អេសាយ 60:7-13

អេសាយ 60:7-13 គខប

ហ្វូង​សត្វ​នៅ​ស្រុក​កេដារ នឹង​មក​ជួប‌ជុំ​គ្នា​នៅ​មុខ​អ្នក។ អ្នក​នឹង​ទទួល​ចៀម​ឈ្មោល​ពី​ស្រុក​នេបា‌យ៉ូត សម្រាប់​ធ្វើ​ជា​យញ្ញ‌បូជា​នៅ​លើ អាសនៈ​របស់​យើង ជា​តង្វាយ​ដែល​គាប់​ចិត្ត​យើង។ យើង​នឹង​ធ្វើ​ឲ្យ​ដំណាក់​ដ៏​រុងរឿង​របស់​យើង បាន​ថ្កុំ‌ថ្កើង​ឡើង។ តើ​អ្នក​ទាំង​នោះ​ជា​នរណា? ពួក​គេ​រសាត់​មក​ដូច​ពពក និង​ដូច​ព្រាប​ដែល​ហើរ​មក​រក​សំបុក​វា​វិញ។ មនុស្ស‌ម្នា​នៅ​តាម​កោះ​នានា​នឹង​មក​រក​យើង នាវា​នៅ​ស្រុក​តើស៊ីស​នឹង​ដឹក​កូន​ប្រុសៗ របស់​អ្នក​ពី​ស្រុក​ឆ្ងាយ​វិល​ត្រឡប់​មក​វិញ ទាំង​នាំ​មាស​ប្រាក់​របស់​ខ្លួន​មក​ជា​មួយ ពួក​គេ​នាំ​គ្នា​មក​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក គឺ​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ប្រោស​អ្នក​ឲ្យ​បាន​ថ្កុំ‌ថ្កើង។ ជន‌ជាតិ​ដទៃ​នឹង​នាំ​គ្នា​សង់ កំពែង​របស់​អ្នក​ឡើង​វិញ ស្ដេច​របស់​ពួក​គេ​នឹង​មក​បម្រើ​អ្នក ដ្បិត​កាល​ពី​មុន យើង​បាន​ខឹង ហើយ​វាយ​អ្នក តែ​ឥឡូវ​នេះ យើង​សម្តែង​ចិត្ត​អាណិត​មេត្តា ចំពោះ​អ្នក​វិញ។ ទោះ​ជា​យប់ ឬ​ថ្ងៃ​ក្ដី ទ្វារ​របស់​អ្នក នៅ​បើក​ចំហ​ជានិច្ច ឥត​បិទ​សោះ​ឡើយ ដើម្បី​ឲ្យ​ភោគ​ទ្រព្យ​របស់​ប្រជា‌ជាតិ ទាំង‌ឡាយ​ហូរ​ចូល​មក និង​ឲ្យ​ស្ដេច​របស់​ពួក​គេ មក​ជា​ហូរ‌ហែ​ដែរ។ ប្រជា‌ជាតិ​ណា និង​នគរ​ណា ដែល​មិន​បម្រើ​អ្នក មុខ​ជា​ត្រូវ​វិនាស​មិន​ខាន ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ត្រូវ​គេ​បំផ្លាញ។ គេ​នឹង​ដឹក​ឈើ​ល្អៗ​ពី​ស្រុក​លីបង់​មក​ឲ្យ​អ្នក គឺ​ឈើ​ដ៏​មាន​តម្លៃ​ទាំង​អស់ ដើម្បី​យក​មក​ធ្វើ​ជា​គ្រឿង​សង្ហារឹម លំអ​ទីសក្ការៈ​របស់​យើង។ យើង​នឹង​ធ្វើ​ឲ្យ​កន្លែង​ដែល​យើង ស្ថិត​នៅ​នេះ បាន​ប្រកប​ដោយ​សិរី‌រុងរឿង។