ម៉ាថាយ 20:17-34

ម៉ាថាយ 20:17-34 ពគប

កាល​ព្រះ‌យេស៊ូវ ទ្រង់​កំពុង​តែ​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​ទ្រង់​យក​ពួក​សិស្ស​ទាំង​១២​នាក់ ទៅ​ដោយ‌ឡែក​តាម​ផ្លូវ ហើយ​មាន​បន្ទូល​ថា មើល យើង​រាល់​គ្នា​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​កូន​មនុស្ស​នឹង​ត្រូវ​បញ្ជូន​ទៅ​ដល់​ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ ដែល​គេ​នឹង​កាត់​ទោស​លោក​ដល់​ជីវិត រួច​នឹង​បញ្ជូន​ទៅ​ដល់​ពួក​សាសន៍​ដទៃ ឲ្យ​គេ​ចំអក​មើល‌ងាយ ព្រម​ទាំង​វាយ​នឹង​រំពាត់ ហើយ​ឆ្កាង​លោក ក្រោយ​៣​ថ្ងៃ​មក លោក​នឹង​មាន​ជីវិត​រស់​ឡើង​វិញ។ គ្រា​នោះ ប្រពន្ធ​របស់​សេបេដេ គាត់​នាំ​កូន​ទាំង​២​មក​ឯ​ទ្រង់ ក្រាប​ថ្វាយ‌បង្គំ​ទូល​សូម​សេចក្ដី​មួយ ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​អ្នក​ចង់​បាន​អ្វី គាត់​ទូល​ថា សូម​អនុញ្ញាត​ឲ្យ​កូន​ខ្ញុំ​ម្ចាស់​ទាំង​២​នេះ​បាន​អង្គុយ ១​ខាង​ស្តាំ​១​ខាង​ឆ្វេង​ទ្រង់ ក្នុង​នគរ​របស់​ទ្រង់ តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា អ្នក​រាល់​គ្នា​មិន​យល់​សេចក្ដី​ដែល​អ្នក​សូម​ទេ តើ​អ្នក​អាច​នឹង​ផឹក​អំពី​ពែង ដែល​ខ្ញុំ​រៀប​នឹង​ផឹក ហើយ​ទទួល​បុណ្យ​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​បាន​ឬ​ទេ គេ​ទូល​ឆ្លើយ​ថា ទទួល​បាន នោះ​ទ្រង់​មាន​បន្ទូល​ថា អ្នក​រាល់​គ្នា​នឹង​ផឹក​ពី​ពែង​ខ្ញុំ ហើយ​នឹង​ទទួល​បុណ្យ​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​មែន តែ​ដែល​អង្គុយ​ខាង​ស្តាំ​ឬ​ខាង​ឆ្វេង​ខ្ញុំ នោះ​មិន​ស្រេច​នឹង​ខ្ញុំ​ទេ គឺ​សំរាប់​តែ​អ្នក​ណា ដែល​ព្រះវរ‌បិតា​ខ្ញុំ​បាន​រៀបចំ​ទុក​ឲ្យ​វិញ កាល​១០​នាក់​ឯ​ទៀត​បាន​ឮ​សេចក្ដី​នោះ​ហើយ គេ​ក៏​តូច​ចិត្ត​នឹង​បង​ប្អូន​ទាំង​២​នាក់​នោះ តែ​ព្រះ‌យេស៊ូវ​ទ្រង់​ហៅ​អ្នក​ទាំង​នោះ​មក មាន​បន្ទូល​ថា អ្នក​រាល់​គ្នា​ដឹង​ថា ពួក​ចៅហ្វាយ​នៃ​សាសន៍​ដទៃ​តែង​គ្រប់‌គ្រង​លើ​សាសន៍​របស់​ខ្លួន ហើយ​ពួក​អ្នក​ធំ​ក៏​មាន​អំណាច​លើ​គេ​ដែរ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ គឺ​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​ចង់​ធ្វើ​ជា​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ ហើយ​អ្នក​ណា​ក្នុង​ពួក​អ្នក ដែល​ចង់​បាន​ជា​លេខ​១ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ដល់​អ្នក​រាល់​គ្នា​វិញ​ដែរ ដូច​ជា​កូន​មនុស្ស​បាន​មក មិន​មែន​ឲ្យ​គេ​បំរើ​លោក​ទេ គឺ​នឹង​បំរើ​គេ​វិញ ហើយ​នឹង​ឲ្យ​ជីវិត​ខ្លួន ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង។ កាល​កំពុង​តែ​ចេញ​ពី​ក្រុង​យេរីខូរ​មក នោះ​មាន​មនុស្ស​មីរ‌ដេរ‌ដាស​ដើរ​តាម​ទ្រង់​ទៅ ក៏​ឃើញ​មាន​មនុស្ស​ខ្វាក់​២​នាក់ អង្គុយ​នៅ​ក្បែរ​ផ្លូវ គេ​ឮ​ថា​ព្រះ‌យេស៊ូវ​ទ្រង់​យាង​តាម​ទី​នោះ ក៏​ស្រែក​ឡើង​ថា ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ដល់​យើង​ខ្ញុំ​ផង ឯ​បណ្តា​មនុស្ស គេ​ហាម​អ្នក​ទាំង​២​នោះ កុំ​ឲ្យ​មាត់ តែ​គេ​ស្រែក​រឹត‌តែ​ខ្លាំង​ឡើង​ថា ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ដល់​យើង​ខ្ញុំ​ផង នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ឈប់ ក៏​ហៅ​អ្នក​ទាំង​២​នោះ​មក​មាន​បន្ទូល​សួរ​ថា តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក គេ​ទូល​ទ្រង់​ថា ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រោស​ឲ្យ​ភ្នែក​យើង​ខ្ញុំ​បាន​ភ្លឺ​ឡើង​ផង ទ្រង់​មាន​សេចក្ដី​ក្តួល​ក្នុង​ព្រះ‌ហឫទ័យ ក៏​ពាល់​ភ្នែក​គេ ស្រាប់​តែ​ភ្នែក​បាន​ភ្លឺ​ឡើង រួច​គេ​ដើរ​តាម​ទ្រង់​ទៅ។

អាន ម៉ាថាយ 20