Matthew 21

21
1 កាល​ពួកគេ​មកជិត​ដល់​ក្រុង​យេរូសាឡិម​ គឺ​ត្រង់​ក្រុង​បេតផាសេ​ ជិត​ភ្នំ​ដើម​អូលីវ​ ព្រះយេស៊ូ​ក៏​ចាត់​សិស្ស​ពីរ​នាក់​ឲ្យ​ទៅ​
2 ដោយ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ទៅ​ភូមិ​នៅ​ទល់​មុខ​អ្នក​ ហើយ​ភ្លាម​នោះ​អ្នក​នឹង​ឃើញ​មេលា​មួយ​ដែល​គេ​ចង​ទុក​ជាមួយ​កូន​របស់​វា​ ចូរ​ស្រាយ​នាំ​មក​ឲ្យ​ខ្ញុំ​
3 ប្រសិន​បើ​មាន​អ្នកណា​សួរ​អ្វី​ដល់​អ្នក​ នោះ​ចូរ​ប្រាប់​ថា​ ព្រះអម្ចាស់​ត្រូវការ​ពួកវា​ ហើយ​គេ​នឹង​ប្រគល់​ពួកវា​ឲ្យ​អ្នក​ភ្លាម»។​
4 ការ​នេះ​កើត​ឡើង​ ដើម្បី​សម្រេច​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​ តាមរយៈ​អ្នក​នាំ​ព្រះបន្ទូល​ថា៖​
5 «ចូរ​ប្រាប់​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​ថា​ មើល៍​ ស្ដេច​របស់​អ្នក​យាង​មក​ឯ​អ្នក​ហើយ​ ព្រះអង្គ​ស្លូត​ត្រង់​ ព្រះអង្គ​គង់​លើ​កូន​លា»។​
6 សិស្ស​ទាំង​ពីរ​នាក់​ក៏​ចេញ​ទៅ​ ហើយ​ធ្វើ​តាម​ដូច​ព្រះយេស៊ូ​បាន​បង្គាប់​ពួកគេ​
7 ពួកគេ​បាន​ដឹក​មេលា​ និង​កូន​របស់​វា​មក​ ហើយ​បាន​ក្រាល​អាវ​របស់​គេ​លើខ្នង​វា​ រួច​ព្រះអង្គ​គង់​លើ​វា​
8 ហើយ​បណ្ដាជន​ច្រើន​កុះករ​នាំ​គ្នា​ក្រាល​អាវ​របស់​គេ​នៅ​លើ​ផ្លូវ​ ឯ​អ្នក​ផ្សេង​ទៀត​នាំ​គ្នា​កាត់​មែក​ឈើ​មក​ក្រាល​លើ​ផ្លូវ​ដែរ​
9 បណ្ដាជន​ដែល​ដើរ​នាំ​មុខ​ និង​ដើរ​តាម​ក្រោយ​ព្រះអង្គ​នាំ​គ្នា​ស្រែក​ឡើង​ថា៖​ «ហូសាណា​ ដល់​ពូជពង្ស​ដាវីឌ​ សូម​ថ្វាយ​ព្រះ​ពរ​ព្រះអង្គ​ដែល​យាង​មក​ក្នុង​ព្រះនាម​ព្រះអម្ចាស់!​ ហូសាណា​ នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត»​
10 កាល​ព្រះអង្គ​យាង​ចូល​ក្នុង​ក្រុង​យេរូសាឡិម​ អ្នក​ក្រុង​ទាំង​មូល​ក៏​រំជើប​រំជួល​ឡើង​និយាយ​គ្នា​ថា៖​ «តើ​អ្នក​នេះ​ជា​អ្នកណា?»​
11 បណ្ដាជន​នាំ​គ្នា​និយាយ​ថា៖​ «នេះ​គឺ​លោក​យេស៊ូ​ជា​អ្នក​នាំ​ព្រះបន្ទូល​ មក​ពី​ក្រុង​ណាសារ៉ែត​ស្រុក​កាលីឡេ»។​
12 ព្រះយេស៊ូ​បាន​យាង​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ ហើយ​បណ្ដេញ​មនុស្ស​ទាំង​អស់​ដែល​លក់​ដូរ​នៅ​ក្នុង​ព្រះ​វិហារ​ ព្រះអង្គ​ផ្ដួល​តុ​ពួក​អ្នក​ដូរ​លុយ​ និង​កៅអី​ពួក​អ្នក​លក់​សត្វ​ព្រាប​
13 ហើយ​ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «មាន​សេចក្ដី​ចែង​ទុក​ថា​ ដំណាក់​របស់​យើង​ត្រូវ​ហៅ​ថា​ដំណាក់​នៃ​ការ​អធិស្ឋាន​ ប៉ុន្ដែ​អ្នក​រាល់គ្នា​ធ្វើ​ឲ្យ​តំណាក់​នេះ​ត្រលប់​ជា​សំបុក​ចោរ​ទៅ​វិញ»។​
14 ពួក​មនុស្ស​ខ្វាក់​ និង​មនុស្ស​ខ្វិន​បាន​ចូល​មក​ជិត​ព្រះអង្គ​នៅ​ក្នុង​ព្រះ​វិហារ​ ហើយ​ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យ​បាន​ជា​
15 ប៉ុន្ដែ​កាល​ពួក​សម្ដេច​សង្ឃ​ និង​គ្រូវិន័យ​បាន​ឃើញ​ការ​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ​ ទាំង​ក្មេងៗ​នាំ​គ្នា​ស្រែក​នៅ​ក្នុង​ព្រះ​វិហារ​ថា​ ហូសាណា​ដល់​ពូជពង្ស​ដាវីឌ​ ផង​នោះ​ ពួកគេ​ក៏​ទាស់ចិត្ដ​ជា​ខ្លាំង​
16 ហើយ​ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «តើ​អ្នក​ឮ​អ្វី​ដែល​ក្មេងៗ​ទាំង​នេះ​កំពុង​និយាយ​ដែរ​ទេ?»​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «បាទ​ ខ្ញុំ​ឮ​ហើយ​ តើ​ពួក​លោក​មិន​ដែល​អាន​ទេ​ឬ​ថា​ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ពាក្យ​សរសើរ​ចេញ​ពី​មាត់​ក្មេងៗ​ និង​ទារក​ដែល​នៅ​បៅ?»​
17 ព្រះអង្គ​បាន​ចាក​ចេញ​ពី​ពួកគេ​ ហើយ​យាង​ចេញ​ពី​ក្រុង​នោះ​ឆ្ពោះ​ទៅ​ក្រុង​បេថានី​ និង​បាន​ស្នាក់​នៅ​ទី​នោះ​នៅ​យប់​នោះ។​
18 លុះ​ព្រលឹម​ឡើង​ពេល​កំពុង​យាង​ត្រលប់​ទៅ​ក្រុង​វិញ​ ព្រះអង្គ​ឃ្លាន​
19 កាល​បាន​ឃើញ​ដើម​ល្វា​មួយ​ដើម​នៅ​តាម​ផ្លូវ​ ព្រះអង្គ​ក៏​យាង​ទៅ​ជិត​ដើម​ល្វា​នោះ​ ប៉ុន្ដែ​មិន​ឃើញ​មាន​ផ្លែ​សោះ​នៅ​លើ​ដើម​ មាន​តែ​ស្លឹក​ប៉ុណ្ណោះ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ដើម​ល្វា​នោះ​ថា៖​ «ដរាប​ត​ទៅ​ កុំ​ឲ្យ​ឯង​មាន​ផ្លែ​ទៀត​ឡើយ»​ ស្រាប់តែ​ដើម​ល្វា​នោះ​ក្រៀម​ស្វិត​មួយ​រំពេច។​
20 ពេល​ពួក​សិស្ស​ឃើញ​ដូច្នេះ​ ក៏​នឹក​ឆ្ងល់​ទាំង​និយាយ​ថា៖​ «តើ​ហេតុ​ដូច​ម្ដេច​បាន​ជា​ដើម​ល្វា​នេះ​ ក្រៀម​ស្វិត​មួយ​រំពេច​ដូច្នេះ?»​
21 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ បើ​អ្នក​រាល់គ្នា​មាន​ជំនឿ​ ហើយ​ឥត​សង្ស័យ​សោះ​ នោះ​អ្នក​រាល់គ្នា​អាច​ធ្វើ​បាន​ មិន​ត្រឹម​ហេតុ​ការណ៍​ដែល​កើត​ឡើង​ចំពោះ​ដើម​ល្វា​ប៉ុណ្ណោះ​ទេ​ សូម្បី​តែ​អ្នក​រាល់គ្នា​និយាយ​ទៅ​ភ្នំ​នេះ​ថា​ ចូរ​រើ​ ហើយ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ទៅ​ នោះ​នឹង​កើត​ឡើង​ដូច្នោះ​មែន​
22 ហើយ​គ្រប់​សេចក្ដី​ទាំង​អស់​ដែល​អ្នក​រាល់គ្នា​សុំ​ក្នុង​សេចក្ដី​អធិស្ឋាន​ដោយ​ជំនឿ​ នោះ​នឹង​បាន​ទទួល»។​
23 កាល​ព្រះអង្គ​បាន​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ហើយ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​របស់​ប្រជាជន​ក៏​ចូល​មក​ជិត​ព្រះអង្គ​ ពេល​ព្រះអង្គ​កំពុង​បង្រៀន​ ពួកគេ​ទូល​សួរ​ថា៖​ «តើ​អ្នក​ធ្វើ​ការ​ទាំង​នេះ​ដោយ​សិទ្ធិ​អំណាច​អ្វី?​ តើ​នរណា​ឲ្យ​សិទ្ធិ​អំណាច​នេះ​ដល់​អ្នក?»​
24 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​នឹង​សួរ​ពួក​លោក​មួយ​សំនួរ​ដែរ​ ប្រសិន​បើ​ពួក​លោក​ប្រាប់​ខ្ញុំ​បាន​ នោះ​ខ្ញុំ​នឹង​ប្រាប់​វិញ​ដែរ​ថា​ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​សិទ្ធិ​អំណាច​អ្វី​
25 តើ​ពិធី​ជ្រមុជ​ទឹក​របស់​លោក​យ៉ូហាន​មក​ពី​ណា?​ មក​ពី​ស្ថានសួគ៌​ ឬ​ក៏​មក​ពី​មនុស្ស?»​ ពួកគេ​ក៏​ពិគ្រោះ​គ្នា​ថា៖​ «ប្រសិន​បើ​យើង​ឆ្លើយ​ថា​មក​ពី​ស្ថានសួគ៌​ នោះ​គាត់​នឹង​និយាយ​ថា​ ចុះ​ហេតុអ្វី​បាន​ជា​ពួក​លោក​មិន​ជឿ​លោក​យ៉ូហាន?​
26 ប៉ុន្ដែ​បើ​យើង​ឆ្លើយ​ថា​មក​ពី​មនុស្ស​ នោះ​ខ្លាច​បណ្ដាជន​ ព្រោះ​មនុស្ស​គ្រប់​គ្នា​រាប់​លោក​យ៉ូហាន​ថា​ ជា​អ្នក​នាំ​ព្រះបន្ទូល»​
27 ពួកគេ​ក៏​ទូល​ឆ្លើយ​ទៅ​ព្រះយេស៊ូ​ថា៖​ «យើង​មិន​ដឹង​ទេ»។​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​វិញ​ថា៖​ «ខ្ញុំ​ក៏​មិន​ប្រាប់​ពួក​លោក​ដែរ​ថា​ ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​សិទ្ធិ​អំណាច​អ្វី​នោះ។​
28 តើ​ពួក​លោក​គិត​យ៉ាង​ដូច​ម្ដេច?​ មាន​បុរស​ម្នាក់​មាន​កូន​ពីរ​នាក់​ គាត់​បាន​ចូល​មក​ជិត​កូន​ទី​មួយ​ប្រាប់​ថា​ កូន​អើយ‍!​ ថ្ងៃ​នេះ​កូន​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ទំពាំង​បាយជូរ​ចុះ​
29 វា​តប​វិញ​ថា​ ខ្ញុំ​មិន​ចង់​ទៅ​ទេ​ ប៉ុន្ដែ​ក្រោយ​មក​ វា​ដូរ​គំនិត​វិញ​ ហើយ​ក៏​ទៅ។​
30 បុរស​នោះ​បាន​ទៅ​ប្រាប់​កូន​ម្នាក់​ទៀត​ដូច​មុន​ នោះ​វា​តប​វិញ​ថា​ លោក​ឪពុក​អើយ‍!​ ខ្ញុំ​ទៅ​ ប៉ុន្ដែ​វា​មិន​បាន​ទៅ​ទេ​
31 ក្នុង​ចំណោម​កូន​ទាំង​ពីរ​នាក់​នេះ​ តើ​កូន​មួយ​ណា​ធ្វើ​តាម​បំណង​របស់​ឪពុក?»​ ពួកគេ​ឆ្លើយ​ថា៖​ «កូន​ទី​មួយ»។​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​ពួក​លោក​ជា​ប្រាកដ​ថា​ ពួក​អ្នក​ទារ​ពន្ធដារ​ និង​ពួក​ស្ដ្រី​ពេស្យា​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​មុន​ពួក​លោក។​
32 ដ្បិត​លោក​យ៉ូហាន​បាន​មក​ឯ​ពួក​លោក​ដោយ​ផ្លូវ​នៃ​សេចក្ដី​សុចរិត​ ប៉ុន្ដែ​ពួក​លោក​មិន​ជឿ​គាត់​ទេ​ ផ្ទុយ​ទៅ​វិញ​ពួក​អ្នក​ទារ​ពន្ធដារ​ និង​ពួក​ស្ដ្រី​ពេស្យា​បាន​ជឿ​គាត់​ ហើយ​ទោះបី​ពួក​លោក​ឃើញ​ក្ដី​ ក៏​មិន​បាន​ប្រែចិត្ដ​ជឿ​គាត់​តាម​ក្រោយ​ដែរ។​
33 ចូរ​ស្ដាប់​រឿង​ប្រៀប​ប្រដូច​មួយ​ទៀត​ មាន​បុរស​ម្នាក់​ ជា​ម្ចាស់​ចម្ការ​បាន​ធ្វើ​ចម្ការ​ទំពាំង​បាយជូរ​មួយ​ ហើយ​ក៏​ព័ទ្ធ​របង​ជុំវិញ​ ជីក​កន្លែង​បញ្ជាន់​ផ្លែ​នៅ​ក្នុង​ចម្ការ​នោះ​ សង់​ប៉ម​មួយ​ រួច​ប្រវាស់​ឲ្យ​ពួក​អ្នក​ចម្ការ​ ហើយ​ក៏​ចេញ​ដំណើរ​ទៅ។​
34 លុះ​ជិត​ដល់​រដូវ​ប្រមូល​ផល​ គាត់​ក៏​ចាត់​ពួក​បាវបម្រើ​ឲ្យ​ទៅ​ឯ​ពួក​អ្នក​ចម្ការ​ ដើម្បី​ទទួល​យក​ផល​នៃ​ចម្ការ​ទំពាំង​បាយជូរ​នោះ​
35 ប៉ុន្ដែ​ពួក​អ្នក​ចម្ការ​បាន​វាយបាវបម្រើរបស់​គាត់​ម្នាក់​ សម្លាប់​ម្នាក់ ហើយ​បាន​គប់​ម្នាក់​ទៀត​នឹងដុំ​ថ្ម​។
36 គាត់​ក៏​ចាត់​ពួក​បាវបម្រើ​ផ្សេង​ទៀត​ច្រើន​ជាង​លើក​ទី​មួយ​ឲ្យ​ទៅ​ ប៉ុន្ដែ​ពួកគេ​បាន​ធ្វើ​ចំពោះ​អ្នក​ទាំង​នោះ​ដូច​លើក​មុន។​
37 នៅ​ទី​បំផុត​ គាត់​ក៏​ចាត់​កូន​ប្រុស​របស់​គាត់​ឲ្យ​ទៅ​ឯ​ពួក​អ្នក​ចម្ការ​ដោយ​និយាយ​ថា​ ពួកគេ​នឹង​គោរព​កូន​ប្រុស​របស់​ខ្ញុំ​
38 ប៉ុន្ដែ​កាល​ពួក​អ្នក​ចម្ការ​ឃើញ​កូន​ប្រុស​នោះ​ ក៏​និយាយ​គ្នា​ថា​ ម្នាក់​នេះ​ជា​អ្នក​ស្នង​មរតក​ ចូរ​យើង​សម្លាប់​វា​ចោល​ទៅ​ ដើម្បី​យក​មរតក​របស់​វា‍។​
39 ពួកគេ​ក៏​ចាប់​កូន​ប្រុស​នោះ​បោះ​ទៅ​ក្រៅ​ចម្ការ​ទំពាំង​បាយជូរ​ ហើយ​សម្លាប់​ចោល។​
40 ដូច្នេះ​ ពេល​ម្ចាស់​ចម្ការ​មកវិញ​ តើ​គាត់​នឹង​ធ្វើ​យ៉ាង​ដូច​ម្ដេច​ចំពោះ​ពួក​អ្នក​ចម្ការ​ទាំង​នោះ?»​
41 ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «គាត់​នឹង​សម្លាប់​ពួក​មនុស្ស​អាក្រក់​ទាំងនោះ​ដោយ​ឥត​ប្រណី​ឡើយ​ ហើយ​គាត់​នឹង​ប្រវាស់​ចម្ការ​ទំពាំង​បាយជូរ​នោះ​ឲ្យ​ទៅ​ពួក​អ្នក​ចម្ការ​ផ្សេង​ទៀត​ ដែល​ផ្ដល់​ផល​ឲ្យ​គាត់​តាម​រដូវ»។​
42 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​ពួក​លោក​មិន​ដែល​អាន​នៅ​ក្នុង​បទគម្ពីរ​ទេ​ឬ​ថា​ ថ្ម​ដែល​ជាង​សំណង់​បោះបង់​ចោល​ នោះ​ត្រលប់​ជា​ថ្ម​ដ៏​សំខាន់​នៅ​តាម​ជ្រុង​ ការ​នេះ​កើត​ឡើង​ពី​ព្រះអម្ចាស់​ ហើយ​អស្ចារ្យ​ណាស់​នៅ​ចំពោះ​ភ្នែក​យើង។​
43 ហេតុនេះ​ ខ្ញុំ​ប្រាប់​ពួក​លោក​ថា​ នគរ​ព្រះជាម្ចាស់​នឹង​ត្រូវ​ដក​ហូត​ពី​ពួក​លោក​ ហើយ​ប្រគល់​ទៅ​ឲ្យ​ជនជាតិ​មួយ​ដែល​បង្កើត​ផល​ឲ្យ​នគរ​នោះ។​
44 អ្នកណា​ធ្លាក់​លើ​ថ្ម​នេះ​ អ្នក​នោះ​នឹង​ត្រូវ​បាក់​បែក​ ហើយ​ប្រសិន​បើ​ថ្ម​នេះ​ធ្លាក់​លើ​អ្នកណា​វិញ​ វា​នឹង​កិន​កម្ទេច​អ្នក​នោះ»។​
45 កាល​ពួក​សម្ដេច​សង្ឃ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ស្ដាប់​រឿង​ប្រៀប​ប្រដូច​របស់​ព្រះអង្គ​នេះ​រួច​ហើយ​ ក៏​ដឹង​ថា​ ព្រះអង្គ​មាន​បន្ទូល​អំពី​ពួកគេ​
46 ក៏​រក​ចាប់​ព្រះអង្គ​ ប៉ុន្ដែ​ពួកគេ​ខ្លាច​បណ្ដាជន​ ព្រោះ​បណ្ដាជន​រាប់​ព្រះអង្គ​ថា​ ជា​អ្នក​នាំ​ព្រះបន្ទូល​ម្នាក់។​

ទើបបានជ្រើសរើសហើយ៖

Matthew 21: KCB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ