អេសាយ 46:1-13

អេសាយ 46:1-13 គខប

ព្រះ​បាល​បរា‌ជ័យ​ហើយ ព្រះ‌នេបូ​ក៏​អស់​ឫទ្ធិ​ដែរ។ គេ​ដឹក​រូប​ព្រះ​ទាំង​នោះ ដោយ​ដាក់​នៅ​លើ​សត្វ​តិរច្ឆាន ធ្វើ​ឲ្យ​សត្វ​ទាំង​នោះ​នឿយ‌ហត់ ព្រោះ​មាន​បន្ទុក​យ៉ាង​ធ្ងន់​នៅ​លើ​ខ្នង​វា។ ព្រះ​ទាំង​នោះ​បរា‌ជ័យ និង​អស់​ឫទ្ធិ ពួក​គេ​មិន​អាច​រំដោះ​ខ្លួន​ឯង​បាន​ឡើយ ហើយ​ពួក​គេ​ក៏​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ​សឹក​ដែរ។ អ្នក​ទាំង​អស់​គ្នា​ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល ដែល​នៅ​សេស‌សល់ កូន​ចៅ​យ៉ាកុប​អើយ ចូរ​ស្ដាប់​យើង! យើង​បាន​ថែ​ទាំ​អ្នក​រាល់​គ្នា តាំង​ពី​អ្នក​រាល់​គ្នា​នៅ​ក្នុង​ផ្ទៃ​ម្ដាយ យើង​បាន​បី​បាច់​ថែ‌រក្សា​អ្នក​រាល់​គ្នា តាំង​ពី​ពេល​អ្នក​រាល់​គ្នា​កើត​មក​ម៉្លេះ។ យើង​នៅ​តែ​ជួយ​គាំទ្រ​អ្នក​រាល់​គ្នា រហូត​អស់​មួយ​ជីវិត យើង​មិន​ប្រែ‌ប្រួល​ឡើយ។ យើង​នឹង​បី​បាច់​ថែ‌រក្សា​អ្នក​រាល់​គ្នា ដូច​យើង​បាន​ធ្វើ​រួច​មក​ហើយ យើង​ជួយ​គាំទ្រ និង​រំដោះ​អ្នក​រាល់​គ្នា។ តើ​អ្នក​រាល់​គ្នា​ប្រៀប​ប្រដូច​យើង​ទៅ​ព្រះ​ណា អ្នក​រាល់​គ្នា​យក​ព្រះ​ណា​មក​ផ្ទឹម​ស្មើ​នឹង​យើង? តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​យើង​ដូច​ព្រះ​ណា? មាន​អ្នក​ខ្លះ​ចាក់​មាស​អស់​ពី​ថង់​របស់​ខ្លួន ពួក​គេ​ថ្លឹង​ប្រាក់ ហើយ​ជួល​ជាង​មាស​ឲ្យ​សិត​ធ្វើ​រូប​ព្រះ រួច​នាំ​គ្នា​គោរព និង​ក្រាប​ថ្វាយ‌បង្គំ​រូប​នោះ។ ពួក​គេ​លើក​រូប​ព្រះ​នោះ​សែង​យក​ទៅ​តម្កល់ នៅ​កន្លែង​របស់​វា រូប​ព្រះ​នោះ​មិន​កម្រើក​ទៅ​ណា​ឡើយ! ទោះ​បី​ពួក​គេ​ស្រែក​អង្វរ​យ៉ាង​ណា ក៏​រូប​ព្រះ​នោះ​មិន​ឆ្លើយ ហើយ​ក៏​មិន​សង្គ្រោះ ពួក​គេ​ឲ្យ​រួច​ពី​ភាព​អាសន្ន​ដែរ! អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​បះ‌បោរ​អើយ ចូរ​នឹក​ចាំ​អំពី​ការ​នេះ ចូរ​ភ្ញាក់​រឭក ហើយ​រិះគិត​ពិចារណា​ឡើង។ ចូរ​នឹក​ចាំ​អំពី​ព្រឹត្តិ‌ការណ៍ ដែល​កើត​មាន​នៅ​គ្រា​ដើម​ដំបូង ហើយ​ដឹង​ថា យើង​ជា​ព្រះ‌ជាម្ចាស់ ក្រៅ​ពី​យើង គ្មាន​ព្រះ​ណា​ទៀត​ទេ យើង​ជា​ព្រះ‌ជាម្ចាស់ គ្មាន​អ្វី​ផ្សេង​ទៀត​អាច​ផ្ទឹម​ស្មើ នឹង​យើង​បាន​ឡើយ។ យើង​បាន​ប្រាប់​ទុក​ជា​មុន តាំង​ពី​គ្រា​ដំបូង នូវ​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​តាម​ក្រោយ យើង​ប្រាប់​ទុក​ជា​មុន​តាំង​ពី​យូរ‌លង់ នូវ​ហេតុ‌ការណ៍​ដែល​ពុំ​ទាន់​កើត​មាន​នៅ​ឡើយ យើង​ពោល​ថា គម្រោង‌ការ​របស់​យើង មុខ​ជា​បាន​សម្រេច​មិន​ខាន យើង​ធ្វើ​អ្វី​បាន​តាម​ចិត្ត​យើង​ប្រាថ្នា។ យើង​ហៅ​សត្វ​ត្មាត​មួយ​ពី​ទិស​ខាង​កើត គឺ​បុរស​ម្នាក់​ពី​ស្រុក​ឆ្ងាយ​ដែល​នឹង​សម្រេច​តាម គម្រោង‌ការ​របស់​យើង។ អ្វី​ដែល​យើង​និយាយ យើង​នឹង​ធ្វើ​ឲ្យ​សម្រេច​ជា​រូប​រាង អ្វី​ដែល​យើង​គិត‌គូរ យើង​មុខ​ជា​ធ្វើ​មិន​ខាន។ មនុស្ស​មាន​ចិត្ត​រឹង‌រូស ដែល​នៅ​ឆ្ងាយ​ពី សេចក្ដី​សុចរិត​អើយ ចូរ​ស្ដាប់​យើង! យើង​នឹង​នាំ​សេចក្ដី​សុចរិត​របស់​យើង​ចូល​មក សេចក្ដី​សុចរិត​នេះ​នៅ​ជិត​បង្កើយ ហើយ​យើង​ក៏​នឹង​នាំ​ការ​សង្គ្រោះ​មក​ឆាប់ៗ​ដែរ យើង​នឹង​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន យើង​នឹង​នាំ​ស្រុក​អ៊ីស្រា‌អែល ឲ្យ​ស្គាល់​ភាព​ថ្កុំ‌ថ្កើង។