ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «កូនមនុស្សអើយ ចូរវិនិច្ឆ័យទោស! ចូរវិនិច្ឆ័យទោសក្រុងដែលពោរពេញដោយឃាតកម្មនេះទៅ! ចូរប្រាប់ពួកគេឲ្យស្គាល់អំពើគួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់ខ្លួន។ ចូរពោលថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ដោយប្រជាជននៅក្រុងនេះកាប់សម្លាប់គ្នា និងធ្វើឲ្យខ្លួនសៅហ្មង ព្រោះតែគោរពព្រះក្លែងក្លាយដែលពួកគេបានសូន ថ្ងៃកំណត់របស់ពួកគេមកដល់ហើយ។ យេរូសាឡឹមអើយ អ្នកមានទោស ព្រោះតែការកាប់សម្លាប់គ្នា និងធ្វើឲ្យខ្លួនសៅហ្មង ព្រោះតែគោរពព្រះក្លែងក្លាយដែលអ្នកបានសូន។ អ្នកធ្វើឲ្យខ្លួនមានអាយុខ្លី ជីវិតអ្នកជិតដល់ទីបញ្ចប់ហើយ។ ហេតុនេះ យើងនឹងប្រគល់អ្នកទៅឲ្យប្រជាជាតិទាំងឡាយបន្ទាបបន្ថោក ហើយមនុស្សម្នាគ្រប់ស្រុកនឹងមើលងាយអ្នក។ សាសន៍ដទៃទាំងជិតទាំងឆ្ងាយនាំគ្នាមើលងាយអ្នក ដ្បិតអ្នកបន្ថោកកេរ្តិ៍ឈ្មោះខ្លួនឯង និងបំពានលើវិន័យយ៉ាងធ្ងន់ធ្ងរ។ មេដឹកនាំអ៊ីស្រាអែលប្រើកម្លាំងរបស់ខ្លួនបង្ហូរឈាមគេនៅក្នុងក្រុងនេះ។ ប្រជាជននៅក្រុងយេរូសាឡឹមមាក់ងាយឪពុកម្ដាយ ប្រព្រឹត្តអំពើឃោរឃៅទៅលើជនបរទេស ព្រមទាំងកេងប្រវ័ញ្ចក្មេងកំព្រា និងស្ត្រីមេម៉ាយ។ ពួកគេមើលងាយទីសក្ការៈ និងរំលោភលើថ្ងៃសប្ប័ទ*របស់យើង។ នៅក្រុងនេះមានមនុស្សនិយាយមួលបង្កាច់ ដើម្បីរកលេសសម្លាប់គ្នា។ ពួកគេបរិភោគសំណែនដែលគេសែនព្រះក្លែងក្លាយនៅតាមភ្នំនានា ព្រមទាំងប្រព្រឹត្តអំពើដ៏ថោកទាបទៀតផង។ អ្នកខ្លះរួមដំណេកជាមួយប្រពន្ធចុងរបស់ឪពុកខ្លួន ពួកគេបង្ខំស្ត្រីដែលកំពុងមានរដូវឲ្យរួមដំណេកជាមួយខ្លួន។ អ្នកខ្លះរួមដំណេកជាមួយប្រពន្ធគេ អ្នកខ្លះរួមដំណេកជាមួយកូនប្រសារបស់ខ្លួន អ្នកខ្លះទៀតរំលោភលើប្អូនស្រីរបស់ខ្លួន គឺកូនកើតពីម្ដាយទីទៃ។ អ្នកខ្លះទទួលសំណូក ដើម្បីធ្វើឃាតគេ ពួកគេទារការប្រាក់ហួសកម្រិត សង្កត់សង្កិន ជំរិតយកប្រាក់គ្នា។ យេរូសាឡឹមអើយ អ្នកបានបំភ្លេចយើងចោលហើយ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ យើងនឹងទះដៃដោយកំហឹងដាក់ក្រុងនេះ ព្រោះតែពួកគេជំរិតជិះជាន់ និងប្រហារជីវិតគ្នា។ យេរូសាឡឹមអើយ នៅគ្រាយើងដាក់ទោសអ្នក តើអ្នកមានកម្លាំងកាយ កម្លាំងចិត្តទ្រាំទ្របានឬទេ? យើងជាព្រះអម្ចាស់ យើងនិយាយយ៉ាងណា យើងសម្រេចយ៉ាងនោះ។ យើងនឹងបំបែកប្រជាជនរបស់អ្នក ទៅក្នុងចំណោមប្រជាជាតិទាំងឡាយ យើងនឹងកម្ចាត់កម្ចាយប្រជាជនរបស់អ្នកឲ្យទៅនៅតាមស្រុកនានា យើងនឹងធ្វើឲ្យអ្នកលែងប្រព្រឹត្តអំពើសៅហ្មងទៀត។ អ្នកបង្អាប់បង្អោនកិត្តិយសខ្លួនឯង នៅចំពោះមុខប្រជាជាតិទាំងឡាយ។ ពេលនោះ អ្នកនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «កូនមនុស្សអើយ ពូជពង្សអ៊ីស្រាអែលលែងមានតម្លៃអ្វីសម្រាប់យើងទៀតហើយ ពួកគេប្រៀបដូចជាលោហធាតុដែលមិនសុទ្ធ គឺប្រាក់ លង្ហិន ស្ពាន់ ដែក និងសំណ ដែលត្រូវដាក់ក្នុងឡ»។ ហេតុនេះព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នកទាំងអស់គ្នាប្រៀបដូចជាលោហធាតុមិនសុទ្ធ យើងនឹងប្រមូលអ្នករាល់គ្នាមកដាក់នៅកណ្ដាលក្រុងយេរូសាឡឹម។ យើងនឹងគរអ្នករាល់គ្នាដុត តាមកំហឹងដ៏ខ្លាំងក្លារបស់យើង ដូចគេប្រមូលប្រាក់ លង្ហិន ដែក សំណ និងស្ពាន់មកដាក់ជាគំនរ ដុតរំលាយនៅក្នុងភ្លើងយ៉ាងនោះដែរ។ យើងនឹងដាក់អ្នករាល់គ្នាជាគំនរ រួចផ្លុំភ្លើងនៃកំហឹងរបស់យើង ដុតអ្នករាល់គ្នាឲ្យរលាយនៅកណ្ដាលក្រុងយេរូសាឡឹម។ អ្នករាល់គ្នានឹងរលាយនៅកណ្ដាលក្រុងយេរូសាឡឹម ដូចប្រាក់រលាយនៅក្នុងឡ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ យើងបានជះកំហឹងរបស់យើងលើអ្នករាល់គ្នា»។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «កូនមនុស្សអើយ ចូរប្រាប់ក្រុងយេរូសាឡឹមទៀតថា: អ្នកជាទឹកដីមិនបរិសុទ្ធ ជាដីដែលគ្មានភ្លៀងស្រោចស្រព នៅថ្ងៃយើងខឹង។ ព្យាការីរបស់អ្នកឃុបឃិតគ្នានៅក្នុងក្រុងនេះ ដូចសិង្ហគ្រហឹមបម្រុងហែករំពាស៊ី។ ពួកគេប្រហារជីវិតមនុស្ស ដើម្បីរឹបអូសយកទ្រព្យសម្បត្តិ និងរបស់របរដ៏មានតម្លៃ ពួកគេធ្វើឲ្យស្ត្រីមេម៉ាយកើនចំនួនច្រើនឡើងៗនៅក្នុងទីក្រុង។ បូជាចារ្យរបស់អ្នក នាំគ្នាបំពានលើក្រឹត្យវិន័យរបស់យើង និងបន្ថោកទីសក្ការៈរបស់យើង។ ពួកគេមិនចេះសម្គាល់មើលថា អ្វីវិសុទ្ធ*ឬមិនវិសុទ្ធ ហើយក៏មិនបង្រៀនប្រជាជនឲ្យស្គាល់អ្វីបរិសុទ្ធ* និងអ្វីមិនបរិសុទ្ធដែរ។ ពួកគេមិនរវីរវល់នឹងថ្ងៃសប្ប័ទ*របស់យើងទេ ដូច្នេះ នៅក្រុងយេរូសាឡឹមគ្មាននរណាគោរពយើងទៀតឡើយ។ មេដឹកនាំរបស់ក្រុងនេះប្រៀបបាននឹងចចកដែលហែករំពាស៊ី គឺពួកគេនាំគ្នាបង្ហូរឈាម និងប្រហារជីវិតមនុស្សដណ្ដើមយកទ្រព្យសម្បត្តិ។ ព្យាការីរបស់គេជាមនុស្សលាក់ពុត គឺប្រកាសអំពីនិមិត្តហេតុក្លែងក្លាយ និងការទស្សន៍ទាយបោកប្រាស់។ ពួកគេពោលថា “ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ” តែព្រះអម្ចាស់ឥតមានព្រះបន្ទូលតាមរយៈពួកគេឡើយ។ ប្រជាជននៅក្នុងស្រុកនេះនាំគ្នាប្រព្រឹត្តអំពើឃោរឃៅ លួចប្លន់ និងកេងប្រវ័ញ្ចជនកម្សត់ទុគ៌ត ជិះជាន់សង្កត់សង្កិនជនបរទេសដោយអយុត្តិធម៌។ យើងស្វែងរកក្នុងចំណោមពួកគេ ក្រែងលោឃើញនរណាម្នាក់មានគំនិតសង់កំពែងការពារក្រុង ហើយឈរនៅចំពោះមុខយើងត្រង់កន្លែងបាក់បែក ដើម្បីការពារស្រុកទេសកុំឲ្យវិនាស តែយើងរកពុំបានសោះ។ ដូច្នេះ យើងនឹងជះកំហឹងរបស់យើងទៅលើពួកគេ ភ្លើងនៃកំហឹងរបស់យើងផ្ដន្ទាទោសពួកគេ។ យើងដាក់ទោសពួកគេតាមអំពើដែលខ្លួនបានប្រព្រឹត្ត» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
អាន អេសេគាល 22
ស្ដាប់នូវ អេសេគាល 22
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 22:1-31
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ