មានបុរសម្នាក់ឈ្មោះ អាណាណាស ភរិយាឈ្មោះ សាភីរ៉ា។ គាត់ក៏បានលក់ដីរបស់គាត់ដែរ ហើយសមគំនិតជាមួយភរិយា ទុកប្រាក់មួយចំណែកសម្រាប់ខ្លួនឯង រួចយកប្រាក់ដែលនៅសល់ទៅជូនក្រុមសាវ័ក*។ លោកពេត្រុសមានប្រសាសន៍ទៅគាត់ថា៖ «អាណាណាសអើយ! ហេតុដូចម្ដេចបានជាមារ*សាតាំងនៅពេញក្នុងចិត្តអ្នក រហូតដល់ទៅកុហកព្រះវិញ្ញាណដ៏វិសុទ្ធ* ហើយទុកប្រាក់ដែលលក់ដីបាននោះមួយចំណែកដូច្នេះ? កាលដើមឡើយ ដីនោះជាកម្មសិទ្ធិរបស់អ្នក លុះដល់អ្នកលក់ផុតទៅ ប្រាក់ដែលបានមកនោះអ្នកអាចប្រើប្រាស់តាមចិត្ត! ចុះហេតុដូចម្ដេចបានជាអ្នកមានគំនិតប្រព្រឹត្តយ៉ាងហ្នឹង? អ្នកបានកុហកព្រះជាម្ចាស់ គឺមិនមែនកុហកមនុស្សទេ»។ កាលអាណាណាសបានឮពាក្យនេះ ក៏ដួលដាច់ខ្យល់ស្លាប់ទៅ។ រីឯអស់អ្នកដែលបានឮដំណឹងនេះ ក៏ស្ញែងខ្លាចជាខ្លាំង។ ពួកយុវជននាំគ្នាមករុំសពអាណាណាស ហើយសែងយកទៅកប់។ ប្រមាណជាបីម៉ោងក្រោយមក ភរិយារបស់អាណាណាសចូលមកដល់ ដោយមិនបានដឹងហេតុការណ៍ដែលកើតមាននោះឡើយ។ លោកពេត្រុសសួរនាងថា៖ «សូមប្រាប់ខ្ញុំមកមើល៍ តើប្ដីនាង និងនាងលក់ដីបានប្រាក់ប៉ុណ្ណេះមែនឬ?»។ នាងឆ្លើយថា៖ «ចាស! បានប្រាក់ប៉ុណ្ណឹងមែន»។ លោកពេត្រុសក៏មានប្រសាសន៍ទៅនាងទៀតថា៖ «ហេតុដូចម្ដេចបានជាអ្នកសមគំនិតគ្នាល្បងលព្រះវិញ្ញាណរបស់ព្រះអម្ចាស់ដូច្នេះ? មើល៍ហ្ន៎! ពួកអ្នកដែលបានបញ្ចុះសពប្ដីនាងមកដល់នៅមាត់ទ្វារហើយ គេនឹងសែងនាងយកទៅដែរ»។ រំពេចនោះ នាងក៏ដួលនៅទៀបជើងរបស់លោក ហើយដាច់ខ្យល់ស្លាប់ទៅ។ ពេលពួកយុវជនចូលមក ឃើញនាងស្លាប់ ក៏នាំគ្នាយកសពនាងទៅបញ្ចុះ នៅក្បែរសពប្ដីរបស់នាង។ ក្រុមជំនុំ*ទាំងមូល និងអស់អ្នកដែលបានឮដំណឹងនេះ ស្ញែងខ្លាចជាខ្លាំង។ សាវ័កបាននាំគ្នាសម្តែងទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ជាច្រើន នៅក្នុងចំណោមប្រជាជន។ អ្នកជឿទាំងអស់រួមចិត្តគំនិតគ្នា គេឈរនៅតាមថែវសាឡូម៉ូន។ រីឯអ្នកឯទៀតៗគ្មាននរណាហ៊ានមកចូលរួមជាមួយគេឡើយ តែប្រជាជនកោតសរសើរគេគ្រប់ៗគ្នា។ បណ្ដាជនទាំងប្រុសទាំងស្រីដែលជឿលើព្រះអម្ចាស់ បានមកចូលរួមកាន់តែច្រើនឡើងៗ។ មនុស្សម្នាបានសែងអ្នកជំងឺមកដាក់នៅតាមផ្លូវ ឲ្យដេកលើគ្រែស្នែង លើកន្ទេល ប្រាថ្នាយ៉ាងហោចណាស់គ្រាន់តែឲ្យស្រមោលលោកពេត្រុសបាំងលើអ្នកជំងឺណាម្នាក់ នៅពេលដែលលោកដើរកាត់តាមនោះ ក៏បានដែរ។ មានមនុស្សជាច្រើននាំគ្នាធ្វើដំណើរមកពីភូមិនានា នៅជិតក្រុងយេរូសាឡឹម ទាំងសែងអ្នកជំងឺ និងអ្នកដែលមានវិញ្ញាណអាក្រក់ចូលមកជាមួយផង អ្នកទាំងនោះបានជាគ្រប់ៗគ្នា។
អាន កិច្ចការ 5
ស្ដាប់នូវ កិច្ចការ 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 5:1-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ