ្ងៃរងា តែកាលណាថ្ងៃរះឡើង នោះវាហើរបាត់ទៅ ហើយកន្លែងដែលទៅទំនៅ នោះគ្មានអ្នកណាដឹងទេ ឱស្តេចសាសន៍អាសស៊ើរអើយ ពួកអ្នកគង្វាលរបស់ឯង គេដេកលក់អស់ហើយ ពួកអ្នកមានត្រកូលខ្ពស់ ក៏សំរាក រាស្ត្ររបស់ឯងត្រូវខ្ចាត់ខ្ចាយទៅលើភ្នំ ឥតមានអ្នកណានឹងប្រមូលគេឡើយ គ្មានអ្វីនឹងធ្វើឲ្យទីឈឺរបស់ឯងអន់ស្រាកបានទេ របួសឯងធ្ងន់ណាស់ អស់អ្នកដែលឮដំណឹងពីឯង គេទះដៃអរ ដ្បិតតើមានអ្នកឯណាដែលមិនត្រូវអំពើកំណាចរបស់ឯងជានិច្ចនោះ។:៚