យ៉ូស្វេ 1:1-9

យ៉ូស្វេ 1:1-9 ពគប

រីឯ​ក្រោយ​ដែល​ម៉ូសេ​ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា​បាន​ស្លាប់​ទៅ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​យ៉ូស្វេ​កូន​នុន ជា​អ្នក​ជំនិត​របស់​លោក​ថា ម៉ូសេ​ជា​អ្នក​បំរើ​អញ បាន​ស្លាប់​ទៅ​ហើយ ដូច្នេះ​ចូរ​រៀបចំ​ឆ្លង​ទន្លេ​យ័រដាន់​ឥឡូវ​នេះ​ចុះ ព្រម​ទាំង​បណ្តា​មនុស្ស​ទាំង​នេះ​ផង ហើយ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អញ​ឲ្យ​ដល់​គេ គឺ​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល អស់​ទាំង​ទី​កន្លែង​ណា​ដែល​ឯង​ដាក់​ជើង​ជាន់ នោះ​អញ​នឹង​ឲ្យ​ដល់​ឯង​រាល់​គ្នា ដូច​ជា​អញ​បាន​ប្រាប់​ម៉ូសេ​ហើយ ឯ​ព្រំ​ប្រទល់​របស់​ឯង​រាល់​គ្នា នោះ​ត្រូវ​ចាប់​តាំង​ពី​ទី​រហោ‌ស្ថាន នឹង​ភ្នំ​ល្បាណូន​នេះ រហូត​ដល់​ទន្លេ​ធំ គឺ​ជា​ទន្លេ​អ៊ើប្រាត ជា​ស្រុក​របស់​សាសន៍​ហេត​ទាំង​មូល ហើយ​ទៅ​ដល់​សមុទ្រ​ធំ នៅ​ទិស​ខាង​លិច​ដែរ នឹង​គ្មាន​អ្នក​ណា​អាច​ឈរ​នៅ​មុខ​ឯង នៅ​គ្រប់​១​ជីវិត​ឯង​បាន​ឡើយ អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង ដូច​ជា​បាន​នៅ​ជា​មួយ​នឹង​ម៉ូសេ​ដែរ អញ​មិន​ដែល​ខាន​នឹង​ប្រោស​ឯង ក៏​មិន​ដែល​បោះ‌បង់​ចោល​ឯង​ឡើយ ចូរ​ឲ្យ​មាន​កំឡាំង​នឹង​ចិត្ត​ក្លាហាន​ចុះ ដ្បិត​ឯង​នឹង​នាំ​ឲ្យ​បណ្តាជន​នេះ​បាន​គ្រង​ស្រុក ដែល​អញ​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​ពួក​ឰយុកោ​គេ ឲ្យ​ឯង​គ្រាន់​តែ​មាន​កំឡាំង នឹង​ចិត្ត​ក្លាហាន​ប៉ុណ្ណោះ ដើម្បី​នឹង​កាន់ ហើយ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​គ្រប់​ជំពូក ដែល​ម៉ូសេ​ជា​អ្នក​បំរើ​អញ បាន​បង្គាប់​មក កុំ​ឲ្យ​ងាក​បែរ​ចេញ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ ប្រយោជន៍​ឲ្យ​ឯង​បាន​កើត​ការ​នៅ​កន្លែង​ណា​ដែល​ឯង​ទៅ​នោះ កុំ​ឲ្យ​គម្ពីរ​ក្រិត្យ‌វិន័យ​នេះ​ភ្លេច​បាត់​ពី​មាត់​ឯង​ឡើយ គឺ​ត្រូវ​ឲ្យ​នឹក‌ជញ្ជឹង​ទាំង​យប់​ទាំង​ថ្ងៃ​វិញ ដើម្បី​ឲ្យ​បាន​កាន់ ហើយ​ប្រព្រឹត្ត​តាម​អស់​ទាំង​សេចក្ដី ដែល​កត់​ទុក​ក្នុង​គម្ពីរ​នេះ​ឯង ដ្បិត​គឺ​យ៉ាង​នោះ​ដែល​ឯង​នឹង​បាន​កើត​ការ​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង ហើយ​នឹង​បាន​ចំរើន​ឡើង​ផង តើ​អញ​មិន​បាន​បង្គាប់​ឯង​ទេ​ឬ​អី ដូច្នេះ​ចូរ​ឲ្យ​មាន​កំឡាំង​នឹង​ចិត្ត​ក្លាហាន​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ផង ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​ជា​មួយ​នៅ​កន្លែង​ណា ដែល​ឯង​ទៅ​ផង។

អាន យ៉ូស្វេ 1