អេសាយ 43:8-13

អេសាយ 43:8-13 គខប

ចូរ​នាំ​ប្រជា‌ជន​នោះ​ចេញ​មក ពួក​គេ​មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ។ ចូរ​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​មក​ជួប‌ជុំ​គ្នា ឲ្យ​ប្រជា‌ជន​ទាំង‌ឡាយ​មក​ប្រមូល​ផ្ដុំ​គ្នា ក្នុង​ចំណោម​ព្រះ​របស់​ពួក​គេ តើ​មាន​ព្រះ​ណា​បាន​ប្រាប់ ដំណឹង​ជា​មុន​អំពី​ហេតុ‌ការណ៍​ទាំង​នេះ? តើ​ព្រះ​ណា​បាន​ប្រាប់​ឲ្យ​យើង​ដឹង អំពី​ព្រឹត្តិ‌ការណ៍​ដើម​ដំបូង? ឲ្យ​ព្រះ​ទាំង​នោះ​រក​សាក្សី និង​បង្ហាញ​ភស្ដុតាង​មក ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​ឮ រួច​ពោល​ថា ពាក្យ​សម្ដី​របស់​ព្រះ​នោះ​ត្រឹម​ត្រូវ​មែន។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: អ្នក​រាល់​គ្នា​នេះ​ហើយ​ជា​សាក្សី​របស់​យើង អ្នក​រាល់​គ្នា​នេះ​ហើយ​ជា​អ្នក​បម្រើ​របស់​យើង។ យើង​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ឮ និង​ជឿ​លើ​យើង ព្រម​ទាំង​យល់​ថា មាន​តែ​យើង​នេះ​ទេ ជា​ព្រះ‌ជាម្ចាស់។ នៅ​មុន​យើងគ្មាន​ព្រះ​ណា​ទេ នៅ​ក្រោយ​យើង​ក៏​គ្មាន​ព្រះ​ណា​ទៀត​ដែរ។ មាន​តែ​យើង​ទេ​ជា​ព្រះ‌អម្ចាស់ ក្រៅ​ពី​យើង គ្មាន​ព្រះ‌សង្គ្រោះ​ណា​ទៀត​ឡើយ មាន​តែ​យើង​ទេ ដែល​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង និង​សង្គ្រោះ​អ្នក​រាល់​គ្នា រីឯ​ព្រះ​ដទៃ​ទៀត​មិន​បាន​ធ្វើ​បែប​នេះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ។ ដូច្នេះ អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​យើង ហើយ​យើង​ជា​ព្រះ‌ជាម្ចាស់ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ អំណើះ​ត​ទៅ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា មាន​តែ​យើង​ទេ​ដែល​ពិត​ជា​ព្រះ‌អម្ចាស់ គ្មាន​នរណា​អាច​រំដោះ​ពី​កណ្ដាប់​ដៃ របស់​យើង​បាន​ទេ អ្វីៗ​ដែល​យើង​ធ្វើ​រួច​ហើយ គ្មាន​នរណា​អាច​ផ្លាស់​ប្ដូរ​បាន​ជា​ដាច់​ខាត។