លោកុប្បត្តិ 46:1-7

លោកុប្បត្តិ 46:1-7 គខប

លោក​អ៊ីស្រា‌អែល​ចេញ​ដំណើរ​ទៅ ដោយ​យក​អ្វីៗ​ទាំង​អស់ ដែល​លោក​មាន​ទៅ​ជា​មួយ​ផង។ លុះ​ទៅ​ដល់​បៀរ‌សេបា លោក​បាន​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌ជាម្ចាស់ ជា​ព្រះ​របស់​លោក​អ៊ីសាក ជា​ឪពុក។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​លោក​អ៊ីស្រា‌អែល ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​ថា៖ «យ៉ាកុប! យ៉ាកុប​អើយ!»។ លោក​អ៊ីស្រា‌អែល​ឆ្លើយ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់!»។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​ព្រះ‌ជាម្ចាស់ ជា​ព្រះ​នៃ​ឪពុក​របស់​អ្នក។ កុំ​ខ្លាច​នឹង​ចុះ​ទៅ​ស្រុក​អេស៊ីប​ឡើយ ដ្បិត​នៅ​ទី​នោះ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ធំ។ យើង​នឹង​ចុះ​ទៅ​ស្រុក​អេស៊ីប​ជា​មួយ​អ្នក ហើយ​យើង​ក៏​នឹង​នាំ​អ្នក​ឡើង​មក​វិញ​ដែរ។ ពេល​អ្នក​ស្លាប់ យ៉ូសែប​នឹង​បិទ​ភ្នែក​ឲ្យ​អ្នក»។ លោក​យ៉ាកុប​ចាក​ចេញ​ពី​បៀរ‌សេបា។ កូន​របស់​លោក​អ៊ីស្រា‌អែល​បាន​នាំ​ឪពុក និង​ប្រពន្ធ​កូន​របស់​ខ្លួន​ជិះ​រទេះ ដែល​ព្រះចៅ​ផារ៉ោន​បាន​បញ្ជូន​ឲ្យ​មក​ទទួល​នោះ។ គេ​ក៏​នាំ​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​គេ​មាន​នៅ​ស្រុក​កាណាន យក​ទៅ​ជា​មួយ​ដែរ។ លោក​យ៉ាកុប​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស៊ីប ទាំង​នាំ​ពូជ‌ពង្ស​ទាំង​អស់​ទៅ​ជា​មួយ​ផង។ លោក​នាំ​កូន​ប្រុស ចៅ​ប្រុស កូន​ស្រី ចៅ​ស្រី គឺ​នាំ​ពូជ‌ពង្ស​ទាំង​ប៉ុន្មាន​របស់​លោក ទៅ​ស្រុក​អេស៊ីប។