ចៅហ្វាយ 20:1-48

ចៅហ្វាយ 20:1-48 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ក៏​ចេញ​មក ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​ក្រុង​ប្អៀរ-សេបា ព្រម​ទាំង​ស្រុក​កាឡាត​ផង ហើយ​ក្រុម​ជំនុំ​បាន​ប្រជុំ​គ្នា ដូច​មនុស្ស​តែ​ម្នាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មីស‌ប៉ា។ ពួកមេ​ដឹក​នាំនៃ​ប្រជាជន​ទាំង​ប៉ុន្មាន គឺ​មេ‌ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ សុទ្ធ​តែ​មាន​វត្តមាន​នៅ​ក្នុង​អង្គ​ប្រជុំនៃ​ប្រជារាស្ត្រ​របស់​ព្រះ គឺ​មាន​កង​ពល​ថ្មើរ​ជើង​ចំនួន​បួន​សែន​នាក់ ប្រដាប់​ដោយ​ដាវ។ (រីឯ​ពួក​កូន​ចៅ​បេនយ៉ាមីនបាន​ឮ​ថា ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ឡើង​មក​ដល់​មីស‌ប៉ា) ពួក​កូន​ចៅ​អ៊ីស្រា‌អែល​សួរ​ថា៖ «សូម​ប្រាប់​យើង​មក តើ​អំពើ​ដ៏​អាក្រក់​នេះ​កើត​ឡើង​យ៉ាង​ដូច​ម្ដេច?» បុរស​លេវី ជា​ប្តី​របស់​ស្ត្រី​ដែល​គេ​បាន​សម្លាប់​នោះ​ក៏​ឆ្លើយ​ថា៖ «ខ្ញុំ និង​ប្រពន្ធ​ចុង​របស់​ខ្ញុំ បាន​ចូល​ទៅ​ក្រុង​គី‌បៀរ ជា​ក្រុង​របស់​ពួក​បេនយ៉ាមីន ដើម្បី​ស្នាក់​នៅ​ពេល​យប់។ យប់​នោះ ស្រាប់​តែ​ពួក​មេ​ដឹក​នាំ​នៅ​ក្រុង​គី‌បៀរ លើក​គ្នា​មក​ព័ទ្ធ​ផ្ទះ​ដែល​ខ្ញុំ​ស្នាក់​នៅ ហើយ​ទាស់​នឹង​ខ្ញុំ។ គេ​មាន​បំណង​ចង់​សម្លាប់​ខ្ញុំ រួចគេ​ចាប់​បង្ខំ​ប្រពន្ធ​ចុង​របស់​ខ្ញុំ ហើយ​រំលោភ​នាង​រហូត​ដល់​ស្លាប់។ ដូច្នេះ ខ្ញុំ​បាន​យក​សាក​សព​របស់​នាង ហើយ​កាត់​ជា​កំណាត់ៗ ផ្ញើ​ទៅ​គ្រប់​ស្រុក​ទាំង​អស់ ដែល​ជា​មត៌ក​របស់​សាសន៍​អ៊ីស្រា‌អែល ដ្បិត​គេ​បាន​ប្រព្រឹត្ត​អំពើ​យង់​ឃ្នង គួរ​ឲ្យ​ស្អប់​ខ្ពើម​បំផុត នៅ​ក្នុងពួក​អ៊ីស្រា‌អែល។ មើល៍ អ្នក​រាល់​គ្នា​ជា​កូន​ចៅ​អ៊ីស្រា‌អែល​អើយ សូម​អ្នក​រាល់​គ្នា​បញ្ចេញ​គំនិត​មក ហើយ​សម្រេច​ចិត្តនៅ​ទី​នេះ​ចុះ!»។ ប្រជាជន​ទាំង​អស់​ក៏​ក្រោក​ឈរ​ឡើង​ព្រម​គ្នា ដូច​មនុស្ស​តែ​ម្នាក់ ដោយ​ពោល​ថា៖ «ក្នុងចំណោម​ពួក​យើង គ្មាន​អ្នក​ណា​ម្នាក់​នឹង​ត្រឡប់​ទៅ​ទី​លំនៅ​របស់​ខ្លួន ឬ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​វិញ​ឡើយ។ ឥឡូវ​នេះ យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ពួក​គី‌បៀរ​ដូច​ត​ទៅ​នេះ គឺ​យើង​នឹង​ឡើង​ទៅច្បាំង​នឹង​ពួក​គេ ដោយ​ចាប់​ឆ្នោត។ យើង​នឹង​យក​មនុស្ស​ដប់​នាក់ ក្នុង​ចំណោម​មួយ​រយ​នាក់ ហើយ​មួយ​រយ​នាក់ ក្នុង​ចំណោម​មួយ​ពាន់នាក់ និង​មួយ​ពាន់​នាក់ ក្នុង​ចំណោម​មួយ​ម៉ឺន​នាក់ ពី​គ្រប់​ទាំង​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល ដើម្បី​ទៅ​រក​ស្បៀង​អាហារ​សម្រាប់​ពល​ទ័ព ដែល​នឹងចេញ​ទៅ​ប្រដៅ​ពួក​គី‌បៀរ​របស់​ពួក​បេនយ៉ាមីន ដោយ​ព្រោះ​អំពើ​ដ៏​យង់ឃ្នង​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ប្រព្រឹត្ត​ក្នុង​ពួក​អ៊ីស្រា‌អែល»។ ដូច្នេះ ពួក​អ៊ីស្រា‌អែល​ទាំង​អស់ប្រមូល​គ្នា ដូច​មនុស្ស​តែ​ម្នាក់ ច្បាំង​នឹង​ក្រុង​នោះ។ កុល​សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ពួក​អ៊ីស្រា‌អែល​បាន​ចាត់​មនុស្ស​ឲ្យ​ទៅ​គ្រប់​កុល‌សម្ព័ន្ធ​បេនយ៉ាមីន សួរ​ថា៖ «ហេតុ​អ្វីបានជា​អំពើ​អាក្រក់​បែប​នេះ​កើត​ឡើង ក្នុង​ចំណោម​អ្នក​រាល់​គ្នា? ឥឡូវ​នេះ ចូរ​ប្រគល់​មនុស្ស​ពាល​នៅ​ក្រុង​គី‌បៀរ​ទាំង​នោះ​មក ដើម្បី​ឲ្យ​យើង​បាន​សម្លាប់​ពួក​គេ​ចោល ហើយ​បោស​សម្អាត​អំពី​អាក្រក់ ចេញ​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល»។ ប៉ុន្ដែ ពួក​កូន​ចៅ​បេនយ៉ាមីន​មិន​ព្រម​ស្តាប់​តាម​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​បង​ប្អូន​របស់​គេ​ឡើយ។ ពេល​នោះ ពួក​កូន​ចៅ​បេន​យ៉ា​មីន​ក៏​នាំ​គ្នា​ចេញ​ពី​ទី​ក្រុង​របស់​ពួក​គេ ទៅ​មូល​គ្នា​នៅ​ក្រុង​គី‌បៀរ ដើម្បី​ចេញ​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។ នៅ​ថ្ងៃ​នោះ ពួក​កូន​ចៅ​បេនយ៉ាមីន ដែល​បាន​កេណ្ឌ​មក​ពី​ក្រុង​នានា​របស់​គេ មាន​ចំនួន​ពីរ​ម៉ឺន​ប្រាំមួយ​ពាន់​នាក់ ប្រដាប់​ដោយ​ដាវ ឥត​រាប់​ពួក​គី‌បៀរ​ដ៏​ជំនាញ​ប្រាំ​ពីរ​រយ​នាក់ ដែល​គេ​បាន​ជ្រើស​រើសទេ។ ក្នុង​ចំណោម​អ្នក​ទាំង​អស់​នេះ មាន​មនុស្ស​ជ្រើស‌រើស​ប្រាំ​ពីរ​រយ​នាក់ ដែល​ប្រើ​តែ​ដៃ​ឆ្វេង គ្រប់​គ្នា​អាច​ចោល​ដុំ​ក្រួស​ដោយ​ប្រើ​ដង្ហក់ សូម្បី​តែ​សក់​មួយ​សរសៃ​ក៏​ចោល​ឥត​ខុស​ឡើយ។ ឯ​ពួក​អ៊ីស្រា‌អែល ក្រៅ​ពី​ពួក​បេនយ៉ាមីន មាន​បួន​សែន​នាក់​ដែល​កាន់​ដាវ ហើយ​សុទ្ធ​តែ​ជា​មនុស្ស​ស្ទាត់​ជំនាញ​ក្នុង​ចម្បាំង។ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នាំ​គ្នា​ឡើង​ទៅ​បេត-អែល ដើម្បី​ទូល​សួរ​ព្រះ​ថា៖ «ក្នុង​ចំណោម​ពួក​យើង តើ​អ្នក​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​បេនយ៉ាមីន​មុន​គេ?» ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ត្រូវ​ឲ្យ​ពួក​យូដា​ទៅ​មុន​គេ»។ ដូច្នេះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​បោះ‌ទ័ព​ទល់​មុខ​នឹងក្រុង​គី‌បៀរ។ ពួក​អ៊ីស្រា‌អែល​ចេញ​ទៅ​ច្បាំង​នឹង​ពួក​បេនយ៉ាមីន ហើយ​ពួក​អ៊ីស្រា‌អែល​តម្រៀប​ទ័ព​ទាស់​នឹង​គេ​នៅ​មុខ​ក្រុង​គី‌បៀរ។ ពួក​កូន​ចៅ​បេនយ៉ាមីន​ក៏​ចេញ​ពីក្រុង​គី‌បៀរ​មក ហើយ​បំផ្លាញ​ពួក​អ៊ីស្រា‌អែល​ក្នុង​ថ្ងៃ​នោះ ស្លាប់​អស់​ពីរ​ម៉ឺន​ពីរ​ពាន់​នាក់។ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ឡើង​ទៅ​យំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រហូត​ដល់​ល្ងាច ហើយ​គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​ចូល​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​បេនយ៉ាមីន ជា​បង​ប្អូន​របស់​យើង​ខ្ញុំ​ទៀត​ឬ​ទេ?» ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឡើង​ទៅ​ច្បាំង​នឹង​គេ​ចុះ»។ ពួក​កូន​ចៅ​អ៊ីស្រា‌អែលក៏​ពង្រឹង​ទឹក​ចិត្តគ្នា​ឡើង​វិញ ហើយ​តម្រៀប​ទ័ព​ម្តង​ទៀត នៅ​កន្លែង​ដដែល​ដូច​ថ្ងៃ​មុន។ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចូល​ទៅ​ជិត ច្បាំង​នឹង​ពួក​កូន​ចៅ​បេនយ៉ាមីន​នៅ​ថ្ងៃ​ទី​ពីរ។ នៅ​ថ្ងៃ​ទីពីរ​នោះ ពួក​បេនយ៉ាមីន​ចេញ​ពី​ក្រុង​គី‌បៀរ​មក​ច្បាំង​នឹង​គេ ហើយ​គេ​បំផ្លាញ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ស្លាប់​អស់​ចំនួន​មួយ​ម៉ឺន​ប្រាំបី​ពាន់​នាក់។ មនុស្ស​ទាំង​អស់​នេះ​សុទ្ធ​តែ​ប្រដាប់​ដោយ​ដាវ។ បន្ទាប់​មក ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ គឺ​កង​ទ័ព​ទាំង​មូល​នាំ​គ្នា​ឡើង​ទៅ​យំ​នៅ​បេត-អែល។ គេ​អង្គុយ​នៅ​ទី​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​តម​នៅ​ថ្ងៃ​នោះ​រហូត​ដល់​ល្ងាច ហើយ​គេ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទូល​សួរ​ព្រះ‌យេហូវ៉ា (ដ្បិត​គ្រា​នោះ ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ​នៅ​ទី​នោះ ហើយ​ភីនេ‌ហាស ជា​កូន​អេលា‌សារ ពូជ​ពង្ស​លោក​អើរ៉ុន បម្រើ​ព្រះ​អង្គ​នៅ​មុខ​ហិប​នៃ​សេចក្ដី​សញ្ញា​នៅ​គ្រា​នោះ) គឺ​គេ​សួរ​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​ចេញ​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​បេនយ៉ាមីន ជា​បង​ប្អូន​របស់​យើង​ខ្ញុំ​ម្ដង​ទៀត ឬ​យើង​ខ្ញុំ​ត្រូវ​ឈប់?» ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឡើង​ទៅ​ចុះ ដ្បិត​ថ្ងៃ​ស្អែក យើង​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ»។ ដូច្នេះ ពួក​អ៊ីស្រា‌អែល​បាន​បង្កប់​ទ័ព ចាំ​វាយ​ឆ្មក់​នៅ​ជុំ‌វិញ​ក្រុង​គី‌បៀរ។ រួចនៅ​ថ្ងៃ​ទី​បី ពួក​អ៊ីស្រា‌អែល​ឡើង​ទៅ​ទាស់​នឹង​ពួក​បេនយ៉ាមីន ហើយ​តម្រៀប​ទ័ព​ទាស់​នឹង​ក្រុង​គី‌បៀរ ដូច​លើក​មុន។ ឯ​ពួក​កូន​ចៅ​បេនយ៉ាមីន​ក៏​ចេញ​មក​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​អ៊ីស្រា‌អែល​បាន​បញ្ឆោត​នាំគេ​ឲ្យ​ឃ្លាត​ឆ្ងាយ​ពីទី​ក្រុង។ ដូចសព្វ​ដង​ដែរ គេ​ចាប់​ផ្ដើម​វាយ​ពួក​អ៊ីស្រា‌អែល ហើយ​សម្លាប់​អស់​ប្រហែល​សាម​សិប​នាក់ មួយ​ក្រុម​តាម​ផ្លូវ​ឡើង​ទៅ​បេត-អែល និង​មួយ​ក្រុម​ទៀត​តាម​ផ្លូវ​ទៅ​ក្រុង​គី‌បៀរ ព្រម​ទាំង​នៅ​ស្រុក​វាល​ផង។ ពួក​កូន​ចៅ​បេនយ៉ាមីន​ពោល​ថា៖ «ពួក​វា​រត់​បាក់​ទ័ព​ដូច​លើក​មុន​ទៀត​ហើយ»។ ប៉ុន្ដែ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ពោល​ថា៖ «ចូរ​យើង​នាំ​គ្នា​រត់ ហើយ​ទាញ​គេ​មក​តាម​ផ្លូវ ឲ្យ​ចេញ​ឆ្ងាយ​ពី​ទី​ក្រុង»។ ពេល​នោះ ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ក៏​ងើប​ពី​កន្លែង​រៀងៗ​ខ្លួន​ទៅ​តម្រៀប​ទ័ព​នៅ​បាល-តាម៉ារ ឯ​ពួក​ទ័ព​បង្កប់​របស់​ពួក​អ៊ីស្រា‌អែល ក៏​ស្ទុះ​ចេញ​ពី​កន្លែង​របស់​គេ នៅ​វាល​ទំនាប​គី‌បៀរ​ដែរ។ មាន​មនុស្ស​ជ្រើស‌រើស​ពី​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ចំនួន​មួយ​ម៉ឺន​នាក់ ចូល​ទៅ​ច្បាំង​នឹង​ក្រុង​គី‌បៀរ ហើយ​ចម្បាំង​នោះ​សាហាវ​ណាស់ ប៉ុន្ដែ ពួក​បេនយ៉ាមីនមិន​ដឹងថា​នឹង​មាន​មហន្តរាយ​កើត​ឡើង​ដល់​ពួក​គេ​ទេ។ ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ពួក​បេនយ៉ាមីន​បាក់ទ័ព​នៅ​មុខ​ពួក​អ៊ីស្រា‌អែល ហើយ​នៅ​ថ្ងៃ​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បំផ្លាញ​ពួក​បេនយ៉ាមីន អស់​ចំនួន​ពីរ​ម៉ឺន​ប្រាំ​ពាន់​មួយ​រយ​នាក់ សុទ្ធ​តែ​ជា​អ្នក​ដែល​កាន់​ដាវ។ ដូច្នេះ ពួក​កូន​ចៅ​បេនយ៉ាមីន​ឃើញ​ថា ពួក​គេ​ចាញ់​ហើយ។ ពួក​អ៊ីស្រា‌អែល​បាន​ថយ​ចេញ​ពី​ពួក​បេនយ៉ាមីន ព្រោះ​គេ​ទុក​ចិត្ត​នឹង​ពួក​ទ័ព​បង្កប់ ដែល​គេ​បាន​ដាក់​ឲ្យ​ទាស់​នឹង​ក្រុង​គី‌បៀរ។ បន្ទាប់​មក ពួក​ទ័ព​បង្កប់​ក៏​ស្ទុះ​ចូល​ទៅ​ក្នុង​ក្រុង​គី‌បៀរ​ជា​ប្រញាប់ គេ​ចេញ​ទៅ​វាយ​សម្លាប់​ពួក​អ្នក​ក្រុង​នោះ​ទាំង​អស់​ដោយ​មុខ​ដាវ។ វេលា​នោះ ពួក​ទ័ព​អ៊ីស្រា‌អែល និង​ទ័ព​បង្កប់ បាន​សន្មត់​ធ្វើ​សញ្ញា​ប្រាប់​គ្នា​ថា ពេល​ណា​គេ​ធ្វើ​ឲ្យ​មាន​ផ្សែង​ឲ្យ​ហុយ​ឡើង​យ៉ាង​ក្រាស់​ចេញ​ពី​ទី​ក្រុង ពួក​អ៊ីស្រា‌អែល​ត្រូវបក​មក​ច្បាំង​វិញ។ ពួក​បេនយ៉ាមីន​ចាប់​ផ្ដើម​វាយ​សម្លាប់​ពួក​អ៊ីស្រា‌អែល អស់​ប្រមាណ​ជា​សាម​សិប​នាក់ ហើយ​គេ​នឹក​គិត​ថា៖ «គេ​ប្រាកដ​ជា​បាក់​ទ័ព​ដូច​ក្នុង​ចម្បាំង​លើក​មុន​ដែរ»។ ប៉ុន្ដែ ពេល​មាន​សញ្ញា​ផ្សែង​ហុយ​ឡើង​ពី​ទី​ក្រុង ពួក​បេនយ៉ាមីន​ងាក​មើល​ទៅ​ក្រោយ នោះ​មើល៍ ទី​ក្រុង​ទាំង​មូល​ហុយ​សុទ្ធ​តែ​ផ្សែង​ទៅ​លើ​មេឃ។ ពេល​នោះ ពួក​អ៊ីស្រា‌អែល​បក​ក្រោយ ហើយ​ពួក​បេនយ៉ាមីន​ភ័យ​តក់​ស្លុត ដោយ​ឃើញ​ថា មហន្តរាយ​ជិត​មក​ដល់​ហើយ។ ដូច្នេះ គេ​ក៏​បែរ​ក្រោយ​នៅ​មុខ​ពួក​អ៊ីស្រា‌អែល សំដៅ​ទៅ​ទី​រហោ‌ស្ថាន តែ​ពួក​ទ័ព​អ៊ីស្រា‌អែល​ដេញ​តាម​យ៉ាង​ប្រកិត ហើយ​ពួក​ទ័ព​ដែល​ចេញ​ពី​ទី​ក្រុង ក៏​វាយ​ផ្ទប់​ពួក​គេ​ដែល​ស្ថិត​នៅ​ចំកណ្ដាល។ ពួក​អ៊ីស្រា‌អែល​ឡោម​ព័ទ្ធ​ពួក​បេនយ៉ាមីន ព្រម​ទាំង​ដេញ​តាម ហើយ​ជាន់​គេ​នឹង​ជើង ចាប់​តាំង​ពី​ណូហា​រហូត​ដល់​ទល់​មុខ​នឹង​ក្រុង​គី‌បៀរ​ទិស​ខាង​កើត។ ពួក​បេនយ៉ាមីន​មួយ​ម៉ឺន​ប្រាំបី​ពាន់​នាក់​បាន​ដួល​ស្លាប់ អ្នក​ទាំង​អស់​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន។ គេ​ក៏​ងាក​បែរ​រត់​ទៅ​ទី​រហោ‌ស្ថាន ទៅ​ដល់​ថ្ម‌ដា​រីម៉ូន ប៉ុន្ដែ ពួក​អ៊ីស្រា‌អែល​សម្លាប់​ពួក​គេ​អស់​ប្រាំ​ពាន់​នាក់​នៅ​តាម​ផ្លូវ ព្រម​ទាំង​ដេញ​ប្រកិត​តាម​ទៅ​ដល់​គីដូម រួច​សម្លាប់​បាន​ពីរ​ពាន់​នាក់​ថែម​ទៀត។ ដូច្នេះ ពួក​បេនយ៉ាមីន​ដែល​ដួល​ស្លាប់​ថ្ងៃ​នោះ រួម​ទាំង​អស់​មាន​ចំនួន​ពីរ​ម៉ឺន​ប្រាំ​ពាន់​នាក់ សុទ្ធ​តែ​ជា​អ្នក​ក្លាហាន ដែល​កាន់​ដាវ​គ្រប់​គ្នា។ ប៉ុន្តែ មាន​ប្រាំមួយ​រយ​នាក់​បាន​ងាក​បែរ​រត់​ទៅ​ទី​រហោ‌ស្ថាន ទៅ​ដល់​ថ្ម‌ដា​រីម៉ូន ហើយ​ក៏​ជ្រក​នៅ​ទី​នោះ​អស់​រយៈ​ពេល​បួន​ខែ។ ពួក​អ៊ីស្រា‌អែល​វិល​ត្រឡប់​មក​វិញ ប្រយុទ្ធ​នឹង​ពួក​កូន​ចៅ​បេនយ៉ាមីន ហើយ​ប្រហារ​គេ​ដោយ​មុខ​ដាវ គឺ​សម្លាប់​មនុស្ស​ដែល​រស់​នៅ​ក្នុង​ក្រុង ហ្វូង​សត្វ និង​អ្វីៗ​ទាំង​អស់​ដែល​គេ​ប្រទះ​ឃើញ រួច​ដុត​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រទះ​ឃើញ​ដែរ។

ចែក​រំលែក
អាន ចៅហ្វាយ 20

ចៅហ្វាយ 20:1-48 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​លើក​ទ័ព​មក​ពី​គ្រប់​ទិស‌ទី ចាប់​តាំង​ពី​ក្រុង​ដាន់​ដែល​នៅ​ខាង​ជើង រហូត​ដល់​បៀរ‌សេ‌បា​ដែល​នៅ​ខាង​ត្បូង ព្រម​ទាំង​ស្រុក​កាឡាដ​ដែល​នៅ​ខាង​កើត។ ពួក​គេ​ជួប‌ជុំ​គ្នា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នៅ​មីស‌ប៉ា ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ។ ពួក​មេ​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល សុទ្ធ​តែ​មាន​វត្ត‌មាន​ក្នុង​អង្គ​ប្រជុំ​នៃ​ប្រជា‌ជន​របស់​ព្រះ‌ជាម្ចាស់ គឺ​មាន​កង‌ពល​ថ្មើរ​ជើង​ចំនួន​បួន​សែន​នាក់ ប្រដាប់​ដោយ​ដាវ។ កូន​ចៅ​បេន‌យ៉ាមីន​បាន​ទទួល​ដំណឹង​ថា ប្រជា‌ជន​អ៊ីស្រា‌អែល​លើក​ទ័ព​មក​ដល់​មីស‌ប៉ា​ហើយ។ ពេល​នោះ ប្រជា‌ជន​អ៊ីស្រា‌អែល​សួរ​ទៅ​បុរស​លេវី​ថា៖ «ចូរ​និយាយ​ប្រាប់​យើង​មើល តើ​ឧក្រិដ្ឋ‌កម្ម​នេះ​កើត​ឡើង​យ៉ាង​ដូច​ម្ដេច»? បុរស​លេវី​ជា​ប្ដី​របស់​ស្ត្រី​ដែល​ត្រូវ​គេ​សម្លាប់ ក៏​ឆ្លើយ​ថា៖ «ខ្ញុំ និង​ប្រពន្ធ​ចុង​ខ្ញុំ​បាន​ចូល​ទៅ​ក្រុង​គីបៀរ ជា​ទឹក​ដី​របស់​ពួក​បេន‌យ៉ាមីន ដើម្បី​សម្រាក​នៅ​ពេល​យប់។ យប់​នោះ ស្រាប់​តែ​ពួក​អ្នក​ក្រុង​គីបៀរ​លើក​គ្នា​មក​ធ្វើ​បាប​ខ្ញុំ ដោយ​ឡោម‌ព័ទ្ធ​ផ្ទះ​ដែល​ខ្ញុំ​ស្នាក់​នៅ។ ពួក​គេ​មាន​បំណង​សម្លាប់​ខ្ញុំ ប៉ុន្តែ នៅ​ទី​បំផុត ពួក​គេ​បាន​នាំ​គ្នា​រំលោភ​ប្រពន្ធ​ចុង​ខ្ញុំ រហូត​ដល់​នាង​បាត់​បង់​ជីវិត។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​យក​សាក‌សព​របស់​នាង​កាប់​ជា​កំណាត់ៗ រួច​ផ្ញើ​ទៅ​គ្រប់​តំបន់​ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល ដ្បិត​ពួក​បេន‌យ៉ាមីន​បាន​ប្រព្រឹត្ត​អំពើ​យង់‌ឃ្នង​មួយ​ដ៏​ថោក​ទាប​បំផុត​នៅ​ស្រុក​អ៊ីស្រា‌អែល។ ឥឡូវ​នេះ បងប្អូន​ទាំង​អស់​គ្នា​ដែល​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ សូម​បងប្អូន​ពិភាក្សា​គ្នា​នៅ​ទី​នេះ ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​ចុះ!»។ ប្រជា‌ជន​ទាំង​មូល​ក៏​ក្រោក​ឈរ​ឡើង ស្រុះ​គ្នា​ដូច​មនុស្ស​តែ​ម្នាក់ ដោយ​ពោល​ថា៖ «ក្នុង​ចំណោម​ពួក​យើង គ្មាន​នរណា​ម្នាក់​វិល​ត្រឡប់​ទៅ​កាន់​ទី​លំ‌នៅ​របស់​ខ្លួន​វិញ​ឡើយ ទោះ​បី​អ្នក​នោះ​រស់​នៅ​ក្នុង​ជំរំ​ក្ដី ឬ​ក្នុង​ផ្ទះ​ក្ដី។ យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​អ្នក​ក្រុង​គីបៀរ​ដូច​ត​ទៅ​នេះ គឺ​យើង​នឹង​ទៅ​វាយ​ពួក​គេ ដោយ​ចាប់​ឆ្នោត។ យើង​ត្រូវ​ជ្រើស​រើស​មនុស្ស​មួយ​ភាគ​ដប់​ពី​ក្នុង​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​គេ​ទទួល​ខុស​ត្រូវ​ផ្នែក​ខាង​រក​ស្បៀង​អាហារ​សម្រាប់​ពល​ទ័ព ដែល​នឹង​ចេញ​ទៅ​វាយ​ពួក​បេន‌យ៉ាមីន​នៅ​ក្រុង​គីបៀរ ដើម្បី​ដាក់​ទណ្ឌ‌កម្ម​ដល់​ពួក​គេ ចំពោះ​អំពើ​ដ៏​ថោក​ទាប ដែល​គេ​បាន​ប្រព្រឹត្ត​នៅ​ស្រុក​អ៊ីស្រា‌អែល»។ ដូច្នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​មាន​ចិត្ត​គំនិត​តែ​មួយ លើក​គ្នា​ប្រឆាំង​នឹង​អ្នក​ក្រុង​គីបៀរ។ កុល‌សម្ព័ន្ធ​ទាំង‌ឡាយ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​គ្រប់​អំបូរ ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​មាន​អំពើ​ឧក្រិដ្ឋ​បែប​នេះ​កើត​ឡើង ក្នុង​ចំណោម​អ្នក​រាល់​គ្នា? ឥឡូវ​នេះ ចូរ​ប្រគល់​ជន​ពាល​ទាំង​នោះ​នៅ​គីបៀរ​មក យើង​នឹង​សម្លាប់​ពួក​គេ ដើម្បី​បោស​សម្អាត​អំពើ​អាក្រក់ ចេញ​ពី​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល»។ ប៉ុន្តែ កូន​ចៅ​បេន‌យ៉ាមីន​មិន​ព្រម​ស្ដាប់​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​បងប្អូន​របស់​ខ្លួន​ឡើយ។ កូន​ចៅ​បេន‌យ៉ាមីន​ក៏​ចេញ​ពី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​គេ ហើយ​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្រុង​គីបៀរ ដើម្បី​ប្រយុទ្ធ​តទល់​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល។ នៅ​ថ្ងៃ​នោះ ទាហាន​បេន‌យ៉ាមីន​ដែល​គេ​បាន​កេណ្ឌ​មក​ពី​ក្រុង​នានា ប្រដាប់​ដោយ​ដាវ មាន​ចំនួន​ពីរ​ម៉ឺន​ប្រាំ​មួយ​ពាន់​នាក់ ឥត​រាប់​ទាហាន​ដ៏​ជំនាញៗ​ចំនួន​ប្រាំ‌ពីរ​រយ​នាក់​ពី​ក្រុង​គីបៀរ​ទេ។ ក្នុង​ចំណោម​ពួក​គេ មាន​ទាហាន​ដ៏​ជំនាញៗ​ចំនួន​ប្រាំ‌ពីរ​រយ​នាក់ ដែល​ប្រើ​តែ​ដៃ​ឆ្វេង។ អ្នក​ទាំង​នោះ​អាច​ប្រើ​ដង្ហក់​ចោល​ដុំ​គ្រួស សូម្បី​តែ​សក់​មួយ​សរសៃ​ក៏​ចោល​ឥត​ខុស​ឡើយ។ រីឯ​ទាហាន​របស់​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ឯ​ទៀតៗ ក្រៅ​ពី​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន មាន​បួន​សែន​នាក់​ដែល​ប្រដាប់​ដោយ​ដាវ ហើយ​សុទ្ធ​តែ​ជា​អ្នក​ចម្បាំង​ដ៏​ស្ទាត់​ជំនាញ។ ពេល​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ឡើង​ទៅ​បេត‌អែល ទូល​សួរ​ព្រះ‌ជាម្ចាស់​ថា៖ «ក្នុង​ចំណោម​ពួក​យើង តើ​កុល‌សម្ព័ន្ធ​ណា​ត្រូវ​ចេញ​ទៅ​វាយ​ពួក​បេន‌យ៉ាមីន​មុន​គេ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «កុល‌សម្ព័ន្ធ​យូដា​ត្រូវ​ចេញ​ទៅ​មុន​គេ»។ ជន‌ជាតិ​អ៊ីស្រា‌អែល​ក្រោក​ឡើង​ពី​ព្រលឹម នាំ​គ្នា​ទៅ​បោះ​ទ័ព​នៅ​ទល់​មុខ​នឹង​គីបៀរ។ បន្ទាប់​មក កង‌ទ័ព​អ៊ីស្រា‌អែល​ចូល​ទៅ​ប្រយុទ្ធ​នឹង​បេន‌យ៉ាមីន ដោយ​តម្រៀប​ទ័ព​នៅ​មុខ​ក្រុង​គីបៀរ។ កូន​ចៅ​បេន‌យ៉ាមីន​ក៏​ចេញ​ពី​ក្រុង​គីបៀរ ហើយ​ក្នុង​ថ្ងៃ​នោះ ពួក​គេ​បាន​សម្លាប់​ទាហាន​អ៊ីស្រា‌អែល​នៅ​លើ​សមរ‌ភូមិ​អស់​ចំនួន​ពីរ​ម៉ឺន​ពីរ​ពាន់​នាក់។ ទាហាន​អ៊ីស្រា‌អែល​ក៏​បាន​ពង្រឹង​ទឹក​ចិត្ត​ឡើង​វិញ ហើយ​តម្រៀប​ទ័ព​នៅ​លើ​សមរ‌ភូមិ​ដដែល។ បន្ទាប់​មក ប្រជា‌ជន​អ៊ីស្រា‌អែល​ក៏​ចេញ​ទៅ​យំ​សោក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​រហូត​ដល់​ល្ងាច ដោយ​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​ប្រយុទ្ធ​នឹង​ពួក​បេន‌យ៉ាមីន ជា​បងប្អូន​របស់​យើង​ខ្ញុំ​ទៀត​ឬ​ទេ?»។ ព្រះ‌អម្ចាស់​ឆ្លើយ​ថា៖ «ចូរ​ឡើង​ទៅ​វាយ​ពួក​គេ​ចុះ!»។ ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​វាយ​លុក​កូន​ចៅ​បេន‌យ៉ាមីន​សា​ជា​ថ្មី។ នៅ​ថ្ងៃ​ទី​ពីរ​នេះ កូន​ចៅ​បេន‌យ៉ាមីន​ចេញ​ពី​ក្រុង​គីបៀរ មក​វាយ​ពល​ទាហាន​អ៊ីស្រា‌អែល ហើយ​ប្រហារ​ជីវិត​ពួក​គេ​នៅ​លើ​សមរ‌ភូមិ​នោះ អស់​ចំនួន​មួយ​ម៉ឺន​ប្រាំ​បី​ពាន់​នាក់ ដែល​សុទ្ធ​តែ​ជា​ទាហាន​ប្រដាប់​ដោយ​ដាវ។ ដូច្នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​ឡើង​ទៅ​ឯ​បេត‌អែល អង្គុយ​យំ​សោក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ ថ្ងៃ​នោះ ពួក​គេ​បាន​តម​អាហារ​រហូត​ដល់​ល្ងាច។ ពួក​គេ​បាន​យក​សត្វ​មក​ថ្វាយ​ជា​តង្វាយ​ដុត*​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព*​ចំពោះ​ព្រះ‌អម្ចាស់។ ជន‌ជាតិ​អ៊ីស្រា‌អែល​ទូល​សួរ​ព្រះ‌អម្ចាស់ ដ្បិត​គ្រា​នោះ ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​បេត‌អែល ហើយ​មាន​លោក​ភីនេ‌ហាស ជា​កូន​របស់​លោក​អេ‌ឡា‌សារ និង​ជា​ចៅ​របស់​លោក​អើរ៉ុន ជា​អ្នក​បម្រើ​ព្រះអង្គ​នៅ​ទី​នោះ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ទូល​សួរ​ព្រះ‌អម្ចាស់​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​ទៅ​ប្រយុទ្ធ​ទល់​នឹង​ពួក​បេន‌យ៉ាមីន ជា​បងប្អូន​របស់​យើង​ខ្ញុំ​ទៀត ឬ​យើង​ខ្ញុំ​ត្រូវ​នៅ​ស្ងៀម?»។ ព្រះ‌អម្ចាស់​ឆ្លើយ​តប​មក​វិញ​ថា៖ «ចូរ​ចេញ​ទៅ​ចុះ ស្អែក​យើង​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ»។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​បង្កប់​ទ័ព​ឆ្មក់​នៅ​ជុំ‌វិញ​ក្រុង​គីបៀរ។ នៅ​ថ្ងៃ​ទី​បី ពួក​គេ​ចេញ​ទៅ​ប្រយុទ្ធ​នឹង​កូន​ចៅ​បេន‌យ៉ាមីន​ដោយ​តម្រៀប​ទ័ព​នៅ​មុខ​ក្រុង​គីបៀរ ដូច​លើក​មុន​ដែរ។ ពេល​នោះ កូន​ចៅ​បេន‌យ៉ាមីន​ក៏​ចេញ​មក​ប្រយុទ្ធ​នឹង​ប្រជា‌ជន​អ៊ីស្រា‌អែល ហើយ​ទ័ព​អ៊ីស្រា‌អែល​បាន​នាំ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ក្រុង។ កង‌ទ័ព​បេន‌យ៉ាមីន​ប្រហារ​ជីវិត​ទាហាន​អ៊ីស្រា‌អែល ដូច​លើក​មុន​ដែរ គឺ​ពួក​គេ​សម្លាប់​ទាហាន​អ៊ីស្រា‌អែល​អស់​ចំនួន​សាម‌សិប​នាក់ ក្នុង​វាល​ស្រែ​ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​បេត‌អែល និង​តាម​ផ្លូវ​ទៅ​ក្រុង​គីបៀរ។ កូន​ចៅ​បេន‌យ៉ាមីន​ពោល​ថា៖ «មើល​ហ្ន៎! ពួក​វា​បាក់​ទ័ព​ដូច​គ្រា​មុន​ទៀត​ហើយ!»។ រីឯ​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ គេ​ពោល​ថា៖ «យើង​នាំ​គ្នា​រត់​ទៅ ដើម្បី​ទាក់‌ទាញ​ពួក​វា​ចេញ​ឲ្យ​ឆ្ងាយ​ពី​ក្រុង»។ បន្ទាប់​មក កង‌ទ័ព​អ៊ីស្រា‌អែល​បាន​ចេញ​ពី​កន្លែង​រៀងៗ​ខ្លួន មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​បាល-‌តាម៉ារ រីឯ​ទ័ព​ឆ្មក់​ដែល​បង្កប់​ខ្លួន ក៏​ស្ទុះ​ចេញ​ពី​កន្លែង​លាក់​ខ្លួន​នៅ​ត្រង់​វាល​ទំនាប​គីបៀរ​មក​ដែរ។ ទាហាន​ដ៏​ចំណានៗ​ចំនួន​មួយ​ម៉ឺន​នាក់ ដែល​គេ​បាន​ជ្រើស​រើស​ពី​ក្នុង​ចំណោម​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល ក៏​លើក​គ្នា​មក​ដល់​មុខ​ក្រុង​គីបៀរ។ ពេល​នោះ ការ​ប្រយុទ្ធ​មួយ​ដ៏​សាហាវ​បាន​ចាប់​ផ្ដើម​ឡើង ប៉ុន្តែ ពួក​បេន‌យ៉ាមីន​ពុំ​ដឹង​ខ្លួន​ថា នឹង​មាន​មហន្ត‌រាយ​មួយ​កើត​ឡើង​ចំពោះ​ពួក​គេ​ទេ។ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​បេន‌យ៉ាមីន​បាក់​ទ័ព ហើយ​នៅ​ថ្ងៃ​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​សម្លាប់​ទាហាន​បេន‌យ៉ាមីន ដែល​ប្រដាប់​ដោយ​ដាវ អស់​ចំនួន​ពីរ​ម៉ឺន​ប្រាំ​ពាន់​មួយ​រយ​នាក់។ ពេល​នោះ កូន​ចៅ​បេន‌យ៉ាមីន​ដឹង​ខ្លួន​ថា ពួក​គេ​ចាញ់​ហើយ ដ្បិត​នៅ​ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​រត់​នោះ គឺ​មក​ពី​គេ​ទុក​ចិត្ត​លើ​អន្តរា‌គមន៍​របស់​ទ័ព​ឆ្មក់​ដែល​បង្កប់​ខ្លួន នៅ​ជុំ‌វិញ​ក្រុង​គីបៀរ។ ទ័ព​ឆ្មក់​វាយ​សម្រុក​យ៉ាង​លឿន​ចូល​ក្នុង​ក្រុង​គីបៀរ ហើយ​ចាប់​យក​ទីក្រុង ព្រម​ទាំង​សម្លាប់​រង្គាល​អ្នក​ក្រុង​នោះ​ទៀត​ផង។ កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​បាន​សន្មត​គ្នា​ជា​មួយ​ទ័ព​ឆ្មក់​ថា នៅ​ពេល​មាន​ផ្សែង​ហុយ​ឡើង​ពី​ទីក្រុង កង‌ទ័ព​ដែល​រត់​នៅ​មុខ​កង‌ទ័ព​បេន‌យ៉ាមីន ត្រូវ​បក​ក្រោយ​វិញ។ កង‌ទ័ព​បេន‌យ៉ាមីន​សម្លាប់​ទាហាន​អ៊ីស្រា‌អែល​អស់​ប្រមាណ​ជា​សាម‌សិប​នាក់ ហើយ​ពួក​គេ​នឹក​គិត​ថា៖ «ពួក​វា​ប្រាកដ​ជា​បាក់​ទ័ព​រត់​នៅ​មុខ​យើង ដូច​លើក​មុន​ដែរ!»។ ពេល​នោះ ស្រាប់​តែ​មាន​ផ្សែង​ហុយ​ឡើង​យ៉ាង​ខ្មួល‌ខ្មាញ់​ពី​ទីក្រុង។ កង‌ទ័ព​បេន‌យ៉ាមីន​ក្រឡេក​មើល​ក្រោយ​ឃើញ​ភ្លើង​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ​ចេញ​ពី​ទីក្រុង​ទាំង​មូល។ កង‌ទ័ព​អ៊ីស្រា‌អែល​ក៏​បក​ក្រោយ ធ្វើ​ឲ្យ​កង‌ទ័ព​បេន‌យ៉ាមីន​ភ័យ​តក់‌ស្លុត​យ៉ាង​ខ្លាំង ដោយ​ឃើញ​មហន្ត‌រាយ​កើត​ឡើង​ចំពោះ​ពួក​គេ​ដូច្នេះ។ ពួក​គេ​បែរ​ក្រោយ​រត់​គេច​ពី​កង‌ទ័ព​អ៊ីស្រា‌អែល សំដៅ​ទៅ​វាល​រហោ‌ស្ថាន ប៉ុន្តែ កង‌ទ័ព​អ៊ីស្រា‌អែល​បាន​ដេញ​តាម​ពួក​គេ ហើយ​ទ័ព​ឆ្មក់​ក៏​ចេញ​ពី​ក្រុង​មក​ដែរ រួច​វាយ​ផ្ទប់​សម្លាប់​រង្គាល​ពួក​គេ​ដែល​ស្ថិត​នៅ​ចំ​កណ្ដាល។ កង‌ទ័ព​អ៊ីស្រា‌អែល​ឡោម‌ព័ទ្ធ​ទ័ព​បេន‌យ៉ាមីន និង​ដេញ​សម្លាប់​ពួក​គេ រហូត​ដល់​ខាង​កើត​ក្រុង​គីបៀរ មិន​ទុក​ឱកាស​ឲ្យ​ពួក​គេ​រត់​រួច​ឡើយ។ ទាហាន​បេន‌យ៉ាមីន​ដែល​សុទ្ធ​តែ​ខ្លាំង​ពូកែ បាន​បាត់​បង់​ជីវិត​អស់​ចំនួន​មួយ​ម៉ឺន​ប្រាំ​បី​ពាន់​នាក់។ ក្នុង​ចំណោម​ទាហាន​បេន‌យ៉ាមីន ដែល​រត់​គេច​ខ្លួន​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន មាន​ប្រាំ​ពាន់​នាក់​ត្រូវ​គេ​សម្លាប់ នៅ​តាម​ផ្លូវ​ទៅ​ផ្ទាំង​ថ្ម​រីម៉ូន។ កង‌ទ័ព​អ៊ីស្រា‌អែល​ដេញ​តាម​ពួក​គេ​រហូត​ដល់​គី‌ដូម ហើយ​សម្លាប់​បាន​ពីរ​ពាន់​នាក់​ថែម​ទៀត។ នៅ​ថ្ងៃ​នោះ ទាហាន​បេន‌យ៉ាមីន​ដែល​សុទ្ធ​តែ​ខ្លាំង​ពូកែ បាន​បាត់​បង់​ជីវិត​ទាំង​អស់​ពីរ​ម៉ឺន​ប្រាំ​ពាន់​នាក់។ រីឯ​ពួក​ដែល​រត់​ទៅ​វាល​រហោ‌ស្ថាន មាន​ចំនួន​ប្រាំ​មួយ​រយ​នាក់​បាន​រួច​ខ្លួន ពួក​គេ​ទៅ​ដល់​ផ្ទាំង​ថ្ម​រីម៉ូន ហើយ​ស្នាក់​នៅ​ទី​នោះ​អស់​រយៈ​ពេល​បួន​ខែ។ កង‌ទ័ព​អ៊ីស្រា‌អែល​វិល​ត្រឡប់​មក​វិញ ប្រយុទ្ធ​នឹង​ពួក​បេន‌យ៉ាមីន​ដែល​នៅ​សល់ ហើយ​សម្លាប់​ពួក​គេ​ដោយ​មុខ​ដាវ ទាំង​មនុស្ស ទាំង​ហ្វូង​សត្វ ព្រម​ទាំង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​គេ​ទៀត​ផង។ កង‌ទ័ព​អ៊ីស្រា‌អែល​ទៅ​ដល់​កន្លែង​ណា គេ​ដុត​កម្ទេច​ទីក្រុង​ទាំង​ប៉ុន្មាន​នៅ​កន្លែង​នោះ។

ចែក​រំលែក
អាន ចៅហ្វាយ 20

ចៅហ្វាយ 20:1-48 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ក៏​ចេញ​ពី​ស្រុក​គេ​មក ចាប់​តាំង​ពី​ក្រុង​ដាន់​រហូត​ដល់​ក្រុង​ប្អៀរ-សេបា ព្រម​ទាំង​ស្រុក​កាឡាត​ផង ហើយ​ពួក​ជំនុំ​បាន​ប្រជុំ​គ្នា ដូច​ជា​មនុស្ស​តែ​ម្នាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មីសប៉ា ឯ​ពួក​មេ‌ទ័ព​ក្នុង​បណ្តាជន​ទាំង​ប៉ុន្មាន គឺ​ជា​មេ‌ទ័ព​នៃ​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់ គេ​ក៏​ចេញ​មុខ​ឡើង ក្នុង​ជំនុំ​ពួក​បណ្តាជន​នៃ​ព្រះ មាន​ពល​ថ្មើរ​ជើង ដែល​កាន់​ដាវ​៤​សែន​នាក់ (រីឯ​ពួក​កូន​ចៅ​បេន‌យ៉ាមីន គេ​ក៏​ឮ​ថា ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ឡើង​មក​ដល់​មីសប៉ា​ដែរ) ពួក​កូន​ចៅ​អ៊ីស្រាអែល​សួរ​ថា សូម​ប្រាប់​ឲ្យ​យើង​ដឹង ជា​អំពើ​ដ៏​លាមក​នេះ​បាន​កើត​មក​ជា​យ៉ាង​ណា នោះ​ពួក​លេវី​ជា​ប្ដី​នាង ដែល​គេ​បាន​សំឡាប់​នោះ គាត់​ឆ្លើយ​ថា ខ្ញុំ នឹង​ប្រពន្ធ​ចុង​របស់​ខ្ញុំ បាន​ចូល​ទៅ​ក្នុង​គីបៀរ ជា​ទី​ក្រុង​របស់​ពួក​បេន‌យ៉ាមីន ដើម្បី​នឹង​ស្នាក់​នៅ ស្រាប់​តែ​ពួក​មនុស្ស​នៅ​គីបៀរ គេ​លើក​គ្នា​ទាំង​យប់​មក​ព័ទ្ធ​ផ្ទះ​ដែល​ខ្ញុំ​នៅ ទាស់​នឹង​ខ្ញុំ គេ​គិត​សំឡាប់​ខ្ញុំ ក៏​បាន​ចាប់​បង្ខំ​ប្រពន្ធ​ចុង​របស់​ខ្ញុំ ហើយ​នាង​បាន​ស្លាប់​ទៅ ដូច្នោះ​ហើយ ខ្ញុំ​បាន​យក​ខ្មោច​នាង​មក កាត់​ជា​កំណាត់ៗ​ផ្ញើ​ទៅ​គ្រប់​ក្នុង​ស្រុក ដែល​ជា​មរដក​របស់​សាសន៍​អ៊ីស្រាអែល ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​ដ៏​អាស‌អាភាស ហើយ​លាមក​របស់​គេ​ក្នុង​ពួក​អ៊ីស្រាអែល​យើង​នេះ ដូច្នេះ​អ្នក​រាល់​គ្នា​ជា​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា​អើយ សូម​បញ្ចេញ​គំនិត​របស់​អ្នក​រាល់​គ្នា​មក ហើយ​សំរេច​សេចក្ដី​ចុះ។ គ្រា​នោះ មនុស្ស​ទាំង‌ឡាយ​ក៏​ក្រោក​ឡើង​ព្រម​គ្នា ដូច​ជា​មនុស្ស​តែ​ម្នាក់ ដោយ​ពាក្យ​ថា ក្នុង​ពួក​យើង​គ្មាន​អ្នក​ណា​មួយ​នឹង​ត្រឡប់​ទៅ​ទី​លំនៅ​ខ្លួន ឬ​ចូល​ទៅ​ក្នុង​ផ្ទះ​ខ្លួន​វិញ​ឡើយ គឺ​យើង​នឹង​ធ្វើ​ដល់​ពួក​គីបៀរ​យ៉ាង​ដូច្នេះ យើង​នឹង​ឡើង​ទៅ​ទាស់​នឹង​គេ ដោយ​ចាប់​ឆ្នោត យើង​នឹង​យក​១០​នាក់​ក្នុង​១០០ ហើយ​១០០​នាក់​ក្នុង​១​ពាន់ នឹង​១​ពាន់​នាក់​ក្នុង​១​ម៉ឺន ពី​គ្រប់​ទាំង​ពូជ​អំបូរ​នៃ​សាសន៍​អ៊ីស្រាអែល ដើម្បី​ទៅ​រក​ស្បៀង​អាហារ​សំរាប់​យើង ប្រយោជន៍​ឲ្យ​យើង​ទៅ​ធ្វើ​ដល់​ពួក​គីបៀរ របស់​ពួក​បេន‌យ៉ាមីន តាម​អំពើ​ដ៏​លាមក​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ប្រព្រឹត្ត​ក្នុង​ពួក​អ៊ីស្រាអែល​យើង​នេះ ដូច្នេះ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​មូល​គ្នា ដូច​ជា​មនុស្ស​តែ​ម្នាក់ ទាស់​នឹង​ទី​ក្រុង​នោះ។ ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ក៏​ចាត់​សារ​ឲ្យ​ទៅ​គ្រប់​ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន​សួរ​ថា តើ​អំពើ​អាក្រក់​យ៉ាង​ណា​នេះ ដែល​បាន​កើត​មក​ក្នុង​ពួក​អ្នក​រាល់​គ្នា ដូច្នេះ​ចូរ​ប្រគល់​ពួក​មនុស្ស​គំរក់​នោះ ដែល​នៅ​ក្រុង​គីបៀរ​មក ឲ្យ​យើង​រាល់​គ្នា​បាន​សំឡាប់​គេ​ចោល​ទៅ ដើម្បី​នឹង​បំបាត់​សេចក្ដី​អាក្រក់​ពី​ពួក​អ៊ីស្រាអែល​ចេញ តែ​ពួក​កូន​ចៅ​បេន‌យ៉ាមីន​មិន​ព្រម​ស្តាប់​តាម​ពួក​កូន​ចៅ​អ៊ីស្រាអែល​ជា​បង​ប្អូន​គេ​ទេ ហើយ​ក៏​ចេញ​ពី​ទី​ក្រុង​គេ​ទាំង​ប៉ុន្មាន ទៅ​មូល​គ្នា​ត្រង់​គីបៀរ ដើម្បី​នឹង​ចេញ​ទៅ​ត​តាំង​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល នៅ​ថ្ងៃ​នោះ គេ​រាប់​ពួក​កូន​ចៅ​បេន‌យ៉ាមីន ដែល​ចេញ​ពី​ទី​ក្រុង​របស់​គេ ឃើញ​មាន​២​ម៉ឺន​៦​ពាន់​នាក់​ដែល​កាន់​ដាវ ក្រៅ​ពី​ពួក​គីបៀរ​៧០០​នាក់ ដែល​ជា​មនុស្ស​ជ្រើស‌រើស​គ្រប់​គ្នា ក្នុង​ពួក​គេ​ទាំង​នោះ មាន​មនុស្ស​ជ្រើស‌រើស​៧០០​នាក់ ដែល​ប្រើ​ការ​ខាង​ដៃ​ឆ្វេង​គ្រប់​គ្នា​អាច​បាញ់​ដោយ​ក្រួស ត្រូវ​ដល់​សក់​១​សរសៃ​បាន​ឥត​ខុស​ឡើយ។ ឯ​ពួក​អ៊ីស្រាអែល ដែល​ក្រៅ​ពី​ពួក​បេន‌យ៉ាមីន​នោះ​មាន​៤​សែន​នាក់​ដែល​កាន់​ដាវ សុទ្ធ​តែ​ជា​មនុស្ស​ស្ទាត់​ចំបាំង ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ក្រោក​ឡើង ដើរ​ទៅ​ឯ​បេត-អែល ដើម្បី​នឹង​ទូល​សួរ​ដល់​ព្រះ​ថា ក្នុង​ពួក​យើង​ខ្ញុំ​រាល់​គ្នា តើ​អ្នក​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​បេន‌យ៉ាមីន​មុន​គេ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ចូរ​ឲ្យ​ពួក​យូដា​ទៅ​មុន​គេ​ចុះ។ ដូច្នេះ ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​បោះ​ទ័ព​ទាស់​នឹង​គីបៀរ គេ​ចេញ​ទៅ​ច្បាំង​នឹង​ពួក​បេន‌យ៉ាមីន ក៏​ដំរៀប​ទ័ព​ទាស់​នឹង​គេ​នៅ​មុខ​ទី​ក្រុង ឯ​ពួក​កូន​ចៅ​បេន‌យ៉ាមីន គេ​ក៏​ចេញ​ពី​គីបៀរ មក​បំផ្លាញ​ពួក​អ៊ីស្រាអែល អស់​២​ម៉ឺន​២​ពាន់​នាក់ ឲ្យ​ស្លាប់​ចង្គ្រាង​នៅ​លើ​ដី​ក្នុង​ថ្ងៃ​នោះ​ឯង តែ​បណ្តា‌ទ័ព​ខាង​ពួក​អ៊ីស្រាអែល គេ​តាំង​ចិត្ត​ឡើង​ទៅ​ដំរៀប​ទ័ព​ម្តង​ទៀត​នៅ​កន្លែង​ដដែល​ដូច​ថ្ងៃ​មុន ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ឡើង​ទៅ​យំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រហូត​ដល់​ល្ងាច ទាំង​ទូល​សួរ​ទ្រង់​ថា តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ចេញ​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​បេន‌យ៉ាមីន​ជា​បង​ប្អូន​ទូលបង្គំ​ម្តង​ទៀត​ឬ​ទេ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ចូរ​ឡើង​ទៅ​ច្បាំង​នឹង​គេ​ចុះ។ ពួក​កូន​ចៅ​អ៊ីស្រាអែល ក៏​ចូល​ទៅ​ជិត​ទី​ពួក​កូន​ចៅ​បេន‌យ៉ាមីន​នៅ​ថ្ងៃ​ទី​២ ហើយ​នៅ​ថ្ងៃ​នោះ​ឯង ពួក​បេន‌យ៉ាមីន​បាន​ចេញ​ពី​គីបៀរ​មក​ត​តាំង​គ្នា គេ​បំផ្លាញ​ពួក​កូន​ចៅ​អ៊ីស្រាអែល​អស់​ចំនួន​១​ម៉ឺន​៨​ពាន់​នាក់ ឲ្យ​នៅ​ចង្គ្រាង​លើ​ដី ពួក​ទាំង​នោះ​សុទ្ធ​តែ​ជា​អ្នក​កាន់​ដាវ នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល នឹង​បណ្តា​ទ័ព​ទាំង​អស់ ក៏​ឡើង​ទៅ​ឯ​បេត-អែល អង្គុយ​យំ​នៅ​ទី​នោះ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​តម​ក្នុង​ថ្ងៃ​នោះ​រហូត​ដល់​ល្ងាច គេ​ក៏​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដែរ រួច​គេ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា (ដ្បិត​ក្នុង​គ្រា​នោះ​ហឹប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ​ក៏​នៅ​ទី​នោះ ហើយ​ភីនេ‌ហាស​ជា​កូន​អេលាសារ ជា​ពូជ​អើរ៉ុន លោក​ឈរ​នៅ​មុខ​ហឹប​នៅ​ជាន់​នោះ​ដែរ) គឺ​គេ​សួរ​ថា តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ចេញ​ទៅ​ត​តាំង​នឹង​ពួក​កូន​ចៅ​បេន‌យ៉ាមីន ជា​បង​ប្អូន​ទូលបង្គំ​ម្តង​ទៀត ឬ​ត្រូវ​ឈប់​វិញ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ចូរ​ឡើង​ទៅ​ចុះ ដ្បិត​ថ្ងៃ​ស្អែក​នេះ អញ​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​រាល់​គ្នា​ហើយ។ ពួក​អ៊ីស្រាអែល​គេ​បង្កប់​ទ័ព​នៅ​ព័ទ្ធ​ជុំវិញ​គីបៀរ រួច​ឡើង​ទៅ​ទាស់​នឹង​ពួក​បេន‌យ៉ាមីន​នៅ​ថ្ងៃ​ទី​៣​ទៀត គេ​ដំរៀប​ទ័ព​ទាស់​នឹង​គីបៀរ​ដូច​កាល​ជាន់​មុន ឯ​ពួក​កូន​ចៅ​បេន‌យ៉ាមីន គេ​ក៏​ចេញ​មក​ត​តាំង​គ្នា ហើយ​ត្រូវ​ប្រទាញ​ទៅ​ឃ្លាត​ឆ្ងាយ​ពី​ទី​ក្រុង គេ​ចាប់​តាំង​សំឡាប់​ពួក​អ៊ីស្រាអែល​ដូច​ជា​សព្វ​១​ដង ទាំង​អស់​ចំនួន​ប្រហែល​ជា​៣០​នាក់ គឺ​តាម​ផ្លូវ​ដែល​ឡើង​ទៅ​ឯ​បេត-អែល​១ នឹង​ផ្លូវ​ដែល​ទៅ​ឯ​គីបៀរ​១ ព្រម​ទាំង​នៅ​វាល​ផង ដូច្នេះ​ពួក​កូន​ចៅ​បេន‌យ៉ាមីន​និយាយ​គ្នា​ថា យើង​វាយ​សំឡាប់​គេ​បាន​ដូច​ជាន់​មុន​ទៀត តែ​ពួក​កូន​ចៅ​អ៊ីស្រាអែល​និយាយ​ប្រាប់​គ្នា​ថា ចូរ​យើង​រត់​នាំ​ប្រទាញ​គេ​មក​ក្នុង​ផ្លូវ​ឃ្លាត​ឆ្ងាយ​ពី​ទី​ក្រុង​ទៅ នោះ​ពួក​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ក៏​ងើប​ពី​កន្លែង​រៀង​ខ្លួន ទៅ​ដំរៀប​ទ័ព​នៅ​ត្រង់​បាល-តាម៉ារ ឯ​ពួក​ទ័ព​បង្កប់​របស់​ពួក​អ៊ីស្រាអែល​ក៏​ស្ទុះ​ចេញ​ពី​កន្លែង​គេ នៅ​ត្រង់​វាល​ស្មៅ​របស់​គីបៀរ​ដែរ មាន​ពួក​មនុស្ស​ជ្រើស‌រើស​ពី​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​ចំនួន​១​ម៉ឺន​នាក់ ចូល​ទៅ​ទាស់​នឹង​គីបៀរ ហើយ​ចំបាំង​នោះ​ក៏​ជា​សំបើម​ខ្លាំង​ណាស់ តែ​ពួក​បេន‌យ៉ាមីន​ឥត​ដឹង​ខ្លួន​ជា​មាន​សេចក្ដី​អន្តរាយ​ជិត​ដល់​គេ​ទេ ព្រះ‌យេហូវ៉ា​ក៏​ប្រហារ​ពួក​បេន‌យ៉ាមីន​នៅ​មុខ​ពួក​អ៊ីស្រាអែល ហើយ​នៅ​ថ្ងៃ​នោះ​ឯង ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​បំផ្លាញ​ពួក​បេន‌យ៉ាមីន​អស់​ចំនួន​២​ម៉ឺន​៥​ពាន់​១​រយ​នាក់ សុទ្ធ​តែ​ជា​អ្នក​ដែល​កាន់​ដាវ។ ដូច្នេះ​ពួក​កូន​ចៅ​បេន‌យ៉ាមីន​ក៏​ឃើញ​ថា ខ្លួន​គេ​ចាញ់​ហើយ ពី​ព្រោះ​ពួក​អ៊ីស្រាអែល​បាន​ថយ​ចេញ​ពី​ពួក​បេន‌យ៉ាមីន ដោយ​ទុក​ចិត្ត​នឹង​ពួក​ទ័ព​បង្កប់ ដែល​គេ​បាន​ដាក់​ឲ្យ​ទាស់​នឹង​ក្រុង​គីបៀរ ពួក​ទ័ព​បង្កប់​ក៏​ម្នីម្នា​ស្ទុះ​ចូល​ទៅ​ក្នុង​ក្រុង​គីបៀរ​ជា​ប្រញាប់ គេ​ដំរង់​ទៅ​មុខ វាយ​សំឡាប់​ពួក​ក្រុង​នោះ​ទាំង​អស់​ដោយ​មុខ​ដាវ ឯ​បណ្តា​ពួក​ទ័ព នឹង​ទ័ព​បង្កប់ គេ​បាន​សន្យា​គ្នា​នឹង​ទី​សំគាល់​នេះ គឺ​ត្រូវ​ឲ្យ​ដុត​ភ្លើង​ធ្វើ​ផ្សែង​ឲ្យ​ហុយ​ឡើង​យ៉ាង​ក្រាស់ ចេញ​ពី​ទី​ក្រុង ដូច្នេះ​ពួក​អ៊ីស្រាអែល​បាន​បែរ​មុខ​ចេញ​ពី​ចំបាំង ហើយ​ពួក​បេន‌យ៉ាមីន​ចាប់​តាំង​កាប់​សំឡាប់​ពួក​គេ អស់​ប្រហែល​ជា​៣០​នាក់ ដោយ​ស្មាន​ថា វាយ​សំឡាប់​បាន​ដូច​ជា​ក្នុង​ចំបាំង​ជាន់​មុន តែ​លុះ​កាល​ភ្លើង​ឆេះ​ហុយ​ផ្សែង​ចេញ​ពី​ទី​ក្រុង​ឡើង នោះ​ពួក​បេន‌យ៉ាមីន​គេ​បែរ​មើល​ទៅ​ក្រោយ ឃើញ​ទី​ក្រុង​ទាំង​មូល​ហុយ​សុទ្ធ​តែ​ផ្សែង​ទៅ​លើ​មេឃ នោះ​ពួក​អ៊ីស្រាអែល​ត្រឡប់​បែរ​មក​វិញ ហើយ​ពួក​បេន‌យ៉ាមីន​ក៏​ភាំង​ស្លុត ដោយ​ឃើញ​ថា សេចក្ដី​អន្តរាយ​មក​ដល់​គេ​ហើយ ដូច្នេះ​គេ​ក៏​បែរ​ខ្នង​នៅ​មុខ​ពួក​អ៊ីស្រាអែល ប្រាស​រត់​ទៅ​តាម​ផ្លូវ​ទី​រហោ‌ស្ថាន​ទៅ តែ​ពួក​ដែល​វាយ​គេ​ចេះ​តែ​ដេញ​តាម​យ៉ាង​ប្រកិត ហើយ​ពួក​ទ័ព​ដែល​ចេញ​ពី​ទី​ក្រុង ក៏​បំផ្លាញ​គេ នៅ​ត្រង់​កណ្តាល គេ​ព័ទ្ធ​ពួក​បេន‌យ៉ាមីន​ជុំវិញ ព្រម​ទាំង​ដេញ​តាម​ហើយ​ជាន់​គេ នៅ​ក្រោម​ជើង​ដោយ​ងាយ រហូត​ដល់​ទល់​មុខ​នឹង​គីបៀរ​ទិស​ខាង​កើត នោះ​មាន​ពួក​បេន‌យ៉ាមីន​១​ម៉ឺន​៨​ពាន់​នាក់​បាន​ដួល​ស្លាប់ សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន រួច​គេ​បែរ​រត់​ទៅ​ខាង​ទី​រហោ‌ស្ថាន ដល់​ថ្មដា​ឈ្មោះ​រីម៉ូន ហើយ​ពួក​ម្ខាង​ក៏​វាយ​សំឡាប់​ម្នាក់ៗ រៀង​តាម​ផ្លូវ អស់​៥​ពាន់​នាក់​ទៀត ព្រម​ទាំង​ដេញ​ប្រកិត​តាម​ទៅ​ដល់​គីដូម រួច​សំឡាប់​បាន​២​ពាន់​នាក់​ថែម​ទៀត បាន​ជា​ពួក​បេន‌យ៉ាមីន​ដែល​ដួល​ស្លាប់​ថ្ងៃ​នោះ រួម​ទាំង​អស់​មាន​២​ម៉ឺន​៥​ពាន់​នាក់ សុទ្ធ​តែ​ជា​អ្នក​ក្លាហាន​ដែល​កាន់​ដាវ​គ្រប់​គ្នា ប៉ុន្តែ​មាន​៦០០​នាក់ បាន​ងាក​បែរ​រត់​ទៅ​ខាង​ទី​រហោ‌ស្ថាន ដល់​ថ្មដា​រីម៉ូន ក៏​ជ្រក​នៅ​ក្នុង​ថ្មដា​នោះ អស់​៤​ខែ រួច​ពួក​អ៊ីស្រាអែល​គេ​វិល​ត្រឡប់​ទៅ​ក្រោយ សំឡាប់​ពួក​កូន​ចៅ​បេន‌យ៉ាមីន​ដោយ​មុខ​ដាវ គឺ​សំឡាប់​ទាំង​ពួក​អ្នក​នៅ​ទី​ក្រុង​ទាំង​អស់ នឹង​ពួក​សត្វ ហើយ​នឹង​របស់​អ្វីៗ​ដែល​ប្រទះ​ឃើញ​ទាំង​អស់​ផង រួច​គេ​ដុត​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រទះ​ឃើញ​ដែរ។

ចែក​រំលែក
អាន ចៅហ្វាយ 20