លូកា 18:24-30

លូកា 18:24-30 គខប

កាល​ព្រះ‌យេស៊ូ​ឃើញ​គាត់​ព្រួយ​ចិត្ត ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​មាន​ពិបាក​នឹង​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​ណាស់ សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល ងាយ​ជាង​អ្នក​មាន​ចូល​ក្នុង​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ទៅ​ទៀត»។ អស់​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ពោល​ឡើង​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ណា​អាច​ទទួល​ការ​សង្គ្រោះ​បាន?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ការ​អ្វី​ដែល​មនុស្ស​ធ្វើ​ពុំ​កើត ព្រះ‌ជាម្ចាស់​ធ្វើ​កើត​ទាំង​អស់»។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ព្រះអង្គ​ទត​ឃើញ​ស្រាប់​ហើយ អ្វីៗ​ដែល​យើង​ខ្ញុំ​មាន យើង​ខ្ញុំ​បាន​លះ‌បង់​ចោល​ទាំង​អស់ ហើយ​មក​តាម​ព្រះអង្គ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​លះ‌បង់​ផ្ទះ​សំបែង ប្រពន្ធ កូន ឪពុក‌ម្ដាយ និង​បងប្អូន ដោយ​យល់​ដល់​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់ អ្នក​នោះ​នឹង​ទទួល​បាន​យ៉ាង​ច្រើន​លើស‌លុប​នៅ​ពេល​ឥឡូវ​នេះ ព្រម​ទាំង​មាន​ជីវិត​អស់‌កល្ប​ជានិច្ច នៅ​ពេល​ខាង​មុខ​ថែម​ទៀត​ផង»។