កាឡាទី 4:21-31 - Compare All Versions
កាឡាទី 4:21-31 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
បងប្អូនដែលជាអ្នកចង់ចុះចូលនឹងក្រឹត្យវិន័យអើយ សូមប្រាប់ខ្ញុំមើល៍ តើបងប្អូនមិនយល់សេចក្ដីដែលក្រឹត្យវិន័យចែងទុកមកទេឬ? ក្នុងគម្ពីរមានចែងទុកមកថា លោកអប្រាហាំមានកូនប្រុសពីរនាក់ គឺម្នាក់ជាកូនរបស់ស្ត្រីអ្នកងារ ម្នាក់ទៀតជាកូនរបស់ស្ត្រីអ្នកជា។ ប៉ុន្តែ កូនរបស់ស្ត្រីអ្នកងារនោះជាកូនកើតមកតាមរបៀបលោកីយ៍ រីឯកូនរបស់ស្ត្រីអ្នកជាវិញ កើតមកតាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ យើងអាចចាត់ទុករឿងនេះជានិមិត្តរូបមួយដែរ ដ្បិតស្ត្រីទាំងពីរនេះជាតំណាងសម្ពន្ធមេត្រី*ពីរ ម្នាក់ជាតំណាងនៃសម្ពន្ធមេត្រីដែលចងនៅភ្នំស៊ីណៃ គឺនាងហាការដែលបង្កើតកូនជាខ្ញុំបម្រើ។ នាងហាការជាតំណាងភ្នំស៊ីណៃនៅស្រុកអារ៉ាប់ ជានិមិត្តរូបនៃក្រុងយេរូសាឡឹមសព្វថ្ងៃនេះ ដ្បិតនាងហាការ និងកូនចៅរបស់នាង សុទ្ធតែជាអ្នកងារ។ រីឯក្រុងយេរូសាឡឹមនៅស្ថានលើវិញ គឺស្ត្រីអ្នកជាដែលជាមាតារបស់យើងហ្នឹងហើយ ដ្បិតមានចែងទុកមកថា: «នាងជាស្ត្រីអារ នាងជាស្ត្រីមិនបាន បង្កើតកូនអើយ ចូរអរសប្បាយឡើង! នាងពុំធ្លាប់ឈឺផ្ទៃអើយ ចូរបន្លឺសំឡេងស្រែកដោយអំណរឡើង! ដ្បិតកូនរបស់ស្ត្រីដែលប្ដីបោះបង់ចោលនោះ នឹងមានចំនួនច្រើនជាងកូនរបស់ស្ត្រី ដែលមានប្ដីទៅទៀត។» បងប្អូនអើយ បងប្អូនបានកើតមកតាមព្រះបន្ទូលសន្យាដូចលោកអ៊ីសាកដែរ។ ប៉ុន្តែ ពីអតីតកាលកូនដែលកើតមកតាមរបៀបលោកីយ៍ បានធ្វើទុក្ខបៀតបៀនកូនដែលកើតមកតាមព្រះវិញ្ញាណយ៉ាងណា នៅបច្ចុប្បន្នកាល ក៏នឹងមានយ៉ាងនោះដែរ។ តើក្នុងគម្ពីរមានចែងទុកដូចម្ដេច? គឺមានចែងថា: «ចូរបណ្ដេញស្ត្រីអ្នកងារ និងកូនរបស់នាងចេញទៅ ដ្បិតកូនរបស់ស្ត្រីអ្នកងារពុំត្រូវទទួលមត៌ក រួមជាមួយកូនរបស់ស្ត្រីអ្នកជាឡើយ» ។ ហេតុនេះ បងប្អូនអើយ យើងមិនមែនជាកូនរបស់ស្ត្រីអ្នកងារទេ គឺជាកូនរបស់ស្ត្រីអ្នកជា។
កាឡាទី 4:21-31 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
អ្នករាល់គ្នា ដែលចង់នៅក្រោមបន្ទុកក្រិត្យវិន័យអើយ សូមប្រាប់មកខ្ញុំ តើមិនឮសេចក្ដីដែលក្រិត្យវិន័យថាទេឬអី ដ្បិតមានសេចក្ដីចែងទុកមកថា លោកអ័ប្រាហាំមានកូន២ មួយកើតពីបាវស្រី ហើយមួយពីស្រីអ្នកជា តែកូនដែលកើតពីបាវស្រី នោះបានកើតតាមសាច់ឈាម ហើយដែលកើតពីអ្នកជា បានកើតតាមសេចក្ដីសន្យាវិញ នោះជាសេចក្ដីប្រៀបធៀប គឺស្ត្រីទាំង២នេះជាគំរូពីសេចក្ដីសញ្ញា២ច្បាប់ មួយមកពីភ្នំស៊ីណាយ ក៏បង្កើតសភាពជាបាវបំរើ នោះគឺជានាងហាការ ដ្បិតនាងហាការទុកដូចជាភ្នំស៊ីណាយ នៅស្រុកអារ៉ាប់ ហើយក៏ត្រូវនឹងក្រុងយេរូសាឡិមសព្វថ្ងៃនេះ ជាក្រុងដែលជាប់បំរើជាមួយនឹងកូនចៅផង តែក្រុងយេរូសាឡិម ដែលនៅស្ថានលើ នោះជាស្រីអ្នកជាវិញ ដែលជាម្តាយយើងទាំងអស់គ្នា ដ្បិតមានសេចក្ដីចែងទុកមកថា «ឱនាងអារ ដែលមិនបង្កើតកូនអើយ ចូរអរសប្បាយឡើង ឱនាងដែលមិនបានឈឺនឹងសំរាលអើយ ចូរធ្លាយសំរែកឡើងចុះ ពីព្រោះកូនរបស់នាងដែលគ្មានគូ នោះច្រើនជាងកូននៃនាងដែលមានប្ដីទៅហើយ» តែបងប្អូនអើយ យើងរាល់គ្នាជាកូនតាមសេចក្ដីសន្យា ដូចជាលោកអ៊ីសាកដែរ តែឥឡូវនេះ ក៏ដូចជាកាលពីដើម ដ្បិតកូនដែលកើតតាមសាច់ឈាម បានធ្វើទុក្ខដល់កូន ដែលកើតតាមព្រះវិញ្ញាណវិញ តែគម្ពីរថាដូចម្តេច គឺថា «ចូរដេញបាវស្រីនឹងកូនវាចេញ ដ្បិតកូនរបស់បាវស្រី មិនត្រូវគ្រងមរដក ជាមួយនឹងកូនរបស់ស្រីអ្នកជាឡើយ» ដូច្នេះ បងប្អូនអើយ យើងរាល់គ្នាមិនមែនជាកូនរបស់បាវស្រីទេ គឺជាកូនរបស់ស្រីអ្នកជាវិញ។
កាឡាទី 4:21-31 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
អ្នករាល់គ្នាដែលចង់នៅក្រោមបន្ទុកក្រឹត្យវិន័យអើយ សូមប្រាប់ខ្ញុំមើល៍ តើអ្នករាល់គ្នាមិនឮសេចក្ដីដែលក្រឹត្យវិន័យចែងទុកមកទេឬ? ដ្បិតមានសេចក្ដីចែងទុកមកថា លោកអ័ប្រាហាំមានកូនពីរនាក់ ម្នាក់កើតពីស្ដ្រីជាបាវបម្រើ ម្នាក់ទៀតកើតពីស្ដ្រីអ្នកជា ។ ប៉ុន្ដែ កូនដែលកើតពីស្ត្រីជាបាវបម្រើ ជាកូនកើតមកតាមសាច់ឈាម ឯកូនដែលកើតពីស្ត្រីអ្នកជាវិញ កើតមកតាមសេចក្ដីសន្យា។ នេះជាការប្រៀបធៀប ស្ត្រីទាំងពីរនេះជាគំរូនៃសេចក្ដីសញ្ញាពីរ មួយនៅភ្នំស៊ីណាយ ដែលបង្កើតកូនជាបាវបម្រើ នោះគឺនាងហាកា។ នាងហាការប្រៀបដូចជាភ្នំស៊ីណាយនៅស្រុកអារ៉ាប់ ហើយក៏ដូចជាក្រុងយេរូសាឡិមសព្វថ្ងៃនេះដែរ ដ្បិតនាងនៅជាប់ជាបាវបម្រើជាមួយកូនចៅរបស់នាង។ ប៉ុន្ដែ ក្រុងយេរូសាឡិមដែលនៅស្ថានលើវិញ គឺជាស្ត្រីអ្នកជា ហើយជាម្តាយរបស់យើង។ ដ្បិតមានសេចក្ដីចែងទុកមកថា «ឱស្ត្រីអារដែលមិនបង្កើតកូនអើយ ចូរអរសប្បាយឡើង! ឱស្ត្រីដែលមិនឈឺនឹងសម្រាលអើយ ចូរបន្លឺសំឡេងស្រែកដោយអំណរឡើង! ព្រោះកូនរបស់ស្ត្រីដែលគេបោះបង់ចោលនោះ មានចំនួនច្រើនជាងកូនរបស់ស្ត្រីដែលមានប្តីទៅទៀត» ។ ឥឡូវនេះ បងប្អូនអើយ អ្នករាល់គ្នាជាកូនតាមសេចក្ដីសន្យា ដូចលោកអ៊ីសាកដែរ។ ប៉ុន្ដែ នៅគ្រានោះ កូនដែលកើតមកតាមសាច់ឈាម បានធ្វើទុក្ខបៀតបៀនដល់កូនដែលកើតមកតាមព្រះវិញ្ញាណយ៉ាងណា ឥឡូវនេះក៏មានយ៉ាងនោះដែរ។ ប៉ុន្ដែ តើគម្ពីរចែងមកដូចម្ដេច? គឺថា «ចូរបណ្ដេញស្រ្ដីជាបាវបម្រើ និងកូនរបស់នាងចេញ ដ្បិតកូនរបស់ស្ត្រីជាបាវបម្រើមិនត្រូវទទួលមត៌កជាមួយកូនរបស់ស្ត្រីអ្នកជាឡើយ» ដូច្នេះ បងប្អូនអើយ យើងមិនមែនជាកូនរបស់ស្ត្រីជាបាវបម្រើទេ គឺជាកូនរបស់ស្ត្រីអ្នកជាវិញ។