រ៉ូម 15
15
ចូររកប្រយោជន៍សម្រាប់អ្នកដទៃ
1យើងដែលជាអ្នករឹងមាំ ត្រូវតែរែកពុនភាពខ្សោយរបស់អ្នកដែលមិនរឹងមាំ ហើយមិនត្រូវបំពេញចិត្តខ្លួនឯងឡើយ។ 2ត្រូវឲ្យយើងម្នាក់ៗបំពេញចិត្តអ្នកជិតខាងឲ្យបានប្រយោជន៍ដល់គេ ដើម្បីជាការស្អាងទឹកចិត្ត។ 3ដ្បិតសូម្បីតែព្រះគ្រីស្ទក៏មិនបានបំពេញព្រះទ័យអង្គទ្រង់ដែរ គឺដូចដែលមានសរសេរទុកមកថា:“ពាក្យត្មះតិះដៀលរបស់អ្នកដែលត្មះតិះដៀលព្រះអង្គ បានធ្លាក់មកលើទូលបង្គំ”។#15:3 《ទំនុកតម្កើង》 69:9។ 4ជាការពិត អ្វីៗដែលត្រូវបានសរសេរតាំងពីមុនមក គឺសរសេរទុកសម្រាប់បង្រៀនយើង ដើម្បីឲ្យយើងមានសេចក្ដីសង្ឃឹមតាមរយៈការអត់ធ្មត់ និងតាមរយៈការកម្សាន្តចិត្តពីព្រះគម្ពីរ។ 5ដូច្នេះ សូមឲ្យព្រះនៃការអត់ធ្មត់ និងការកម្សាន្តចិត្ត ប្រទានឲ្យអ្នករាល់គ្នាមានចិត្តតែមួយចំពោះគ្នាទៅវិញទៅមក ស្របតាមព្រះគ្រីស្ទយេស៊ូវ 6ដើម្បីឲ្យអ្នករាល់គ្នាលើកតម្កើងសិរីរុងរឿងដល់ព្រះដែលជាព្រះបិតារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ដោយមានចិត្តតែមួយ និងដោយសំឡេងតែមួយ។
ថ្វាយសិរីរុងរឿងដល់ព្រះជាមួយគ្នា
7ដោយហេតុនេះ ចូរទទួលគ្នាទៅវិញទៅមក ដូចដែលព្រះគ្រីស្ទបានទទួលអ្នករាល់គ្នា#15:7 អ្នករាល់គ្នា―ឯកសារបុរាណខ្លះថា “យើង”។ដែរ ដើម្បីជាសិរីរុងរឿងដល់ព្រះ។ 8ខ្ញុំសូមជម្រាបថា ព្រះគ្រីស្ទ#15:8 ព្រះគ្រីស្ទ―ឯកសារបុរាណខ្លះថា “ព្រះយេស៊ូវគ្រីស្ទ”។បានធ្វើជាអ្នកបម្រើដល់អ្នកដែលទទួលពិធីកាត់ស្បែក ដោយយល់ដល់សេចក្ដីពិតរបស់ព្រះ ដើម្បីបញ្ជាក់ថាសេចក្ដីសន្យាដែលប្រទានដល់ដូនតាគឺពិត 9ព្រមទាំងដើម្បីឲ្យសាសន៍ដទៃលើកតម្កើងសិរីរុងរឿងដល់ព្រះ ដោយព្រោះសេចក្ដីមេត្តារបស់ព្រះអង្គ ដូចដែលមានសរសេរទុកមកថា:
“ហេតុនេះហើយបានជាទូលបង្គំនឹងសរសើរតម្កើងព្រះអង្គនៅក្នុងចំណោមសាសន៍ដទៃ
ហើយច្រៀងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ”។ # 15:9 《សាំយូអែល ទី២》 22:50; 《ទំនុកតម្កើង》 18:49។
10មានសេចក្ដីចែងទុកទៀតថា:“សាសន៍ដទៃអើយ ចូរអរសប្បាយជាមួយប្រជារាស្ត្ររបស់ព្រះអង្គចុះ!”។#15:10 《ទុតិយកថា》 32:43។ 11ហើយមានចែងទៀតថា:
“សាសន៍ដទៃទាំងអស់អើយ ចូរសរសើរតម្កើងព្រះអម្ចាស់!
ប្រជាជាតិទាំងអស់អើយ ចូរសរសើរព្រះអង្គ!”។ # 15:11 《ទំនុកតម្កើង》 117:1។
12មួយវិញទៀត អេសាយក៏បានថ្លែងថា:
“នឹងមានឫសរបស់អ៊ីសាយ
ជាព្រះអង្គដែលក្រោកឡើងគ្រប់គ្រងសាសន៍ដទៃ;
ពួកសាសន៍ដទៃនឹងសង្ឃឹមលើព្រះអង្គ”។ # 15:12 《អេសាយ》 11:10។
13សូមឲ្យព្រះនៃសេចក្ដីសង្ឃឹម បំពេញអ្នករាល់គ្នាដោយគ្រប់ទាំងអំណរ និងសេចក្ដីសុខសាន្ត នៅពេលដែលអ្នករាល់គ្នាជឿព្រះអង្គ ដើម្បីឲ្យអ្នករាល់គ្នាសម្បូរហូរហៀរដោយសេចក្ដីសង្ឃឹម ដោយព្រោះព្រះចេស្ដានៃព្រះវិញ្ញាណដ៏វិសុទ្ធ។
ផ្សព្វផ្សាយដំណឹងល្អ
14បងប្អូនរបស់ខ្ញុំអើយ! ខ្លួនខ្ញុំក៏ជឿជាក់ចំពោះអ្នករាល់គ្នាថា អ្នករាល់គ្នាពេញដោយសេចក្ដីល្អ ទាំងពោរពេញទៅដោយចំណេះដឹងគ្រប់យ៉ាង ថែមទាំងអាចទូន្មានគ្នាទៅវិញទៅមកបានទៀតផង។ 15យ៉ាងណាមិញ#15:15 ឯកសារបុរាណខ្លះបន្ថែម “បងប្អូនអើយ”។ ខ្ញុំបានសរសេរមកអ្នករាល់គ្នាដោយភាពក្លាហានត្រង់ចំណុចខ្លះ ដើម្បីរំលឹកអ្នករាល់គ្នាដោយសារតែព្រះគុណដែលព្រះបានប្រទានមកខ្ញុំ 16ដើម្បីឲ្យខ្ញុំធ្វើជាអ្នកបម្រើរបស់ព្រះគ្រីស្ទយេស៊ូវដល់សាសន៍ដទៃ ដោយបំពេញតួនាទីជាបូជាចារ្យសម្រាប់ដំណឹងល្អរបស់ព្រះ។ នេះគឺដើម្បីឲ្យតង្វាយរបស់សាសន៍ដទៃបានជាទីគាប់ព្រះហឫទ័យ ទាំងត្រូវបានញែកជាវិសុទ្ធដោយព្រះវិញ្ញាណដ៏វិសុទ្ធផង។ 17ដូច្នេះ ខ្ញុំមានមោទនភាពក្នុងព្រះគ្រីស្ទយេស៊ូវ ចំពោះកិច្ចការដែលខ្ញុំធ្វើដើម្បីព្រះ។ 18ខ្ញុំមិនហ៊ាននិយាយអ្វីឡើយ ក្រៅពីអ្វីៗដែលព្រះគ្រីស្ទបានធ្វើតាមរយៈខ្ញុំ ដើម្បីឲ្យសាសន៍ដទៃស្ដាប់បង្គាប់ គឺអ្វីដែលព្រះអង្គបានធ្វើតាមរយៈពាក្យសម្ដី និងការប្រព្រឹត្តរបស់ខ្ញុំ 19ព្រមទាំងតាមរយៈអំណាចនៃទីសម្គាល់ ការអស្ចារ្យ និងព្រះចេស្ដានៃព្រះវិញ្ញាណរបស់ព្រះ។ ជាលទ្ធផល ខ្ញុំបានផ្សព្វផ្សាយដំណឹងល្អរបស់ព្រះគ្រីស្ទពាសពេញគ្រប់ទីកន្លែង ចាប់ពីយេរូសាឡិមរហូតដល់អ៊ីលីរីកុន។ 20ដោយហេតុនេះ ខ្ញុំកំណត់មហិច្ឆតារបស់ខ្ញុំគឺផ្សាយដំណឹងល្អនៅកន្លែងដែលគេមិនទាន់ឮព្រះនាមព្រះគ្រីស្ទ ដើម្បីកុំឲ្យខ្ញុំសាងសង់លើគ្រឹះរបស់អ្នកដទៃឡើយ 21គឺដូចដែលមានសរសេរទុកមកថា:
“អ្នកដែលមិនបានទទួលដំណឹងអំពីព្រះអង្គ នឹងឃើញ;
អ្នកដែលមិនបានឮ នឹងយល់”។ # 15:21 《អេសាយ》 52:15។
គម្រោងធ្វើដំណើររបស់ប៉ូល
22នេះជាហេតុដែលខ្ញុំត្រូវបានរារាំងជាច្រើនដង មិនឲ្យមករកអ្នករាល់គ្នា។ 23ប៉ុន្តែឥឡូវនេះ គ្មានកន្លែងក្នុងតំបន់ទាំងនេះឲ្យខ្ញុំផ្សព្វផ្សាយ#15:23 ឲ្យខ្ញុំផ្សព្វផ្សាយ―ជាពាក្យជំនួយ។ទៀតឡើយ ម្យ៉ាងទៀត ខ្ញុំប្រាថ្នាចង់មករកអ្នករាល់គ្នាជាយូរឆ្នាំមកហើយ។ 24ពោលគឺ កាលណាខ្ញុំធ្វើដំណើរទៅអេស្ប៉ាញ#15:24 ឯកសារបុរាណខ្លះបន្ថែម “ខ្ញុំនឹងមករកអ្នករាល់គ្នា”។ ខ្ញុំសង្ឃឹមនឹងជួបអ្នករាល់គ្នានៅតាមផ្លូវ ហើយឲ្យអ្នករាល់គ្នាជូនដំណើរខ្ញុំពីទីនោះទៅមុខទៀត ក្រោយពីអ្នករាល់គ្នាបានធ្វើឲ្យខ្ញុំសប្បាយចិត្តបន្តិចសិន។ 25ប៉ុន្តែឥឡូវនេះ ខ្ញុំនឹងធ្វើដំណើរទៅយេរូសាឡិម ដើម្បីបម្រើវិសុទ្ធជន។ 26ដ្បិតអ្នកជឿ#15:26 អ្នកជឿ―ជាពាក្យជំនួយ។នៅម៉ាសេដូន និងអាខៃ បានពេញចិត្តនឹងចែកទានមួយចំនួនដល់អ្នកក្រីក្រក្នុងចំណោមវិសុទ្ធជននៅយេរូសាឡិម។ 27ពួកគេពេញចិត្តនឹងធ្វើដូច្នេះមែន ហើយតាមពិតពួកគេជាកូនបំណុលរបស់អ្នកទាំងនោះ ដ្បិតប្រសិនបើសាសន៍ដទៃបានទទួលចំណែកខាងវិញ្ញាណពីជនជាតិយូដាទៅហើយ នោះពួកគេក៏គួរតែបម្រើជនជាតិយូដាដោយរបស់របរខាងលោកីយ៍#15:27 របស់របរខាងលោកីយ៍―ន័យត្រង់គឺ “អ្វីៗខាងសាច់ឈាម”។ដែរ។ 28ដូច្នេះ បន្ទាប់ពីខ្ញុំបានបំពេញការនេះ គឺបានប្រគល់ជំនួយ#15:28 ជំនួយ―ន័យត្រង់គឺ “ផល”។នេះដល់ពួកគេដោយសុវត្ថិភាពហើយ ខ្ញុំក៏នឹងទៅអេស្ប៉ាញដោយឆ្លងកាត់កន្លែងអ្នករាល់គ្នា។ 29ខ្ញុំដឹងថា ពេលខ្ញុំមករកអ្នករាល់គ្នា ខ្ញុំនឹងមានព្រះពរដ៏ពេញលេញ#15:29 ឯកសារបុរាណខ្លះបន្ថែម “នៃដំណឹងល្អ”។របស់ព្រះគ្រីស្ទមកជាមួយដែរ។
30បងប្អូនអើយ ខ្ញុំសូមអង្វរអ្នករាល់គ្នា ដោយនូវព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង និងដោយសេចក្ដីស្រឡាញ់របស់ព្រះវិញ្ញាណ ឲ្យខំប្រឹងជាមួយខ្ញុំក្នុងការអធិស្ឋានដល់ព្រះសម្រាប់ខ្ញុំ 31គឺឲ្យបានស្រោចស្រង់ពីពួកអ្នកមិនព្រមជឿនៅយូឌា និងឲ្យការងារបម្រើរបស់ខ្ញុំសម្រាប់យេរូសាឡិម បានជាទីពេញចិត្តដល់វិសុទ្ធជន 32ដើម្បីឲ្យខ្ញុំបានមករកអ្នករាល់គ្នាដោយអំណរ តាមបំណងព្រះហឫទ័យរបស់ព្រះ ទាំងបានស្រស់ស្រាយឡើងវិញជាមួយអ្នករាល់គ្នាផង។
33សូមឲ្យព្រះនៃសេចក្ដីសុខសាន្ត គង់នៅជាមួយអ្នកទាំងអស់គ្នា! អាម៉ែន៕
ទើបបានជ្រើសរើសហើយ៖
រ៉ូម 15: GKHB
គំនូសចំណាំ
ចម្លង
ប្រៀបធៀប
ចែករំលែក
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative