និក្ខមនំ 38:1-27
និក្ខមនំ 38:1-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកធ្វើអាសនាតង្វាយដុតពីឈើនាងនួន មានបណ្តោយប្រាំហត្ថ ទទឹងប្រាំហត្ថ បួនជ្រុងស្មើ និងកម្ពស់បីហត្ថ។ នៅជ្រុងទាំងបួន លោកធ្វើស្នែងចេញពីអាសនា ស្រោបដោយលង្ហិន។ លោកធ្វើគ្រឿងប្រដាប់ទាំងប៉ុន្មានសម្រាប់អាសនា មានប្រដាប់ដាក់ផេះ ប៉ែល ផើង សម និងជើងក្រាន គឺប្រដាប់ទាំងអស់សុទ្ធតែធ្វើពីលង្ហិនទាំងអស់។ លោកធ្វើប្រទាសលង្ហិនខ្ទាស់ក្រឡាគ្នាសម្រាប់អាសនា ក៏ដាក់ប្រទាសពីខាងក្រោមគែម ឲ្យជាប់ត្រង់ពាក់កណ្ដាលរបស់កម្ពស់អាសនា។ លោកសិតធ្វើកងបួនដាក់នៅប្រទាសលង្ហិនទាំងបួនជ្រុង សម្រាប់ស៊កឈើស្នែង។ លោកធ្វើឈើស្នែងពីឈើនាងនួន ស្រោបដោយលង្ហិន។ លោកស៊កឈើស្នែងចូលក្នុងកងទាំងប៉ុន្មាននៅសងខាងអាសនា សម្រាប់សែង ឯអាសនានោះលោកធ្វើពីក្ដារ មានប្រហោងកណ្ដាល។ លោកធ្វើចានក្លាំពីលង្ហិន និងជើងទ្រចានក្លាំនោះពីលង្ហិន គឺធ្វើពីកញ្ចក់របស់ពួកស្ត្រីដែលប្រជុំគ្នានៅមាត់ទ្វារត្រសាលជំនុំ។ លោកធ្វើទីលាន នៅប៉ែកខាងត្បូងមានរនាំងត្បាញធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ សម្រាប់បាំងទីលានប្រវែងមួយរយហត្ថ រនាំងនោះមានសសរម្ភៃ ដាក់លើជើងទ្រធ្វើពីលង្ហិនម្ភៃ ឯតម្ពក់សសរ និងគន្លឹះ ធ្វើពីប្រាក់។ នៅប៉ែកខាងជើង មានរនាំងប្រវែងមួយរយហត្ថ មានសសរម្ភៃ និងជើងទ្រធ្វើពីលង្ហិនម្ភៃ ឯតម្ពក់សសរ និងគន្លឹះធ្វើពីប្រាក់។ នៅប៉ែកខាងលិច មានរនាំងប្រវែងហាសិបហត្ថ មានសសរដប់ និងជើងទ្រដប់ ឯតម្ពក់សសរ និងគន្លឹះធ្វើពីប្រាក់។ នៅប៉ែកខាងកើត មានទទឹងហាសិបហត្ថដូចគ្នា។ នៅប៉ែកមួយចំហៀង មានរនាំងប្រវែងដប់ប្រាំហត្ថ ហើយមានសសរបី និងជើងទ្របី ឯប៉ែកចំហៀងមួយទៀត ដែលស្មើនឹងចំហៀងម្ខាងទ្វារទីលាននោះ មានរនាំងប្រវែងដប់ប្រាំហត្ថ ហើយមានសសរបី និងជើងទ្របីដូចគ្នា។ រនាំងទាំងប៉ុន្មានដែលបាំងជុំវិញទីលាននោះ សុទ្ធតែត្បាញធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់។ ជើងទ្រសសរទាំងអស់ធ្វើពីលង្ហិន ឯតម្ពក់សសរ និងគន្លឹះទាំងប៉ុន្មានធ្វើពីប្រាក់ ក្បាច់ក្បាលសសរក៏ស្រោបដោយប្រាក់ទាំងអស់ដែរ ហើយអស់ទាំងសសរទីលាន ភ្ជាប់គ្នាដោយសារតម្ពក់ប្រាក់។ រនាំងមាត់ទ្វារទីលាន ជាសំពត់ប៉ាក់ ត្បាញធ្វើពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ រនាំងនោះមានបណ្តោយម្ភៃហត្ថ កម្ពស់ប្រាំហត្ថ ស្មើនឹងរនាំងទីលានទាំងអស់។ សសរទាំងបួន និងជើងទ្រទាំងបួនសម្រាប់រនាំង ធ្វើពីលង្ហិន ឯតម្ពក់ និងគន្លឹះធ្វើពីប្រាក់ ហើយក្បាច់ក្បាលសសរក៏ស្រោបដោយប្រាក់ដែរ។ ចំណែកឯចម្រឹងអស់ទាំងសម្រាប់រោងឧបោសថ និងទីលាន សុទ្ធតែធ្វើពីលង្ហិនទាំងអស់។ នេះជាបញ្ជីប្រដាប់ប្រដាសម្រាប់រោងឧបោសថ គឺជារោងឧបោសថនៃសេចក្ដីសញ្ញា ឯអ៊ីថាម៉ារ ជាកូនរបស់សង្ឃអើរ៉ុន បានទទួលបញ្ជារបស់លោកម៉ូសេ ដើម្បីរាប់ប្រដាប់ទាំងនោះសម្រាប់ការងាររបស់ពួកលេវី។ បេតសាលាលកូនរបស់យូរី ដែលជាកូនហ៊ើរ ក្នុងកុលសម្ព័ន្ធយូដា បានធ្វើគ្រប់ទាំងកិច្ចការដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ មានទាំងអូហូលីអាប់ ជាកូនរបស់អ័ហ៊ីសាម៉ាក់ ក្នុងកុលសម្ព័ន្ធដាន់ មកជួយធ្វើការដែរ អ្នកនោះជាអ្នកប្រសប់ខាងចម្លាក់ ហើយខាងបង្កើតគម្រោងការ និងខាងប៉ាក់សំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងសំពត់ខ្លូតទេសយ៉ាងម៉ដ្ត។ មាសទាំងប៉ុន្មានដែលគេបានថ្វាយសម្រាប់ប្រើអស់ទាំងការសង់ទីបរិសុទ្ធ មានចំនួន ២៩ ហាប ៧៣០ សេកែល តាមទម្ងន់សេកែលដែលប្រើក្នុងទីបរិសុទ្ធ។ រីឯប្រាក់ពីអស់អ្នកក្នុងក្រុមជំនុំដែលបានកត់ក្នុងបញ្ជី មានចំនួន ១០០ ហាប ១ ៧៧៥ សេកែល តាមទម្ងន់សេកែលដែលប្រើក្នុងទីបរិសុទ្ធ គឺប្រាំកាក់ ដែលត្រូវជាកន្លះសេកែលម្នាក់ គ្រប់ៗគ្នា តាមសេកែលសម្រាប់ប្រើក្នុងទីបរិសុទ្ធ ជាថ្លៃរបស់អស់អ្នកដែលមានឈ្មោះកត់ក្នុងបញ្ជីត្រូវបង់ ចាប់តាំងពីអាយុម្ភៃឆ្នាំឡើងទៅ ឯចំនួនមនុស្សទាំងនោះមាន ៦០៣ ៥៥០ នាក់។ ប្រាក់ ១០០ ហាបនោះ គេយកទៅសិតធ្វើជើងសសរទីបរិសុទ្ធ និងជើងវាំងនន គឺជើងមួយមានមួយហាបប្រាក់ ឯជើង ១០០ ត្រូវជា ១០០ ហាប។
និក្ខមនំ 38:1-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកធ្វើអាសនៈមួយពីឈើនាងនួន មានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងប្រាំហត្ថ និងកម្ពស់បីហត្ថ។ លោកធ្វើស្នែងជាប់នឹងមុមទាំងបួនរបស់អាសនៈ ហើយស្រោបលង្ហិនពីលើ។ លោកក៏បានធ្វើគ្រឿងសម្រាប់ប្រើប្រាស់ពីលង្ហិនទាំងអស់ គឺមានធុងដាក់ផេះ ប្រដាប់ចូកផេះ ផើងដាក់ឈាម សម និងភាជន៍។ លោកធ្វើប្រទាសលង្ហិនមួយ ដាក់នៅចំពាក់កណ្ដាលកម្ពស់របស់អាសនៈ។ លោកសិតធ្វើកងបួន ភ្ជាប់ទៅនឹងមុមទាំងបួនរបស់ប្រទាស សម្រាប់ស៊កឈើស្នែង។ លោកធ្វើឈើស្នែងពីឈើនាងនួន ដោយស្រោបលង្ហិនផង។ លោកស៊កឈើស្នែងសម្រាប់សែងនោះទៅក្នុងកង ដែលស្ថិតនៅតាមជ្រុងអាសនៈ។ អាសនៈនេះធ្វើអំពីក្ដារ ហើយមានប្រហោងក្នុង។ លោកធ្វើអាងអំពីលង្ហិន និងកំណល់អាងនោះពីលង្ហិន ដោយប្រើកញ្ចក់របស់ក្រុមស្ត្រីដែលជួបជុំគ្នា នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ លោកធ្វើទីលានដោយមានរនាំងធ្វើពីអំបោះធ្មៃបាំងជុំវិញ។ នៅប៉ែកខាងត្បូង រនាំងត្រូវមានបណ្ដោយមួយរយហត្ថ។ រនាំងនោះភ្ជាប់នឹងបង្គោលម្ភៃ ដែលមានជើងទ្រម្ភៃធ្វើពីលង្ហិន រីឯតម្ពក់ និងមេរូតធ្វើពីប្រាក់។ នៅប៉ែកខាងជើង រនាំងមានបណ្ដោយមួយរយហត្ថ មានបង្គោលម្ភៃ ដែលមានជើងទ្រម្ភៃធ្វើពីលង្ហិន រីឯតម្ពក់ និងមេរូតធ្វើពីប្រាក់។ នៅប៉ែកខាងលិច រនាំងមានប្រវែងហាសិបហត្ថ មានបង្គោលដប់ និងជើងទ្រដប់ រីឯតម្ពក់ និងមេរូតធ្វើពីប្រាក់។ នៅប៉ែកខាងកើត រនាំងមានប្រវែងហាសិបហត្ថ។ នៅច្រកចូលរនាំងម្ខាង មានប្រវែងដប់ប្រាំហត្ថ មានបង្គោលបី ព្រមទាំងជើងទ្របី។ ច្រកចូលរនាំងម្ខាងទៀត ដែលនៅទល់មុខនឹងច្រកចូលមុន មានប្រវែងដប់ប្រាំហត្ថ មានបង្គោលបី ព្រមទាំងជើងទ្របីដែរ។ រនាំងទាំងអស់របស់ទីលានធ្វើពីអំបោះធ្មៃ។ ជើងទ្ររបស់បង្គោលធ្វើអំពីលង្ហិន តម្ពក់ និងមេរូតរបស់បង្គោលធ្វើពីប្រាក់ រីឯក្បាលបង្គោលមានស្រោបប្រាក់។ បង្គោលទាំងអស់របស់ទីលានសុទ្ធតែភ្ជាប់ទៅនឹងមេរូតធ្វើពីប្រាក់។ វាំងននរបស់ច្រកចូលទីលាន ប៉ាក់លំអដោយអំបោះពណ៌ស្វាយ ពណ៌ក្រហម ពណ៌ក្រហមទុំ លាយនឹងអំបោះធ្មៃ ហើយមានបណ្ដោយម្ភៃហត្ថ និងកម្ពស់ប្រាំហត្ថដូចទទឹងរបស់រនាំងទីលានដែរ។ បង្គោលទាំងបួនរបស់វាំងនន និងជើងទ្រទាំងបួន ធ្វើពីលង្ហិន រីឯតម្ពក់ និងមេរូតធ្វើពីប្រាក់ ហើយក្បាលបង្គោលក៏មានស្រោបប្រាក់ដែរ។ ចម្រឹងទាំងប៉ុន្មានរបស់ព្រះពន្លា និងចម្រឹងរនាំងរបស់ទីលានសុទ្ធតែធ្វើពីលង្ហិនទាំងអស់។ ពួកលេវីបានកត់ត្រាទុកតាមបញ្ជារបស់លោកម៉ូសេនូវចំនួនសម្ភារៈដែលប្រើប្រាស់ក្នុងការសង់ព្រះពន្លា គឺព្រះពន្លានៃសន្ធិសញ្ញា។ ពួកគេធ្វើការនេះក្រោមការណែនាំរបស់លោកអ៊ីថាម៉ា ជាកូនរបស់លោកបូជាចារ្យអើរ៉ុន។ លោកបេតសាលាលដែលជាកូនរបស់លោកយូរី និងជាចៅលោកហ៊ើរ នៃកុលសម្ព័ន្ធយូដា បានធ្វើគ្រប់កិច្ចការដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ លោកអូហូលីអាប់ ជាកូនលោកអហ៊ីសាម៉ាក់ នៃកុលសម្ព័ន្ធដាន់ ក៏បានជួយធ្វើការលោកដែរ គឺលោកអូហូលីអាប់ជាជាងចម្លាក់ ជាវិចិត្រករ ព្រមទាំងប៉ាក់លំអក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម ពណ៌ក្រហមទុំ និងក្រណាត់ធ្វើពីអំបោះធ្មៃ។ មាសដែលជាតង្វាយរបស់ជនជាតិអ៊ីស្រាអែល សម្រាប់ប្រើក្នុងការសង់ទីសក្ការៈ មានទម្ងន់ទាំងអស់ ១ ០០២គីឡូក្រាម គិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។ រីឯប្រាក់ទទួលពីអស់អ្នកដែលគេបានជំរឿនក្នុងចំណោមសហគមន៍ មានទាំងអស់ ៣ ៤៤៧ គីឡូក្រាម គិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។ ប្រាក់នេះបានទទួលពីប្រជាជនចំនួន ៦០៣ ៥៥០នាក់ ដែលគេបានជំរឿន គឺអស់អ្នកមានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ។ ម្នាក់ៗថ្វាយសាច់ប្រាក់ជាងប្រាំក្រាម គិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។ គេប្រើសាច់ប្រាក់ ៣ ៤២៧គីឡូក្រាម សម្រាប់ធ្វើជើងទ្របង្គោលព្រះពន្លា និងជើងទ្របង្គោលវាំងននខាងក្នុង។ ជើងទ្រទាំងអស់មានមួយរយ គឺជើងទ្រនីមួយៗទម្ងន់ជាង ៣៤គីឡូក្រាម។
និក្ខមនំ 38:1-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គាត់ស្អាងអាសនាដង្វាយដុតពីឈើនាងនួនមានបណ្តោយ៥ហត្ថ ទទឹង៥ហត្ថ ៤ជ្រុងស្មើ ហើយកំពស់៣ហត្ថ នៅជ្រុងទាំង៤ គាត់ធ្វើស្នែងចេញពីអាសនា ស្រោបដោយលង្ហិន គាត់ធ្វើប្រដាប់ទាំងប៉ុន្មានសំរាប់អាសនា គឺជាប្រដាប់ដាក់ផេះ ចបចូក ផើង សម ហើយនឹងជើងក្រានដែរ នោះសុទ្ធតែធ្វើពីលង្ហិនទាំងអស់ គាត់ធ្វើប្រទាសលង្ហិនខ្ទាស់ក្រឡាគ្នាសំរាប់អាសនា ក៏ដាក់ប្រទាសពីខាងក្រោមគែមឲ្យជាប់ត្រង់ពាក់កណ្តាលរបស់កំពស់អាសនា រួចសិតធ្វើកង៤ដាក់នៅប្រទាសលង្ហិនទាំង៤ជ្រុង សំរាប់នឹងប្រហកឈើស្នែងសែងទៅ ក៏ធ្វើឈើស្នែងពីឈើនាងនួន ព្រមទាំងស្រោបដោយលង្ហិន គាត់ប្រហកឈើស្នែងចូលក្នុងកងទាំងប៉ុន្មាន នៅសងខាងអាសនា សំរាប់នឹងសែងទៅឯអាសនានោះ គាត់ធ្វើឲ្យខូងពីក្តារ។ គាត់ក៏ធ្វើចានក្លាំពីលង្ហិន ព្រមទាំងជើងនៃចានក្លាំដែរ គឺធ្វើពីកញ្ចក់របស់ស្រីៗដែលប្រជុំគ្នានៅមាត់ទ្វារត្រសាលជំនុំ។ គាត់ធ្វើទីលាន ឯនៅខាងត្បូងមានរនាំងត្បាញធ្វើពីអំបោះខ្លូតទេស វេញយ៉ាងខ្មាញ់ សំរាប់បាំងទីលាន ប្រវែង១០០ហត្ថ មានទាំងសសរ២០ដាក់លើជើងលង្ហិន២០ ឯទំពក់សសរ ហើយនឹងគន្លឹះ នោះសុទ្ធតែធ្វើពីប្រាក់វិញ នៅខាងជើង មានរនាំងប្រវែង១០០ហត្ថ ហើយសសរ២០ នឹងជើងលង្ហិន២០ មានទាំងទំពក់ នឹងគន្លឹះធ្វើពីប្រាក់ដែរ នៅខាងលិច មានរនាំងប្រវែង៥០ហត្ថ មានសសរ១០ នឹងជើង១០ មានទាំងទំពក់សសរ នឹងគន្លឹះធ្វើពីប្រាក់ដែរ ឯនៅខាងកើតក៏មានទទឹង៥០ហត្ថដូចគ្នា តែនៅ១ចំហៀង មានរនាំងប្រវែង១៥ហត្ថ ហើយមានសសរ៣ នឹងជើង៣ ឯចំហៀង១ទៀត ដែលស្មើនឹងចំហៀងម្ខាងទ្វារទីលាននោះមានរនាំងប្រវែង១៥ហត្ថ ហើយមានសសរ៣ នឹងជើង៣ដូចគ្នា រនាំងទាំងប៉ុន្មានដែលបាំងជុំវិញទីលាននោះសុទ្ធតែត្បាញ ធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ អស់ទាំងជើងសសរបានធ្វើពីលង្ហិន ឯទំពក់សសរនឹងគន្លឹះទាំងប៉ុន្មាន នោះបានធ្វើពីប្រាក់ ហើយក្បាច់ក្បាលសសរក៏ស្រោបដោយប្រាក់ទាំងអស់ដែរ អស់ទាំងសសរទីលាន នោះភ្ជាប់គ្នាដោយសារទំពក់ប្រាក់ រនាំងមាត់ទ្វារទីលាន ជាសំពត់ប៉ាក់ ត្បាញធ្វើពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ហើយពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ រនាំងនោះមានបណ្តោយ២០ហត្ថ កំពស់៥ហត្ថ ស្មើនឹងរនាំងទីលានទាំងអស់ សសរទាំង៤ នឹងជើងទាំង៤សំរាប់រនាំងក៏ធ្វើពីលង្ហិន ឯទំពក់ នឹងគន្លឹះនោះបានធ្វើពីប្រាក់វិញ ហើយក្បាច់ក្បាលសសរក៏ស្រោបដោយប្រាក់ដែរ ចំណែកអស់ទាំងចំរ៉ឹង សំរាប់រោងឧបោសថ នឹងទីលាន សុទ្ធតែធ្វើពីលង្ហិនទាំងអស់។ នេះហើយជាបញ្ជីប្រដាប់ប្រដា សំរាប់រោងឧបោសថ គឺជារោងនៃសេចក្ដីបន្ទាល់ ឯអ៊ីថាម៉ារ ជាកូនអើរ៉ុនដ៏ជាសង្ឃ គាត់បានទទួលបង្គាប់ម៉ូសេ ដើម្បីនឹងរាប់ប្រដាប់ទាំងនោះ សំរាប់ការងារនៃពួកលេវី ឯបេតសាលាល កូនយូរី ដែលជាកូនហ៊ើរក្នុងពូជអំបូរយូដា គាត់បានធ្វើអស់ទាំងការដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ មានទាំងអូហូលីអាប់ ជាកូនអ័ហ៊ីសាម៉ាក់ក្នុងពូជអំបូរដាន់មកជួយធ្វើការដែរ អ្នកនោះជាអ្នកប្រសប់ខាងការចំឡាក់ ហើយខាងបង្កើតការថ្មី នឹងខាងធ្វើសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម នឹងសំពត់ខ្លូតទេសយ៉ាងម៉ដ្ត ឯមាសទាំងប៉ុន្មានដែលគេបានថ្វាយសំរាប់នឹងប្រើធ្វើអស់ទាំងការស្អាងទីបរិសុទ្ធ នោះមានចំនួន២៩ហាប៧៣០ដំឡឹង តាមទំងន់ដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ហើយប្រាក់របស់អស់អ្នកក្នុងពួកជំនុំដែលបានរាប់ដាក់បញ្ជី នោះមានចំនួន១០០ហាប១៧៧៥ដំឡឹង តាមទំងន់ដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ គឺជា៥កាក់ដែលត្រូវជាកន្លះរៀលម្នាក់គ្រប់ៗគ្នា តាមរៀលសំរាប់ប្រើក្នុងទីបរិសុទ្ធ ជាថ្លៃនៃអស់ទាំងអ្នកដែលមានឈ្មោះចុះក្នុងបញ្ជី ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ឯចំនួនមនុស្សទាំងនោះ មាន៦សែន៣ពាន់៥៥០នាក់ ហើយប្រាក់១០០ហាបនោះ គេក៏យកទៅសិតធ្វើជើងសសរទីបរិសុទ្ធ នឹងជើងវាំងនន គឺជើង១មាន១ហាបប្រាក់ ឯជើង១០០ នោះត្រូវជា១០០ហាប